ទំនុកដំកើង 108

108
បទ​ចំរៀង​ជា​ទំនុក​របស់​ស្តេច​ដាវីឌ។
1ឱ​ព្រះ‌អង្គ​អើយ
ចិត្ត​ទូលបង្គំ​បាន​តាំង​នៅ​មាំ​ហើយ
ទូលបង្គំ​នឹង​ច្រៀង អើ នឹង​ច្រៀង​សរសើរ
ដោយ‌សារ​កិត្តិយស​របស់​ទូលបង្គំ​ដែរ
2ឱ​ពិណ ហើយ​នឹង​ស៊ុង​អើយ ចូរ​ភ្ញាក់​ឡើង
ឯ​ទូលបង្គំ​នឹង​ភ្ញាក់​ពី​ព្រលឹម​ដែរ
3ឱ​ព្រះ‌យេហូវ៉ា​អើយ
ទូលបង្គំ​អរ​ព្រះ‌គុណ​ដល់​ទ្រង់
នៅ​កណ្តាល​ជន​ទាំង‌ឡាយ
ទូលបង្គំ​នឹង​ច្រៀង​សរសើរ​ទ្រង់
នៅ​កណ្តាល​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន
4ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ធំ​ខ្ពស់​ជាង​ផ្ទៃ​មេឃ
ហើយ​សេចក្ដី​ពិត​របស់​ទ្រង់​ក៏​ខ្ពស់​ដល់​ពពក​ដែរ
5ឱ​ព្រះ‌អង្គ​អើយ
សូម​ឲ្យ​ទ្រង់​បាន​ថ្កើង​ឡើង​ខ្ពស់​ជាង​ផ្ទៃ​មេឃ
ហើយ​ឲ្យ​សិរី‌ល្អ​នៃ​ទ្រង់​ផ្សាយ​ទៅ​ពេញ​លើ​ផែនដី
6ដើម្បី​ឲ្យ​អស់​អ្នក​ស្ងួន‌ភ្ងា​របស់​ទ្រង់ បាន​ប្រោស​ឲ្យ​រួច
សូម​ជួយ​សង្គ្រោះ ដោយ​ព្រះ‌ហស្ត​ស្តាំ​នៃ​ទ្រង់
ហើយ​ឆ្លើយ​មក​យើង​ខ្ញុំ​ផង
7ព្រះ​ទ្រង់​បាន​មាន​បន្ទូល ដោយ​សេចក្ដី​បរិសុទ្ធ​របស់​ទ្រង់
ថា យើង​នឹង​ត្រេក‌អរ​ឡើង ក៏​នឹង​បែង‌ចែក​ស្រុក​ស៊ីគែម
ហើយ​នឹង​វាស់​ច្រក​ភ្នំ​សិកូត
8ឯ​ស្រុក​កាឡាត ជា​ស្រុក​របស់​ផង​យើង
ហើយ​ខេត្ត​ម៉ាន៉ាសេ​ផង
ខេត្ត​អេប្រា‌អិមជា​ទី​មាំ‌មួន​ការ‌ពារ​ក្បាល​យើង
ហើយ​ស្រុក​យូដាជា​អ្នក​តែង​ច្បាប់​របស់​យើង
9ស្រុក​ម៉ូអាប់ ជា​អាង​សំរាប់​ឲ្យ​យើង​ងូត​ទឹក
ហើយ​យើង​បោះ​ស្បែក​ជើង​ទៅ​លើ​ស្រុក​អេដំម
យើង​នឹង​ស្រែក​ឡើង​ពី​លើ​ស្រុក​ភីលីស្ទីន
10តើ​អ្នក​ណា​នឹង​នាំ​ទូលបង្គំ​ចូល​ទៅ​ក្នុង​ទី​ក្រុង​មាំ‌មួន​បាន
តើ​អ្នក​ណា​នឹង​នាំ​ទូលបង្គំ​ទៅ​ឯ​ស្រុក​អេដំម
11ឱ​ព្រះ‌អង្គ​អើយ តើ​មិន​មែន​ទ្រង់​ទេ​ឬ​អី
ជា​ព្រះ​ដែល​បាន​ចោល​យើង​ខ្ញុំ​ហើយ​ផង
ឱ​ព្រះ‌អង្គ​អើយ ទ្រង់​ក៏​មិន​យាង​ចេញ​ទៅ​ជា​មួយ
នឹង​ពល‌ទ័ព​របស់​យើង​ខ្ញុំ​ទៀត​ដែរ
12សូម​ទ្រង់​ប្រោស​មេត្តា​ជួយ​យើង​ខ្ញុំ​ទាស់​នឹង​ពួក​សត្រូវ
ដ្បិត​សេចក្ដី​ជំនួយ​របស់​មនុស្ស នោះ​ឥត​ប្រយោជន៍​ទេ
13ដោយ​ពឹង​ដល់​ព្រះ នោះ​យើង​ខ្ញុំ​នឹង​តស៊ូ​យ៉ាង​រឹង‌ប៉ឹង​វិញ
ដ្បិត​គឺ​ទ្រង់​ហើយ ដែល​នឹង​ជាន់​ឈ្លី​ពួក​សត្រូវ
របស់​យើង​ខ្ញុំ​បង់។

ទើបបានជ្រើសរើសហើយ៖

ទំនុកដំកើង 108: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល