១ កូរិន‌ថូស 9

9
សិ​ទ្ធិ​របស់​សាវក
1តើ​ខ្ញុំ​គ្មាន​សេរីភាព​ទេ​ឬ? តើ​ខ្ញុំ​មិន​មែន​ជា​សាវក​ទេ​ឬ? តើ​ខ្ញុំ​មិន​បាន​ឃើញ​ព្រះ‌យេ‌ស៊ូវ ជា​ព្រះ‌អម្ចាស់​របស់​យើង​ទេ​ឬ? តើ​អ្នក​រាល់​គ្នា​មិន​មែន​ជា​ស្នា​ដៃ​របស់​ខ្ញុំ​ក្នុង​ព្រះ‌អម្ចាស់​ទេ​ឬ? 2បើ​ខ្ញុំ​មិន​មែន​ជា​សាវក​ដល់​អ្នក​ដទៃ ក៏​ខ្ញុំ​ជា​សាវក​ដល់​អ្នក​រាល់​គ្នា​ដែរ ដ្បិត​អ្នក​រាល់​គ្នា​ជា​ត្រា​សម្គាល់​ពី​ភាព​ជា​សាវក​របស់​ខ្ញុំ​ក្នុង​ព្រះ‌អម្ចាស់។
3នេះ​ជា​ការ​ឆ្លើយ​បំភ្លឺ​របស់​ខ្ញុំ ចំពោះ​អស់​អ្នក​ដែល​ចោទ​ប្រកាន់​ខ្ញុំ។ 4តើ​យើង​គ្មាន​សិទ្វិ​នឹង​ទទួល​ទាន​បាយ​ទឹក​ទេ​ឬ? 5តើ​យើង​គ្មាន​សិទ្ធិ​នឹង​នាំ​ប្រពន្ធ​ដែល​ជា​អ្នក​ជឿ​ទៅ​ជា​មួ​យ ដូច​សាវក​ឯទៀតៗ ដូច​ពួក​បង‌ប្អូន​របស់​ព្រះ‌អម្ចាស់ និង​ដូច​លោក​កេផា​ស​ទេ​ឬ? 6ឬ​មួយ​មាន​តែ​ខ្ញុំ និង​លោក​បា​ណា‌បា​ស ដែល​គ្មាន​សិទ្ធិ​ដក​ឃ្លា​ពី​ការ​រក​ស៊ី​ចិញ្ចឹម​ជីវិត? 7តើ​អ្នក​ដែល​ធ្វើ​ទា​ហា​ន​ចេញ​សោហ៊ុយ​ខ្លួន​ឯង​ឬ? តើ​អ្នក​ដែល​ដាំ​ទំពាំង​បាយ​ជូរ​មិន​បរិ‌ភោគ​ផល​ពី​ចម្ការ​នោះ​ទេ​ឬ? ឯ​អ្នក​ដែល​ថែរក្សា​ហ្វូង​សត្វ តើ​មិន​ផឹក​ទឹក​ដោះ​របស់​វា​ឬ​ទេ?
8តើ​ខ្ញុំ​និយាយ​ដូច្នេះ តាម​របៀប​មនុស្ស​ឬ? តើ​ក្រឹត្យ‌វិន័យ​មិន​និយាយ​ដូច​គ្នា​ទេ​ឬ? 9ដ្បិត​ក្នុង​គម្ពីរ​វិន័យ​របស់​លោក​ម៉ូ​សេ មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «កុំ​ឃ្លុំ​មាត់​គោ​នៅ​ពេល​បញ្ជាន់​ស្រូវ​ឡើយ» ។ តើ​ព្រះ‌ទ្រង់​គិត​ពី​គោ​ឬ? 10ឬ​ក៏​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នោះ​ដោយ​យល់​ដល់​យើង​រាល់​គ្នា? ពិត​មែន សេចក្តី​នោះ​បាន​ចែង​ទុក​មក​ដោយ​យល់​ដល់​យើង​រាល់​គ្នា ដ្បិត​អ្នក​ណា​ដែល​ភ្ជួ​រ​រា​ស់ គួរ​តែ​ភ្ជួ​រ​រា​ស់​ដោយ​សង្ឃឹម ហើយ​អ្នក​ណា​ដែល​ប​ញ្ជា​ន់​ស្រូវ ក៏​គួរ​តែ​បញ្ជាន់​ដោយ​សង្ឃឹម​ថា​នឹង​បាន​ចំណែក​ពី​ផល​នោះ​ដែរ។ 11ប្រសិន‌បើ​យើង​បាន​សាប​ព្រោះ​របស់​ល្អ​ខាង​វិញ្ញាណ ក្នុង​ចំណោម​អ្នក​រាល់​គ្នា ហើយ​ច្រូ​ត​យក​ផល​ជា​សម្បត្តិ​ខាង​សាច់​ឈាម​ពី​អ្នក​រាល់​គ្នា តើ​ហួស​ហេតុ​ពេក​ឬ? 12ប្រសិន‌បើ​អ្នក​ដទៃ​មាន​សិទ្ធិ​ទទួល​ចំណែក​ពី​អ្នក​រាល់​គ្នា​ទៅ​ហើយ នោះ​តើ​យើង​មិន​មាន​សិទ្ធិ​លើស​អ្នក​ទាំង​នោះ​ទៅ​ទៀត​ទេ​ឬ? ប៉ុន្តែ យើង​ខ្ញុំ​មិន​បាន​ប្រើ​សិទ្ធិ​នោះ​ទេ គឺ​យើង​បាន​ស៊ូ​ទ្រាំ​គ្រប់​បែប​យ៉ាង ដើម្បី​កុំ​ឲ្យ​មាន​ឧបសគ្គ​រាំង​ស្ទះ​ដល់​ដំណឹង​ល្អរបស់​ព្រះ‌គ្រីស្ទ។ 13តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​ថា អស់​អ្នក​ដែល​បម្រើ​ការងារ​ក្នុង​ព្រះ​វិហារ គេ​ទទួល​ចំណី​អាហារ​ពី​ព្រះ‌វិហារ ហើយ​អស់​អ្នក​ដែល​បម្រើ​នៅ​អាសនា ក៏​មាន​ចំណែក​ពី​តង្វាយ​លើ​អាសនា​ដែរ? 14រីឯ​ព្រះ‌អម្ចាស់​វិញ​ក៏​បង្គាប់​ដូច​គ្នា​ថា អស់​អ្នក​ដែល​ប្រកាស​ដំណឹង​ល្អ ត្រូវ​ចិញ្ចឹម​ជីវិត​ដោយ​សារ​ដំណឹង​ល្អ។
15ប៉ុន្ដែ ខ្ញុំ​មិន​បាន​ប្រើ​សិទ្ធិ​ទាំង​នេះ​ទេ ហើយ​ខ្ញុំ​ក៏​មិន​បាន​សរ‌សេរ​ដូច្នេះ ដោយ​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​ដល់​ខ្លួន​យ៉ាង​នោះ​ដែរ។ ដ្បិត​ខ្ញុំ​ស៊ូ​ស្លាប់ ជា​ជាង​ឲ្យ​គេ​បង្ខូច​កិត្តិយស​របស់​ខ្ញុំ ដោយ​សារ​ហេតុ​ដែល​ខ្ញុំ​មាន​អំនួត។ 16ដ្បិត​ទោះ​បើ​ខ្ញុំ​ប្រកាស​ដំណឹង​ល្អ​មែន តែ​នោះ​មិន​មែន​ជា​ហេតុ​ឲ្យ​ខ្ញុំ​អួត​ខ្លួន​ទេ ព្រោះ​ជា​កាតព្វ‌កិច្ច​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​ខាន​មិន​បាន ហើយ​បើ​ខ្ញុំ​មិន​ប្រកាស​ដំណឹង​ល្អ​ទេ នោះ​វរ​ដល់​ខ្ញុំ​ហើយ។ 17ប្រសិន‌បើ​ខ្ញុំ​ធ្វើ​ដោយ​ស្ម័គ្រ​ពី​ចិត្ត នោះ​ខ្ញុំ​មាន​រង្វាន់ តែ​បើ​ធ្វើ​ទាំង​ទើ​ស​ទ័​ល នោះ​ក៏​ខ្ញុំ​នៅ​តែ​បំពេញ​តួនាទី​ដែល​ព្រះ‌អង្គ​បាន​ផ្ទុក​ផ្ដាក់​ដល់​ខ្ញុំ​ដែរ។ 18ដូច្នេះ តើ​រង្វាន់​របស់​ខ្ញុំ​ជា​អ្វី? រង្វាន់​របស់​ខ្ញុំ គឺ​ឲ្យ​ខ្ញុំ​បាន​ប្រកាស​ដំណឹង​ដោយ​ឥត​គិត​ថ្លៃ ដោយ​មិន​ទាមទារ​សិទ្ធិ​របស់​ខ្ញុំ​ជា​អ្នក​ប្រកាស​ដំណឹង​ល្អ​ឡើយ។
19ដ្បិត​ទោះ​បើ​ខ្ញុំ​មិន​ជាប់​ជំពាក់​ដល់​មនុស្ស​ទាំង‌អស់​ក៏​ដោយ គង់​តែ​ខ្ញុំ​បាន​ត្រឡប់​ទៅ​ជា​អ្នក​បម្រើ​ដល់​មនុស្ស​ទាំង‌អស់​ដែរ ដើម្បី​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​មាន​ជំនឿ​ដល់​ព្រះ‌គ្រីស្ទ។ 20ខ្ញុំ​បាន​ត្រឡប់​ដូច​ជា​សាសន៍​យូដា ដល់​ពួក​សាសន៍​យូដា ដើម្បី​នាំ​ពួក​សាសន៍​យូដា​ឲ្យ​មាន​ជំនឿ​ដល់​ព្រះ‌គ្រីស្ទ។ ខ្ញុំ​បាន​ត្រឡប់​ដូច​ជា​អ្នក​ស្ថិត​នៅ​ក្រោមក្រឹត្យ‌វិន័យ ដល់​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្រោមក្រឹត្យ‌វិន័យ (ទោះ​ជា​ខ្ញុំ​មិន​ស្ថិត​នៅ​ក្រោមក្រឹត្យ‌វិន័យក៏​ដោយ) ដើម្បី​នាំ​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្រោមក្រឹត្យ‌វិន័យ​ឲ្យ​មាន​ជំនឿ​ដល់​ព្រះគ្រីស្ទ។ 21ខ្ញុំ​បាន​ត្រឡប់​ដូច​ជា​អ្នក​ដែល​គ្មាន​ក្រឹត្យ‌វិន័យ ដល់​អស់​អ្នក​ដែល​គ្មាន​ក្រឹត្យ‌វិន័យ (មិន​មែន​មាន​ន័យ​ថា ខ្ញុំ​គ្មាន​ក្រឹត្យ‌វិន័យ​របស់​ព្រះ​នោះ​ទេ គឺ​ខ្ញុំ​ស្ថិត​នៅ​ក្រោម​ក្រឹត្យ‌វិន័យ​ព្រះ‌គ្រីស្ទ) ដើម្បី​នាំ​អស់​អ្នក​ដែល​គ្មាន​ក្រឹត្យ‌វិន័យ​ឲ្យ​មាន​ជំនឿ​ដល់​ព្រះ‌គ្រីស្ទ។ 22ខ្ញុំ​បាន​ត្រឡប់​ដូច​ជា​អ្នក​ទន់​ខ្សោយ ដល់​ពួក​អ្នក​ទន់​ខ្សោយ ដើម្បី​នាំ​ពួក​អ្នក​ទន់​ខ្សោយ​ឲ្យ​មាន​ជំនឿ​ដល់​ព្រះ‌គ្រីស្ទ។ ខ្ញុំ​បាន​ត្រឡប់​ជា​គ្រប់​សណ្ឋាន​ទាំង‌អស់ ដល់​មនុស្ស​ទាំង‌អស់ ដើម្បី​សង្គ្រោះ​អ្នក​ខ្លះ តាម​គ្រប់​មធ្យោ‌បាយ​ទាំង‌អស់។ 23ខ្ញុំ​ធ្វើ​គ្រប់​ការ​ទាំង‌អស់​ដោយ​ព្រោះ​ដំណឹង​ល្អ ដើម្បី​ឲ្យ​ខ្ញុំ​មាន​ចំណែក​ទទួល​ផល​ក្នុង​ដំណឹង​ល្អ។
24តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​ថា អស់​អ្នក​ដែល​រត់​នៅ​ទី​ប្រណាំង គេ​រត់​ទាំង‌អស់​គ្នា ប៉ុន្តែ មាន​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​បាន​រង្វាន់? ដូច្នេះ ចូរ​រត់​តាម​របៀប​នោះ​ដើម្បី​ឲ្យ​បាន​រង្វាន់​ចុះ។ 25កីឡា‌ករ​ទាំង‌អស់​សុទ្ធ​តែ​លត់ដំ​ខ្លួន​គ្រប់​បែប​យ៉ាង គេ​ធ្វើ​ដូច្នេះ​ដើម្បី​ឲ្យ​បាន​ទទួល​ភួង​ជ័យ​ដែល​នឹង​ពុក​រលួយ តែ​យើង​វិញ យើង​បាន​ភួង​ជ័យ​ដែល​មិន​ចេះ​ពុក​រលួយ។ 26ដូច្នេះ ខ្ញុំ​ក៏​រត់​យ៉ាង​ដូច្នោះ​ដែរ មិន​មែន​រត់​ដោយ​ឥត​គោល​ដៅ​ទេ ហើយ​ខ្ញុំ​ក៏​មិន​ប្រ​ដា​ល់ ដូច​ជា​ដាល់​ខ្យល់​នោះ​ដែរ 27គឺ​ខ្ញុំ​វាយ​ដំ​រូប‌កាយ​ខ្ញុំ ទាំង​បង្ខំ​ឲ្យ​ចុះ​ចូ​ល ក្រែង​ក្រោយ​ពី​ខ្ញុំ​បាន​ប្រកាស​ប្រាប់​អ្នក​ដទៃ​ហើយ ខ្លួន​ខ្ញុំ​ផ្ទាល់​បែរ​ជា​ត្រូវ​ផាត់​ចោល​ទៅ​វិញ។

ទើបបានជ្រើសរើសហើយ៖

១ កូរិន‌ថូស 9: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល