២ របាក្សត្រ 9
9
ព្រះមហាក្សត្រិយានីស្រុកសេបាចូលគាល់ព្រះបាទសាឡូម៉ូន
1ពេលមហាក្សត្រិយ៍នៃស្រុកសេបាបានឮពីកិត្តិនាមរបស់ព្រះបាទសាឡូម៉ូន ព្រះនាងក៏យាងមកដល់ក្រុងយេរូសាឡិម ដើម្បីល្បងប្រាជ្ញាព្រះបាទសាឡូម៉ូន ដោយពាក្យប្រស្នា មានមនុស្សដង្ហែមកយ៉ាងសន្ធឹក មានសត្វអូដ្ឋជាច្រើន ផ្ទុកដោយគ្រឿងក្រអូប និងមាសជាបរិបូរ ហើយត្បូងមានតម្លៃផង។ ពេលព្រះនាងចូលមកគាល់ព្រះបាទសាឡូម៉ូនហើយ ក៏មានសវនីយ៍សន្ទនានឹងទ្រង់ ពីគ្រប់ទាំងសេចក្ដីដែលមាននៅក្នុងព្រះហឫទ័យ។ 2ព្រះបាទសាឡូម៉ូនក៏ឆ្លើយស្រាយន័យគ្រប់អស់ទាំងសេចក្ដីដែលព្រះនាងសួរ ឥតមានអ្វីលាក់កំបាំង ដែលទ្រង់មិនបានស្រាយន័យថ្វាយព្រះនាងនោះឡើយ។ 3ពេលមហាក្សត្រិយ៍ស្រុកសេបាឃើញប្រាជ្ញារបស់ព្រះបាទសាឡូម៉ូន និងដំណាក់ដែលស្ដេចបានធ្វើ 4ឃើញព្រះស្ងោយនៅលើតុរបស់ស្ដេច កន្លែងអង្គុយរបស់ពួកនាម៉ឺនមន្ត្រី របៀបរបបរបស់ពួករាជបម្រើ និងឯកសណ្ឋានរបស់ពួកគេ ព្រមទាំងឃើញពួកអ្នកថ្វាយពែងរបស់ស្ដេច និងសម្លៀកបំពាក់របស់គេ និងតង្វាយដុតដែលស្ដេចថ្វាយក្នុង ព្រះដំណាក់របស់ព្រះយេហូវ៉ា នោះព្រះនាងក៏ភាំងស្មារតី។
5ព្រះនាងមានសវនីយ៍ទៅស្តេចថា៖ «ពាក្យដែលខ្ញុំម្ចាស់បានឮនិយាយ នៅស្រុកខ្ញុំម្ចាស់ ពីរាជកិច្ច និងប្រាជ្ញារបស់ព្រះករុណា នោះគឺពិតប្រាកដមែន 6ប៉ុន្តែ ខ្ញុំម្ចាស់មិនបានជឿដំណឹង នោះទេ រហូតទាល់តែខ្ញុំម្ចាស់បានមកឃើញផ្ទាល់នឹងភ្នែក ហើយមើល៍ ដំណឹងដែលខ្ញុំម្ចាស់បានឮពីប្រាជ្ញាដ៏អស្ចារ្យរបស់ព្រះករុណានោះ គេថ្លែងប្រាប់មិនដល់ត្រឹមទាំងពាក់កណ្ដាលផង ព្រះករុណាលើសពីសេចក្ដីដែលខ្ញុំម្ចាស់បានឮទៅទៀត។ 7ពួកប្រជារាស្រ្តរបស់ទ្រង់ និងពួកអ្នកបម្រើរបស់ទ្រង់មានពរហើយ ដែលឈរនៅចំពោះទ្រង់ជានិច្ច ទាំងស្តាប់ប្រាជ្ញារបស់ទ្រង់ 8សូមព្រះយេហូវ៉ាជាព្រះរបស់ព្រះករុណាបានព្រះពរ ដែលព្រះអង្គបានសព្វព្រះហឫទ័យនឹងព្រះករុណា ដើម្បីនឹងលើកព្រះករុណាឡើង ឲ្យគង់លើបល្ល័ង្ករាជ្យ ធ្វើជាស្តេចថ្វាយព្រះយេហូវ៉ា ជាព្រះរបស់ទ្រង់ គឺដោយព្រោះព្រះស្រឡាញ់សាសន៍អ៊ីស្រាអែល ដោយប្រាថ្នានឹងតាំងគេឲ្យខ្ជាប់ខ្ជួនអស់កល្បជានិច្ច បានជាតាំងទ្រង់ឡើងជាស្តេចលើគេ ដើម្បីនឹងសម្រេចសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត»។ 9រួចព្រះនាងក៏ថ្វាយមាសមួយរយម្ភៃហាប ហើយគ្រឿងក្រអូបយ៉ាងសន្ធឹក ព្រមទាំងត្បូងមានតម្លៃ ដល់ស្តេច មិនដែលមានគ្រឿងក្រអូបណាដូចគ្រឿងក្រអូបដែលមហាក្សត្រិយ៍ស្រុកសេបា បានថ្វាយដល់ព្រះបាទសាឡូម៉ូននោះឡើយ។
10រីឯពួកអ្នកបម្រើរបស់ព្រះបាទហ៊ីរ៉ាម និងពួករាជបម្រើរបស់ព្រះបាទសាឡូម៉ូន ដែលនាំយកមាសពីស្រុកអូភារមក គេក៏យកឈើចន្ទន៍ និងត្បូងមានតម្លៃមកជាមួយដែរ។ 11ស្ដេចយកឈើចន្ទន៍នោះ មកធ្វើជាជណ្ដើរសម្រាប់ព្រះដំណាក់របស់ព្រះយេហូវ៉ា ហើយសម្រាប់ដំណាក់របស់ស្តេច ព្រមទាំងស៊ុង និងពិណ សម្រាប់ពួកចម្រៀងផង ពីដើមមិនដែលឃើញមានយ៉ាងដូច្នោះ នៅក្នុងស្រុកយូដាឡើយ។
12ព្រះបាទសាឡូម៉ូនបានប្រទានដល់មហាក្សត្រិយ៍ស្រុកសេបា តាមបំណងព្រះហឫទ័យព្រះនាង គឺរបស់អ្វីៗដែលព្រះនាងសូម លើសអំពីរបស់ទាំងប៉ុន្មាន ដែលព្រះនាងបានថ្វាយដល់ស្តេចទៅទៀត។ ដូច្នេះ ព្រះនាង ព្រមទាំងពួកបរិវារ ក៏វិលត្រឡប់ទៅឯស្រុករបស់ខ្លួនវិញ។
រាជទ្រព្យរបស់ព្រះបាទសាឡូម៉ូន
13ក្នុងមួយឆ្នាំៗ ព្រះបាទសាឡូម៉ូនទទួលបានមាសទម្ងន់ប្រាំមួយរយហុកសិបប្រាំមួយហាប។ 14ក្រៅពីនោះ មានមាសដែលមកតាមរយៈពួកអ្នកលក់ដូរថែមទៀត ហើយអស់ទាំងស្តេចស្រុកអារ៉ាប់ និងពួកចៅហ្វាយស្រុក ក៏យកមាស និងប្រាក់មកថ្វាយព្រះបាទសាឡូម៉ូនដែរ។ 15ព្រះបាទសាឡូម៉ូនបានផែមាសធ្វើជាខែលយ៉ាងធំៗចំនួនពីររយ បានយកមាសប្រាំមួយរយតម្លឹង ដើម្បីធ្វើខែលមួយៗ។ 16ទ្រង់ក៏ផែមាសធ្វើខែលតូចបីរយ ខែលមួយៗមានមាសបីរយតម្លឹង រួចតម្កល់ទុកក្នុងដំណាក់ល្បាណូ។ 17ស្ដេចក៏ធ្វើបល្ល័ង្កភ្លុកមួយយ៉ាងធំ ស្រោបដោយមាសសុទ្ធ។ 18មានជណ្តើរប្រាំមួយថ្នាក់ឡើងទៅឯបល្ល័ង្ក និងកំណល់កល់ជើងធ្វើពីមាស ដែលជាប់នឹងបល្ល័ង្ក ក៏មានកំណល់ដៃទាំងសងខាងទីអង្គុយ ហើយមានរូបសិង្ហពីរឈរនៅក្បែរកំណល់ដៃនោះ 19និងរូបសិង្ហដប់ពីរ ឈរនៅទាំងសងខាងថ្នាក់ជណ្តើរទាំងប្រាំមួយនោះដែរ មិនដែលបានធ្វើបល្ល័ង្ក នៅក្នុងនគរណាឲ្យដូចឡើយ។ 20អស់ទាំងប្រដាប់ដែលសម្រាប់ឲ្យព្រះបាទសាឡូម៉ូនសោយគ្រឿងទឹក នោះសុទ្ធតែធ្វើពីមាសទាំងអស់ ហើយអស់ទាំងប្រដាប់ប្រដានៅដំណាក់ល្បាណូន ក៏ធ្វើពីមាសសុទ្ធដែរ នៅក្នុងរាជ្យព្រះបាទសាឡូម៉ូន ប្រាក់មិនសូវមានតម្លៃប៉ុន្មានទេ។ 21ដ្បិតស្តេចមានក្រុមនាវា ដែលទៅឯស្រុកតើស៊ីស ជាមួយពួករាជម្រើរបស់ព្រះបាទហ៊ីរ៉ាម ដោយនាំយកមាស ប្រាក់ ភ្លុក ទោច និងក្ងោក ត្រឡប់មកវិញរាល់បីឆ្នាំម្តង។
22ដូច្នេះ ព្រះបាទសាឡូម៉ូនមានព្រះរាជទ្រព្យ និងប្រាជ្ញាលើសជាងអស់ទាំងស្តេចនៅផែនដី។ 23អស់ទាំងស្តេចនៅផែនដី តែងចង់ចូលទៅគាល់ព្រះបាទសាឡូម៉ូន ដើម្បីស្តាប់ប្រាជ្ញា ដែលព្រះបានប្រទានមកក្នុងព្រះហឫទ័យរបស់ព្រះអង្គ។ 24គ្រប់គ្នាក៏យកសួយអាករមកថ្វាយ គឺជាគ្រឿងប្រាក់ គ្រឿងមាស សម្លៀកបំពាក់ គ្រឿងសស្ត្រាវុធ គ្រឿងក្រអូប សេះ និងលាកាត់ តាមកំណត់រាល់ឆ្នាំ។ 25ព្រះបាទសាឡូម៉ូនមានរោងសម្រាប់សេះ និងរទេះចម្បាំង បួនពាន់បន្ទប់ ក៏មានពលសេះមួយម៉ឺនពីរពាន់នាក់ ទ្រង់ញែកដាក់ឲ្យនៅក្នុងទីក្រុង ដែលសម្រាប់រទេះចម្បាំងទាំងប៉ុន្មាន ហើយនៅជាមួយទ្រង់ក្នុងក្រុងយេរូសាឡិមដែរ។ 26ទ្រង់មានអំណាចលើអស់ទាំងស្តេច ចាប់តាំងពីទន្លេរហូតដល់ស្រុកភីលីស្ទីន ហើយដល់ព្រំប្រទល់ស្រុកអេស៊ីព្ទផង។ 27ស្ដេចធ្វើឲ្យមានប្រាក់សម្បូរ នៅក្រុងយេរូសាឡិមដូចជាថ្ម ហើយឲ្យមានដើមតាត្រៅជាបរិបូរ ដូចជាដើមឧទុម្ពរដែលដុះនៅស្រុកទំនាប។ 28គេក៏នាំយកសេះពីស្រុកអេស៊ីព្ទ និងពីស្រុកទាំងអស់មកថ្វាយទ្រង់ដែរ។
ព្រះបាទសាឡូម៉ូនសោយទិវង្គត
29រីឯរាជកិច្ចផ្សេងទៀតស្ដីពីព្រះបាទសាឡូម៉ូន តាំងពីដើមរហូតដល់ចប់ បានកត់ទុកនៅក្នុងពង្សាវតាររបស់ហោរាណាថាន់ ក្នុងសេចក្ដីទំនាយរបស់អ័ហ៊ីយ៉ា ជាអ្នកស្រុកស៊ីឡូរ និងក្នុងសៀវភៅនិមិត្តរបស់អ៊ីដោ ជាហោរា ដែលលោកឃើញពីដំណើរយេរ៉ូបោមជាកូននេបាតហើយ។ 30ព្រះបាទសាឡូម៉ូនបានសោយរាជ្យលើប្រជាជនអ៊ីស្រាអែលទាំងមូល នៅក្រុងយេរូសាឡិមបានសែសិបឆ្នាំ។ 31កាលព្រះបាទសាឡូម៉ូនផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ គេបានបញ្ចុះសពទ្រង់ នៅក្នុងក្រុងរបស់ដាវីឌ ជាបិតា ហើយព្រះបាទរេហូបោម ជាបុត្រា ក៏ឡើងសោយរាជ្យជំនួស។
ទើបបានជ្រើសរើសហើយ៖
២ របាក្សត្រ 9: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies