អេសេគាល 23
23
អូហូឡា និងអូហូលីបា
1ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ 2«កូនមនុស្សអើយ ពីដើមមានស្រីពីរនាក់ពោះមួយនឹងគ្នា។ 3គេបានធ្វើពេស្យា នៅស្រុកអេស៊ីព្ទ គេបានធ្វើពេស្យាពីកាលនៅក្មេង នៅស្រុកនោះ មនុស្សបានចាប់ដោះគេ នៅទីនោះបានអង្អែលដោះនៃវ័យក្រមុំរបស់គេ។ 4ឯនាងទាំងពីរនោះ បងឈ្មោះថា អូហូឡា ហើយប្អូនឈ្មោះអូហូលីបា គេក៏ត្រឡប់ជារបស់យើង ហើយបង្កើតបានកូនប្រុស និងកូនស្រី ចំណែកឈ្មោះគេនោះ អូហូឡា គឺជាក្រុងសាម៉ារី ហើយអូហូលីបា គឺជាក្រុងយេរូសាឡិម។
5ឯអូហូឡា នាងក៏ធ្វើជាពេស្យា ក្នុងកាលដែលធ្វើជាប្រពន្ធរបស់យើង វាជាប់ចិត្តនឹងសហាយវា គឺសាសន៍អាសស៊ើរ ជាទាហាន 6ជាពួកអ្នកដែលស្លៀកពាក់ដោយសំពត់ពណ៌ខៀវ សុទ្ធតែជាចៅហ្វាយ ហើយជាអ្នកគ្រប់គ្រង ជាពួកកំលោះដែលចាប់ចិត្ត ហើយក៏ជិះសេះគ្រប់គ្នា។ 7វាធ្វើពេស្យានឹងគេ ដែលសុទ្ធតែជាមនុស្សជ្រើសរើសក្នុងសាសន៍អាសស៊ើរ ហើយវាក៏ធ្វើឲ្យខ្លួនទៅជាស្មោកគ្រោក ដោយរូបព្រះរបស់អស់អ្នកដែលវាជាប់ចិត្តស្រឡាញ់នោះ។ 8វាមិនលះលែងការកំផិត ដែលវាបានធ្វើតាំងពីនៅស្រុកអេស៊ីព្ទមកនោះទេ ដ្បិតកាលវានៅក្មេងនៅឡើយ គេបានរួមដំណេកនឹងវា ហើយបានអង្អែលដោះនៃវ័យក្រមុំរបស់វា ព្រមទាំងចាក់ការកំផិតរបស់គេទៅលើវា។ 9ហេតុនោះ យើងបានប្រគល់វាទៅក្នុងកណ្ដាប់ដៃនៃពួកសហាយវា គឺក្នុងកណ្ដាប់ដៃនៃពួកសាសន៍អាសស៊ើរ ដែលវាបានជាប់ចិត្តស្រឡាញ់នោះ។ 10គេបានបើកកេរខ្មាសរបស់វា ហើយចាប់យកកូនប្រុសកូនស្រីរបស់វា ព្រមទាំងសម្លាប់ខ្លួនវាដោយដាវផង រួចវាល្បីឈ្មោះនៅក្នុងពួកស្រីៗ ដ្បិតគេបានសម្រេចទោសដល់វា។ 11ឯអូហូលីបា ជាប្អូន ក៏ឃើញដូច្នោះដែរ ប៉ុន្តែ បានប្រព្រឹត្តខូចអាក្រក់ជាងទៅទៀត ដោយជាប់ចិត្តស្រឡាញ់គេ ហើយដោយការពេស្យារបស់វា ដែលលើសជាងការពេស្យារបស់បងខ្លួន។ 12វាជាប់ចិត្តស្រឡាញ់ពួកសាសន៍អាសស៊ើរ ជាពួកចៅហ្វាយ គឺជាពួកអ្នកគ្រប់គ្រងដែលនៅជិតខាងវា ជាពួកដែលស្លៀកពាក់ដោយរុងរឿង ហើយជិះសេះ សុទ្ធតែជាពួកកំលោះយ៉ាងចាប់ចិត្ត។ 13យើងក៏បានឃើញថា វាត្រូវស្មោកគ្រោកដែរ បងប្អូនពីរនាក់បានដើរតាមផ្លូវតែមួយ។ 14ប៉ុន្តែ ប្អូនបានចម្រើនការពេស្យារបស់ខ្លួនជាច្រើនឡើង ដ្បិតវាបានឃើញរូបមនុស្សដែលបានគូរនៅជញ្ជាំង គឺជារូបពួកសាសន៍ខាល់ដេ ដែលគូរដោយពណ៌ក្រហម 15មានទាំងខ្សែក្រវាត់នៅចង្កេះ ហើយក្បាលជួតដោយឈ្នួលមានរំភាយសំយុងចុះ គ្រប់គ្នាមានភាពមើលទៅដូចជាកូនស្តេច តាមបែបពួកក្រុងបាប៊ីឡូន ក្នុងស្រុកខាល់ដេ ជាស្រុកកំណើតរបស់គេ។ 16កាលវាបានឃើញគេ ក៏ជាប់ចិត្តស្រឡាញ់ភ្លាម ហើយបានចាត់ទូតទៅឯគេ ក្នុងស្រុកខាល់ដេ។ 17ពួកក្រុងបាប៊ីឡូនក៏មក រួមដំណេកដោយស្រឡាញ់ គេក៏ធ្វើឲ្យវាស្មោកគ្រោកដោយការកំផិតរបស់គេ វាបានសៅហ្មងដោយសារគេ រួចចិត្តវាក៏ណាយចេញពីគេវិញ។ 18គឺយ៉ាងនោះដែលវាបានបើកអំពើកំផិតរបស់វា ហើយបើកកេរខ្មាសឲ្យឃើញ ដូច្នេះ ចិត្តយើងក៏ជិនណាយពីវា ដូចជាបានជិនណាយពីបងវាដែរ 19ប៉ុន្តែ វាចេះតែចម្រើនការពេស្យារបស់វាឡើងទៀត ដោយរឭកពីកាលនៅក្មេងនៅឡើយ ជាគ្រាដែលបានធ្វើពេស្យានៅក្នុងស្រុកអេស៊ីព្ទនោះ 20វាជាប់ចិត្តស្រឡាញ់សហាយវា ដែលមានសាច់ដូចជាសាច់នៃសត្វលា ហើយទឹកកាមក៏ដូចជាទឹកកាមរបស់សេះ 21គឺយ៉ាងនេះ ដែលអ្នកចង់ប្រព្រឹត្តតាមតណ្ហាវ័យក្មេងរបស់អ្នក កាលពួកអេស៊ីព្ទបានប៉ះពាល់ដើមទ្រូង ហើយច្របាច់ដោះវ័យក្រមុំរបស់អ្នក។
22ហេតុនោះ ឱអូហូលីបាអើយ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា យើងនឹងដាស់ពួកសហាយអ្នក ដែលអ្នកបានណាយចិត្តពីគេនោះ ឲ្យមកទាស់នឹងអ្នក យើងនឹងនាំគេមកទាស់នឹងអ្នកនៅគ្រប់ទិស។ 23គឺជាពួកក្រុងបាប៊ីឡូន ពួកខាល់ដេទាំងប៉ុន្មាន ពួកពេកូឌ ពួកសូអា និងពួកកូអា ព្រមទាំងពួកអាសស៊ើរជាមួយគេដែរ ជាពួកកំលោះគួរចាប់ចិត្ត ជាពួកចៅហ្វាយ ជាពួកអ្នកគ្រប់គ្រងទាំងអស់គ្នា ព្រមទាំងពួកកូនស្តេច និងមនុស្សល្បីឈ្មោះ គ្រប់គ្នាសុទ្ធតែជិះសេះទាំងអស់។ 24គេនឹងលើកគ្នាមកទាស់នឹងអ្នក ទាំងមានគ្រឿងសស្ត្រាវុធ រទេះ និងយន្តចម្បាំង ព្រមទាំងនាំកងទ័ពមកជាច្រើន ពួកទាំងនោះនឹងតម្រៀបគ្នានៅជុំវិញអ្នក ទាំងកាន់ខែលធំខែលតូច និងពាក់មួកសឹកផង រួចយើងនឹងប្រគល់ការជំនុំជម្រះដល់គេ គេនឹងជំនុំជម្រះអ្នកតាមច្បាប់របស់គេ។ 25យើងនឹងតាំងសេចក្ដីប្រចណ្ឌរបស់យើងទាស់នឹងអ្នក ហើយគេនឹងប្រព្រឹត្តនឹងអ្នក ដោយសេចក្ដីឃោរឃៅ គេនឹងកាត់ច្រមុះ កាត់ត្រចៀកអ្នក ហើយសំណល់របស់អ្នកនឹងដួលដោយដាវ គេនឹងចាប់យកកូនប្រុសកូនស្រីរបស់អ្នកទៅ ពួកអ្នកដែលនៅសល់ នឹងត្រូវភ្លើងស៊ីបំផ្លាញ។ 26គេនឹងបកយកសម្លៀកបំពាក់អ្នក ហើយយកគ្រឿងលម្អរបស់អ្នកទៅដែរ។ 27គឺយ៉ាងនោះដែលយើងនឹងបំបាត់អំពើអាស្រូវបារាយណ៍ពីអ្នកចេញ ព្រមទាំងការពេស្យារបស់អ្នក ដែលជាប់មកពីស្រុកអេស៊ីព្ទ អ្នកនឹងមិនសំលៀងភ្នែកមើលទៅគេទៀតឡើយ ក៏មិនរឭកដល់ស្រុកអេស៊ីព្ទទៀតដែរ។ 28ដ្បិតព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា យើងនឹងប្រគល់អ្នកទៅក្នុងកណ្ដាប់ដៃនៃពួកអ្នកដែលអ្នកស្អប់ គឺទៅក្នុងកណ្ដាប់ដៃនៃពួកអ្នកដែលចិត្តអ្នកបានណាយចេញពីគេនោះ។ 29គេនឹងប្រព្រឹត្តចំពោះអ្នកដោយចិត្តស្អប់ គេនឹងដកយកអស់ទាំងផលរបស់អ្នកទៅ ទុកឲ្យអ្នកនៅជាអាក្រាត ហើយខ្លួនទទេ នោះសេចក្ដីអាម៉ាស់ខ្មាសនៃការកំផិតរបស់អ្នកនឹងបានបើកនៅចំហ ព្រមទាំងការអាស្រូវបារាយណ៍ និងការពេស្យារបស់អ្នកផង។
30ការទាំងនេះនឹងត្រូវធ្វើដល់អ្នក ដោយព្រោះអ្នកបានផិតតាមអស់ទាំងសាសន៍ដទៃ ហើយបានធ្វើឲ្យខ្លួនស្មោកគ្រោកដោយរូបព្រះរបស់គេ។ 31អ្នកបានប្រព្រឹត្តតាមកិរិយារបស់បងស្រីអ្នក ហេតុនោះ យើងនឹងឲ្យពែងរបស់បងអ្នកទៅក្នុងដៃអ្នកដែរ។ 32ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា
អ្នកនឹងត្រូវផឹកពីពែងរបស់បងស្រីអ្នក
ជាពែងយ៉ាងជ្រៅ ហើយធំ
អ្នកនឹងត្រូវគេសើចឡកឡឺយ
ហើយទុកជាទីមើលងាយ
ពែងនោះចំណុះជាច្រើន។
33អ្នកនឹងបានពេញដោយការស្រវឹង ហើយទុក្ខព្រួយ
គឺជាពែងនៃសេចក្ដីស្រឡាំងកាំង និងស្ងាត់ជ្រងំ
ជាពែងរបស់សាម៉ារីបងស្រីអ្នក។
34អ្នកនឹងត្រូវផឹកពីពែងនោះ ព្រមទាំងសម្រេងផង
រួចនឹងកកេរបំណែក ហើយហែកដោះអ្នកទៅ
ដ្បិតយើងនេះបានចេញវាចាហើយ
នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
35ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា៖
ដោយព្រោះអ្នកបានភ្លេចយើង
ព្រមទាំងបោះបង់យើងទៅក្រោយខ្នងអ្នកដូច្នេះ
នោះអ្នកត្រូវរងទ្រាំនឹងអំពើអាស្រូវបារាយណ៍
និងការកំផិតរបស់អ្នកចុះ»។
36ព្រះយេហូវ៉ាមានព្រះបន្ទូលនឹងខ្ញុំទៀតថា៖ «កូនមនុស្សអើយ តើអ្នកចង់ជំនុំជម្រះអូហូឡា និងអូហូលីបាឬ? បើដូច្នេះ ចូររំឭកឲ្យនាងដឹងពីអំពើគួរស្អប់ខ្ពើមរបស់នាងចុះ។ 37ដ្បិតនាងបានប្រព្រឹត្តសេចក្ដីកំផិតហើយ ក៏មានឈាមប្រឡាក់នៅដៃនាងដែរ នាងបានផិតទៅតាមរូបព្រះរបស់ខ្លួន ហើយបានធ្វើឲ្យកូន ដែលនាងបង្កើតដល់យើង ឆ្លងកាត់ភ្លើង ថ្វាយដល់រូបព្រះទាំងនោះ ឲ្យវាត្រូវឆេះទៅ។ 38មួយទៀត នាងបានធ្វើការយ៉ាងនេះដល់យើង គឺបានធ្វើឲ្យទីបរិសុទ្ធរបស់យើងស្មោកគ្រោកទៅនៅថ្ងៃមួយនោះ ព្រមទាំងបង្អាប់ថ្ងៃសប្ប័ទរបស់យើងផង។ 39ដ្បិតកាលនាងបានសម្លាប់កូនរបស់ខ្លួន ថ្វាយដល់រូបព្រះទាំងនោះហើយ នៅថ្ងៃនោះ នាងក៏ចូលក្នុងទីបរិសុទ្ធរបស់យើង ដើម្បីនឹងបង្អាប់ទីនោះទៀត នាងបានប្រព្រឹត្តយ៉ាងដូច្នោះ នៅកណ្ដាលវិហាររបស់យើង។ 40មួយទៀត នាងបានចាត់ឲ្យទៅរកមនុស្សមកពីទីឆ្ងាយ ជាពួកអ្នកដែលបានចាត់ទូតទៅហៅ ហើយ ពួកនោះក៏មក នាងបានងូតទឹក ផាត់រង្វង់ភ្នែក ហើយតែងខ្លួនដោយគ្រឿងលម្អសម្រាប់ទទួលគេ។ 41នាងបានអង្គុយលើគ្រែដ៏រុងរឿង មានតុរៀបជាស្រេចនៅពីមុខ អ្នកក៏ដាក់កំញាន និងប្រេងរបស់យើងលើតុនោះ។ 42មានឮសូរសំឡេងរបស់មនុស្សយ៉ាងសន្ធឹក ដែលនៅដោយឥតកង្វល់ជាមួយនាង ក៏មានគេនាំពួកសេបា ពីទីរហោស្ថានមក ជាមួយមនុស្សកកកុញនោះ ពួកទាំងនោះបានបំពាក់កងនៅដៃនាង ហើយក្បាំងយ៉ាងល្អនៅលើក្បាល។
43ខ្ញុំបាននឹកពីនាង ដែលធ្លាប់ប្រព្រឹត្តសេចក្ដីកំផិតជាយូរមកហើយថា ឥឡូវនេះ មុខជាគេនឹងសហាយគ្នានឹងគ្នា។ 44គេក៏ចូលទៅឯនាង ដូចជាចូលទៅឯស្រីពេស្យា គឺយ៉ាងនោះដែលគេបានចូលទៅឯអូហូឡា និងអូហូលីបា ជាស្រីឥតខ្មាសនោះ។ 45ប៉ុន្តែ នឹងមានមនុស្សសុចរិតជំនុំជម្រះនាងទាំងពីរ តាមមាត្រាច្បាប់ដែលត្រូវខាងស្រីកំផិត ហើយតាមមាត្រាច្បាប់ត្រូវខាងស្រីដែលកម្ចាយឈាម ពីព្រោះនាងទាំងពីរជាស្រីកំផិត ហើយដៃគេក៏ប្រឡាក់ដោយឈាមផង។ 46ដ្បិតព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា យើងនឹងនាំមនុស្សមួយពួកឡើងមកទាស់នឹងនាង ហើយនឹងប្រគល់នាងទៅគេ ឲ្យត្រូវបៀតបៀន ហើយជិះជាន់។ 47ពួកមនុស្សទាំងនោះនឹងយកដុះថ្មគប់នាង ហើយសម្លាប់នាងដោយដាវ គេនឹងសម្លាប់កូនប្រុសកូនស្រីរបស់នាង ហើយដុតផ្ទះនាងចោល។ 48គឺយ៉ាងនោះដែលយើងនឹងបំបាត់ការអាស្រូវបារាយណ៍ចេញពីស្រុក ដើម្បីនឹងបង្រៀនពួកស្រីៗទាំងអស់ មិនឲ្យប្រព្រឹត្តតាមការអាស្រូវបារាយណ៍នាងតទៅ។ 49គេនឹងសងការអាស្រូវបារាយណ៍របស់នាងទៅលើនាងវិញ ហើយនាងនឹងត្រូវរងទ្រាំទោសនៃការគោរពដល់រូបព្រះរបស់នាងដែរ នោះនាងនឹងដឹងថា យើងនេះជាព្រះអម្ចាស់យេហូវ៉ាពិត»។
ទើបបានជ្រើសរើសហើយ៖
អេសេគាល 23: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies