ម៉ាថាយ 16

16
1ពួក​ផារិស៊ី នឹង​ពួក​សាឌូស៊ី គេ​មក​ល្បួង​ទ្រង់ សូម​ឲ្យ​សំដែង​ទី​សំគាល់​១​ពី​លើ​មេឃ​ឲ្យ​គេ​ឃើញ 2តែ​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ដល់​ល្ងាច​អ្នក​រាល់​គ្នា​និយាយ​ថា មេឃ​នឹង​ល្អ ពី​ព្រោះ​ក្រហម 3ហើយ​ដល់​ព្រឹក នោះ​អ្នក​រាល់​គ្នា​ក៏​ថា នៅ​ថ្ងៃ​នេះ​នឹង​មាន​ព្យុះ​ភ្លៀង ព្រោះ​មេឃ​ក្រហម​ស្រទំ ឱ​មនុស្ស​កំពុត​អើយ អ្នក​រាល់​គ្នា​ចេះ​សំគាល់​សណ្ឋាន​របស់​មេឃ​មែន តែ​ពុំ​អាច​នឹង​ស្គាល់​ទី​សំគាល់​នៃ​សម័យ​នេះ​បាន​ទេ 4ពូជ​ដំណ​អាក្រក់ ហើយ​កំផិត គេ​ចេះ​តែ​រក​ទី​សំគាល់ តែ​នឹង​គ្មាន​ទី​សំគាល់​ណា​បាន​ប្រទាន​មក​គេ ក្រៅ​ពី​ទី​សំគាល់​តែ​មួយ​នោះ​ទេ គឺ​ហោរា​យ៉ូណាស រួច​ទ្រង់​យាង​ចោល​គេ​បាត់​ទៅ។
5ពួក​សិស្ស​ឆ្លង​ទៅ​ឯ​ត្រើយ​ម្ខាង តែ​គេ​ភ្លេច​យក​នំបុ័ង​ទៅ 6គ្រា​នោះ ព្រះ‌យេស៊ូវ ទ្រង់​មាន​បន្ទូល​ថា ចូរ​ឲ្យ​ពិចារណា ហើយ​ប្រុង​ប្រយ័ត​ចំពោះ​ដំបែ​របស់​ពួក​ផារិស៊ី នឹង​ពួក​សាឌូស៊ី​ឲ្យ​មែន‌ទែន 7គេ​ក៏​រិះ‌គិត​គ្នា​ថា ប្រហែល​ជា​ដោយ​ព្រោះ​យើង​មិន​បាន​យក​នំបុ័ង​មក​ទេ​ដឹង 8កាល​ព្រះ‌យេស៊ូវ​ទ្រង់​ជ្រាប នោះ​ក៏​មាន​បន្ទូល​ថា ឱ​មនុស្ស​មាន​ជំនឿ​តិច​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រិះ‌គិត​គ្នា អំពី​ដំណើរ​ដែល​មិន​បាន​យក​នំបុ័ង​មក​ដូច្នេះ 9តើ​អ្នក​រាល់​គ្នា​នឹក​មិន​ទាន់​ឃើញ ឬ​មិន​ចាំ​ពី​នំបុ័ង​៥ នឹង​មនុស្ស​៥​ពាន់​នាក់ ហើយ​ដែល​អ្នក​រាល់​គ្នា​ប្រមូល​បាន​ប៉ុន្មាន​កន្ត្រក​នោះ​ទេ​ឬ​អី 10ឬ​ពី​នំបុ័ង​៧ នឹង​មនុស្ស​៤​ពាន់​នាក់ ហើយ​ដែល​ប្រមូល​បាន​ប៉ុន្មាន​កំប្រោង​ទេ​ឬ​អី 11ហេតុ​ដូច​ម្តេច​បាន​ជា​អ្នក​រាល់​គ្នា​នឹក​មិន​ទាន់​ឃើញ​ថា មិន​មែន​ពី​នំបុ័ង​ដែល​ខ្ញុំ​ប្រាប់​ឲ្យ​ប្រយ័ត ពី​ដំបែ​របស់​ពួក​ផារិស៊ី នឹង​ពួក​សាឌូស៊ី​នោះ​ទេ 12នោះ​ទើប​គេ​បាន​យល់​ថា មិន​មែន​ពី​ដំបែ​នំបុ័ង ដែល​ទ្រង់​មាន​បន្ទូល​ប្រាប់​ឲ្យ​គេ​ប្រយ័ត​ទេ គឺ​ពី​លទ្ធិ​របស់​ពួក​ផារិស៊ី នឹង​ពួក​សាឌូស៊ី​វិញ។
13កាល​ព្រះ‌យេស៊ូវ បាន​យាង​មក​ដល់​ក្រវល់​ក្រុង​សេសារា-ភីលីព​ហើយ នោះ​ទ្រង់​មាន​បន្ទូល​សាក‌សួរ​ពួក​សិស្ស​ថា តើ​មនុស្ស​ទាំង‌ឡាយ គេ​ថា​កូន​មនុស្ស​ជា​អ្នក​ណា 14ពួក​សិស្ស​ទូល​ឆ្លើយ​ថា ខ្លះ​ថា​ជា​យ៉ូហាន-បាទីស្ទ ខ្លះ​ទៀត​ថា​ជា​អេលីយ៉ា ហើយ​ខ្លះ​ទៀត​ថា​ជា​យេរេមា ឬ​ហោរា​ណា​មួយ 15ទ្រង់​មាន​បន្ទូល​សួរ​ថា ចុះ​ឯ​អ្នក​រាល់​គ្នា​វិញ តើ​ថា​ខ្ញុំ​ជា​អ្នក​ណា 16ស៊ីម៉ូន-ពេត្រុស​ទូល​ឆ្លើយ​ថា ទ្រង់​ជា​ព្រះ‌គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ 17រួច​ព្រះ‌យេស៊ូវ​មាន​បន្ទូល​តប​ថា អ្នក​ស៊ីម៉ូន កូន​យ៉ូណាស​អើយ អ្នក​មាន​ពរ ដ្បិត​មិន​មែន​ជា​សាច់​ឈាម ដែល​បាន​សំដែង​ឲ្យ​អ្នក​ស្គាល់​ទេ គឺ​ព្រះវរ‌បិតា​នៃ​ខ្ញុំ​ដែល​គង់​នៅ​ស្ថាន‌សួគ៌​វិញ 18ខ្ញុំ​ប្រាប់​អ្នក​ថា អ្នក​ឈ្មោះ​ពេត្រុស ខ្ញុំ​នឹង​តាំង​ពួក​ជំនុំ​ខ្ញុំ​នៅ​លើ​ថ្មដា​នេះ ហើយ​ទ្វារ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​នឹង​មិន​ដែល​ឈ្នះ​ពួក​ជំនុំ​ឡើយ 19ខ្ញុំ​នឹង​ឲ្យ​កូន​សោ​នៃ​នគរ​ស្ថាន‌សួគ៌​ដល់​អ្នក បើ​អ្នក​នឹង​ចង​ទុក​អ្វីៗ​នៅ​ផែនដី នោះ​នឹង​ត្រូវ​ចង​ទុក​នៅ​លើ​ស្ថាន‌សួគ៌​ដែរ ហើយ​បើ​អ្នក​នឹង​ស្រាយ​អ្វីៗ​នៅ​ផែនដី នោះ​នឹង​ត្រូវ​ស្រាយ​នៅ​ស្ថាន‌សួគ៌​ដែរ 20រួច​ទ្រង់​ហាម​ពួក​សិស្ស មិន​ឲ្យ​គេ​ប្រាប់​ដល់​អ្នក​ណា​ថា ទ្រង់​ជា​ព្រះ‌គ្រីស្ទ​ឡើយ។
21តាំង​ពី​គ្រា​នោះ​មក ព្រះ‌យេស៊ូវ​ទ្រង់​ចាប់​ផ្តើម​ប្រាប់​ដល់​ពួក​សិស្ស​ថា ទ្រង់​ត្រូវ​តែ​យាង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ហើយ​ត្រូវ​រង​ទុក្ខ​ជា​ច្រើន​នៅ​ដៃ​នៃ​ពួក​ចាស់‌ទុំ ពួក​សង្គ្រាជ នឹង​ពួក​អាចារ្យ ហើយ​ត្រូវ​គេ​ធ្វើ​គុត​ផង តែ​ក្រោយ​៣​ថ្ងៃ​មក ទ្រង់​នឹង​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ 22នោះ​ពេត្រុស​ក៏​នាំ​ទ្រង់​មក​ជិត ចាប់​តាំង​ទូល​ជំទាស់​ថា ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​ប្រណី​អង្គ​ទ្រង់​វិញ ការ​នោះ​មិន​ត្រូវ​មក​ដល់​ទ្រង់​ឡើយ 23តែ​ទ្រង់​បែរ​ទៅ​មាន​បន្ទូល​នឹង​គាត់​ថា សាតាំង​អើយ ចូរ​ថយ​ទៅ​ក្រោយ​អញ​ទៅ ឯង​ជា​សេចក្ដី​បង្អាក់​ដល់​ចិត្ត​អញ ព្រោះ​មិន​ចេះ​គិត​តាម​គំនិត​នៃ​ព្រះ​សោះ គឺ​គិត​តាម​តែ​គំនិត​របស់​មនុស្ស​លោក​វិញ 24រួច​ទ្រង់​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ទាំង​អស់​គ្នា​ថា បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ នោះ​ត្រូវ​ឲ្យ​លះ​កាត់​ចិត្ត​ខ្លួន​ឯង​ចោល​ចេញ ហើយ​ផ្ទុក​ឈើ​ឆ្កាង​ខ្លួន​មក​តាម​ខ្ញុំ​ចុះ 25ព្រោះ​អ្នក​ណា​ដែល​ចង់​ឲ្យ​រួច​ជីវិត នោះ​នឹង​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​បាត់​ជីវិត ដោយ​ព្រោះ​ខ្ញុំ នោះ​នឹង​បាន​វិញ 26ដ្បិត​បើ​មនុស្ស​ណា​នឹង​បាន​លោកីយ​ទាំង​មូល តែ​បាត់​ព្រលឹង​ទៅ នោះ​តើ​មាន​ប្រយោជន៍​អ្វី​ដល់​អ្នក​នោះ ឬ​តើ​មនុស្ស​នឹង​យក​អ្វី​ទៅ​ដូរ ឲ្យ​បាន​ព្រលឹង​ខ្លួន​វិញ 27ព្រោះ​កូន​មនុស្ស​នឹង​មក​ក្នុង​សិរី‌ល្អ​នៃ​ព្រះវរ‌បិតា ជា​មួយ​នឹង​ពួក​ទេវតា​របស់​លោក គ្រា​នោះ​លោក​នឹង​សង​ដល់​គ្រប់​គ្នា តាម​ការ​ដែល​បាន​ធ្វើ​រៀង​ខ្លួន 28ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ក្នុង​ពួក​អ្នក​ដែល​ឈរ​នៅ​ទី​នេះ មាន​អ្នក​ខ្លះ​មិន​ត្រូវ​ភ្លក់​សេចក្ដី​ស្លាប់ ទាល់​តែ​បាន​ឃើញ​កូន​មនុស្ស​មក​ក្នុង​នគរ​របស់​លោក។

ទើបបានជ្រើសរើសហើយ៖

ម៉ាថាយ 16: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ម៉ាថាយ 16

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ