អេ‌សេ‌គាល 17

17
ប្រស្នា​អំពី​ដើម​តា‌ត្រៅ និង​សត្វ​ឥន្ទ្រី
1ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖ 2«កូន​មនុស្ស​អើយ ចូរ​ដាក់​ប្រស្នា ហើយ​ពោល​សេចក្ដី​ប្រៀប‌ធៀប​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល​ថា 3ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ
មាន​សត្វ​ឥន្ទ្រី​យ៉ាង​ធំ ពេញ​ដោយ​ស្លាប​គ្រប់​ពណ៌
ដែល​មាន​ចំអេង​ស្លាប​ធំ ហើយ​វែង
វា​ហើរ​មក​ដល់​ព្រៃ​ល្បាណូន
កាច់​យក​ចុង​ដើម​តា‌ត្រៅ​មួយ
4វា​កាច់​យក​លំពង់
នៅ​ចុង​បំផុត​នៃ​ដើម​នោះ​យក​ទៅ​ដល់​ស្រុក​ជំនួញ
ដាក់​ទៅ​ក្នុង​ទី​ក្រុង​នៃ​មនុស្ស​ជួញ​ប្រែ។
5វា​ក៏​យក​ពូជ​ពង្រោះ​ពី​ស្រុក​នោះ
ទៅ​ព្រោះ​នៅ​ក្នុង​ដី​ដុះ‌ដាល
គឺ​បាន​ដាំ​នៅ​ក្បែរ​ទឹក​ធំ ដូច​ជា​ដើម​ចាក
6ដើម​នោះ​ក៏​ដុះ​ឡើង
ត្រឡប់​ជា​ដើម​ទំពាំង‌បាយ‌ជូរ​លូត‌លាស់​ទាបៗ
ដែល​ខ្នែង​ក៏​បែរ​មក​ខាង​ឥន្ទ្រី​នោះ
ឯ​ឫស​ក៏​នៅ​ពី​ក្រោម​វា​ដែរ
ដូច្នេះ ដើម​នោះ​បាន​ត្រឡប់​ជា​ដើម​ទំពាំង‌បាយ‌ជូរ
ក៏​បែក​ខ្នែង ហើយ​ចេញ​ត្រួយ​ផង។
7មាន​សត្វ​ឥន្ទ្រី​ធំ​មួយ​ទៀត​មាន​ស្លាប​ច្រើន
ហើយ​ចំអេង​ស្លាប​យ៉ាង​ធំ រីឯ​ដើម​ទំពាំង‌បាយ‌ជូរ
នោះ​បាន​បត់​ឫស​ពី​ដី​ដែល​ដាំ​នោះ​ទៅ​ខាង​វា​វិញ
ហើយ​បោះ​មែក​ចេញ​ទៅ​ខាង​វា​ដែរ
ដើម្បី​ឲ្យ​វា​បាន​ស្រោច​ទឹក។
8ដើម​នោះ​បាន​ដាំ​ក្នុង​ដី​ល្អ​នៅ​ក្បែរ​ទឹក​ធំ
ដើម្បី​ឲ្យ​បាន​បែក​ខ្នែង ហើយ​កើត​ផល​ផ្លែ
ប្រយោជន៍​ឲ្យ​បាន​ជា​ដើម​ទំពាំង‌បាយ‌ជូរ​យ៉ាង​ល្អ។
9អ្នក​ត្រូវពោល​ថា
ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ
តើ​ដើម​នោះ​នឹង​ចម្រើន​ឡើង​បាន​ឬ?
តើ​ឥន្ទ្រី​ទី​មួយ​មិន​ដក​រំលើង​ទាំង​ឫស
ហើយ​កាត់​ផ្លែ​ចេញ​ឲ្យ​បាន​ស្វិត​ទៅ
ហើយ​ឲ្យ​អស់​ទាំង​ស្លឹក​ខ្ចីៗ​បាន​ក្រៀម​ទៅ​ដែរ​ទេ​ឬ?
គឺ​មិន​ចាំ​បាច់​មាន​ដៃ​ខ្លាំង​ពូកែ
ឬ​មនុស្ស​ជា​ច្រើន​មក​ដក​រំលើង​ឫស​របស់​វា​ឡើយ។
10មើល៍! ដែល​បាន​ដាំ​ដូច្នេះ​ហើយ
តើ​ចម្រើន​ឡើង​បាន​ឬ?
តើ​មិន​ស្វិត​ក្រៀម​ទៅ​ទាំង​អស់
ដោយ​គ្រាន់​តែ​មាន​ខ្យល់​ពី​ខាង​កើត
បក់​មក​ប៉ះ​ត្រូវ​ទេ​ឬ?
វា​នឹង​ត្រូវ​ស្វិត​ក្រៀម​នៅ​កន្លែង​ដែល​ដុះ​នោះ»។
11ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ម្តង​ទៀត​ថា៖ 12«ចូរ​សួរ​ដល់​ពួក​វង្ស​រឹង​ចចេស​នោះ​ថា តើ​អ្នក​រាល់​គ្នា​មិន​យល់​ន័យ​សេចក្ដី​ទាំង​នេះ​ទេ​ឬ? ចូរ​ប្រាប់​គេ​ថា ស្តេច​បាប៊ីឡូន​បាន​មក​ដល់​ក្រុង​យេរូ‌សាឡិម កៀរ​យក​ទាំង​ស្តេច និង​ពួក​ចៅ‌ហ្វាយ​ទី​ក្រុង នាំ​ទៅ​ជា‌មួយ​ដល់​ក្រុង​បាប៊ី‌ឡូន។ 13ស្ដេច​បាប៊ីឡូន​ក៏​រើស​យក​ពូជ​ស្តេច​មួយ​អង្គ​មក​តាំង​សញ្ញា​នឹង​គ្នា ហើយ​ក៏​ចាប់​ឲ្យ​ស្បថ (រួច​នាំ​ពួក​អ្នក​ខ្លាំង​ពូកែ​ក្នុង​ស្រុក​ចេញ​ទៅ) 14ដើម្បី​ឲ្យ​រាជ្យ​នោះ​បាន​ទាប​ថោក ឥត​ដែល​ងើប​ឡើង​ទៀត​បាន​ឡើយ តែ​ឲ្យ​បាន​ជាប់​នៅ ដោយ​ការ​រក្សា​សញ្ញា​នោះ។ 15ប៉ុន្តែ ស្តេច​បាន​បះ‌បោរ​នឹង​ព្រះ‌អង្គ​វិញ ដោយ​ចាត់​រាជ‌ទូត​ទៅ​ស្រុក​អេស៊ីព្ទ ដើម្បី​ឲ្យ​គេ​បាន​ឲ្យ​សេះ និង​ពល‌ទ័ព​មក​ជា​ច្រើន ដូច្នេះ តើ​នឹង​ចម្រើន​ឡើង​បាន​ឬ? តើ​អ្នក​ដែល​ប្រព្រឹត្ត​ដូច្នេះ​រួច​ខ្លួន​ឬ? តើ​អាច​ផ្តាច់​សេចក្ដី​សញ្ញា ហើយ​រួច​ខ្លួន​បាន​ឬ? 16ព្រះ‌អម្ចាស់‌យេហូវ៉ា​ស្បថ​ថា ដូច​ជា​យើង​រស់​នៅ នោះ​ប្រាកដ​ជា​ស្តេច​នឹង​ត្រូវ​ស្លាប់ នៅ​កន្លែងក្នុង​ស្រុក​ដែល​បាន​តាំង​ទ្រង់​ឡើង​ឲ្យ​សោយ‌រាជ្យ ដែល​ទ្រង់​បាន​មើល‌ងាយ​ពាក្យ​សម្បថ ហើយ​ផ្តាច់​សេចក្ដី​សញ្ញា​របស់​ស្តេច​នោះ គឺ​នឹង​ត្រូវ​ស្លាប់ នៅ​កណ្ដាល​ក្រុង​បាប៊ីឡូន​ជិត​ស្តេច​នោះ។ 17ផារ៉ោន និង​ពល‌ទ័ព​ដ៏​ខ្លាំង​ពូកែ​នឹង​មិន​មក​ជួយ​ក្នុង​ចម្បាំង ដោយ​មាន​គ្នា​សន្ធឹក​របស់​ព្រះ‌អង្គ ក្នុង​កាល​ដែល​គេ​ជីក​ស្នាម​ភ្លោះ ហើយ​ធ្វើ​ប៉ម​បុក​ទម្លាយ​កំផែង ដើម្បី​នឹង​កាត់​ជីវិត​មនុស្ស​ជា​ច្រើន​ចេញ​នោះ​ដែរ។ 18ដ្បិត​ស្តេច​បាន​មើល‌ងាយ​ពាក្យ​សម្បថ ដោយ​ផ្តាច់​សេចក្ដី​សញ្ញា​នោះ​ចេញ ហើយ​មើល៍ ព្រះ‌អង្គ​ក៏​ចាប់​ដៃ​ស្បថ​ផង តែ​បាន​ធ្វើ​ការ​យ៉ាង​ដូច្នេះ​វិញ ដូច្នេះ តើ​នឹង​រួច​ខ្លួន​ឬ? 19ហេតុ​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា​ស្បថ​ថា ដូច​ជា​យើង​រស់​នៅ នោះ​ប្រាកដ​ជា​យើង​នឹង​ទម្លាក់​ពាក្យ​សម្បថ​របស់​យើង ដែលគេ​បាន​មើល‌ងាយ និង​សេចក្ដី​សញ្ញា​របស់​យើង ដែល​គេ​បាន​ផ្តាច់​ចេញ​នោះ ទៅ​លើ​ក្បាល​គេ​វិញ។ 20យើង​នឹង​លាត​មង​យើង​ទៅ​លើ​គេ ហើយ​នឹង​ត្រូវ​ជាប់​នៅ​ក្នុង​អន្ទាក់​របស់​យើង យើង​នឹង​នាំ​គេ​ទៅ​ក្រុង​បាប៊ីឡូន ហើយ​នឹង​មាន​រឿង​នៅ​ទី​នោះ ដោយ​ព្រោះ​អំពើ​រំលង​ដែល​គេ​បាន​ប្រព្រឹត្ត​នឹង​យើង។ 21អស់​អ្នកដែល​ចំណានៗ ទាំង​ប៉ុន្មាន​ក្នុង​កង‌ទ័ពរបស់​គេ នឹង​ត្រូវ​ដួល​ដោយ​ដាវ ឯ​ពួក​អ្នក​ដែល​សល់​នៅ គេ​នឹង​ត្រូវ​ខ្ចាត់‌ខ្ចាយ​ទៅ​គ្រប់​កន្លែង នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​គឺ​យេហូវ៉ា យើង​បាន​ប្រកាស​ហើយ»។
22ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា
យើង​នឹង​កាច់​យក​ចុង​ដើម​តា‌ត្រៅ​យ៉ាង​ខ្ពស់
ទៅ​ដាំ​ចុះ
យើង​នឹង​កាច់​យក​លំពង់​មួយ​យ៉ាង​ទន់
ពី​ចុង​បំផុត​របស់​ដើម​នោះ​ទៅ​ដាំ
នៅ​លើ​កំពូល​ភ្នំ​យ៉ាង​ខ្ពស់។
23គឺ​យើង​នឹង​ដាំ​នៅ​លើ​ភ្នំ​យ៉ាង​ខ្ពស់​នៃ​ស្រុក​អ៊ីស្រា‌អែល
ដើម​នោះ​នឹង​បោះ​មែក ហើយ​កើត​ផល
ព្រម​ទាំង​ត្រឡប់​ទៅ​ជា​ដើម​តា‌ត្រៅ​យ៉ាង​ល្អ
អស់​ទាំង​សត្វ​ស្លាប​គ្រប់​មុខ
នឹង​ជ្រក​នៅ​ក្រោម ហើយ​ធ្វើ​សម្បុក
នៅ​ក្រោម​ម្លប់​នៃ​មែក​វា។
24ដូច្នេះ អស់​ទាំង​ដើម​ឈើ​នៅ​ផែន‌ដី​នឹង​ដឹង​ថា
យើង គឺ​យេហូវ៉ា
យើង​បាន​បន្ទាប​ដើម​ឈើ​ខ្ពស់​ចុះ​មក
ហើយ​បាន​តម្កើង​ដើម​ឈើ​ទាប​ឡើង​វិញ
យើង​បាន​ធ្វើ​ឲ្យ​ដើម​ឈើ​ខ្ចី​ស្វិត​ក្រៀម​ទៅ
ហើយ​ឲ្យ​ដើម​ឈើ
ដែល​ស្វិត​ក្រៀម​បាន​ប៉ិច​ឡើង​វិញ
គឺ​យើង យេហូវ៉ា​នេះ​ហើយ
ដែល​បាន​ចេញ​វាចា ព្រម​ទាំង​ធ្វើ​ការ​នេះ»។

ទើបបានជ្រើសរើសហើយ៖

អេ‌សេ‌គាល 17: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល