ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ចូរចុះទៅឯដំណាក់ស្តេចយូដា ហើយពោលពាក្យនេះនៅទីនោះ គឺប្រាប់ថា ឱស្តេចសាសន៍យូដាដែលគង់លើបល្ល័ង្កនៃដាវីឌ ព្រមទាំងពួកមហាតលិក នឹងបណ្តាជនរបស់ទ្រង់ដែលចូលតាមទ្វារទាំងនេះអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ចូរសំរេចសេចក្ដីយុត្តិធម៌ នឹងសេចក្ដីសុចរិត ហើយដោះអ្នកដែលត្រូវគេប្លន់ ឲ្យបានរួចពីកណ្តាប់ដៃនៃពួកអ្នកដែលសង្កត់សង្កិននោះ កុំឲ្យរឹបជាន់ ឬគំហកកំហែងដល់អ្នកដទៃ ដែលមកស្នាក់នៅ ឬដល់ពួកកំព្រា នឹងស្រីមេម៉ាយឡើយ ក៏កុំឲ្យកំចាយឈាមរបស់មនុស្សដែលឥតទោសនៅទីនេះដែរ ដ្បិតបើសិនជាឯងរាល់គ្នានឹងធ្វើតាមពាក្យនេះជាប្រាកដ នោះនឹងមានស្តេចដែលគង់លើបល្ល័ង្កដាវីឌជិះរាជរថ នឹងសេះយាងចូលតាមទ្វារនេះ ព្រមទាំងពួកមហាតលិក នឹងរាស្ត្ររបស់ទ្រង់ផង តែបើឯងរាល់គ្នាមិនព្រមស្តាប់តាមពាក្យទាំងនេះទេ នោះព្រះយេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះ អញស្បថនឹងខ្លួនអញថា ដំណាក់នេះនឹងត្រូវបំផ្លាញអស់រលីង ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលពីដំណើរដំណាក់នៃស្តេចយូដាដូច្នេះឯងទុកដូចជាស្រុកកាឡាត ហើយដូចកំពូលភ្នំល្បាណូនដល់អញ ប៉ុន្តែ ប្រាកដជាអញនឹងធ្វើឲ្យឯងទៅជាទីស្ងាត់ជ្រងំវិញ ជាទីក្រុងដែលឥតមានមនុស្សនៅ ហើយអញនឹងតាំងពួកបំផ្លាញឲ្យមកទាស់នឹងឯង គ្រប់គ្នានឹងកាន់គ្រឿងអាវុធរបស់ខ្លួន គេនឹងកាប់រំលំដើមតាត្រៅ ដែលជ្រើសរើសរបស់ឯង ហើយបោះទៅក្នុងភ្លើង សាសន៍ជាច្រើននឹងដើរមកតាមទីក្រុងនេះ គ្រប់គ្នានឹងនិយាយដល់គូកនខ្លួនថា ហេតុអ្វីបានជាព្រះយេហូវ៉ាទ្រង់ធ្វើដូច្នេះដល់ក្រុងធំនេះ នោះគេនឹងឆ្លើយតបថា គឺពីព្រោះគេបានបោះបង់ចោលសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ាជាព្រះនៃគេ ក៏ថ្វាយបង្គំហើយគោរពប្រតិបត្តិដល់ព្រះដទៃផង។ កុំឲ្យយំនឹងមនុស្សដែលស្លាប់ឡើយ ក៏កុំឲ្យសោកស្តាយគេដែរ ត្រូវឲ្យយំជាខ្លាំងនឹងអ្នកដែលចាកចេញពីទីនេះវិញ ដ្បិតគេនឹងមិនដែលវិលមកទៀតឡើយ ក៏មិនដែលឃើញស្រុកកំណើតរបស់ខ្លួនទៀតផង ពីព្រោះឯសាលូម ជាបុត្រយ៉ូសៀស ស្តេចយូដា ដែលសោយរាជ្យជំនួសយ៉ូសៀស ជាបិតា ហើយបានចាកចេញពីទីនេះទៅហើយ នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា គេនឹងមិនដែលមកឯទីនេះវិញទៀតឡើយ នៅកន្លែងណាដែលត្រូវដឹកនាំទៅជាឈ្លើយ នោះគេនឹងស្លាប់នៅទីនោះ ឥតដែលឃើញស្រុកនេះទៀត។ វេទនាដល់អ្នកណាដែលសង់ផ្ទះខ្លួន ដោយការទុច្ចរិត ហើយធ្វើបន្ទប់ខ្លួនដោយការមិនទៀងត្រង់ ជាអ្នកដែលប្រើប្រាស់អ្នកជិតខាងខ្លួនទទេ ឥតចេញឈ្នួលឲ្យ ហើយក៏ពោលថា អញនឹងសង់ផ្ទះ១ធំ ដែលមានបន្ទប់ទូលាយសំរាប់អញ ក៏ធ្វើបង្អួច ហើយបិទជញ្ជាំងដោយក្តារតាត្រៅ រួចលាបពណ៌ក្រហមស្រស់ តើត្រូវឲ្យឯងសោយរាជ្យ ដោយព្រោះតែឯងមានចិត្តសង្វាត នឹងចំរើនឈើតាត្រៅឬអី ឯឪពុកឯង តើមិនបានស៊ី ហើយផឹកដែរទេឬអី ប៉ុន្តែ បានប្រព្រឹត្តសេចក្ដីយុត្តិធម៌ នឹងសេចក្ដីសុចរិត បានជាមានសន្តិសុខក្នុងគ្រានោះ គាត់បានកាត់ក្តីឲ្យពួកក្រីក្រ នឹងពួកកំសត់ទុគ៌ត ដូច្នេះ ក៏មានសេចក្ដីសុខ ព្រះយេហូវ៉ាទ្រង់មានបន្ទូលសួរថា ដែលប្រព្រឹត្តដូច្នោះ តើមិនមែនជាស្គាល់ដល់អញទេឬអី តែឯភ្នែកឯង នឹងចិត្តឯង នោះរកតែបំពេញសេចក្ដីលោភរបស់ឯងវិញ ក៏កំចាយឈាមរបស់មនុស្សដែលឥតមានទោស ព្រមទាំងរឹបជាន់ នឹងប្រព្រឹត្តសេចក្ដីច្រឡោតផងប៉ុណ្ណោះ
អាន យេរេមា 22
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យេរេមា 22:1-17
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ