លូកា 6
6
ណាពីអ៊ីសាមានអំណាចលើថ្ងៃជំអាត់
1មានថ្ងៃមួយជាថ្ងៃជំអាត់ អ៊ីសាដើរកាត់វាលស្រែ សិស្សរបស់អ៊ីសានាំគ្នាបូតកួរស្រូវសាលី មកឈ្លីបរិភោគ។ 2មានពួកខាងគណៈផារីស៊ខ្លះនិយាយទៅសិស្សទាំងនោះថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើការដែលបញ្ញត្ដិហាមមិនឲ្យធ្វើនៅថ្ងៃជំអាត់ដូច្នេះ?»។ 3អ៊ីសាតបទៅគេវិញថា៖ «ក្នុងគីតាបមានអាយិតមួយ ស្ដីអំពីការដែលទត និងអ្នកបម្រើបានប្រព្រឹត្ដនៅពេលឃ្លាន 4គឺទតបានចូលទៅក្នុងដំណាក់របស់អុលឡោះ យកនំបុ័ងដែលគេតាំងជូនអុលឡោះមកបរិភោគ ព្រមទាំងចែកឲ្យពួកអ្នកបម្រើបរិភោគទៀតផង។ តាមហ៊ូកុំមានតែអ៊ីម៉ាំប៉ុណ្ណោះ ដែលមានសិទ្ធិបរិភោគនំបុ័ងនោះបាន។ តើអ្នករាល់គ្នាធ្លាប់អានអាយិតទាំងនោះឬទេ?»។ 5អ៊ីសាប្រាប់ទៅគេទៀតថា៖ បុត្រាមនុស្សជាម្ចាស់លើថ្ងៃជំអាត់។
ណាពីអ៊ីសាប្រោសមនុស្សស្វិតដៃម្នាក់ឲ្យជានៅថ្ងៃជំអាត់
6នៅថ្ងៃជំអាត់មួយទៀត អ៊ីសាចូលក្នុងសាលាប្រជុំ ហើយគាត់បង្រៀនគេ។ នៅទីនោះមានបុរសម្នាក់ស្វិតដៃស្ដាំ។ 7ពួកតួន និងពួកខាងគណៈផារីស៊តាមមើលអ៊ីសា ក្រែងលោគាត់ប្រោសអ្នកជំងឺនៅថ្ងៃជំអាត់ ព្រោះគេចង់រកលេសចោទប្រកាន់អ៊ីសា។ 8អ៊ីសាឈ្វេងយល់ចិត្ដគំនិតរបស់ពួកគេ អ៊ីសាក៏មានប្រសាសន៍ទៅកាន់បុរសស្វិតដៃនោះថា៖ «ចូរក្រោកឡើង មកឈរនៅកណ្ដាលគេឯណេះ!»។ បុរសនោះក៏ក្រោកឈរឡើង។ 9អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ខ្ញុំសុំសួរអ្នករាល់គ្នាថា នៅថ្ងៃជំអាត់ តើមនុស្សមានសិទ្ធិធ្វើអំពើល្អ ឬធ្វើអំពើអាក្រក់? តើត្រូវសង្គ្រោះជីវិតមនុស្ស ឬធ្វើឲ្យវិនាសអន្ដរាយ?»។ 10អ៊ីសាបែរមុខមើលមនុស្សទាំងអស់ដែលនៅជុំវិញ រួចប្រាប់ទៅបុរសស្វិតដៃនោះថា៖ «ចូរលាតដៃមើល៍!»។ គាត់ក៏លាតដៃ ហើយដៃគាត់បានជាដូចដើមវិញ។ 11ពួកគេក្ដៅក្រហាយយ៉ាងខ្លាំង ហើយពិគ្រោះគ្នា គិតធ្វើយ៉ាងណាដើម្បីប្រឆាំងនឹងអ៊ីសា។
ណាពីអ៊ីសាជ្រើសរើសសាវ័ដប់ពីរនាក់
12នៅគ្រានោះ អ៊ីសាឡើងទៅលើភ្នំដើម្បីទូរអ។ អ៊ីសាទូរអាពេញមួយយប់។ 13លុះព្រលឹមឡើង អ៊ីសាត្រាស់ហៅសិស្សមក ក្នុងចំណោមសិស្សទាំងនោះ អ៊ីសាជ្រើសយកដប់ពីរនាក់ ហើយឲ្យងារជាសាវ័ករបស់គាត់ 14គឺមានស៊ីម៉ូនដែលអ៊ីសាឲ្យឈ្មោះថា ពេត្រុស និងអនទ្រេជាប្អូនរបស់គាត់ យ៉ាកកូប យ៉ូហាន ភីលីព បាថូឡូមេ 15ម៉ាថាយ ថូម៉ាស យ៉ាកកូបជាកូនរបស់លោកអាល់ផាយ ស៊ីម៉ូនហៅអ្នកជាតិនិយម 16យូដាសជាកូនយ៉ាកកូប និងយូដាសអ៊ីស្ការីយ៉ុតដែលនឹងក្បត់អ៊ីសា។
ណាពីអ៊ីសាបង្រៀនបណ្ដាជន និងប្រោសអ្នកជំងឺឲ្យជា
17អ៊ីសាចុះពីលើភ្នំជាមួយសិស្សទាំងនោះមកអង្គុយនៅត្រង់កន្លែងមួយរាបស្មើ។ នៅទីនោះមានសិស្សជាច្រើន និងប្រជាជនពីស្រុកយូដា ពីក្រុងយេរូសាឡឹម ពីក្រុងទីរ៉ូស និងក្រុងស៊ីដូននៅតាមមាត់សមុទ្រ មករង់ចាំអ៊ីសាយ៉ាងកកកុញ។ 18គេនាំគ្នាមកស្ដាប់អ៊ីសា និងសូមអ៊ីសាប្រោសគេឲ្យជាពីជំងឺ។ រីឯអស់អ្នកដែលមានអ៊ីព្លេសនៅក្នុងខ្លួន ក៏បានជាដែរ។ 19បណ្ដាជនប្រជ្រៀតគ្នាចូលមកពាល់អ៊ីសា ដ្បិតមានអំណាចចេញពីអ៊ីសាមក ប្រោសគេឲ្យជាគ្រប់ៗគ្នា។
សុភមង្គល និងអពមង្គល
20អ៊ីសាងើបមុខមើលសិស្សរបស់គាត់ ហើយមានប្រសាសន៍ថា៖
«អ្នករាល់គ្នាដែលជាជនក្រខ្សត់អើយ!
អ្នកមានសុភមង្គហើយ
ដ្បិតអ្នករាល់គ្នាបានទទួលនគរបស់
អុលឡោះ។
21អ្នករាល់គ្នាដែលកំពុងតែស្រេកឃ្លានអើយ!
អ្នកមានសុភមង្គលហើយ
ដ្បិតអ្នករាល់គ្នានឹងបានឆ្អែត។
អ្នករាល់គ្នាដែលកំពុងតែយំសោកអើយ!
អ្នកមានសុភមង្គលហើយ
ដ្បិតអ្នករាល់គ្នានឹងបានត្រេកអរ។
22ប្រសិនបើមានគេស្អប់លែងរាប់រកអ្នករាល់គ្នា
ប្រសិនបើគេត្មះតិះដៀលបង្ខូចឈ្មោះអ្នករាល់គ្នា
ព្រោះតែបុត្រាមនុស្
អ្នករាល់គ្នាមានសុភមង្គលហើយ។ 23នៅគ្រានោះ ចូរមានអំណរសប្បាយឡើង ដ្បិតអ្នករាល់ គ្នាទទួល រង្វាន់យ៉ាងធំ នៅសូរ៉ក។ កាលពីជំនាន់មុន បុព្វបុរសរបស់គេក៏បានប្រព្រឹត្ដចំពោះពួកណាពីដូច្នោះដែរ។
24ចំណែកឯអ្នករាល់គ្នាដែលជាអ្នកមានអើយ!
អ្នកនឹងត្រូវវេទនា ព្រោះអ្នករាល់គ្នាបាន
ទទួលការសំរាលទុក្ខរួចស្រេចហើយ។
25អ្នករាល់គ្នាដែលឆ្អែតនៅពេលនេះអើយ!
អ្នកនឹងត្រូវវេទនា ដ្បិតអ្នករាល់គ្នានឹងស្រេកឃ្លានជាពុំខាន។
អ្នករាល់គ្នាដែលកំពុងតែត្រេកអរអើយ!
អ្នកនឹងត្រូវវេទនា ព្រោះអ្នករាល់គ្នា
នឹងកាន់ទុក្ខ ហើយយំសោកជាពុំខាន។
26អ្នករាល់គ្នាដែលមនុស្សទាំងអស់
កោតសរសើរអើយ!
អ្នកត្រូវវេទនាហើយ
ព្រោះបុព្វបុរសរបស់គេក៏បានប្រព្រឹត្ដ
ចំពោះពួកណាពីក្លែងក្លាយដូច្នោះដែរ!»។
សេចក្ដីស្រឡាញ់ចំពោះខ្មាំងសត្រូវ
27«ខ្ញុំសុំប្រាប់អ្នករាល់គ្នាដែលកំពុងស្ដាប់ខ្ញុំថា ចូរស្រឡាញ់ខ្មាំងសត្រូវរបស់ខ្លួន និងធ្វើអំពើល្អដល់អស់អ្នកដែលស្អប់អ្នករាល់គ្នា 28ត្រូវជូនពរដល់អស់អ្នកដែលប្រទេចផ្ដាសាអ្នករាល់គ្នា និងអង្វរអុលឡោះ សូមទ្រង់ប្រទានពរដល់អស់អ្នកដែលបៀតបៀនអ្នករាល់គ្នា។ 29ប្រសិនបើមានគេទះកំផ្លៀងអ្នកម្ខាង ចូរបែរឲ្យគេទះម្ខាងទៀតចុះ។ ប្រសិនបើគេយកអាវធំរបស់អ្នក ចូរឲ្យគេយកអាវក្នុងថែមទៀតទៅ។ 30បើមានអ្នកណាសុំអ្វីពីអ្នក ចូរឲ្យគេទៅ ហើយបើគេរឹបអូសយកអ្វីដែលជារបស់អ្នក ចូរកុំទារពីគេវិញឡើយ។ 31បើអ្នករាល់គ្នាចង់ឲ្យគេប្រព្រឹត្ដចំពោះខ្លួនបែបណា ត្រូវប្រព្រឹត្ដចំពោះគេបែបនោះដែរ។ 32បើអ្នករាល់គ្នាស្រឡាញ់តែមនុស្សដែលស្រឡាញ់អ្នករាល់គ្នា តើនឹងមានគុណបំណាច់អ្វី? សូម្បីតែមនុស្សបាបក៏ចេះស្រឡាញ់គ្នាគេដែរ 33ហើយបើអ្នករាល់គ្នាធ្វើអំពើល្អតែជាមួយមនុស្សណាដែលធ្វើអំពើល្អដល់អ្នករាល់គ្នា តើនឹងមានគុណបំណាច់អ្វី? សូម្បីតែមនុស្សបាបក៏ចេះធ្វើអំពើល្អដល់គ្នាគេដែរ។ 34បើអ្នករាល់គ្នាឲ្យគេខ្ចី ដោយសង្ឃឹមថានឹងបានសំណងវិញ តើនឹងមានគុណបំណាច់អ្វី? សូម្បីតែមនុស្សបាបក៏ឲ្យគ្នាគេខ្ចី ដើម្បីទទួលសំណងដូចដើមវិញដែរ។ 35ចូរស្រឡាញ់ខ្មាំងសត្រូវរបស់ខ្លួន ហើយប្រព្រឹត្ដអំពើល្អដល់គេ ព្រមទាំងឲ្យគេខ្ចី ដោយកុំនឹកសង្ឃឹមចង់បានអ្វីវិញឲ្យសោះ ពេលនោះ អ្នករាល់គ្នានឹងទទួលរង្វាន់យ៉ាងធំ អ្នករាល់គ្នានឹងបានទៅជាកូនរបស់អុលឡោះដ៏ខ្ពង់ខ្ពស់បំផុត ដ្បិតអុលឡោះក៏សប្បុរសចំពោះជនអកតញ្ញូ និងជនកំណាចដែរ។ 36ចូរមានចិត្ដមេត្ដាករុណា ដូចអុលឡោះជាបិតារបស់អ្នករាល់គ្នាដែលមេត្ដាករុណា»។
កុំថ្កោលទោសអ្នកដទៃ
37«កុំថ្កោលទោសអ្នកដទៃឲ្យសោះ នោះអុលឡោះក៏មិនថ្កោលទោសអ្នករាល់គ្នាដែរ។ កុំផ្ដន្ទាទោសអ្នកដទៃឲ្យសោះ នោះអុលឡោះក៏មិនផ្ដន្ទាទោសអ្នករាល់គ្នាដែរ។ ត្រូវលើកលែងទោសឲ្យអ្នកដទៃ នោះអុលឡោះនឹងលើកលែងទោសឲ្យអ្នករាល់គ្នា។ 38ចូរធ្វើអំណោយដល់អ្នកដទៃ នោះអុលឡោះនឹងប្រទានអំណោយដល់អ្នករាល់គ្នាដែរ ទ្រង់នឹងប្រទានមកយ៉ាងបរិបូណ៌ហូរហៀរ។ អុលឡោះនឹងវាល់ឲ្យអ្នក តាមរង្វាល់ដែលអ្នកវាល់ឲ្យអ្នកដទៃ»។
39អ៊ីសាមានប្រសាសន៍ជាពាក្យប្រស្នាទៅគេទៀតថា៖ «មនុស្សខ្វាក់ពុំអាចនាំមនុស្សខ្វាក់ម្នាក់ទៀតបានឡើយ។ បើធ្វើដូច្នោះ មុខជាធ្លាក់រណ្ដៅទាំងពីរនាក់មិនខាន។ 40ពុំដែលមានសិស្សណាធំជាងតួនឡើយ ប៉ុន្តែ សិស្សដែលបានទទួលចំណេះសព្វគ្រប់ អាចស្មើនឹងតួនបាន។ 41ហេតុអ្វីបានជាអ្នកឃើញល្អងធូលីនៅក្នុងភ្នែករបស់បងប្អូនអ្នក តែមើលមិនឃើញធ្នឹមនៅក្នុងភ្នែករបស់អ្នកផ្ទាល់ដូច្នេះ?។ 42បើអ្នកមើលធ្នឹមនៅក្នុងភ្នែករបស់អ្នកមិនទាំងឃើញផង ម្ដេចក៏ហ៊ាននិយាយទៅបងប្អូនថា “ទុកឲ្យខ្ញុំផ្ដិតយកល្អងធូលីនេះចេញពីភ្នែកអ្នក?”។ មនុស្សមានពុតអើយ! ចូរយកធ្នឹមចេញពីភ្នែកអ្នកជាមុនសិន ទើបអ្នកឃើញច្បាស់ ល្មមនឹងផ្ដិតយកល្អងធូលីចេញពីភ្នែករបស់បងប្អូនអ្នកបាន»។
ដើមឈើល្អ និងដើមឈើអាក្រក់
43«ដើមឈើល្អ មិនដែលឲ្យផ្លែអាក្រក់ឡើយ ឯដើមឈើអាក្រក់វិញ ក៏មិនដែលឲ្យផ្លែល្អដែរ 44ដ្បិតគេស្គាល់ដើមឈើបាន ដោយសារផ្លែវា។ ពុំដែលមាននរណាបេះផ្លែឧទុម្ពរ ឬផ្លែទំពាំងបាយជូរពីគុម្ពបន្លាឡើយ។ 45មនុស្សល្អតែងប្រព្រឹត្ដអំពើល្អ ព្រោះចិត្ដរបស់គេល្អ រីឯមនុស្សអាក្រក់ តែងប្រព្រឹត្ដអំពើអាក្រក់ ព្រោះចិត្ដរបស់គេអាក្រក់ ដ្បិតមាត់របស់មនុស្សតែងស្រដីចេញមក នូវសេចក្ដីណាដែលមានពេញហូរហៀរនៅក្នុងដួងចិត្ដរបស់ខ្លួន»។
មនុស្សពីរនាក់សង់ផ្ទះ
46«ហេតុអ្វីបានជាអ្នករាល់គ្នាហៅខ្ញុំថា “អ៊ីសាជាអម្ចាស់! អ៊ីសាជាអម្ចាស់!” តែមិនប្រព្រឹត្ដតាមពាក្យខ្ញុំដូច្នេះ?។ 47អ្នកដែលចូលមករកខ្ញុំ ស្ដាប់ពាក្យខ្ញុំ ហើយប្រព្រឹត្ដតាម ខ្ញុំសុំបង្ហាញប្រាប់ឲ្យអ្នករាល់គ្នាដឹងថា គេប្រៀបបានទៅនឹងមនុស្សប្រភេទណា 48អ្នកនោះប្រៀបបាននឹងមនុស្សម្នាក់ដែលសង់ផ្ទះ។ គាត់ជីកដីយ៉ាងជ្រៅ ហើយចាក់គ្រឹះលើផ្ទាំងថ្ម លុះទឹកជំនន់មកដល់ ទោះបីទឹកហូរមកប៉ះយ៉ាងណាក៏ដោយ ក៏មិនអាចធ្វើឲ្យផ្ទះនោះរង្គើបានដែរ ព្រោះគាត់បានសង់យ៉ាងមាំ។ 49ចំណែកឯអ្នកដែលស្ដាប់ពាក្យខ្ញុំ តែមិនប្រព្រឹត្ដតាម ប្រៀបបាននឹងមនុស្សម្នាក់ដែលសង់ផ្ទះដោយពុំបានចាក់គ្រឹះ។ លុះទឹកហូរមកបោកផ្ទះនោះ ផ្ទះនោះក៏រលំខូចខាតភ្លាម គ្មានអ្វីសល់ឡើយ»។
ទើបបានជ្រើសរើសហើយ៖
លូកា 6: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.