លូកា 6

6
ណាពី​អ៊ីសា​មាន​អំណាច​លើ​ថ្ងៃ​ជំអាត់
1មាន​ថ្ងៃ​មួយ​ជា​ថ្ងៃ​ជំអាត់ អ៊ីសា​ដើរ​កាត់​វាល​ស្រែ សិស្ស​របស់​អ៊ីសា​នាំ​គ្នា​បូត​កួរ​ស្រូវ​សាលី មក​ឈ្លី​បរិភោគ។ 2មាន​ពួក​ខាង​គណៈ‌ផារីស៊​ខ្លះ​និយាយ​ទៅ​សិស្ស​ទាំង​នោះ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ធ្វើ​ការ​ដែល​បញ្ញត្ដិ​ហាម​មិន​ឲ្យ​ធ្វើ​នៅ​ថ្ងៃ​ជំអាត់​ដូច្នេះ?»។ 3អ៊ីសា​តប​ទៅ​គេ​វិញ​ថា៖ «ក្នុង​គីតាប​មាន​អាយិត​មួយ ស្ដី​អំពី​ការ​ដែល​ទត និង​អ្នក​បម្រើ​បាន​ប្រព្រឹត្ដ​នៅ​ពេល​ឃ្លាន 4គឺ​ទត​បាន​ចូល​ទៅ​ក្នុង​ដំណាក់​របស់​អុលឡោះ យក​នំបុ័ង​ដែល​គេ​តាំង​ជូន​អុលឡោះ​មក​បរិភោគ ព្រម​ទាំង​ចែក​ឲ្យ​ពួក​អ្នក​បម្រើ​បរិភោគ​ទៀត​ផង។ តាម​ហ៊ូកុំ​មាន​តែ​អ៊ីម៉ាំ​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​បរិភោគ​នំបុ័ង​នោះ​បាន។ តើ​អ្នក​រាល់​គ្នា​ធ្លាប់​អាន​អាយិត​ទាំង​នោះ​ឬ​ទេ?»។ 5អ៊ីសា​ប្រាប់​ទៅ​គេ​ទៀត​ថា៖ បុត្រា​មនុស្ស​ជា​ម្ចាស់​លើ​ថ្ងៃ​ជំអាត់។
ណាពី​អ៊ីសា​ប្រោស​មនុស្ស​ស្វិត​ដៃ​ម្នាក់​ឲ្យ​ជា​នៅ​ថ្ងៃ​ជំអាត់
6នៅ​ថ្ងៃ​ជំអាត់​មួយ​ទៀត អ៊ីសា​ចូល​ក្នុង​សាលា​ប្រជុំ ហើយ​គាត់​បង្រៀន​គេ។ នៅ​ទី​នោះ​មាន​បុរស​ម្នាក់​ស្វិត​ដៃ​ស្ដាំ។ 7ពួក​តួន និង​ពួក​ខាង​គណៈ‌ផារីស៊​តាម​មើល​អ៊ីសា ក្រែង​លោ​គាត់​ប្រោស​អ្នក​ជំងឺ​នៅ​ថ្ងៃ​ជំអាត់ ព្រោះ​គេ​ចង់​រក​លេស​ចោទ​ប្រកាន់​អ៊ីសា។ 8អ៊ីសា​ឈ្វេង​យល់​ចិត្ដ​គំនិត​របស់​ពួក​គេ អ៊ីសា​ក៏​មាន​ប្រសាសន៍​ទៅ​កាន់​បុរស​ស្វិត​ដៃ​នោះ​ថា៖ «ចូរ​ក្រោក​ឡើង មក​ឈរ​នៅ​កណ្ដាល​គេ​ឯ​ណេះ!»។ បុរស​នោះ​ក៏​ក្រោក​ឈរ​ឡើង។ 9អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​សួរ​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ជំអាត់ តើ​មនុស្ស​មាន​សិទ្ធិ​ធ្វើ​អំពើ​ល្អ ឬ​ធ្វើ​អំពើ​អាក្រក់? តើ​ត្រូវ​សង្គ្រោះ​ជីវិត​មនុស្ស ឬ​ធ្វើ​ឲ្យ​វិនាស​អន្ដរាយ?»។ 10អ៊ីសា​បែរ​មុខ​មើល​មនុស្ស​ទាំង​អស់​ដែល​នៅ​ជុំ‌វិញ រួច​ប្រាប់​ទៅ​បុរស​ស្វិត​ដៃ​នោះ​ថា៖ «ចូរ​លាត​ដៃ​មើល៍!»។ គាត់​ក៏​លាត​ដៃ ហើយ​ដៃ​គាត់​បាន​ជា​ដូច​ដើម​វិញ។ 11ពួក​គេ​ក្ដៅ​ក្រហាយ​យ៉ាង​ខ្លាំង ហើយ​ពិគ្រោះ​គ្នា គិត​ធ្វើ​យ៉ាង​ណា​ដើម្បី​ប្រឆាំង​នឹង​អ៊ីសា។
ណាពី​អ៊ីសា​ជ្រើស​រើស​សាវ័​ដប់‌ពីរ​នាក់
12នៅ​គ្រា​នោះ អ៊ីសា​ឡើង​ទៅ​លើ​ភ្នំ​ដើម្បី​ទូរអ។ អ៊ីសា​ទូរអា​ពេញ​មួយ​យប់។ 13លុះ​ព្រលឹម​ឡើង អ៊ីសា​ត្រាស់​ហៅ​សិស្ស​មក ក្នុង​ចំណោម​សិស្ស​ទាំង​នោះ អ៊ីសា​ជ្រើស​យក​ដប់‌ពីរ​នាក់ ហើយ​ឲ្យ​ងារ​ជា​សាវ័ក​របស់​គាត់ 14គឺ​មាន​ស៊ីម៉ូន​ដែល​អ៊ីសា​ឲ្យ​ឈ្មោះ​ថា ពេត្រុស និង​អន‌ទ្រេ​ជា​ប្អូន​របស់​គាត់ យ៉ាកកូប យ៉ូហាន ភីលីព បាថូ‌ឡូមេ 15ម៉ាថាយ ថូម៉ាស យ៉ាកកូប​ជា​កូន​របស់​លោក​អាល់ផាយ ស៊ីម៉ូន​ហៅ​អ្នក​ជាតិ​និយម 16យូដាស​ជា​កូន​យ៉ាកកូប និង​យូដាស​អ៊ីស្កា‌រីយ៉ុត​ដែល​នឹង​ក្បត់​អ៊ីសា។
ណាពី​អ៊ីសា​បង្រៀន​បណ្ដា‌ជន និង​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា
17អ៊ីសា​ចុះ​ពី​លើ​ភ្នំ​ជា​មួយ​សិស្ស​ទាំង​នោះ​មក​អង្គុយ​នៅ​ត្រង់​កន្លែង​មួយ​រាប​ស្មើ។ នៅ​ទី​នោះ​មាន​សិស្ស​ជា​ច្រើន និង​ប្រជា‌ជន​ពី​ស្រុក​យូដា ពី​ក្រុង​យេរូ‌សាឡឹម ពី​ក្រុង​ទីរ៉ូស និង​ក្រុង​ស៊ីដូន​នៅ​តាម​មាត់​សមុទ្រ មក​រង់‌ចាំ​អ៊ីសា​យ៉ាង​កក‌កុញ។ 18គេ​នាំ​គ្នា​មក​ស្ដាប់​អ៊ីសា និង​សូម​អ៊ីសា​ប្រោស​គេ​ឲ្យ​ជា​ពី​ជំងឺ។ រីឯ​អស់​អ្នក​ដែល​មាន​អ៊ីព្លេស​នៅ​ក្នុង​ខ្លួន ក៏​បាន​ជា​ដែរ។ 19បណ្ដា‌ជន​ប្រជ្រៀត​គ្នា​ចូល​មក​ពាល់​អ៊ីសា ដ្បិត​មាន​អំណាច​ចេញ​ពី​អ៊ីសា​មក ប្រោស​គេ​ឲ្យ​ជា​គ្រប់​ៗ​គ្នា។
សុភ‌មង្គល និង​អព‌មង្គល
20អ៊ីសា​ងើប​មុខ​មើល​សិស្ស​របស់​គាត់ ហើយ​មាន​ប្រសាសន៍​ថា៖
«អ្នក​រាល់​គ្នា​ដែល​ជា​ជន​ក្រ​ខ្សត់​អើយ!
អ្នក​មាន​សុភ‌មង្គ​ហើយ
ដ្បិត​អ្នក​រាល់​គ្នា​បាន​ទទួល​នគ​របស់
អុលឡោះ។
21អ្នក​រាល់​គ្នា​ដែល​កំពុង​តែ​ស្រេក​ឃ្លាន​អើយ!
អ្នក​មាន​សុភ‌មង្គល​ហើយ
ដ្បិត​អ្នក​រាល់​គ្នា​នឹង​បាន​ឆ្អែត។
អ្នក​រាល់​គ្នា​ដែល​កំពុង​តែ​យំ​សោក​អើយ!
អ្នក​មាន​សុភ‌មង្គល​ហើយ
ដ្បិត​អ្នក​រាល់​គ្នា​នឹង​បាន​ត្រេក​អរ។
22ប្រសិន​បើ​មាន​គេ​ស្អប់​លែង​រាប់​រក​អ្នក​រាល់​គ្នា
ប្រសិន​បើ​គេ​ត្មះ‌តិះ‌ដៀល​បង្ខូច​ឈ្មោះ​អ្នក​រាល់​គ្នា
ព្រោះ​តែ​បុត្រា​មនុស្
អ្នក​រាល់​គ្នា​មាន​សុភ‌មង្គល​ហើយ។ 23នៅ​គ្រា​នោះ ចូរ​មាន​អំណរ​សប្បាយ​ឡើង ដ្បិត​អ្នក​រាល់ គ្នា​ទទួល រង្វាន់​យ៉ាង​ធំ នៅ​សូរ៉ក។ កាល​ពី​ជំនាន់​មុន បុព្វ‌បុរស​របស់​គេ​ក៏​បាន​ប្រព្រឹត្ដ​ចំពោះ​ពួក​ណាពី​ដូច្នោះ​ដែរ។
24ចំណែក​ឯ​អ្នក​រាល់​គ្នា​ដែល​ជា​អ្នក​មាន​អើយ!
អ្នក​នឹង​ត្រូវ​វេទនា ព្រោះ​អ្នក​រាល់​គ្នា​បាន
ទទួល​ការ​សំរាល​ទុក្ខ​រួច​ស្រេច​ហើយ។
25អ្នក​រាល់​គ្នា​ដែល​ឆ្អែត​នៅ​ពេល​នេះ​អើយ!
អ្នក​នឹង​ត្រូវ​វេទនា ដ្បិត​អ្នក​រាល់​គ្នា​នឹង​ស្រេក​ឃ្លាន​ជា​ពុំ‌ខាន។
អ្នក​រាល់​គ្នា​ដែល​កំពុង​តែ​ត្រេក‌អរ​អើយ!
អ្នក​នឹង​ត្រូវ​វេទនា ព្រោះ​អ្នក​រាល់​គ្នា
នឹង​កាន់​ទុក្ខ ហើយ​យំ​សោក​ជា​ពុំ‌ខាន។
26អ្នក​រាល់​គ្នា​ដែល​មនុស្ស​ទាំង​អស់
កោត​សរសើរ​អើយ!
អ្នក​ត្រូវ​វេទនា​ហើយ
ព្រោះ​បុព្វ‌បុរស​របស់​គេ​ក៏​បាន​ប្រព្រឹត្ដ
ចំពោះ​ពួក​ណាពី​ក្លែង‌ក្លាយ​ដូច្នោះ​ដែរ!»។
សេចក្ដី​ស្រឡាញ់​ចំពោះ​ខ្មាំង​សត្រូវ
27«ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ដែល​កំពុង​ស្ដាប់​ខ្ញុំ​ថា ចូរ​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​ខ្លួន និង​ធ្វើ​អំពើ​ល្អ​ដល់​អស់​អ្នក​ដែល​ស្អប់​អ្នក​រាល់​គ្នា 28ត្រូវ​ជូន​ពរ​ដល់​អស់​អ្នក​ដែល​ប្រទេច​ផ្ដាសា​អ្នក​រាល់​គ្នា និង​អង្វរ​អុលឡោះ សូម​ទ្រង់​ប្រទាន​ពរ​ដល់​អស់​អ្នក​ដែល​បៀត‌បៀន​អ្នក​រាល់​គ្នា។ 29ប្រសិន​បើ​មាន​គេ​ទះ​កំផ្លៀង​អ្នក​ម្ខាង ចូរ​បែរ​ឲ្យ​គេ​ទះ​ម្ខាង​ទៀត​ចុះ។ ប្រសិន​បើ​គេ​យក​អាវ​ធំ​របស់​អ្នក ចូរ​ឲ្យ​គេ​យក​អាវ​ក្នុង​ថែម​ទៀត​ទៅ។ 30បើ​មាន​អ្នក​ណា​សុំ​អ្វី​ពី​អ្នក ចូរ​ឲ្យ​គេ​ទៅ ហើយ​បើ​គេ​រឹប​អូស​យក​អ្វី​ដែល​ជា​របស់​អ្នក ចូរ​កុំ​ទារ​ពី​គេ​វិញ​ឡើយ។ 31បើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​គេ​ប្រព្រឹត្ដ​ចំពោះ​ខ្លួន​បែប​ណា ត្រូវ​ប្រព្រឹត្ដ​ចំពោះ​គេ​បែប​នោះ​ដែរ។ 32បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​តែ​មនុស្ស​ដែល​ស្រឡាញ់​អ្នក​រាល់​គ្នា តើ​នឹង​មាន​គុណ​បំណាច់​អ្វី? សូម្បី​តែ​មនុស្ស​បាប​ក៏​ចេះ​ស្រឡាញ់​គ្នា​គេ​ដែរ 33ហើយ​បើ​អ្នក​រាល់​គ្នា​ធ្វើ​អំពើ​ល្អ​តែ​ជា​មួយ​មនុស្ស​ណា​ដែល​ធ្វើ​អំពើ​ល្អ​ដល់​អ្នក​រាល់​គ្នា តើ​នឹង​មាន​គុណ​បំណាច់​អ្វី? សូម្បី​តែ​មនុស្ស​បាប​ក៏​ចេះ​ធ្វើ​អំពើ​ល្អ​ដល់​គ្នា​គេ​ដែរ។ 34បើ​អ្នក​រាល់​គ្នា​ឲ្យ​គេ​ខ្ចី ដោយ​សង្ឃឹម​ថា​នឹង​បាន​សំណង​វិញ តើ​នឹង​មាន​គុណ​បំណាច់​អ្វី? សូម្បី​តែ​មនុស្ស​បាប​ក៏​ឲ្យ​គ្នា​គេ​ខ្ចី ដើម្បី​ទទួល​សំណង​ដូច​ដើម​វិញ​ដែរ។ 35ចូរ​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​ខ្លួន ហើយ​ប្រព្រឹត្ដ​អំពើ​ល្អ​ដល់​គេ ព្រម​ទាំង​ឲ្យ​គេ​ខ្ចី ដោយ​កុំ​នឹក​សង្ឃឹម​ចង់​បាន​អ្វី​វិញ​ឲ្យ​សោះ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​រង្វាន់​យ៉ាង​ធំ អ្នក​រាល់​គ្នា​នឹង​បាន​ទៅ​ជា​កូន​របស់​អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ដ្បិត​អុលឡោះ​ក៏​សប្បុរស​ចំពោះ​ជន​អកតញ្ញូ និង​ជន​កំណាច​ដែរ។ 36ចូរ​មាន​ចិត្ដ​មេត្ដា‌ករុណា ដូច​អុលឡោះ​ជា​បិតា​របស់​អ្នក​រាល់​គ្នា​ដែល​មេត្ដា‌ករុណា»។
កុំ​ថ្កោល​ទោស​អ្នក​ដទៃ
37«កុំ​ថ្កោល​ទោស​អ្នក​ដទៃ​ឲ្យ​សោះ នោះ​អុលឡោះ​ក៏​មិន​ថ្កោល​ទោស​អ្នក​រាល់​គ្នា​ដែរ។ កុំ​ផ្ដន្ទា​ទោស​អ្នក​ដទៃ​ឲ្យ​សោះ នោះ​អុលឡោះ​ក៏​មិន​ផ្ដន្ទា​ទោស​អ្នក​រាល់​គ្នា​ដែរ។ ត្រូវ​លើក‌លែង​ទោស​ឲ្យ​អ្នក​ដទៃ នោះ​អុលឡោះ​នឹង​លើក‌លែង​ទោស​ឲ្យ​អ្នក​រាល់​គ្នា។ 38ចូរ​ធ្វើ​អំណោយ​ដល់​អ្នក​ដទៃ នោះ​អុលឡោះ​នឹង​ប្រទាន​អំណោយ​ដល់​អ្នក​រាល់​គ្នា​ដែរ ទ្រង់​នឹង​ប្រទាន​មក​យ៉ាង​បរិបូណ៌​ហូរ​ហៀរ។ អុលឡោះ​នឹង​វាល់​ឲ្យ​អ្នក តាម​រង្វាល់​ដែល​អ្នក​វាល់​ឲ្យ​អ្នក​ដទៃ»។
39អ៊ីសា​មាន​ប្រសាសន៍​ជា​ពាក្យ​ប្រស្នា​ទៅ​គេ​ទៀត​ថា៖ «មនុស្ស​ខ្វាក់​ពុំ​អាច​នាំ​មនុស្ស​ខ្វាក់​ម្នាក់​ទៀត​បាន​ឡើយ។ បើ​ធ្វើ​ដូច្នោះ មុខ​ជា​ធ្លាក់​រណ្ដៅ​ទាំង​ពីរ​នាក់​មិន​ខាន។ 40ពុំ​ដែល​មាន​សិស្ស​ណា​ធំ​ជាង​តួន​ឡើយ ប៉ុន្តែ សិស្ស​ដែល​បាន​ទទួល​ចំណេះ​សព្វ​គ្រប់ អាច​ស្មើ​នឹង​តួន​បាន។ 41ហេតុ​អ្វី​បាន​ជា​អ្នក​ឃើញ​ល្អង​ធូលី​នៅ​ក្នុង​ភ្នែក​របស់​បង​ប្អូន​អ្នក តែ​មើល​មិន​ឃើញ​ធ្នឹម​នៅ​ក្នុង​ភ្នែក​របស់​អ្នក​ផ្ទាល់​ដូច្នេះ?។ 42បើ​អ្នក​មើល​ធ្នឹម​នៅ​ក្នុង​ភ្នែក​របស់​អ្នក​មិន​ទាំង​ឃើញ​ផង ម្ដេច​ក៏​ហ៊ាន​និយាយ​ទៅ​បង​ប្អូន​ថា “ទុក​ឲ្យ​ខ្ញុំ​ផ្ដិត​យក​ល្អង​ធូលី​នេះ​ចេញ​ពី​ភ្នែក​អ្នក?”។ មនុស្ស​មាន​ពុត​អើយ! ចូរ​យក​ធ្នឹម​ចេញ​ពី​ភ្នែក​អ្នក​ជា​មុន​សិន ទើប​អ្នក​ឃើញ​ច្បាស់ ល្មម​នឹង​ផ្ដិត​យក​ល្អង​ធូលី​ចេញ​ពី​ភ្នែក​របស់​បង​ប្អូន​អ្នក​បាន»។
ដើម​ឈើ​ល្អ និង​ដើម​ឈើ​អាក្រក់
43«ដើម​ឈើ​ល្អ មិន​ដែល​ឲ្យ​ផ្លែ​អាក្រក់​ឡើយ ឯ​ដើម​ឈើ​អាក្រក់​វិញ ក៏​មិន​ដែល​ឲ្យ​ផ្លែ​ល្អ​ដែរ 44ដ្បិត​គេ​ស្គាល់​ដើម​ឈើ​បាន ដោយ‌សារ​ផ្លែ​វា។ ពុំ​ដែល​មាន​នរណា​បេះ​ផ្លែ​ឧទុម្ពរ ឬ​ផ្លែ​ទំពាំង‌បាយ‌ជូរ​ពី​គុម្ព​បន្លា​ឡើយ។ 45មនុស្ស​ល្អ​តែង​ប្រព្រឹត្ដ​អំពើ​ល្អ ព្រោះ​ចិត្ដ​របស់​គេ​ល្អ រីឯ​មនុស្ស​អាក្រក់ តែង​ប្រព្រឹត្ដ​អំពើ​អាក្រក់ ព្រោះ​ចិត្ដ​របស់​គេ​អាក្រក់ ដ្បិត​មាត់​របស់​មនុស្ស​តែង​ស្រដី​ចេញ​មក នូវ​សេចក្ដី​ណា​ដែល​មាន​ពេញ​ហូរ​ហៀរ​នៅ​ក្នុង​ដួង​ចិត្ដ​របស់​ខ្លួន»។
មនុស្ស​ពីរ​នាក់​សង់​ផ្ទះ
46«ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ហៅ​ខ្ញុំ​ថា “អ៊ីសា‌ជាអម្ចាស់! អ៊ីសា‌ជាអម្ចាស់!” តែ​មិន​ប្រព្រឹត្ដ​តាម​ពាក្យ​ខ្ញុំ​ដូច្នេះ?។ 47អ្នក​ដែល​ចូល​មក​រក​ខ្ញុំ ស្ដាប់​ពាក្យ​ខ្ញុំ ហើយ​ប្រព្រឹត្ដ​តាម ខ្ញុំ​សុំ​បង្ហាញ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា គេ​ប្រៀប​បាន​ទៅ​នឹង​មនុស្ស​ប្រភេទ​ណា 48អ្នក​នោះ​ប្រៀប​បាន​នឹង​មនុស្ស​ម្នាក់​ដែល​សង់​ផ្ទះ។ គាត់​ជីក​ដី​យ៉ាង​ជ្រៅ ហើយ​ចាក់​គ្រឹះ​លើ​ផ្ទាំង​ថ្ម លុះ​ទឹក​ជំនន់​មក​ដល់ ទោះ​បី​ទឹក​ហូរ​មក​ប៉ះ​យ៉ាង​ណា​ក៏​ដោយ ក៏​មិន​អាច​ធ្វើ​ឲ្យ​ផ្ទះ​នោះ​រង្គើ​បាន​ដែរ ព្រោះ​គាត់​បាន​សង់​យ៉ាង​មាំ។ 49ចំណែក​ឯ​អ្នក​ដែល​ស្ដាប់​ពាក្យ​ខ្ញុំ តែ​មិន​ប្រព្រឹត្ដ​តាម ប្រៀប​បាន​នឹង​មនុស្ស​ម្នាក់​ដែល​សង់​ផ្ទះ​ដោយ​ពុំ​បាន​ចាក់​គ្រឹះ។ លុះ​ទឹក​ហូរ​មក​បោក​ផ្ទះ​នោះ ផ្ទះ​នោះ​ក៏​រលំ​ខូច​ខាត​ភ្លាម គ្មាន​អ្វី​សល់​ឡើយ»។

ទើបបានជ្រើសរើសហើយ៖

លូកា 6: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល