២ កូរិនថូស 6:11-18

២ កូរិនថូស 6:11-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បងប្អូន​អ្នក​ក្រុង​កូរិនថូស​អើយ យើង​និយាយ​មក​បងប្អូន​ដោយ​ស្មោះ​អស់​ពី​ចិត្ត ឥត​លាក់‌លៀម​អ្វី​ឡើយ យើង​មិន​ចង្អៀត‌ចង្អល់​ចំពោះ​បងប្អូន​ទេ គឺ​បងប្អូន​ទេ​តើ ដែល​មាន​ចិត្ត​ចង្អៀត‌ចង្អល់។ ខ្ញុំ​និយាយ​មក​បងប្អូន​ដូច​និយាយ​ទៅ​កាន់​កូន​ចៅ​របស់​ខ្ញុំ ដូច្នេះ សូម​បងប្អូន​មាន​ចិត្ត​ទូ‌លាយ​ជា​មួយ​យើង ដូច​ជា​យើង​មាន​ចិត្ត​ទូ‌លាយ​ចំពោះ​បងប្អូន​ដែរ។ សូម​កុំ​សេព‌គប់​ជា​មួយ​អ្នក​មិន​ជឿ​ឡើយ។ តើ​សេចក្ដី​សុចរិត និង​សេចក្ដី​ទុច្ចរិត​ចូល​រួម​ជា​មួយ​គ្នា​កើត​ឬ​ទេ? តើ​ពន្លឺ និង​ភាព​ងងឹត ចូល​រួម​ជា​មួយ​គ្នា​កើត​ឬ​ទេ? តើ​ព្រះ‌គ្រិស្ត* និង​មារ*​សាតាំង​ចុះ​សំរុង​គ្នា​កើត​ឬ​ទេ? តើ​អ្នក​ជឿ និង​អ្នក​មិន​ជឿ​មាន​ទំនាក់‌ទំនង​អ្វី​នឹង​គ្នា? តើ​ព្រះ‌វិហារ*​របស់​ព្រះ‌ជាម្ចាស់ និង​ព្រះ‌ក្លែង‌ក្លាយ​ចូល​គ្នា​ចុះ​ឬ​ទេ? យើង​ទាំង​អស់​គ្នា​ជា​ព្រះ‌វិហារ​របស់​ព្រះ‌ជាម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​រស់ ដូច​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា: «យើង​នឹង​ស្ថិត​នៅ​ជា​មួយ​ពួក​គេ ព្រម​ទាំង​រស់​នៅ​ជា​មួយ​ពួក​គេ​ដែរ។ យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​គេ ហើយ​គេ​នឹង​ធ្វើ​ជា​ប្រជា‌រាស្ដ្រ របស់​យើង» ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: «ចូរ​ចេញ​ពី​ចំណោម​អ្នក​ទាំង​នោះ ហើយ​ញែក​ខ្លួន​ចេញ​ឲ្យ​ដាច់​ពី​ពួក​គេ កុំ​ប៉ះ‌ពាល់​អ្វី​ដែល​មិន​បរិសុទ្ធ*​ឡើយ នោះ​យើង​នឹង​ទទួល​អ្នក​រាល់​គ្នា យើង​នឹង​ធ្វើ​ជា​ឪពុក​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​ក៏​ធ្វើ​ជា​កូន​ប្រុស​កូន​ស្រី របស់​យើង​ដែរ»។ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត ។

ចែក​រំលែក
អាន ២ កូរិនថូស 6

២ កូរិនថូស 6:11-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បង‌ប្អូន​អ្នក​ក្រុង​កូរិន‌ថូស​អើយ យើង​បាន​និយាយ​មក​កាន់​អ្នក​រាល់​គ្នា ដោយ​ស្មោះ​អស់​ពី​ចិត្ត ឥត​លាក់​លៀម​អ្វី​ឡើយ។ យើង​មិន​ចង្អៀត​ចង្អល់​នឹង​អ្នក​រាល់​គ្នា​ទេ គឺ​អ្នក​រាល់​គ្នា​វិញ​ទេ​តើ​ដែល​ចង្អៀត​ចង្អល់។ ឥឡូវ​នេះ ខ្ញុំ​និយាយ​មក​អ្នក​រាល់​គ្នា ដូច​ជា​និយាយ​ទៅ​កាន់​កូន ដូច្នេះ ជា​ការ​តប​ស្នង ចូរ​អ្នក​រាល់​គ្នា​មាន​ចិត្ត​ទូលាយ​ឡើង។ មិន​ត្រូវ​ទឹម​នឹម​ស្រៀក​ជាមួយ​អ្នក​មិន​ជឿ​ឡើយ ដ្បិត​តើ​សេចក្តី​សុចរិត និង​សេចក្ដី​ទទឹង​ច្បាប់ មាន​អ្វី​ប្រកប​នឹង​គ្នា? ឬ​ពន្លឺ និង​សេចក្ដី​ងងឹត លាយ​ឡំ​គ្នា​ដូច​ម្តេច​បាន? តើ​ព្រះ‌គ្រីស្ទ និង​អារក្ស​បេ‌លាល​ត្រូវ​គ្នា​ដូច​ម្ដេច​បាន? ឬ​មួយ​អ្នក​ជឿ​មាន​ចំណែក​អ្វី​ជាមួយ​អ្នក​មិន​ជឿ? តើ​ព្រះ​វិហារ​របស់​ព្រះ និង​រូប​ព្រះ ត្រូវ​គ្នា​បាន​ឬ? ដ្បិត​យើង​ជា​វិហារ​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ដូច​ព្រះ‌ទ្រង់​មាន​ព្រះ​បន្ទូល​ថា «យើង​នឹង​នៅ​ក្នុង​គេ ហើយ​ដើរ​ជា​មួយ​គេ យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​គេ ហើយ​គេ​នឹង​ធ្វើ​ជា​ប្រជា​រាស្ត្រ​របស់​យើង» ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​មាន​ព្រះ​បន្ទូល​ថា៖ «ចូរ​ចេញ​ពី​កណ្តាល​ពួក​គេ​ទៅ ហើយ​ញែក​ខ្លួន​ដោយ​ឡែក​ចេញ​ពី​ពួកគេ កុំ​ប៉ះ​ពាល់​របស់​ស្មោក​គ្រោក​ឡើយ នោះ​យើង​នឹង​ទទួល​អ្នក​រាល់​គ្នា យើង​នឹង​ធ្វើ​ជា​ឪពុក​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​កូន​ប្រុស​កូន​ស្រី​របស់​យើង នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត» ។

ចែក​រំលែក
អាន ២ កូរិនថូស 6

២ កូរិនថូស 6:11-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ពួក​កូរិន‌ថូស​អើយ មាត់​យើង​ខ្ញុំ​បើក​ចំពោះ​អ្នក​រាល់​គ្នា​ហើយ ចិត្ត​យើង​ខ្ញុំ​បាន​ទូលាយ​ឡើង អ្នក​រាល់​គ្នា​មិន​ចង្អៀត​ក្នុង​យើង​ខ្ញុំ​ទេ គឺ​ចង្អៀត​តែ​ក្នុង​ចិត្ត​របស់​អ្នក​រាល់​គ្នា​វិញ ខ្ញុំ​និយាយ​នឹង​អ្នក​រាល់​គ្នា ទុក​ដូច​ជា​ដល់​កូន​ថា ចូរ​សង​ដូច​គ្នា​វិញ ដោយ​បើក​ចិត្ត​ឲ្យ​ទូលាយ​ឡើង​ដូច្នោះ​ដែរ។ កុំ​ឲ្យ​ទឹម​នឹម​ស្រៀក ជា​១​នឹង​មនុស្ស​មិន​ជឿ​ឡើយ ដ្បិត​ឯ​សេចក្ដី​សុចរិត នឹង​សេចក្ដី​ទទឹង​ច្បាប់ តើ​មាន​ការ​ប្រកប​អ្វី​នឹង​គ្នា ឬ​ពន្លឺ នឹង​ងងឹត លាយ‌ឡំ​គ្នា​ដូច​ម្តេច​បាន តើ​ព្រះ‌គ្រីស្ទ នឹង​អារក្ស​បេ‌លាល​ត្រូវ​អ្វី​នឹង​គ្នា ឬ​អ្នក​ជឿ​មាន​ចំណែក​អ្វី​នឹង​អ្នក​ដែល​មិន​ជឿ តើ​វិហារ​នៃ​ព្រះ​សំណំ​អ្វី​នឹង​រូប​ព្រះ ដ្បិត​អ្នក​រាល់​គ្នា​ជា​វិហារ​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ដូច​ជា​ព្រះ​ទ្រង់​មាន​បន្ទូល​ថា «អញ​នឹង​នៅ​ក្នុង​គេ ហើយ​នឹង​ដើរ​ជា​មួយ​ផង អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ ហើយ​គេ​នឹង​ធ្វើ​ជា​រាស្ត្រ​ដល់​អញ» ហេតុ​នោះ​បាន​ជា​ព្រះ‌អម្ចាស់​ទ្រង់​មាន​បន្ទូល​ថា «ចូរ​ចេញ​ពី​កណ្តាល​ពួក​គេ​ទៅ ហើយ​ញែក​ខ្លួន​ទៅ​ដោយ‌ឡែក កុំ​ឲ្យ​ពាល់​របស់​ស្មោក‌គ្រោក​ឡើយ នោះ​អញ​នឹង​ទទួល​ឯង​រាល់​គ្នា អញ​នឹង​ធ្វើ​ជា​ឪពុក​ដល់​ឯង​រាល់​គ្នា ហើយ​ឯង​រាល់​គ្នា​នឹង​ធ្វើ​ជា​កូន​ប្រុស​កូន​ស្រី​ដល់​អញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត»។

ចែក​រំលែក
អាន ២ កូរិនថូស 6