យ៉ូស្វេ 14

14
1ហើយ​នេះ​ជា​មរដក​ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ទទួល​នៅ​ក្នុង​ស្រុក​កាណាន គឺ​ដែល​អេលាសារដ៏​ជា​សង្ឃ នឹង​យ៉ូស្វេ​ជា​កូន​នុន ហើយ​នឹង​ពួក​មេ​លើ​វង្សា‌នុវង្ស របស់​ពូជ​អំបូរ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន​បាន​ចែក​ឲ្យ 2មរដក​ទាំង​នោះ​គេ​បាន​ចែក​ឲ្យ​ពូជ​អំបូរ​៩ នឹង​ពូជ​អំបូរ​១​ចំហៀង​នោះ ដោយ​ចាប់​ឆ្នោត ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ដោយ‌សារ​លោក​ម៉ូសេ 3ដ្បិត​លោក​ម៉ូសេ​បាន​ចែក​មរដក​ដល់​ពូជ​អំបូរ​ទាំង​២ នឹង​១​ចំហៀង​ទៀត នៅ​ខាង​នាយ​ទន្លេ​យ័រដាន់​ហើយ តែ​មិន​បាន​ចែក​ឲ្យ​ដល់​ពួក​លេវី​ទេ 4ពី​ព្រោះ​ពួក​កូន​ចៅ​យ៉ូសែប​បាន​ចែក​ជា​ពូជ​អំបូរ​២​ផ្នែក​ទៅ​ហើយ គឺ​ម៉ាន៉ាសេ នឹង​អេប្រា‌អិម ដូច្នេះ​គេ​មិន​បាន​ចែក​ចំណែក​ណា​ដល់​ពួក​លេវី​នៅ​ក្នុង​ស្រុក​នោះ​ទេ លើក​តែ​ទី​ក្រុង​សំរាប់​ឲ្យ​គេ​នៅ​ប៉ុណ្ណោះ ព្រម​ទាំង​ដី​នៅ​ជុំវិញ​ទាំង​ប៉ុន្មាន​សំរាប់​ហ្វូង​សត្វ នឹង​ទ្រព្យ​សម្បត្តិ​គេ​ផង 5ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ចែក​ស្រុក​គ្នា តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក​លោក​ម៉ូសេ។
6គ្រា​នោះ ពួក​កូន​ចៅ​យូដា​ក៏​ចូល​មក​ឯ​យ៉ូស្វេ​ត្រង់​គីល‌កាល រួច​កាលែប ជា​កូន​យេភូនេ ជា​ពួក​កេណាស​ក៏​និយាយ​នឹង​លោក​ថា លោក​ជ្រាប​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​មក​លោក​ម៉ូសេ ជា​អ្នក​សំណប់​របស់​ព្រះ ពី​ដំណើរ​ខ្ញុំ នឹង​លោក នៅ​ត្រង់​កាដេស-បារនា​ហើយ 7កាល​លោក​ម៉ូសេ​ជា​អ្នក​បំរើ​នៃ​ព្រះ‌យេហូវ៉ា បាន​ចាត់​ខ្ញុំ​ពី​កាដេស-បារនា ឲ្យ​ទៅ​សង្កេត​មើល​ស្រុក នោះ​ខ្ញុំ​មាន​អាយុ​៤០​ឆ្នាំ​ហើយ ខ្ញុំ​ក៏​បាន​ត្រឡប់​មក​វិញ ជំរាប​លោក​តាម​គំនិត​ខ្ញុំ 8ប៉ុន្តែ​ពួក​បង​ប្អូន​ដែល​ឡើង​ទៅ​ជា​មួយ​នឹង​ខ្ញុំ គេ​បាន​រំសាយ​ចិត្ត​ពួក​បណ្តាជន​វិញ ឯ​ខ្ញុំ​បាន​ធ្វើ​តាម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្ញុំ​គ្រប់​ជំពូក 9ហើយ​នៅ​ថ្ងៃ​នោះ​ឯង លោក​ម៉ូសេ​ក៏​ស្បថ​ថា ដី​ដែល​ជើង​ឯង​បាន​ជាន់ នោះ​នឹង​ត្រូវ​បាន​ជា​មរដក​ដល់​ឯង នឹង​កូន​ចៅ​ឯង​ត​រៀង​ទៅ ដោយ​ព្រោះ​ឯង​បាន​តាម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អញ​គ្រប់​ជំពូក 10ឥឡូវ​នេះ មើល ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ទុក​ឲ្យ​ខ្ញុំ​រស់​នៅ​ដូច​ជា​ទ្រង់​បាន​មាន​បន្ទូល គឺ​មាន​៤៥​ឆ្នាំ​នេះ​ហើយ តាំង​ពី​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​សេចក្ដី​នោះ​នឹង​លោក​ម៉ូសេ ក្នុង​កាល​ដែល​ពួក​អ៊ីស្រាអែល​កំពុង​ដើរ​ក្នុង​ទី​រហោ‌ស្ថាន​នៅ​ឡើយ ហើយ​មើល នៅ​ថ្ងៃ​នេះ ខ្ញុំ​មាន​អាយុ​៨៥​ឆ្នាំ​ហើយ 11សព្វ​ថ្ងៃ​នេះ ខ្ញុំ​នៅ​តែ​មាន​កំឡាំង ដូច​ក្នុង​កាល​ដែល​លោក​ម៉ូសេ​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​នោះ​នៅ​ឡើយ កំឡាំង​ខ្ញុំ​ឥឡូវ​នេះ​ក៏​ដូច​ជា​កាល​ពី​ដើម​ដែរ សំរាប់​នឹង​ទៅ​ច្បាំង​ទាំង​ចេញ​ទៅ​ហើយ​ចូល​មក​វិញ​ផង 12ដូច្នេះ​សូម​ឲ្យ​ស្រុក​ភ្នំ​នេះ ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​នៅ​គ្រា​នោះ​មក​ខ្ញុំ​ចុះ ដ្បិត​លោក​បាន​ឮ​នៅ​វេលា​នោះ ហើយ​ថា មាន​សាសន៍​អ័ណាក់​នៅ​ស្រុក​នោះ ហើយ​មាន​ទាំង​ទី​ក្រុង​ធំៗ​ដែល​មាន​កំផែង​ផង ប្រហែល​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​គង់​ជា​មួយ​នឹង​ខ្ញុំ​ទេ​ដឹង ឲ្យ​ខ្ញុំ​បាន​បណ្តេញ​គេ​ចេញ​ទៅ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​ហើយ។
13នោះ​យ៉ូស្វេ​ឲ្យ​ពរ​ដល់​កាលែប ជា​កូន​យេភូនេ ហើយ​ក៏​ឲ្យ​ក្រុង​ហេប្រុន​ទៅ​គាត់​ទុក​ជា​មរដក 14ដូច្នេះ ក្រុង​ហេប្រុន​បាន​ត្រឡប់​ជា​មរដក​របស់​កាលែប ជា​កូន​យេភូនេ ដែល​ជា​ពួក​កេណាស ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ពី​ព្រោះ​គាត់​បាន​ធ្វើ​តាម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​គ្រប់​ជំពូក 15រីឯ​ក្រុង​ហេប្រុន​នេះ ពី​ដើម មាន​ឈ្មោះ​ជា​គារ‌យ៉ាត់-អើបា ដែល​អើបា​នោះ​ជា​មនុស្ស​មាន​មាឌ​ធំ​ជាង​គេ​ក្នុង​ពួក​សាសន៍​អ័ណាក់ ត​ពី​នោះ​មក ស្រុក​នោះ​ក៏​បាន​ស្រាក‌ស្រាន្ត​ពី​ចំបាំង​ទៅ។

ទើបបានជ្រើសរើសហើយ៖

យ៉ូស្វេ 14: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល