កិច្ចការ 15
15
ការប្រជុំក្រុមប្រឹក្សានៅក្រុងយេរូសាឡិម
1ប៉ុន្ដែ មានអ្នកខ្លះចុះពីស្រុកយូដា មកបង្រៀនពួកបងប្អូនថា៖ «ប្រសិនបើអ្នករាល់គ្នាមិនបានទទួលពិធីកាត់ស្បែក តាមទម្លាប់របស់លោកម៉ូសេទេ អ្នករាល់គ្នាមិនអាចបានសង្គ្រោះឡើយ»។ 2ក្រោយពីលោកប៉ុល និងលោកបាណាបាស បានប្រកែកជំទាស់ជាមួយពួកគេយ៉ាងខ្លាំងមក ក្រុមជំនុំបានតម្រូវឲ្យលោកប៉ុល លោកបាណាបាស និងបងប្អូនខ្លះទៀត ឡើងទៅជម្រាបពួកសាវក និងពួកចាស់ទុំ នៅក្រុងយេរូសាឡិម អំពីរឿងនេះ។ 3ដូច្នេះ ក្រោយពីក្រុមជំនុំបានជូនដំណើរអ្នកទាំងនោះចេញទៅ គេបានធ្វើដំណើរឆ្លងកាត់ស្រុកភេនីស និងស្រុកសាម៉ារី ទាំងថ្លែងប្រាប់ពីរឿងដែលសាសន៍ដទៃបានប្រែចិត្តជឿ ហើយក៏នាំឲ្យពួកបងប្អូនទាំងអស់មានអំណរជាខ្លាំង។ 4ពេលមកដល់ក្រុងយេរូសាឡិមហើយ ក្រុមជំនុំ ពួកសាវក និងពួកចាស់ទុំនាំគ្នាស្វាគមន៍ទទួលពួកលោក ហើយពួកលោកក៏បានប្រកាសពីគ្រប់ទាំងការ ដែលព្រះបានធ្វើជាមួយពួកលោក។ 5ប៉ុន្ដែ មានពួកអ្នកខ្លះក្នុងពួកផារិស៊ីដែលបានជឿ ក្រោកឡើងពោលថា៖ «ត្រូវតែកាត់ស្បែកឲ្យពួកសាសន៍ដទៃ ហើយបង្គាប់ឲ្យកាន់តាមក្រិតវិន័យរបស់លោកម៉ូសេដែរ»។
6ពួកសាវក និងពួកចាស់ទុំ ក៏ជួបជុំគ្នាដើម្បីពិចារណារឿងនេះ។ 7ក្រោយពីមានការជជែកវែកញែកគ្នាជាច្រើនមក លោកពេត្រុសក្រោកឈរឡើង ហើយមានប្រសាសន៍ថា៖ «បងប្អូនអើយ អ្នករាល់គ្នាជ្រាបស្រាប់ហើយថា នៅថ្ងៃដំបូង ព្រះបានរើសខ្ញុំ ក្នុងចំណោមអ្នករាល់គ្នា ដើម្បីឲ្យពួកសាសន៍ដទៃបានឮព្រះបន្ទូលនៃដំណឹងល្អ ហើយបានជឿ។ 8ព្រះដែលជ្រាបចិត្តមនុស្សទាំងឡាយ ទ្រង់បានធ្វើបន្ទាល់ពីគេ ដោយប្រទានព្រះវិញ្ញាណបរិសុទ្ធដល់គេ ដូចព្រះអង្គបានប្រទានដល់យើងដែរ 9ព្រះអង្គមិនបានរាប់ពួកយើង និងពួកគេ ខុសពីគ្នាទេ គឺបានសម្អាតចិត្តគេឲ្យបានស្អាតដោយសារជំនឿ។ 10ដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នាសាកល្បងព្រះ ដោយដាក់នឹមនៅកពួកសិស្សដូច្នេះ? សូម្បីតែបុព្វបុរសរបស់យើង ឬយើងផ្ទាល់ក៏ពុំអាចនឹងទ្រាំទ្របានផង 11ប៉ុន្ដែ យើងជឿថា យើងបានសង្គ្រោះ តាមរយៈព្រះគុណរបស់ព្រះអម្ចាស់យេស៊ូវ ដូចជាគេដែរ»។
12ពេលនោះ អង្គប្រជុំទាំងមូលនៅស្ងៀម ហើយស្តាប់លោកបាណាបាស និងលោកប៉ុល ពេលពួកលោករៀបរាប់អំពីទីសម្គាល់ និងការអស្ចារ្យទាំងប៉ុន្មាន ដែលព្រះបានធ្វើក្នុងចំណោមសាសន៍ដទៃ តាមរយៈពួកលោក។ 13កាលពួកលោកមានប្រសាសន៍ចប់ហើយ លោកយ៉ាកុបក៏ឆ្លើយឡើងថា៖ «បងប្អូនអ្នករាល់គ្នាអើយ សូមស្តាប់ខ្ញុំសិន 14លោកស៊ីម៉ូនបានរៀបរាប់អំពីរបៀបដែលព្រះប្រោសពួកសាសន៍ដទៃពីដំបូង ដើម្បីរើសយកប្រជារាស្ត្រមួយពីចំណោមពួកគេ ទុកសម្រាប់ព្រះនាមព្រះអង្គ 15ហើយទំនាយរបស់ពួកហោរាក៏ត្រូវនឹងដំណើរនោះដែរ ដូចមានសេចក្តីចែងទុកមកថា៖ 16"ក្រោយការនោះមក យើងនឹងត្រឡប់មកវិញ ហើយយើងនឹងសង់លំនៅរបស់ដាវីឌដែលរលំនោះឡើងវិញ យើងនឹងសង់កន្លែងខូចបង់ ហើយយើងនឹងតាំងឡើងវិញ 17ដើម្បីឲ្យមនុស្សដែលនៅសល់បានស្វែងរកព្រះអម្ចាស់ ព្រមទាំងសាសន៍ដទៃទាំងប៉ុន្មាន ដែលបានហៅតាមឈ្មោះយើងដែរ នេះហើយជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលធ្វើការទាំងនេះ 18ទ្រង់បានជ្រាបតាំងពីអស់កល្បរៀងមក" ។ 19ដូច្នេះ ខ្ញុំយល់ឃើញថា មិនគួរធ្វើឲ្យពួកសាសន៍ដទៃ ដែលងាកបែរមករកព្រះវិញនោះ មានចិត្តខ្វល់ឡើយ 20គឺយើងគួរសរសេរទៅប្រាប់គេ ឲ្យចៀសវាងត្រឹមតែម្ហូបអាហារដែលសែនបានដល់រូបព្រះ ដែលនាំឲ្យស្មោកគ្រោក អំពើសហាយស្មន់ សត្វដែលសម្លាប់ដោយច្របាច់ក និងឈាមប៉ុណ្ណោះបានហើយ 21ព្រោះតាំងពីចាស់បុរាណមក គេប្រកាសពីលោកម៉ូសេនៅគ្រប់ទីក្រុងទាំងអស់ ហើយក៏បានអានរាល់ថ្ងៃសប្ប័ទ នៅក្នុងសាលាប្រជុំដែរ»។
សំបុត្ររបស់ក្រុមប្រឹក្សាផ្ញើទៅជូនសាសន៍ដទៃជាអ្នកជឿ
22ពេលនោះ ពួកសាវក និងពួកចាស់ទុំ ព្រមទាំងក្រុមជំនុំទាំងមូលបានយល់ព្រម ដោយសម្រេចជ្រើសរើសមនុស្សក្នុងចំណោមពួកគេ ដើម្បីចាត់ឲ្យទៅក្រុងអាន់ទីយ៉ូក ជាមួយលោកប៉ុល និងលោកបាណាបាស។ គេបានចាត់យូដាស ដែលហៅថា បាសាបាស និងស៊ីឡាស ជាអ្នកនាំមុខក្នុងចំណោមពួកបងប្អូន 23ឲ្យនាំយកសំបុត្រ ដែលមានសេចក្ដីដូចតទៅ៖ «យើងខ្ញុំ ជាសាវក ជាចាស់ទុំ និងជាពួកបងប្អូន សូមជម្រាបសួរដល់ពួកបងប្អូនជាសាសន៍ដទៃ ដែលនៅក្រុងអាន់ទីយ៉ូក ស្រុកស៊ីរី និងស្រុកគីលីគា។ 24ដោយយើងខ្ញុំបានឮថា មានអ្នកខ្លះចេញពីពួកយើងខ្ញុំមក នាំឲ្យអ្នករាល់គ្នាខ្វល់ចិត្តដោយពាក្យសម្ដី បណ្ដាលឲ្យអ្នករាល់គ្នាវិលវល់គំនិត តែយើងខ្ញុំមិនបានបង្គាប់គេទេ 25យើងខ្ញុំបានព្រមព្រៀងគ្នាថានឹងជ្រើសរើសអ្នកខ្លះ ចាត់មកជួបអ្នករាល់គ្នា ជាមួយលោកបាណាបាស និងលោកប៉ុល ជាស្ងួនភ្ងារបស់យើង 26ជាអ្នកដែលបានប្រថុយជីវិត ដោយព្រោះព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទនៃយើង។ 27ហេតុនេះ យើងខ្ញុំបានចាត់លោកយូដាស និងលោកស៊ីឡាសមក ដើម្បីជម្រាបអ្នករាល់គ្នាពីសេចក្ដីដដែលនេះ ដោយផ្ទាល់មាត់។ 28ដ្បិតព្រះវិញ្ញាណបរិសុទ្ធ និងយើងខ្ញុំយល់ឃើញថា មិនគួរនឹងដាក់បន្ទុកអ្វីទៀតលើអ្នករាល់គ្នា ក្រៅពីសេចក្តីទាំងនេះដែលត្រូវប្រតិបត្តិតាមនោះឡើយ 29គឺឲ្យចៀសវាងតែម្ហូបអាហារដែលបានសែនដល់រូបព្រះ ឈាម សត្វដែលសម្លាប់ដោយច្របាច់ក និងអំពើសហាយស្មន់។ ប្រសិនបើអ្នករាល់គ្នាចៀសវាងរបស់ទាំងនេះបាន នោះប្រពៃហើយ។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខ»។
30ដូច្នេះ កាលក្រុមជំនុំបានចាត់អ្នកទាំងនោះឲ្យចេញទៅ គេបានចុះទៅក្រុងអាន់ទីយ៉ូក ហើយក្រោយពីបានប្រមូលក្រុមជំនុំមកជួបជុំគ្នាហើយ គេក៏ប្រគល់សំបុត្រនោះជូន។ 31លុះគេបានអានសំបុត្រនោះរួចហើយ គេក៏មានចិត្តរីករាយ ព្រោះមានការលើកទឹកចិត្តក្នុងសំបុត្រនោះ។ 32លោកយូដាស និងលោកស៊ីឡាស ដែលអ្នកទាំងពីរជាហោរាផងដែរ បានលើកទឹកចិត្ត និងបានពង្រឹងពួកបងប្អូនឲ្យមានចិត្តខ្ជាប់ខ្ជួន ដោយពាក្យជាច្រើន។ 33ក្រោយពីបាននៅទីនោះជាយូរបន្តិច ពួកបងប្អូនក៏ឲ្យអ្នកទាំងពីរ ត្រឡប់ទៅឯអស់អ្នកដែលបានចាត់ឲ្យមកនោះវិញ ដោយសុខសាន្ត។ 34[តែលោកស៊ីឡាសពេញចិត្តនៅទីនោះបន្តទៅទៀត។] 35រីឯលោកប៉ុល និងលោកបាណាបាស ក៏បានស្នាក់នៅក្រុងអាន់ទីយ៉ូក ទាំងបង្រៀន ហើយប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់ រួមជាមួយមនុស្សឯទៀតជាច្រើន។
លោកប៉ុល និងលោកបាណាបាសបែកផ្លូវគ្នា
36ប៉ុន្មានថ្ងៃក្រោយមក លោកប៉ុលមានប្រសាសន៍ទៅកាន់លោកបាណាបាសថា៖ «ចូរយើងត្រឡប់ទៅសួរសុខទុក្ខពួកបងប្អូន នៅតាមទីក្រុងទាំងប៉ុន្មាន ដែលយើងបានប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់ ដើម្បីឲ្យដឹងថាគេមានសុខទុក្ខយ៉ាងណា»។ 37លោកបាណាបាសចង់យកលោកយ៉ូហាន ដែលហៅថាម៉ាកុស ទៅជាមួយ។ 38ប៉ុន្ដែ លោកប៉ុលយល់ថា មិនគួរយកគាត់ទៅជាមួយទេ ព្រោះពេលមុន គាត់បានចាកចោលពួកលោក កាលពីនៅស្រុកប៉ាមភីលា មិនបានទៅធ្វើការជាមួយពួកលោកទេ ។ 39លោកទាំងពីរមានការខ្វែងគំនិតគ្នាជាខ្លាំង រហូតដល់ពួកលោកបែកផ្លូវគ្នា។ លោកបាណាបាសយកលោកម៉ាកុសទៅជាមួយ ហើយចុះសំពៅទៅកោះគីប្រុស 40តែលោកប៉ុលជ្រើសរើសយកលោកស៊ីឡាស ហើយចេញដំណើរទៅ ដោយមានពួកបងប្អូនផ្ទុកផ្តាក់ក្នុងព្រះគុណរបស់ព្រះអម្ចាស់។ 41លោកបានធ្វើដំណើររកាត់ស្រុកស៊ីរី និងស្រុកគីលីគា ទាំងពង្រឹងក្រុមជំនុំទាំងប៉ុន្មានឲ្យបានខ្ជាប់ខ្ជួនឡើង។
ទើបបានជ្រើសរើសហើយ៖
កិច្ចការ 15: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies