២ របាក្សត្រ 8
8
ស្នាដៃផ្សេងៗទៀតរបស់ព្រះបាទសាឡូម៉ូន
1អស់រយៈពេលម្ភៃឆ្នាំ ដែលព្រះបាទសាឡូម៉ូនស្អាងព្រះវិហាររបស់ព្រះយេហូវ៉ា និងដំណាក់របស់ទ្រង់ 2ព្រះបាទសាឡូម៉ូនបានសង់អស់ទាំងទីក្រុង ដែលស្ដេចហ៊ីរ៉ាមបានប្រគល់ឲ្យឡើងវិញ ហើយឲ្យពួកកូនចៅអ៊ីស្រាអែលរស់នៅក្នុងទីក្រុងទាំងនោះ។
3ព្រះបាទសាឡូម៉ូនបានចេញទៅច្បាំង ហើយយកបានក្រុងហាម៉ាត-សូបា 4ក៏សង់ក្រុងថាត់ម៉ោរ នៅទីរហោស្ថាន និងអស់ទាំងទីក្រុងសម្រាប់ជាឃ្លាំង ដែលទ្រង់បានធ្វើនៅស្រុកហាម៉ាតនោះដែរ។ 5ទ្រង់ក៏សង់ក្រុងបេត-ហូរ៉ុនខាងលើ និងខាងក្រោម ជាទីក្រុងមានបន្ទាយ មានកំផែង មានទ្វារ និងរនុកផង 6ព្រមទាំងក្រុងប្អាឡាត និងអស់ទាំងទីក្រុង សម្រាប់ជាឃ្លាំងរបស់ព្រះបាទសាឡូម៉ូន ហើយទីក្រុងសម្រាប់រទេះចម្បាំង និងទីក្រុងសម្រាប់ពលសេះរបស់ទ្រង់ ព្រមទាំងអ្វីៗដែលស្តេចប្រាថ្នាចង់ធ្វើ សម្រាប់ជាទីគាប់ព្រះហឫទ័យ នៅក្រុងយេរូសាឡិម នៅភ្នំល្បាណូន និងនៅគ្រប់ក្នុងស្រុកដែលនៅក្រោមអំណាចព្រះអង្គផង។ 7ឯប្រជាជនទាំងអស់ដែលសល់ពីពួកសាសន៍ហេត សាសន៍អាម៉ូរី សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូស ដែលមិនមែនជាកូនចៅអ៊ីស្រាអែល 8ព្រមទាំងពួកកូនចៅគេដែលសល់នៅក្នុងស្រុក ដែលពួកកូនចៅអ៊ីស្រាអែលមិនបានបំផ្លាញ នោះព្រះបាទសាឡូម៉ូនបានកេណ្ឌទុកជាបាវបម្រើ ដរាបដល់សព្វថ្ងៃនេះ។ 9ប៉ុន្តែ ព្រះបាទសាឡូម៉ូនមិនបានយកអ្នកណាក្នុងពួកកូនចៅអ៊ីស្រាអែល ឲ្យធ្វើជាអ្នកបម្រើសម្រាប់ការងាររបស់ព្រះអង្គទេ គេសុទ្ធតែជាអ្នកចម្បាំង និងជាមេលើពួកមេទ័ព ជានាយត្រួតលើរទេះចម្បាំង និងពួកពលសេះរបស់ព្រះអង្គវិញ។ 10ពួកមេទ័ពធំរបស់ព្រះបាទសាឡូម៉ូន ទាំងអស់មានពីររយហាសិបនាក់ ដែលត្រួតត្រាលើពួកទ័ព។
11ព្រះបាទសាឡូម៉ូនបាននាំបុត្រីផារ៉ោនចេញពីក្រុងដាវីឌ ឡើងមកដំណាក់ដែលទ្រង់បានសង់សម្រាប់ព្រះនាង ដ្បិតទ្រង់នឹកថា «មហេសីរបស់យើងមិនត្រូវនៅក្នុងដំណាក់របស់ព្រះបាទដាវីឌ ជាស្តេចសាសន៍អ៊ីស្រាអែលឡើយ ព្រោះទីកន្លែងដែលដាក់ហឹបនៃព្រះយេហូវ៉ានោះ ជាកន្លែងបរិសុទ្ធ»។
12គ្រានោះ ព្រះបាទសាឡូម៉ូនបានថ្វាយតង្វាយដុតដល់ព្រះយេហូវ៉ា នៅលើអាសនាដែលទ្រង់បានស្អាង នៅមុខថែវ 13តាមកំណត់ដែលត្រូវការរាល់តែថ្ងៃ គឺថ្វាយឲ្យត្រូវនឹងក្រឹត្យក្រមរបស់លោកម៉ូសេ ទាំងថ្ងៃឈប់សម្រាក ថ្ងៃចូលខែ និងថ្ងៃបុណ្យមានកំណត់ បីដងក្នុងមួយឆ្នាំ ជាបុណ្យនំបុ័ងឥតដំបែ បុណ្យអាទិត្យទីប្រាំពីរ និងនៅបុណ្យបារាំ។ 14ទ្រង់បានតម្រូវពួកសង្ឃឲ្យធ្វើការងារតាមវេន ដូចព្រះបាទដាវីឌជាបិតាបានកំណត់ទុក ទ្រង់ឲ្យពួកលេវីមានដំណែងរបស់គេសម្រាប់ពោលសរសើរ ហើយធ្វើជាជំនួយដល់ពួកសង្ឃជាប្រចាំរាល់តែថ្ងៃ ឯពួកឆ្មាំទ្វារក៏ធ្វើតាមវេនរបស់គេនៅគ្រប់ទ្វារដែរ។ ដ្បិតព្រះបាទដាវីឌជាអ្នកសំណព្វរបស់ព្រះ បានបង្គាប់យ៉ាងដូច្នោះ។ 15គេមិនបានធ្វើខុសពីច្បាប់របស់ស្តេច ដែលទ្រង់បានបង្គាប់ដល់ពួកសង្ឃ និងពួកលេវី ចំពោះការអ្វី ឬខាងឯទ្រព្យវិសេសណាឡើយ។
16កិច្ចការទាំងអស់ដែលព្រះបាទសាឡូម៉ូនបានធ្វើ នោះបានធ្វើទុកជាស្រេច ចាប់ពី ថ្ងៃដែលគេចាក់គ្រឹះព្រះដំណាក់របស់ព្រះយេហូវ៉ា រហូតដល់បានធ្វើហើយ ដូច្នេះ ព្រះដំណាក់របស់យេហូវ៉ាបានស្អាងរួចជាស្រេច។
17បន្ទាប់មក ព្រះបាទសាឡូម៉ូនបានយាងទៅក្រុងអេស៊ាន-គេប៊ើរ និងក្រុងអេឡុត នៅមាត់សមុទ្រ ក្នុងស្រុកអេដុម។ 18ចំណែកឯព្រះបាទហ៊ីរ៉ាមបានផ្ញើសំពៅមក តាមពួកអ្នកបម្រើ និងអ្នកដែលស្ទាត់ខាងផ្លូវសមុទ្រ ថ្វាយដល់ព្រះបាទសាឡូម៉ូន អ្នកទាំងនោះក៏ទៅជាមួយអ្នកបម្រើរបស់ព្រះបាទសាឡូម៉ូន ទៅដល់ស្រុកអូភារ គេយកបានមាសបួនរយហាសិបហាប ពីស្រុកនោះមកថ្វាយដល់ព្រះបាទសាឡូម៉ូន។
ទើបបានជ្រើសរើសហើយ៖
២ របាក្សត្រ 8: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies