ចោទិយ‌កថា 25

25
1ប្រសិន‌បើ​មាន​មនុស្ស​ទាស់‌ទែង​គ្នា ហើយ​គេ​ឡើង​ទៅ​តុលា​ការ រួច​ចៅ‌ក្រម​កាត់​ក្តី​ឲ្យ​ពួក‌គេ ដោយ​ប្រកាស​ថា ម្នាក់​គ្មាន​ទោស ហើយ​ម្នាក់​ទៀត​មាន​ទោស 2រួច​ប្រសិន‌បើ​អ្នក​មាន​ទោស​នោះ​សម​នឹងត្រូវ​រំពាត់ នោះ​ចៅ‌ក្រម​ត្រូវ​ឲ្យ​អ្នក​នោះ​ដេក ហើយ​ឲ្យ​គេ​វាយ​នៅ​ចំពោះ​មុខ​លោក ឲ្យ​គ្រប់​ចំនួន​រំពាត់​ដែល​សម​នឹង​ទោស​របស់​អ្នក​នោះ។ 3គេ​អាច​វាយ​អ្នក​នោះ មិន​ឲ្យ​លើស​ពី​សែ​សិប​រំពាត់​ឡើយ ហើយ​ប្រសិន‌បើ​គេ​វាយ​គាត់​លើល​ពីនោះ ក្រែង​បង​ប្អូន​របស់​អ្នក​ត្រូវ​អាប់​ឱន​កិត្តិយស​នៅ​ចំពោះ​មុខ​អ្នក។
4មិន​ត្រូវ​ឃ្លុំ​មាត់​គោ​ដែល​កំពុង​បញ្ជាន់​ស្រូវ​ឡើយ»។
ការ​រៀប​ការ​ជា‌មួយ​បង​ថ្លៃ​ជា​ស្ត្រី​មេម៉ាយ​ដែល​គ្មាន​កូន
5«ប្រសិន‌បើ​បង​ប្អូន​ប្រុស​ៗ​នៅ​ជា‌មួយ​គ្នា ហើយ​ម្នាក់​ស្លាប់​ទៅ​ដោយ​គ្មាន​កូន​ប្រុស នោះ​ប្រពន្ធ​របស់​អ្នក​ដែល​ស្លាប់ មិន​ត្រូវ​រៀប​ការ​ជា‌មួយ​អ្នក​ដទៃ​ក្រៅ​ពីគ្រួសារ​នោះ​ឡើយ។ ប្អូន​ថ្លៃ​របស់​នាង​ត្រូវ​ចូល​ទៅ​ឯ​នាង ហើយ​យក​នាង​ជា​ប្រពន្ធ រួច​បំពេញ​កាតព្វកិច្ច តាម​ការ​ដែល​ប្អូន​ថ្លៃ​ត្រូវ​ធ្វើចំពោះនាង។ 6កូន​ប្រុស​ដំបូង​ដែល​នាង​បង្កើត​មក ត្រូវ​បន្ត​ឈ្មោះ​ឲ្យ​បង​ប្រុស​ដែល​បាន​ស្លាប់​ទៅ​ហើយ​នោះ ដើម្បី​កុំ​ឲ្យ​ឈ្មោះ​របស់​គាត់​បាត់​ពី​ចំណោម​សាសន៍​អ៊ីស្រា‌អែល។ 7ប៉ុន្ដែ ប្រសិន‌បើ​អ្នក​នោះ​មិន​ចង់​យក​ប្រពន្ធ​របស់​បង​ប្រុស​ខ្លួន​ទេ នាង​ត្រូវ​ចូល​ទៅ​ជួប​ពួក​ចាស់‌ទុំ ត្រង់​ទ្វារ​ក្រុង ហើយ​ជម្រាប​ថា "ប្អូន​ថ្លៃ​នាង​ខ្ញុំ​មិន​ព្រមរក្សា​ឈ្មោះ​ឲ្យ​បង​ប្រុស​របស់​ខ្លួន នៅ​គង់​វង្ស​ក្នុង​សាសន៍​អ៊ីស្រា‌អែល​ទេ។ គាត់​មិន​ចង់​បំពេញ​កាតព្វកិច្ច តាម​ការ​ដែល​ប្អូន​ថ្លៃ​ត្រូវ​ធ្វើ​ចំពោះ​នាង​ខ្ញុំ​ឡើយ"។ 8ពេល​នោះ ពួក​ចាស់‌ទុំ​របស់​ក្រុង​នោះ ត្រូវ​ហៅ​អ្នក​នោះ​មក​សួរ ហើយ​បើ​គាត់​នៅ​តែ​ថា "ខ្ញុំ​មិន​ចង់​យក​នាង​ទេ" 9នោះ​បង​ថ្លៃ​ត្រូវ​ចូល​ទៅ​ជិត​អ្នក​នោះ នៅ​ចំពោះ​មុខ​ពួក​ចាស់‌ទុំ ដោះ​ស្បែក​ជើង​ចេញ​ពី​ជើង​របស់​គាត់ រួច​ស្តោះ​ទឹក​មាត់​ដាក់​មុខ​គាត់ ហើយ​ប្រកាស​ថា "មនុស្សដែល​មិន​ព្រម​បន្ត​ពូជ​ឲ្យ​បង​ប្រុស​របស់​ខ្លួន ត្រូវ​តែ​ប្រព្រឹត្ត​ដូច្នេះ​ឯង"។ 10រួច​នៅ​ក្នុង​សាសន៍​អ៊ីស្រា‌អែល គេ​នឹង​ដាក់​ឈ្មោះ​គ្រួសារ​របស់​អ្នក​នោះ​ថា "ពូជ​របស់​អ្នក​ដែល​ត្រូវ​គេ​ដោះ​ស្បែក​ជើង​ចេញ"»។
បទ​បញ្ជា​ផ្សេងៗ
11«នៅ​ពេល​បុរស​កំពុង​ប្រវាយ​តប់​គ្នា ហើយ​ប្រពន្ធ​របស់​បុរស​ម្នាក់ ចូល​មក​ជួយ​សង្គ្រោះ​ប្តី​របស់​ខ្លួន​ពី​កណ្ដាប់​ដៃ​របស់​អ្នក​ដែល​វាយ រួច​នាង​លូក​ដៃ​ទៅ​ចាប់​ត្រង់​កេរ‌ខ្មាស​របស់​អ្នក​នោះ 12នោះ​ត្រូវ​ឲ្យ​កាប់​ដៃ​នាង​ចេញ មិន​ត្រូវ​ឲ្យ​ភ្នែក​របស់​អ្នក​អាណិត​មេត្តា​នាង​ឡើយ។
13ក្នុង​ថង់​របស់​អ្នក​មិន​ត្រូវ​មាន​កូន​ជញ្ជីង​ពីរ​ប្រភេទ គឺ​មួយ​ធ្ងន់ មួយ​ស្រាល​ឡើយ 14ក៏​មិន​ត្រូវ​មាន​រង្វាល់​ពីរ​ប្រភេទ មួយ​ធំ មួយ​តូច នៅ​ក្នុង​ផ្ទះ​អ្នក​ដែរ 15ត្រូវ​មាន​កូន​ជញ្ជីង​ត្រឹម‌ត្រូវ​ពេញ​ទម្ងន់ និង​រង្វាល់​ត្រឹម‌ត្រូវ​ពេញ​ខ្នាត ដើម្បី​ឲ្យអ្នក​មាន​អាយុ​យឺន​យូរ នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ប្រទាន​ឲ្យ។ 16ដ្បិត​អស់​អ្នក​ណា​ដែល​ប្រព្រឹត្ត​ការ​ដូច្នោះ គឺ​អស់​អ្នក​ដែល​ប្រព្រឹត្ត​មិន​ទៀង​ត្រង់ ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក។
17ចូរ​នឹក​ចាំ​ពី​ការ​ដែល​សាសន៍​អាម៉ាឡេក​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក​នៅ​តាម​ផ្លូវ ពេល​អ្នក​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ 18គេ​បាន​មក​ទាស់​នឹង​អ្នក​នៅ​តាម​ផ្លូវ នៅ​ពេល​អ្នក​អស់​កម្លាំង ហើយ​ល្វើយ គេ​បាន​វាយកាត់​ពួក​អ្នក​ដើរ​យឺត​ជាង​គេ​នៅ​ខាង​ក្រោយ គេ​មិន​កោត‌ខ្លាច​ព្រះ​សោះ។ 19ដូច្នេះ កាល​ណា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​ប្រទាន​ឲ្យ​អ្នក​ឈប់​សម្រាក ពី​អស់​ទាំង​ខ្មាំង‌សត្រូវ​របស់​អ្នក​ដែល​នៅ​ជុំ‌វិញ​អ្នក ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យអ្នក​កាន់​កាប់​ជា​មត៌ក នោះ​ត្រូវ​ឲ្យ​លុប​ការ​នឹក​ចាំ​របស់​សាសន៍​អាម៉ាឡេក​ចេញពី​ក្រោម​មេឃ។ ចូរ​កុំ​ភ្លេច​ឲ្យ​សោះ»។

ទើបបានជ្រើសរើសហើយ៖

ចោទិយ‌កថា 25: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល