២ កូរិនថូស 6:11-18

២ កូរិនថូស 6:11-18 គកស១៦

បង‌ប្អូន​អ្នក​ក្រុង​កូរិន‌ថូស​អើយ យើង​បាន​និយាយ​មក​កាន់​អ្នក​រាល់​គ្នា ដោយ​ស្មោះ​អស់​ពី​ចិត្ត ឥត​លាក់​លៀម​អ្វី​ឡើយ។ យើង​មិន​ចង្អៀត​ចង្អល់​នឹង​អ្នក​រាល់​គ្នា​ទេ គឺ​អ្នក​រាល់​គ្នា​វិញ​ទេ​តើ​ដែល​ចង្អៀត​ចង្អល់។ ឥឡូវ​នេះ ខ្ញុំ​និយាយ​មក​អ្នក​រាល់​គ្នា ដូច​ជា​និយាយ​ទៅ​កាន់​កូន ដូច្នេះ ជា​ការ​តប​ស្នង ចូរ​អ្នក​រាល់​គ្នា​មាន​ចិត្ត​ទូលាយ​ឡើង។ មិន​ត្រូវ​ទឹម​នឹម​ស្រៀក​ជាមួយ​អ្នក​មិន​ជឿ​ឡើយ ដ្បិត​តើ​សេចក្តី​សុចរិត និង​សេចក្ដី​ទទឹង​ច្បាប់ មាន​អ្វី​ប្រកប​នឹង​គ្នា? ឬ​ពន្លឺ និង​សេចក្ដី​ងងឹត លាយ​ឡំ​គ្នា​ដូច​ម្តេច​បាន? តើ​ព្រះ‌គ្រីស្ទ និង​អារក្ស​បេ‌លាល​ត្រូវ​គ្នា​ដូច​ម្ដេច​បាន? ឬ​មួយ​អ្នក​ជឿ​មាន​ចំណែក​អ្វី​ជាមួយ​អ្នក​មិន​ជឿ? តើ​ព្រះ​វិហារ​របស់​ព្រះ និង​រូប​ព្រះ ត្រូវ​គ្នា​បាន​ឬ? ដ្បិត​យើង​ជា​វិហារ​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ដូច​ព្រះ‌ទ្រង់​មាន​ព្រះ​បន្ទូល​ថា «យើង​នឹង​នៅ​ក្នុង​គេ ហើយ​ដើរ​ជា​មួយ​គេ យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​គេ ហើយ​គេ​នឹង​ធ្វើ​ជា​ប្រជា​រាស្ត្រ​របស់​យើង» ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​មាន​ព្រះ​បន្ទូល​ថា៖ «ចូរ​ចេញ​ពី​កណ្តាល​ពួក​គេ​ទៅ ហើយ​ញែក​ខ្លួន​ដោយ​ឡែក​ចេញ​ពី​ពួកគេ កុំ​ប៉ះ​ពាល់​របស់​ស្មោក​គ្រោក​ឡើយ នោះ​យើង​នឹង​ទទួល​អ្នក​រាល់​គ្នា យើង​នឹង​ធ្វើ​ជា​ឪពុក​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​កូន​ប្រុស​កូន​ស្រី​របស់​យើង នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត» ។

អាន ២ កូរិនថូស 6

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ២ កូរិនថូស 6:11-18