អេសាយ 65
65
1អញបានតបឆ្លើយនឹងពួកអ្នក ដែលមិនបានសួររកអញ ហើយពួកអ្នកដែលមិនបានស្វែងរកអញ នោះអញបានឲ្យគេប្រទះឃើញអញវិញ អញបាននិយាយដល់សាសន៍១ដែលមិនបានហៅតាមឈ្មោះអញថា មើល នេះអញហើយ 2រាល់តែថ្ងៃអញបានហុចដៃទៅចង់ទទួលពួកអ្នកបះបោរ ជាពួកអ្នកប្រព្រឹត្តតាមផ្លូវដែលមិនល្អ តាមតែគំនិតរបស់ខ្លួនគេ 3ជាជនជាតិដែលបណ្តាលឲ្យអញខឹងនៅចំពោះមុខជានិច្ច ដោយគេថ្វាយយញ្ញបូជានៅក្នុងសួនច្បារ ហើយដុតកំញាននៅលើអាសនាធ្វើពីឥដ្ឋ 4គេអង្គុយនៅកណ្តាលផ្នូរខ្មោច ហើយស្នាក់នៅកន្លែងលាក់កំបាំង គេស៊ីសាច់ជ្រូក ហើយមានសំឡគួរខ្ពើម នៅក្នុងឆ្នាំងរបស់គេ 5ក៏ពោលថា ចូរឈរនៅទីនោះដោយខ្លួនទៅ កុំឲ្យមកជិតអញឡើយ ដ្បិតអញបរិសុទ្ធជាងឯង ពួកយ៉ាងនោះជាផ្សែងនៅក្នុងរន្ធច្រមុះអញ គឺជាភ្លើងដែលឆេះជានិច្ច 6មើល អំពើទាំងនោះបានកត់ទុកនៅចំពោះអញហើយ អញមិនព្រមនៅស្ងៀមឡើយ អញនឹងសងដល់គេ អើ អញនឹងដាក់សំណងនោះ នៅលើដើមទ្រូងរបស់គេផង 7គឺជាអំពើទុច្ចរិតរបស់ឯងរាល់គ្នា ហើយនឹងអំពើទុច្ចរិតរបស់ពួកឰយុកោឯងផង ជាការដែលឯងរាល់គ្នាបានដុតកំញាននៅលើអស់ទាំងភ្នំធំ ហើយបានប្រមាថអញនៅលើភ្នំតូចទាំងប៉ុន្មាន ដូច្នេះ អញនឹងវាល់អំពើដែលគេបានប្រព្រឹត្តពីដើមទាំងនោះ ដាក់នៅដើមទ្រូងគេជាពិត នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
8ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា កាលណារកបានផ្លែទំពាំងបាយជូរ១ចង្កោមមានទឹកពេញ ហើយមានគេហាមថា កុំបំផ្លាញឡើយ ដ្បិតជាផ្លែមានពរហើយ គឺយ៉ាងនោះដែលអញនឹងប្រព្រឹត្ត ចំពោះពួកអ្នកបំរើរបស់អញទាំងប៉ុន្មានដែរ ដើម្បីមិនឲ្យគេត្រូវបំផ្លាញអស់រលីងឡើយ 9អញនឹងបង្កើតជំនួរវង្ស១ ចេញពីយ៉ាកុបមក ហើយឲ្យមានពួក១ ចេញពីយូដាមក ដែលនឹងគ្រងបានស្រុកភ្នំរបស់អញទុកជាមរដក ពួកអ្នករើសតាំងរបស់អញនឹងទទួលបានស្រុកនោះ ហើយពួកអ្នកបំរើរបស់អញនឹងអាស្រ័យនៅឯនោះផង 10នោះវាលសារ៉ុននឹងបានសំរាប់ជាទីឃ្វាលហ្វូងចៀម ហើយច្រកភ្នំអាកោរជាកន្លែងឲ្យហ្វូងគោដេកនៅ ដល់ពួករាស្ត្ររបស់អញដែលបានស្វែងរកអញ 11តែឯឯងរាល់គ្នាដែលបោះបង់ចោលព្រះយេហូវ៉ា គឺជាពួកអ្នកដែលភ្លេចភ្នំបរិសុទ្ធរបស់អញ ហើយក៏រៀបអាសនា១ថ្វាយដល់ព្រះមានលាភ ព្រមទាំងចាក់ស្រាពេញពែង ថ្វាយដល់ព្រះវាសនា 12អញនឹងឲ្យឯងរាល់គ្នាមានវាសនាជាដាវវិញ ហើយឯងទាំងអស់គ្នានឹងត្រូវឱនទៅឲ្យគេកាប់សំឡាប់ ពីព្រោះកាលអញបានហៅ នោះឯងរាល់គ្នាមិនបានឆ្លើយសោះ ហើយកាលអញបាននិយាយ នោះឯងរាល់គ្នាមិនបានឮឡើយ គឺឯងរាល់គ្នាបានប្រព្រឹត្តអំពើដែលអាក្រក់នៅភ្នែកអញ ហើយបានរើសយករបស់ដែលអញមិនចូលចិត្តវិញ។
13ហេតុនោះ ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះមើល ពួកអ្នកបំរើអញនឹងបានស៊ី តែឯងរាល់គ្នានឹងត្រូវឃ្លាន មើល ពួកអ្នកបំរើអញនឹងបានផឹក តែឯងរាល់គ្នានឹងត្រូវស្រេក មើល ពួកអ្នកបំរើអញនឹងអរសប្បាយ តែឯងរាល់គ្នានឹងត្រូវខ្មាស 14មើល ពួកអ្នកបំរើអញនឹងច្រៀងដោយមានចិត្តអំណរ តែឯងរាល់គ្នានឹងស្រែកឡើង ដោយមានចិត្តព្រួយ ហើយនឹងទ្រហោយំដោយមានវិញ្ញាណគ្រាំគ្រាវិញ 15ឯងរាល់គ្នានឹងបន្តឈ្មោះរបស់ឯង ទុកជាទីផ្តាសាដល់ពួករើសតាំងរបស់អញ ហើយព្រះអម្ចាស់យេហូវ៉ាទ្រង់នឹងសំឡាប់ឯងបង់ ទ្រង់នឹងដាក់ឈ្មោះផ្សេងទៀតឲ្យដល់ពួកអ្នកបំរើរបស់ទ្រង់ 16បានជាអ្នកណានៅផែនដី ដែលចង់បានពរ នោះនឹងរកពរដោយព្រះនៃសេចក្ដីពិត ហើយអ្នកណានៅផែនដីដែលស្បថ នោះនឹងស្បថដោយព្រះនៃសេចក្ដីពិតដែរ ពីព្រោះសេចក្ដីវេទនាពីជាន់មុនបានភ្លេចទៅហើយ ក៏បានកំបាំងពីភ្នែកអញផង។
17ដ្បិតមើល អញនឹងបង្កើតផ្ទៃមេឃថ្មី ហើយនឹងផែនដីថ្មី ឯរបស់ពីមុនៗ នោះនឹងគ្មានអ្នកណានឹកចាំទៀត ក៏មិនដែលចូលក្នុងគំនិតឡើយ 18ប៉ុន្តែត្រូវឲ្យឯងរាល់គ្នាមានសេចក្ដីអំណរ ហើយរីករាយឡើងជាដរាបចំពោះការដែលអញបង្កើតនោះ ដ្បិតមើល អញនឹងធ្វើឲ្យក្រុងយេរូសាឡិមបានជាទីរីករាយ ហើយប្រជាជនទាំងឡាយជាសេចក្ដីអំណរ 19នោះអញនឹងមានសេចក្ដីរីករាយចំពោះក្រុងយេរូសាឡិម នឹងសេចក្ដីអំណរចំពោះរាស្ត្រអញ រួចនៅក្នុងទីក្រុងនោះ នឹងលែងឮសំឡេងយំ នឹងសំរែកទៀតឡើយ 20ក៏នឹងលែងមានកូនតូចដែលរស់នៅតែប៉ុន្មានថ្ងៃ ឬមនុស្សចាស់ដែលមិនបានរស់នៅឲ្យពេញកំណត់អាយុ តទៅទៀត ដ្បិតអ្នកណាដែលស្លាប់ក្នុងអាយុ១០០ឆ្នាំ នោះគេនឹងរាប់ថា ជាក្មេងទេ ហើយមនុស្សបាបណាដែលរស់ដល់ត្រឹម១០០ឆ្នាំ នោះនឹងត្រូវបណ្តាសាវិញ 21គ្រានោះ មនុស្សនឹងសង់ផ្ទះ ហើយនឹងអាស្រ័យនៅផង ក៏នឹងដាំចំការទំពាំងបាយជូរ ហើយនឹងបរិភោគផលដែរ 22គេនឹងមិនសង់ រួចមានម្នាក់ទៀតអាស្រ័យនៅ ឬដាំ រួចមានម្នាក់ទៀតបរិភោគផលនោះឡើយ ដ្បិតអាយុរបស់រាស្ត្រអញនឹងបានវែងដូចជាអាយុនៃដើមឈើ ហើយពួករើសតាំងរបស់អញនឹងប្រើប្រាស់ការដែលដៃគេធ្វើជាយឺនយូរទៅ 23គេនឹងមិនខំធ្វើជាឥតប្រយោជន៍ ឬបង្កើតមកឲ្យតែបានត្រូវវិនាសទៅនោះឡើយ ដ្បិតគេជាពូជនៃពួកដ៏មានពររបស់ព្រះយេហូវ៉ា ព្រមទាំងកូនដែលគេបង្កើតតទៅផង 24គ្រានោះ មុនដែលគេអំពាវនាវ នោះអញនឹងតបឆ្លើយ ហើយកាលគេកំពុងតែចេញសំដីនៅឡើយ នោះអញនឹងស្តាប់ដែរ 25ឯឆ្កែព្រៃ នឹងកូនចៀមវា នឹងរកស៊ីជាមួយគ្នា ហើយសិង្ហនឹងស៊ីចំបើងដូចជាគោ ចំណែកពស់វា នឹងមានធូលីដីជាអាហារ សត្វទាំងឡាយនឹងមិនបៀតបៀន ឬបំផ្លាញអ្វីនៅគ្រប់ក្នុងស្រុកភ្នំបរិសុទ្ធរបស់អញទៀតឡើយ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ទើបបានជ្រើសរើសហើយ៖
អេសាយ 65: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.