លូកា 7
7
ណាពីអ៊ីសាប្រោសអ្នកបម្រើរបស់នាយទាហានរ៉ូម៉ាំងឲ្យជា
1កាលអ៊ីសាមានប្រសាសន៍ឲ្យប្រជាជនស្ដាប់ចប់សព្វគ្រប់ហើយ អ៊ីសាក៏ចូលទៅក្រុងកាពើណិម។ 2នៅក្រុងនោះ មានអ្នកបម្រើពេញចិត្ដរបស់នាយទាហានរ៉ូម៉ាំងម្នាក់ មានជំងឺជាទម្ងន់ ជិតស្លាប់។ 3ពេលនាយទាហាននោះឮគេនិយាយអំពីអ៊ីសា គាត់ក៏ចាត់ចាស់ទុំនៃជនជាតិយូដាខ្លះ ឲ្យទៅអញ្ជើញអ៊ីសាមកប្រោស អ្នកបម្រើរបស់គាត់។ 4ចាស់ទុំទាំងនោះទៅជួបអ៊ីសា ទទូចអង្វរអ៊ីសាថា៖ «នាយទាហាននោះជាមនុស្សម្នាក់ ដែលគួរតែលោកប្រោសប្រណីដល់គាត់ 5ព្រោះគាត់ស្រឡាញ់ជាតិសាសន៍របស់យើង ថែមទាំងបានសង់សាលាប្រជុំឲ្យយើងផង»។ 6អ៊ីសាទៅជាមួយចាស់ទុំទាំងនោះ។ លុះទៅជិតដល់ហើយ នាយទាហានចាត់មិត្ដភក្ដិរបស់គាត់ឲ្យមកជម្រាបថា៖ «អ៊ីសាជាអម្ចាស់! មិនបាច់អញ្ជើញចូលផ្ទះខ្ញុំទេ ដ្បិតខ្ញុំមានឋានៈទន់ទាបណាស់ មិនសមនឹងទទួលលោកម្ចាស់ក្នុងផ្ទះខ្ញុំឡើយ។ 7ហេតុនេះហើយបានជាខ្ញុំមិនហ៊ានមកជួបលោកម្ចាស់ផ្ទាល់។ សូមលោកម្ចាស់មេត្ដាមានប្រសាសន៍តែមួយម៉ាត់ នោះអ្នកបម្រើរបស់ខ្ញុំនឹងជាសះស្បើយមិនខាន។ 8ខ្ញុំជាអ្នកនៅក្រោមបញ្ជាគេ ហើយក៏មានកូនទាហានជាច្រើននៅក្រោមបញ្ជាខ្ញុំដែរ។ បើខ្ញុំបញ្ជាអ្នកណាម្នាក់ឲ្យទៅ គេប្រាកដជាទៅ បើប្រាប់ម្នាក់ទៀតឲ្យមក គេនឹងមក។ ពេលខ្ញុំប្រាប់អ្នកបម្រើឲ្យធ្វើការអ្វីមួយគេនឹងធ្វើតាម»។ 9កាលអ៊ីសាស្តាប់ពាក្យទាំងនេះហើយ អ៊ីសាស្ងើចសរសើរនាយទាហាននោះណាស់។ អ៊ីសាងាកទៅរកបណ្ដាជនដែលដើរតាមគាត់ ហើយមានប្រសាសន៍ថា៖ «ខ្ញុំមិនដែលឃើញនរណាមានជំនឿបែបនេះឡើយ ទោះបីនៅស្រុកអ៊ីស្រអែលក៏គ្មានផង»។ 10មិត្ដភក្ដិដែលនាយទាហានចាត់ឲ្យមក ក៏វិលត្រឡប់ទៅវិញ ឃើញអ្នកបម្រើបានជាសះស្បើយ។
ណាពីអ៊ីសាប្រោសកូនប្រុសរបស់ស្ដ្រីមេម៉ាយម្នាក់ឲ្យរស់ឡើងវិញ
11ក្រោយមកទៀត អ៊ីសាទៅភូមិមួយឈ្មោះណាអ៊ីន។ សិស្សរបស់អ៊ីសា និងបណ្ដាជនជាច្រើន ក៏ធ្វើដំណើរទៅជាមួយគាត់ដែរ។ 12ពេលអ៊ីសាមកជិតដល់ទ្វារកំពែងក្រុង មានគេដង្ហែសពយកទៅបញ្ចុះ។ បុគ្គលដែលស្លាប់នោះ ជាកូនប្រុសតែមួយរបស់ស្ដ្រីមេម៉ាយម្នាក់។ អ្នកស្រុកជាច្រើនបានមកជួយដង្ហែសពជាមួយគាត់។ 13កាលអ៊ីសាជាអម្ចាស់ឃើញស្ដ្រីមេម៉ាយនោះ គាត់អាណិតអាសូរគាត់យ៉ាងខ្លាំង។ អ៊ីសាប្រាប់ទៅគាត់ថា៖ «សូមកុំយំអី!»។ 14អ៊ីសាចូលទៅជិត គាត់ពាល់មឈូស ពួកអ្នកសែងក៏នាំគ្នាឈប់។ អ៊ីសាមានប្រសាសន៍ថា៖ «អ្នកកំលោះអើយ! ចូរក្រោកឡើង»។ 15រំពេចនោះ បុគ្គលដែលស្លាប់ ក៏ក្រោកអង្គុយ ហើយចាប់ផ្ដើមនិយាយស្ដី។ អ៊ីសាប្រគល់អ្នកកំលោះទៅម្ដាយវិញ។ 16គេស្ញែងខ្លាចទាំងអស់គ្នា ហើយលើកតម្កើងសិរីរុងរឿងរបស់អុលឡោះដោយពោលថា៖ «មានណាពីដ៏ប្រសើរឧត្ដមម្នាក់ បានមកនៅក្នុងចំណោមយើងហើយ អុលឡោះមករំដោះប្រជារាស្ដ្ររបស់ទ្រង់»។
17ពាក្យដែលគេនិយាយអំពីអ៊ីសា បានលេចឮពាសពេញក្នុងស្រុកយូដា និងតំបន់ជិតខាងទាំងមូល។
ណាពីយ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹកចាត់សិស្សទៅជួបណាពីអ៊ីសា
18សិស្សរបស់យ៉ះយ៉ា បានរៀបរាប់ជូនលោកនូវហេតុការណ៍ទាំងអស់នោះ។ យ៉ះយ៉ាក៏ហៅសិស្សពីរនាក់មក 19រួចចាត់ឲ្យទៅសួរអ៊ីសាជាអម្ចាស់ថា៖ «តើតួនជាអាល់ម៉ាហ្សៀសដែលត្រូវមក ឬមួយយើងខ្ញុំត្រូវរង់ចាំម្នាក់ផ្សេងទៀត?»។ 20អ្នកទាំងពីរទៅដល់សួរអ៊ីសាថា៖ «យ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹកចាត់ឲ្យយើងខ្ញុំមកសួរតួនថា តើតួនជាអាល់ម៉ាហ្សៀសដែលត្រូវមក ឬមួយក៏យើងខ្ញុំត្រូវរង់ចាំម្នាក់ផ្សេងទៀត?»។ 21នៅគ្រានោះអ៊ីសាកំពុងប្រោសអ្នកជំងឺ មនុស្សពិការ និងមនុស្សដែលមានអ៊ីព្លេសនៅក្នុងខ្លួនឲ្យបានជា។ អ៊ីសាក៏បានប្រោសមនុស្សខ្វាក់ជាច្រើនឲ្យឃើញដែរ។ 22អ៊ីសាប្រាប់ទៅសិស្សទាំងពីរនាក់នោះថា៖ «ចូរអ្នកទៅជម្រាបយ៉ះយ៉ានូវហេតុការណ៍ ដែលអ្នករាល់គ្នាបានឃើញ និងបានឮ គឺមនុស្សខ្វាក់ឃើញ មនុស្សខ្វិនដើរបាន មនុស្សឃ្លង់ជាស្អាត មនុស្សថ្លង់ស្ដាប់ឮ មនុស្សស្លាប់បានរស់ឡើងវិញ ហើយគេនាំដំណឹងល្អទៅប្រាប់ជនក្រីក្រ។ 23អ្នកណាមិនរវាតចិត្ដចេញពីជំនឿ ព្រោះតែខ្ញុំ អ្នកនោះពិតជាមានសុភមង្គលហើយ!»។ 24ពេលសិស្សរបស់យ៉ះយ៉ាត្រឡប់ទៅវិញ អ៊ីសាសួរទៅមហាជនអំពីយ៉ះយ៉ាថា៖ «តើអ្នករាល់គ្នាទៅវាលរហោស្ថានរកមើលអ្វី? មើលដើមត្រែងដែលត្រូវខ្យល់បក់នោះឬ? 25តើអ្នករាល់គ្នាទៅរកមើលអ្វី? មើលមនុស្សស្លៀកពាក់ល្អរុងរឿងឬ? តាមធម្មតា អស់អ្នកដែលស្លៀកពាក់ល្អរុងរឿង ហើយមានជីវភាពខ្ពង់ខ្ពស់ គេរស់នៅក្នុងវាំងឯណោះ។ 26បើដូច្នេះ តើអ្នករាល់គ្នាទៅរកមើលអ្វី? រកមើលណាពម្នាក់ឬ?។ ត្រូវហើយ! ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងថា លោកនោះប្រសើរជាងណាពីទៅទៀត 27ដ្បិតក្នុងគីតាបមានចែងអំពីយ៉ះយ៉ាថា “យើងចាត់អ្នកនាំសារយើងឲ្យទៅមុនអ្នក ដើម្បីរៀបចំផ្លូវរបស់អ្នក”។ 28ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងថា បណ្ដាមនុស្សដែលកើតមកក្នុងលោកនេះ ពុំមាននរណាម្នាក់ប្រសើរជាងយ៉ះយ៉ាឡើយ។ ប៉ុន្តែ អ្នកណាតូចជាងគេនៅក្នុងនគររបស់អុលឡោះ អ្នកនោះប្រសើរលើសយ៉ះយ៉ាទៅទៀត។ 29ប្រជាជនទាំងមូល និងអ្នកទារពន្ធបានស្ដាប់យ៉ះយ៉ាទទួលស្គាល់ថា អុលឡោះពិតជាសុចរិតមែន ហើយនាំគ្នាទទួលពិធីជ្រមុជទឹកពីគាត់។ 30រីឯពួកខាងគណៈផារីស៊ និងពួកបណ្ឌិតខាងហ៊ូកុំមិនទទួលស្គាល់គម្រោងការដែលអុលឡោះបានរៀបចំសម្រាប់គេនោះទេ គឺគេបដិសេធមិនព្រមទទួលពិធីជ្រមុជទឹកពីយ៉ះយ៉ា។ 31តើខ្ញុំប្រដូចមនុស្សជំនាន់នេះ ទៅនឹងមនុស្សប្រភេទណា? តើគេដូចនរណា? 32គឺគេប្រៀបបីដូចជាកូនក្មេងដែលអង្គុយលេងនៅផ្សារ ហើយស្រែកដាក់គ្នាទៅវិញទៅមកថា “យើងបានផ្លុំខ្លុយ តែពួកឯងមិនព្រមរាំ យើងបានសូត្របទទំនួញ តែពួកឯងក៏ពុំព្រមយំដែរ”។ 33យ៉ាងណាមិញ យ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹកបានមក គាត់តមអាហារ គាត់តមសុរា តែអ្នករាល់គ្នាថា គាត់មានអ៊ីព្លេសចូល។
34រីឯបុត្រាមនុស្សក៏បានមកដែរ គាត់បរិភោគអាហារ និងពិសាសុរា តែអ្នករាល់គ្នាថា “មើលចុះអ្នកនេះគិតតែពីស៊ីផឹក ហើយសេពគប់ជាមួយពួកទារពន្ធ និងមនុស្សបាប”។ 35ប៉ុន្តែ អស់អ្នកដែលមានប្រាជ្ញាទទួលស្គាល់ថា ប្រាជ្ញាញាណរបស់អុលឡោះពិតជាល្អត្រឹមត្រូវមែន»។
ណាពីអ៊ីសាលើកលែងទោសឲ្យស្ដ្រីមានបាបម្នាក់
36មានបុរសម្នាក់ខាងគណៈផារីស៊ បានអញ្ជើញអ៊ីសាទៅពិសាអាហារ អ៊ីសាក៏ទៅផ្ទះបុរសនោះ ហើយនៅរួមតុជាមួយគាត់។ 37នៅក្រុងនោះ មានស្ដ្រីម្នាក់មានកេរ្ដិ៍ឈ្មោះមិនល្អ។ ពេលឮថាអ៊ីសានៅក្នុងផ្ទះអ្នកខាងគណៈផារីស៊ នោះនាងយកដបថ្មកែវដាក់ប្រេងក្រអូបចូលមក។ 38នាងនៅពីក្រោយអ៊ីសាក្រាបដល់ជើងអ៊ីសា នាងយំសម្រក់ទឹកភ្នែកជោកជើងអ៊ីសា ហើយយកសក់មកជូត។ បន្ទាប់មក នាងថើប រួចយកប្រេងក្រអូបមកចាក់ពីលើផង។ 39ពេលបុរសម្ចាស់ផ្ទះឃើញដូច្នោះ គាត់រិះគិតក្នុងចិត្ដថា៖ «បើគាត់នេះពិតជាណាពមែន ច្បាស់ជាគាត់ជ្រាបថា ស្ដ្រីដែលពាល់គាត់នេះ ជាស្ដ្រីប្រភេទណាពុំខាន គឺនាងជាមនុស្សបាប»។ 40អ៊ីសាមានប្រសាសន៍ទៅបុរសខាងគណៈផារីស៊ីនោះថា៖ «លោកស៊ីម៉ូន ខ្ញុំចង់និយាយរឿងមួយជាមួយលោក»។ លោកស៊ីម៉ូនតបទៅអ៊ីសាថា៖ «សូមតួនមានប្រសាសន៍មកចុះ»។ 41អ៊ីសាមានប្រសាសន៍ថា៖ «មានមនុស្សពីរនាក់ជំពាក់ប្រាក់គេ ម្នាក់ជំពាក់ប្រាំរយ ម្នាក់ទៀតហាសិប។ 42ដោយអ្នកទាំងពីរគ្មានប្រាក់សង ម្ចាស់ប្រាក់ក៏លុបបំណុលចោល ឈប់ទារពីអ្នកទាំងពីរនោះទៅ។ ក្នុងចំណោមអ្នកទាំងពីរ តើអ្នកណាស្រឡាញ់ម្ចាស់បំណុលជាង?»។ 43លោកស៊ីម៉ូនឆ្លើយថា៖ «តាមយោបល់ខ្ញុំ គឺអ្នកដែលជំពាក់ប្រាក់ច្រើនជាង»។ អ៊ីសាប្រាប់ទៅលោកស៊ីម៉ូនថា៖ «លោកមានយោបល់ត្រឹមត្រូវមែន»។ 44បន្ទាប់មក អ៊ីសាបែរទៅរកស្ដ្រីនោះ រួចនិយាយទៅលោកស៊ីម៉ូនថា៖ «សូមមើលស្ដ្រីនេះចុះ! ខ្ញុំបានចូលមកក្នុងផ្ទះលោក តែលោកពុំបានយកទឹកមកលាងជើងខ្ញុំទេ រីឯនាង នាងបានសំរក់ទឹកភ្នែកជោកជើងខ្ញុំ ព្រមទាំងយកសក់នាងមកជូតទៀតផង។ 45លោកមិនបានថើបខ្ញុំទេ រីឯនាងវិញ តាំងពីខ្ញុំចូលមក នាងចេះតែថើបជើងខ្ញុំ ឥតឈប់ឈរសោះឡើយ។ 46លោកមិនបានយកប្រេងមកលាបក្បាលខ្ញុំទេ រីឯនាងវិញ នាងបានចាក់ប្រេងក្រអូបលាបជើងខ្ញុំ។ 47ហេតុនេះហើយ ខ្ញុំសុំប្រាប់ឲ្យលោកដឹងថា នាងសំដែងសេចក្ដីស្រឡាញ់ជាខ្លាំងយ៉ាងនេះ ព្រោះអុលឡោះបានប្រោសឲ្យនាងរួចពីបាបជាច្រើន។ រីឯអ្នកដែលអុលឡោះលើកលែងទោសឲ្យតិចក៏សំដែងសេចក្ដីស្រឡាញ់តិចដែរ»។ 48អ៊ីសាប្រាប់ទៅស្ដ្រីនោះថា៖ «ខ្ញុំអត់ទោសឲ្យនាងបានរួចពីបាបហើយ»។ 49អស់អ្នកដែលអង្គុយរួមតុជាមួយ រិះគិតក្នុងចិត្ដរៀងៗខ្លួនថា៖ «តើអ្នកនេះមានឋានៈអ្វី បានជាហ៊ានអត់ទោសឲ្យមនុស្សរួចពីបាបដូច្នេះ?»។ 50អ៊ីសាប្រាប់ទៅនាងទៀតថា៖ «ជំនឿរបស់នាងបានសង្គ្រោះនាងហើយ សូមអញ្ជើញទៅវិញដោយសុខសាន្ដចុះ»។
ទើបបានជ្រើសរើសហើយ៖
លូកា 7: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.