យេរេមា 22:1-17
យេរេមា 22:1-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ ចូរចុះទៅដំណាក់ស្តេចយូដា ហើយពោលពាក្យនេះនៅទីនោះ គឺប្រាប់ថា ឱស្តេចសាសន៍យូដាដែលគង់លើបល្ល័ង្កនៃដាវីឌ ព្រមទាំងពួកមហាតលិក និងបណ្ដាជនរបស់ព្រះអង្គដែលចូលតាមទ្វារទាំងនេះអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ ចូរសម្រេចសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត ហើយដោះអ្នកដែលត្រូវគេប្លន់ ឲ្យបានរួចពីកណ្ដាប់ដៃនៃពួកអ្នកដែលសង្កត់សង្កិននោះ កុំជិះជាន់ ឬគំហកកំហែងដល់អ្នកដទៃ ដែលមកស្នាក់នៅ ឬដល់ពួកកំព្រា និងស្ត្រីមេម៉ាយឡើយ ក៏កុំកម្ចាយឈាមរបស់មនុស្សដែលឥតទោសនៅទីនេះដែរ។ ដ្បិតប្រសិនបើអ្នករាល់គ្នាពិតជាធ្វើតាមពាក្យនេះ នោះនឹងមានស្តេចដែលគង់លើបល្ល័ង្កដាវីឌជិះរាជរថ និងសេះយាងចូលតាមទ្វារនេះ ព្រមទាំងពួកមហាតលិក និងប្រជារាស្ត្ររបស់ព្រះអង្គផង។ ប៉ុន្តែ បើអ្នករាល់គ្នាមិនព្រមស្តាប់តាមពាក្យទាំងនេះទេ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ យើងស្បថនឹងខ្លួនយើងថា ដំណាក់នេះនឹងត្រូវបំផ្លាញអស់រលីង។ ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ ពីដំណើរដំណាក់នៃស្តេចយូដាថា៖ ចំពោះយើង អ្នកប្រៀបដូចជាស្រុកកាឡាត និងកំពូលភ្នំល្បាណូន ប៉ុន្តែ យើងប្រាកដជានឹងធ្វើឲ្យអ្នកត្រឡប់ ទៅជាទីរហោស្ថាន ជាទីក្រុងដែលគ្មានមនុស្សរស់នៅ។ យើងនឹងតាំងពួកបំផ្លាញឲ្យមកទាស់នឹងអ្នក គ្រប់គ្នានឹងកាន់គ្រឿងអាវុធរបស់ខ្លួន គេនឹងកាប់រំលំដើមតាត្រៅ ដែលជ្រើសរើសរបស់អ្នក ហើយបោះទៅក្នុងភ្លើង សាសន៍ជាច្រើននឹងដើរមកតាមទីក្រុងនេះ គ្រប់គ្នានឹងនិយាយដល់គូកនខ្លួនថា៖ ហេតុអ្វីបានជាព្រះយេហូវ៉ាធ្វើដូច្នេះដល់ក្រុងធំនេះ? គេនឹងឆ្លើយតបថា៖ ពីព្រោះគេបានបោះបង់សេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា ជាព្រះរបស់គេ ក៏ថ្វាយបង្គំ ហើយគោរពប្រតិបត្តិដល់ព្រះដទៃ។ កុំយំនឹងមនុស្សដែលស្លាប់ឡើយ ក៏កុំសោកស្តាយគេដែរ ត្រូវឲ្យយំជាខ្លាំងនឹងអ្នកដែលចាកចេញពីទីនេះវិញ ដ្បិតគេនឹងមិនដែលវិលមកទៀតឡើយ ក៏មិនដែលឃើញស្រុកកំណើតរបស់ខ្លួនទៀតផង។ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ សាលូម ជាបុត្រយ៉ូសៀស ស្តេចយូដា ដែលសោយរាជ្យជំនួសយ៉ូសៀស ជាបិតា ហើយបានចាកចេញពីទីនេះទៅហើយ គេនឹងមិនមកទីនេះវិញទេ នៅកន្លែងណាដែលត្រូវចាប់នាំទៅជាឈ្លើយ គេនឹងស្លាប់នៅទីនោះ ឥតដែលឃើញស្រុកនេះទៀតឡើយ។ វេទនាដល់អ្នកណាដែលសង់ផ្ទះខ្លួន ដោយការទុច្ចរិត ហើយធ្វើបន្ទប់ខ្លួនដោយការមិនទៀងត្រង់ ជាអ្នកដែលប្រើប្រាស់អ្នកជិតខាងខ្លួនទទេ ឥតចេញឈ្នួលឲ្យ ហើយក៏ពោលថា យើងនឹងសង់ផ្ទះមួយធំ ដែលមានបន្ទប់ទូលាយសម្រាប់យើង ក៏ធ្វើបង្អួច ហើយបិទជញ្ជាំងដោយក្តារតាត្រៅ រួចលាបពណ៌ក្រហមស្រស់។ តើអ្នកត្រូវសោយរាជ្យ ដោយព្រោះតែអ្នកមានចិត្តសង្វាត និងចម្រើនឈើតាត្រៅឬ? ឯឪពុកអ្នក តើមិនបានស៊ី ហើយផឹកដែរទេឬ? ប៉ុន្តែ បានប្រព្រឹត្តសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត បានជាមានសន្តិសុខក្នុងគ្រានោះ។ គាត់បានកាត់ក្ដីឲ្យពួកក្រីក្រ និងពួកកម្សត់ទុគ៌ត ដូច្នេះ ក៏មានសេចក្ដីសុខ ព្រះយេហូវ៉ាមានព្រះបន្ទូលសួរថា៖ ដែលប្រព្រឹត្តដូច្នោះ តើមិនស្គាល់យើងទេឬ? ឯភ្នែក និងចិត្តរបស់អ្នក រកតែបំពេញសេចក្ដីលោភរបស់អ្នក ក៏កម្ចាយឈាមរបស់មនុស្សដែលឥតមានទោស ព្រមទាំងជិះជាន់ និងប្រព្រឹត្តសេចក្ដីច្រឡោតប៉ុណ្ណោះ។
យេរេមា 22:1-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមាដូចតទៅ៖ «ចូរចូលទៅក្នុងវាំងរបស់ស្ដេចស្រុកយូដា ហើយប្រកាសពាក្យទាំងនេះថា: បពិត្រព្រះមហាក្សត្រស្រុកយូដា ដែលគ្រងរាជ្យលើបល្ល័ង្ករបស់ព្រះបាទដាវីឌ ព្រមទាំងមន្ត្រី និងប្រជាជនដែលចូលតាមទ្វារនេះ សូមព្រះករុណា និងអស់លោកស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់! ព្រះអម្ចាស់មានព្រះបន្ទូលថា: ចូរនាំគ្នាប្រព្រឹត្តតាមសេចក្ដីសុចរិត និងយុត្តិធម៌ ចូរដោះលែងអស់អ្នកដែលត្រូវគេជិះជាន់សង្កត់សង្កិន។ មិនត្រូវធ្វើបាបជនអន្តោប្រវេសន៍ ក្មេងកំព្រា និងស្ត្រីមេម៉ាយឡើយ ហើយក៏មិនត្រូវប្រើអំពើហិង្សា និងបង្ហូរឈាមជនស្លូតត្រង់នៅទីនេះដែរ។ ប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តតាមពាក្យនេះ ស្ដេចទាំងឡាយដែលគ្រងរាជ្យតពីស្ដេចដាវីឌ នឹងជិះរទេះ ជិះសេះ ចូលតាមទ្វារវាំងនេះជាមួយពួកមន្ត្រី និងប្រជាជនតទៅមុខទៀត។ ផ្ទុយទៅវិញ ប្រសិនបើអ្នករាល់គ្នាមិនស្ដាប់ពាក្យនេះទេ យើងសូមស្បថក្នុងនាមយើងផ្ទាល់ថា វាំងនេះនឹងក្លាយទៅជាគំនរឥដ្ឋ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ទោះបីយើងចាត់ទុកវាំងរបស់ស្ដេចស្រុកយូដា ថាស្អាតដូចព្រៃនៅស្រុកកាឡាដ និងដូចកំពូលភ្នំលីបង់ក៏ដោយ យើងនឹងធ្វើឲ្យវាំងនេះក្លាយទៅជា វាលរហោស្ថាន ជាកន្លែងដែលគ្មាននរណារស់នៅ។ យើងនឹងចាត់មនុស្សឲ្យមកបំផ្លាញវាំងនេះ គេនឹងកាប់សសរដែលធ្វើអំពីឈើដ៏មានតម្លៃ បោះទៅក្នុងភ្លើង។ ប្រជាជាតិជាច្រើនដែលនឹងដើរជិតទីក្រុង មុខជាសួរគ្នាថា “ហេតុអ្វីបានជាព្រះអម្ចាស់ ដាក់ទោសទីក្រុងដ៏ធំនេះដូច្នេះ?” គេនឹងឆ្លើយថា “មកពីអ្នកក្រុងផ្ដាច់ សម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ ជាព្រះរបស់ខ្លួន ហើយបែរទៅក្រាបថ្វាយបង្គំ និងគោរពបម្រើព្រះដទៃ”»។ កុំយំស្រណោះស្ដេចយ៉ូសៀស ដែលសោយទិវង្គតទៅនោះឡើយ កុំកាន់ទុក្ខអាឡោះអាល័យស្ដេចទៀត ផ្ទុយទៅវិញ ចូរយំស្រណោះស្ដេចសាលូម ដែលនឹងចាកចេញទៅ ដ្បិតទ្រង់នឹងមិនវិលត្រឡប់មកវិញឡើយ ហើយទ្រង់ក៏នឹងមិនឃើញស្រុកកំណើត ទៀតដែរ។ ព្រះអម្ចាស់មានព្រះបន្ទូលស្ដីអំពីស្ដេចសាលូម ជាបុត្ររបស់ស្ដេចយ៉ូសៀស ដែលស្នងរាជ្យបិតានៅស្រុកយូដា ហើយដែលចាកចេញពីទីនេះទៅថា ទ្រង់នឹងមិនវិលត្រឡប់មកវិញទេ ទ្រង់នឹងសុគតនៅក្នុងស្រុកដែល ទ្រង់ត្រូវគេកៀរយកទៅជាឈ្លើយ ដោយឥតបានឃើញស្រុកនេះវិញឡើយ។ «យេហូយ៉ាគីមអើយ អ្នកនឹងត្រូវវេទនាពុំខាន! ដ្បិតអ្នកសង់វាំង តែមិនប្រព្រឹត្តតាមសេចក្ដីសុចរិត អ្នកសង់បន្ទប់នៅជាន់ខាងលើ តែមិនប្រព្រឹត្តតាមសេចក្ដីយុត្តិធម៌ អ្នកប្រើប្រជារាស្ត្រឲ្យធ្វើការ តែមិនឲ្យប្រាក់ឈ្នួលទេ។ អ្នកពោលថា “យើងនឹងសង់ដំណាក់មួយ ដ៏ស្កឹមស្កៃ មានបន្ទប់ធំទូលាយសម្រាប់យើង”។ អ្នកចោះបង្អួច និងធ្វើជញ្ជាំងពីឈើដ៏មានតម្លៃ ហើយលាបពណ៌ក្រហម។ តើអ្នកចង់ពង្រឹងរាជសម្បត្តិ ដោយសង់ដំណាក់ពីឈើដ៏មានតម្លៃនេះឬ? បិតារបស់អ្នកធ្លាប់បរិភោគបាយទឹក ដូចអ្នកឯទៀតៗដែរ តែគេបានប្រព្រឹត្តតាមសេចក្ដីសុចរិត និងយុត្តិធម៌ ហេតុនេះហើយបានជាបិតារបស់អ្នក បានប្រកបដោយសេចក្ដីសុខសាន្ត។ បិតារបស់អ្នករកយុត្តិធម៌ឲ្យជនទុគ៌ត និងជនក្រីក្រ ហេតុនេះហើយបានជាស្រុកទេស មានសេចក្ដីសុខសាន្ត។ ដ្បិតអ្នកដែលស្គាល់យើងតែងតែប្រព្រឹត្តដូច្នេះ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -។ រីឯអ្នកវិញ អ្នកគិតតែពីស្វែងរក ប្រយោជន៍ផ្ទាល់ខ្លួន។ អ្នកបង្ហូរឈាមជនស្លូតត្រង់ និងជិះជាន់ប្រជារាស្ត្រយ៉ាងព្រៃផ្សៃ»។
យេរេមា 22:1-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ចូរចុះទៅឯដំណាក់ស្តេចយូដា ហើយពោលពាក្យនេះនៅទីនោះ គឺប្រាប់ថា ឱស្តេចសាសន៍យូដាដែលគង់លើបល្ល័ង្កនៃដាវីឌ ព្រមទាំងពួកមហាតលិក នឹងបណ្តាជនរបស់ទ្រង់ដែលចូលតាមទ្វារទាំងនេះអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ចូរសំរេចសេចក្ដីយុត្តិធម៌ នឹងសេចក្ដីសុចរិត ហើយដោះអ្នកដែលត្រូវគេប្លន់ ឲ្យបានរួចពីកណ្តាប់ដៃនៃពួកអ្នកដែលសង្កត់សង្កិននោះ កុំឲ្យរឹបជាន់ ឬគំហកកំហែងដល់អ្នកដទៃ ដែលមកស្នាក់នៅ ឬដល់ពួកកំព្រា នឹងស្រីមេម៉ាយឡើយ ក៏កុំឲ្យកំចាយឈាមរបស់មនុស្សដែលឥតទោសនៅទីនេះដែរ ដ្បិតបើសិនជាឯងរាល់គ្នានឹងធ្វើតាមពាក្យនេះជាប្រាកដ នោះនឹងមានស្តេចដែលគង់លើបល្ល័ង្កដាវីឌជិះរាជរថ នឹងសេះយាងចូលតាមទ្វារនេះ ព្រមទាំងពួកមហាតលិក នឹងរាស្ត្ររបស់ទ្រង់ផង តែបើឯងរាល់គ្នាមិនព្រមស្តាប់តាមពាក្យទាំងនេះទេ នោះព្រះយេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះ អញស្បថនឹងខ្លួនអញថា ដំណាក់នេះនឹងត្រូវបំផ្លាញអស់រលីង ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលពីដំណើរដំណាក់នៃស្តេចយូដាដូច្នេះឯងទុកដូចជាស្រុកកាឡាត ហើយដូចកំពូលភ្នំល្បាណូនដល់អញ ប៉ុន្តែ ប្រាកដជាអញនឹងធ្វើឲ្យឯងទៅជាទីស្ងាត់ជ្រងំវិញ ជាទីក្រុងដែលឥតមានមនុស្សនៅ ហើយអញនឹងតាំងពួកបំផ្លាញឲ្យមកទាស់នឹងឯង គ្រប់គ្នានឹងកាន់គ្រឿងអាវុធរបស់ខ្លួន គេនឹងកាប់រំលំដើមតាត្រៅ ដែលជ្រើសរើសរបស់ឯង ហើយបោះទៅក្នុងភ្លើង សាសន៍ជាច្រើននឹងដើរមកតាមទីក្រុងនេះ គ្រប់គ្នានឹងនិយាយដល់គូកនខ្លួនថា ហេតុអ្វីបានជាព្រះយេហូវ៉ាទ្រង់ធ្វើដូច្នេះដល់ក្រុងធំនេះ នោះគេនឹងឆ្លើយតបថា គឺពីព្រោះគេបានបោះបង់ចោលសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ាជាព្រះនៃគេ ក៏ថ្វាយបង្គំហើយគោរពប្រតិបត្តិដល់ព្រះដទៃផង។ កុំឲ្យយំនឹងមនុស្សដែលស្លាប់ឡើយ ក៏កុំឲ្យសោកស្តាយគេដែរ ត្រូវឲ្យយំជាខ្លាំងនឹងអ្នកដែលចាកចេញពីទីនេះវិញ ដ្បិតគេនឹងមិនដែលវិលមកទៀតឡើយ ក៏មិនដែលឃើញស្រុកកំណើតរបស់ខ្លួនទៀតផង ពីព្រោះឯសាលូម ជាបុត្រយ៉ូសៀស ស្តេចយូដា ដែលសោយរាជ្យជំនួសយ៉ូសៀស ជាបិតា ហើយបានចាកចេញពីទីនេះទៅហើយ នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា គេនឹងមិនដែលមកឯទីនេះវិញទៀតឡើយ នៅកន្លែងណាដែលត្រូវដឹកនាំទៅជាឈ្លើយ នោះគេនឹងស្លាប់នៅទីនោះ ឥតដែលឃើញស្រុកនេះទៀត។ វេទនាដល់អ្នកណាដែលសង់ផ្ទះខ្លួន ដោយការទុច្ចរិត ហើយធ្វើបន្ទប់ខ្លួនដោយការមិនទៀងត្រង់ ជាអ្នកដែលប្រើប្រាស់អ្នកជិតខាងខ្លួនទទេ ឥតចេញឈ្នួលឲ្យ ហើយក៏ពោលថា អញនឹងសង់ផ្ទះ១ធំ ដែលមានបន្ទប់ទូលាយសំរាប់អញ ក៏ធ្វើបង្អួច ហើយបិទជញ្ជាំងដោយក្តារតាត្រៅ រួចលាបពណ៌ក្រហមស្រស់ តើត្រូវឲ្យឯងសោយរាជ្យ ដោយព្រោះតែឯងមានចិត្តសង្វាត នឹងចំរើនឈើតាត្រៅឬអី ឯឪពុកឯង តើមិនបានស៊ី ហើយផឹកដែរទេឬអី ប៉ុន្តែ បានប្រព្រឹត្តសេចក្ដីយុត្តិធម៌ នឹងសេចក្ដីសុចរិត បានជាមានសន្តិសុខក្នុងគ្រានោះ គាត់បានកាត់ក្តីឲ្យពួកក្រីក្រ នឹងពួកកំសត់ទុគ៌ត ដូច្នេះ ក៏មានសេចក្ដីសុខ ព្រះយេហូវ៉ាទ្រង់មានបន្ទូលសួរថា ដែលប្រព្រឹត្តដូច្នោះ តើមិនមែនជាស្គាល់ដល់អញទេឬអី តែឯភ្នែកឯង នឹងចិត្តឯង នោះរកតែបំពេញសេចក្ដីលោភរបស់ឯងវិញ ក៏កំចាយឈាមរបស់មនុស្សដែលឥតមានទោស ព្រមទាំងរឹបជាន់ នឹងប្រព្រឹត្តសេចក្ដីច្រឡោតផងប៉ុណ្ណោះ