២ របា‌ក្សត្រ 26

26
រាជ្យ​របស់​ព្រះបាទ​អូសៀស
1ពួក​ជន​ទាំង‌ឡាយ​នៅ​ស្រុក​យូដា ក៏​លើក​អូសៀស​ដែល​មាន​ព្រះ‌ជន្ម ១៦​ព្រះវស្សា​ហើយ តាំង​ឡើង​ជា​ស្តេច​ជំនួស​ព្រះបាទ​អ័ម៉ា‌ស៊ីយ៉ា ជា​បិតា 2ព្រះបាទ​អូសៀស​ក៏​សង់​ក្រុង​អេឡុត បញ្ចូល​មក​ខាង​ពួក​យូដា​វិញ ក្នុង​វេលា​ក្រោយ​ដែល​បិតា​បាន​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់ 3កាល​ព្រះបាទ​អូសៀស​ឡើង​សោយ‌រាជ្យ ទ្រង់​មាន​ព្រះ‌ជន្ម​ដប់​ប្រាំមួយ​ព្រះវស្សា​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន ៥២​ឆ្នាំ មាតា​ទ្រង់​ព្រះ‌នាម​ជា​យេកូ‌លា ជា​អ្នក​ក្រុង​យេរូ‌សាឡិម។ 4ទ្រង់​ប្រព្រឹត្ត​សេចក្ដី​ដែល​ត្រឹម‌ត្រូវ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះបាទ​អ័ម៉ា‌ស៊ីយ៉ា ជា​បិតា​ទ្រង់​បាន​ធ្វើ 5ទ្រង់​ដាក់​ព្រះ‌ហឫ‌ទ័យ​ស្វែង​រក​ព្រះ‌យេហូវ៉ា ចាប់​តាំង​ពី​គ្រា​សាកា‌រី ដែល​បង្រៀន​ទ្រង់​ឲ្យ​កោត​ខ្លាច​ព្រះ ហើយ​ដរាប​ណា​ទ្រង់​ស្វែង​រក​ព្រះ‌យេហូវ៉ា ព្រះ​ក៏​បាន​ប្រទាន​ឲ្យ​ទ្រង់​បាន​ចម្រុង​ចម្រើន។
6ទ្រង់​ក៏​ចេញ​ទៅ​ច្បាំង​នឹង​ពួក​ភីលី‌ស្ទីន ហើយ​ទ្រង់​បំបាក់​រំលំ​កំផែង​ក្រុង​កាថ និង​កំផែង​ក្រុង​យ៉ាប‌នេ ហើយ​កំផែង​ក្រុង​អាស‌ដូឌ​ផង រួច​ទ្រង់​សង់​ទី​ក្រុង​ក្នុង​ក្រវល់​របស់​អាស‌ដូឌ និង​នៅ​កណ្ដាល​ពួក​ភីលី‌ស្ទីន 7ព្រះ​ក៏​ជួយ​ទាស់​នឹង​ពួក​ភីលី‌ស្ទីន ពួក​អារ៉ាប់ ដែល​នៅ​ស្រុក​គើរ-បាល និង​ពួក​ម៉ាអូន​ផង 8ឯ​ពួក​អាំម៉ូន​គេ​ក៏​យក​សួយ‌អាករ​មក​ថ្វាយ​ព្រះបាទ​អូសៀស​ដែរ ហើយ​ទ្រង់​មាន​កិត្តិ‌នាម​ល្បី​ឮ​ទួទៅ រហូត​ដល់​ប្រទល់​ដែន​ចូល​ស្រុក​អេស៊ីព្ទ ដ្បិត​ទ្រង់​មាន​ព្រះ‌ចេស្តា​កាន់​តែ​ខ្លាំង​ឡើង​ក្រៃ‌លែង 9មួយ​ទៀត ព្រះបាទ​អូសៀស​ទ្រង់​សង់​ប៉ម​នៅ​ក្រុង​យេរូ‌សាឡិម ត្រង់​ទ្វារ​ជ្រុង ទ្វារ​ច្រក​ភ្នំ ហើយ​នៅ​ត្រង់​រំពត់​កំផែង ព្រម​ទាំង​ធ្វើ​ឲ្យ​មាំ‌មួន​ណាស់ 10ទ្រង់​ក៏​សង់​ប៉ម​នៅ​ទី​រហោ‌ស្ថាន​ជា​ច្រើន​កន្លែង ព្រម​ទាំង​ជីក​អណ្តូង​ផង ព្រោះ​ទ្រង់​មាន​ហ្វូង​សត្វ​យ៉ាង​សន្ធឹក​នៅ​ស្រុក​ទំនាប និង​ស្រុក​វាល ក៏​មាន​ពួក​អ្នក​ធ្វើ​ចម្ការ និង​ពួក​អ្នក​ថែ​រក្សា​ដើម​ទំពាំង‌បាយ‌ជូរ នៅ​លើ​ភ្នំ និង​នៅ​ស្រុក​កើមែល​ដែរ ដ្បិត​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​ខាង​ឯ​ការ​ក្សេត្រ‌កម្ម 11មួយ​ទៀត ព្រះបាទ​អូសៀស​ទ្រង់​មាន​ពល‌ទ័ព​សុទ្ធ​តែ​ជា​មនុស្ស​ចេះ​តស៊ូ ដែល​ចេញ​ទៅ​ច្បាំង​ដោយ​កងៗ តាម​ចំនួន​គេ​ដែល​យីអែល ជា​ស្មៀន និង​ម្អា‌សេ‌យ៉ា ជា​នាយ បាន​រាប់​នៅ​ក្រោម​អំណាច​ហាណា‌នា ជា​មេ‌ទ័ព​របស់​ស្តេច 12ឯ​ពួក​អ្នក​ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ​ទាំង​ប៉ុន្មាន គឺ​ជា​មនុស្ស​ខ្លាំង​ពូកែ​ដែល​មាន​ចិត្ត​ក្លាហាន នោះ​មាន​ចំនួន​ពីរ​ពាន់​ប្រាំមួយ​រយ​នាក់ 13ហើយ​នៅ​ក្រោម​អំណាច​គេ មាន​ពល‌ទ័ព​បី​សែន​ប្រាំពីរ​ពាន់​ប្រាំ​រយ​នាក់ ដែល​ចេញ​ទៅ​ច្បាំង​ដោយ​មាន​កម្លាំង​យ៉ាង​រឹង​របឹង សម្រាប់​នឹង​ជួយ​ស្តេច​រាំង‌រា​ខ្មាំង​សត្រូវ 14ព្រះបាទ​អូសៀស​ក៏​ចាត់​ចែង​ធ្វើ​ខែល លំពែង​មួក​សឹក និង​អាវ​ក្រោះ ព្រម​ទាំង​ធ្នូ និង​ក្រួស​សម្រាប់​បាញ់​ឲ្យ​គេ គឺ​ឲ្យ​ពួក​ពល‌ទ័ព​ទាំង​អស់​នោះ 15ហើយ​នៅ​ក្រុង​យេរូ‌សាឡិម​ទ្រង់​ក៏​ធ្វើ​យន្ត ដែល​មនុស្ស​ប៉ិន​ប្រសប់​បាន​បង្កើត​ឡើង​ដាក់​លើ​ប៉ម លើ​កំផែង សម្រាប់​បាញ់​ព្រួញ និង​ថ្ម​ធំៗ នោះ​ព្រះ‌នាម​ទ្រង់​ក៏​លាន់​ឮ​ទួទៅ​ឆ្ងាយ ព្រោះ​ទ្រង់​មាន​សេចក្ដី​ជំនួយ​យ៉ាង​អស្ចារ្យ ដរាប​ដល់​ទ្រង់​មាន​កម្លាំង​ខ្លាំង។
មោទនភាព និងការបោះបង់
16ពេល​ស្ដេច​មាន​កម្លាំងហើយ នោះ​មាន​ព្រះ‌ហឫ‌ទ័យ​ប៉ោង​ធំ​ឡើង ត្រឡប់​ជា​ខូច​អស់ ទ្រង់​ក៏​ប្រព្រឹត្ត​រំលង​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ ដ្បិត​ទ្រង់​បាន​យាង​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ដុត​កំញាន​នៅ​លើ​អាស‌នា​គ្រឿង​ក្រអូប។ 17ប៉ុន្តែ សង្ឃ​អ័សារា​ចូល​ទៅ​តាម​ក្រោយ​ស្ដេច ដោយ​មាន​ពួក​សង្ឃ​នៃ​ព្រះ‌យេហូវ៉ា​ចំនួន​ប៉ែតសិប​នាក់ ដែល​សុទ្ធ​តែ​មាន​ចិត្ត​មុត​មាំ​ទៅ​ជា‌មួយ។ 18សង្ឃ​ទាំង​នោះ​បាន​ឃាត់​ព្រះបាទ​អូសៀស ដោយ​ពាក្យ​ថា៖ «ឱ​ព្រះ‌ករុណា​អូសៀស​អើយ ការ​ដុត​កំញាន​ថ្វាយ​ព្រះ‌យេហូវ៉ា មិន​មែន​ជា​តួនាទី​របស់​ទ្រង់​ទេ គឺ​ជា​ការ‌ងារ​របស់​ពួក​កូន​ចៅ​សង្ឃ​អើរ៉ុន ដែល​បាន​ញែក​ជា​បរិសុទ្ធ សម្រាប់​ដុត​កំញាន ចូរ​ចេញ​ពី​ទី​បរិសុទ្ធ​នេះ​ទៅ ព្រោះ​ទ្រង់​បាន​រំលង​ច្បាប់​ហើយ ការ​នេះ​ក៏​មិន​បាន​រាប់​ជា​កិត្តិ‌នាម​ដល់​ទ្រង់ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​ដែរ»។ 19ដូច្នេះ ព្រះបាទ​អូសៀស​ក៏​ក្រេវ‌ក្រោធ រីឯ​ព្រះ‌ហស្ត​របស់​ទ្រង់​កាន់​ពាន ប្រុង​នឹង​ដុត​កំញាន ហើយ​កំពុង​ដែល​ទ្រង់​ក្រេវ‌ក្រោធ​នឹង​ពួក​សង្ឃ​ដូច្នេះ នោះ​រោគ​ឃ្លង់ ក៏​លេច​ឡើង​ត្រង់​ថ្ងាស នៅ​ចំពោះ​មុខ​ពួក​សង្ឃ​ក្បែរ​អាស‌នា​គ្រឿង​ក្រអូប នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា។ 20អ័សារា ជា​សម្ដេច​សង្ឃ និង​ពួក​សង្ឃ​ឯ​ទៀត លោក​បាន​ពិនិត្យ​មើល​ឃើញ​ទ្រង់​កើត​ឃ្លង់​នៅថ្ងាស​ដូច្នោះ ក៏​ច្រាន​ទ្រង់​ចេញ​ពី​ទី​នោះ​ទៅ​ជា​ប្រញាប់ ឯ​ទ្រង់​ក៏​ប្រញាប់‌ប្រញាល់​ចេញ​ទៅ​ដែរ ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ដាក់​ទោស​ដល់​ទ្រង់។ 21ព្រះបាទ​អូសៀស​មាន​រោគ​ឃ្លង់​រហូត​ដល់​ថ្ងៃ​សុគត ក៏​គង់​នៅ​ក្នុង​រោង​ដាច់​ពី​គេ ដោយ​ព្រោះ​កើត​ឃ្លង់ ដ្បិត​ទ្រង់​បាន​ត្រូវ​កាត់‌ចេញ​ពី​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា រួច​យ៉ូថាម ជា​បុត្រា​ក៏​ត្រួត​លើ​ព្រះ‌រាជ‌វាំង ព្រម​ទាំង​ជំនុំ‌ជម្រះ​ពួក​អ្នក​ស្រុក​ផង។ 22រីឯកិច្ច‌ការ​ផ្សេង​ទៀត​ពី​ព្រះបាទ​អូសៀស ទាំង​មុន​ទាំង​ក្រោយ នោះ​ហោរា​អេសាយ ជា​កូន​អ័ម៉ូស លោក​បាន​កត់​ទុក​ទាំង​អស់។ 23ព្រះបាទ​អូសៀស​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់ ហើយ​គេ​បញ្ចុះ​សព​ទ្រង់​នៅ​ទី​បញ្ចុះ​សព​របស់​ពួក​ស្តេច ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់​ទៅ ដ្បិត​គេ​ថា​ទ្រង់​មាន​រោគ​ឃ្លង់ រួច​យ៉ូថាម ជា​បុត្រា​ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។

ទើបបានជ្រើសរើសហើយ៖

២ របា‌ក្សត្រ 26: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល