អេសេគាល 43
43
ព្រះអម្ចាស់វិលត្រឡប់មកទីសក្ការៈរបស់ព្រះអង្គវិញ
1បន្ទាប់មក លោកនាំខ្ញុំទៅទ្វារកំផែង គឺជាទ្វារដែលបើកទៅទិសខាងកើត 2ហើយមើល៍! សិរីល្អរបស់ព្រះនៃសាសន៍អ៊ីស្រាអែល ក៏មកតាមផ្លូវពីទិសខាងកើត ព្រះសូរសៀងព្រះអង្គឮដូចជាសូរនៃទឹកច្រើន ហើយផែនដីបានភ្លឺ ដោយសារសិរីល្អរបស់ព្រះអង្គ។ 3ដូចជានិមិត្តដែលលេចមកឲ្យខ្ញុំឃើញ គឺដូចជានិមិត្តដែលខ្ញុំបានឃើញ ក្នុងកាលដែលខ្ញុំមក ដើម្បីបំផ្លាញទីក្រុង និមិត្តទាំងនោះ ដូចជានិមិត្តដែលខ្ញុំបានឃើញ នៅក្បែរទន្លេកេបារដែរ ដូច្នេះ ខ្ញុំក៏ដួលផ្កាប់មុខចុះ។ 4សិរីល្អនៃព្រះយេហូវ៉ាក៏ចូលទៅក្នុងព្រះវិហារ តាមផ្លូវនៃទ្វារកំផែងដែលបើកទៅទិសខាងកើត 5រួចព្រះវិញ្ញាណព្រះអង្គលើកខ្ញុំឡើងនាំទៅទីឯលានខាងក្នុង ហើយសិរីល្អនៃព្រះយេហូវ៉ាបាននៅពេញក្នុងព្រះវិហារ។
6ខណៈដែលបុរសនោះកំពុងឈរនៅក្បែរខ្ញុំ ខ្ញុំបានឮព្រះទ្រង់មានព្រះបន្ទូលមកខ្ញុំ ពីក្នុងព្រះវិហារ 7ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ នេះជាទីកន្លែងនៃបល្ល័ង្កយើង ហើយជាទីសម្រាប់បាតជើងយើង គឺជាកន្លែងដែលយើងនឹងនៅកណ្ដាលពួកកូនចៅអ៊ីស្រាអែលជារៀងរហូតតទៅ ហើយពួកវង្សអ៊ីស្រាអែលនឹងមិនដែលបង្អាប់ឈ្មោះបរិសុទ្ធរបស់យើងទៀត ទោះទាំងខ្លួនគេ និងពួកស្តេចគេផង ដោយការកំផិតរបស់គេ ឬដោយសាកសពនៃស្តេចគេដែលបានតម្កល់ទុក 8ឬដោយគេធ្វើមាត់ទ្វារគេ ក្បែរមាត់ទ្វាររបស់យើង និងក្របទ្វារគេ ផ្ទាប់នឹងក្របទ្វាររបស់យើង ឲ្យមានតែជញ្ជាំងនៅកណ្ដាលយើងនឹងគេ ហើយគេបានបង្អាប់ឈ្មោះបរិសុទ្ធរបស់យើង ដោយអំពើដ៏គួរស្អប់ខ្ពើម ដែលគេបានប្រព្រឹត្ត ដោយហេតុនោះបានជាយើងធ្វើឲ្យគេសាបសូន្យទៅ ដោយសេចក្ដីក្រោធរបស់យើង។ 9ឥឡូវនេះ ត្រូវឲ្យគេលះចោលការកំផិត និងសាកសពនៃស្តេចគេចេញឆ្ងាយពីយើងទៅ នោះយើងនឹងនៅកណ្ដាលពួកគេជារៀងរហូតតទៅ។
10ចំណែកអ្នក កូនមនុស្សអើយ ចូរបង្ហាញព្រះវិហារនេះដល់ពួកវង្សអ៊ីស្រាអែលចុះ ដើម្បីឲ្យគេមានសេចក្ដីខ្មាសចំពោះអំពើទុច្ចរិតរបស់គេ ហើយឲ្យគេវាស់គំរូផង។ 11បើគេមានសេចក្ដីខ្មាសចំពោះការទាំងប៉ុន្មានដែលគេប្រព្រឹត្តនោះ ត្រូវឲ្យគេស្គាល់រាង និងបែបផែននៃព្រះវិហារ ព្រមទាំងផ្លូវចេញចូល និងសណ្ឋានគ្រប់យ៉ាង ហើយក្រឹត្យក្រមគ្រប់ជំពូក នូវអស់ទាំងបញ្ញត្តិច្បាប់នៃព្រះវិហារផង ចូរកត់ទុកទាំងអស់នៅចំពោះភ្នែកគេ ដើម្បីឲ្យគេបានរក្សាទុកនូវសណ្ឋានគ្រប់យ៉ាង និងក្រឹត្យក្រមទាំងប៉ុន្មាន ព្រមទាំងធ្វើតាមផង។ 12នេះហើយជាច្បាប់នៃព្រះវិហារនៅលើកំពូលភ្នំនោះ ហើយតាមព្រំនៅជុំវិញទាំងអស់ នោះត្រូវជាទីបរិសុទ្ធបំផុត នេះជាច្បាប់នៃព្រះវិហារ»។
អំពីអាសនា
13នេះជាទំហំនៃអាសនាដែលវាស់តាមហត្ថ គឺហត្ថធំដែលត្រូវជាមួយហត្ថមួយទះ បាតនៃអាសនានឹងបានកម្ពស់ មួយហត្ថ ទទឹងមួយហត្ថ ហើយគែមនៅជុំវិញហាម បានមួយចំអាម នេះជាកម្ពស់នៃអាសនា 14ពីបាតដែលនៅលើដី ឡើងទៅដល់គន្លាក់ខាងក្រោម មានពីរហត្ថ និងទទឹងមួយហត្ថ ហើយតាំងពីគន្លាក់ក្រោម ឡើងទៅដល់គន្លាក់ខាងលើ មានពីរហត្ថ និងទទឹងមួយហត្ថ 15ឯជើងក្រានអាសនា មានបួនហត្ថ ហើយមានស្នែងបួនចេញពីអាសនាឡើងទៅ។ 16ឯប្រទាសអាសនា មានបណ្តោយដប់ពីរហត្ថ ទទឹងដប់ពីរហត្ថ បួនជ្រុងស្មើ។ 17គន្លាក់ប្រវែងដប់បួនហត្ថ ទទឹងដប់បួនហត្ថ ទាំងបួនជ្រុង ក៏មានគែមនៅព័ទ្ធជុំវិញកន្លះហត្ថ ហើយបាតក៏មួយហត្ថទាំងបួនជ្រុង ឯជណ្តើរនោះ បែរមុខទៅទិសខាងកើត។
18បន្ទាប់មក លោកនិយាយមកខ្ញុំថា កូនមនុស្សអើយ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ នេះជាច្បាប់សម្រាប់អាសនា វេលាណាដែលគេតាំងឡើង ដើម្បីថ្វាយតង្វាយដុត ហើយប្រោះឈាមទៅលើអាសនានោះ 19ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា៖ «អ្នកត្រូវឲ្យគោឈ្មោលស្ទាវមួយ សម្រាប់ជាតង្វាយលោះបាប ដល់ពួកលេវីដែលជាសង្ឃ ក្នុងពូជពង្សសាដុក ជាពួកអ្នកដែលចូលមកជិត ដើម្បីធ្វើការងារសម្រាប់យើង។ 20អ្នកត្រូវយកឈាមនៃយញ្ញបូជាទៅប្រឡាក់ នៅស្នែងអាសនាទាំងបួន និងនៅគន្លាក់ទាំងបួនជ្រុង ហើយនៅគែមព័ទ្ធជុំវិញដែរ គឺយ៉ាងនោះដែលអ្នកត្រូវសម្អាត ហើយថ្វាយតង្វាយឲ្យធួននឹងអាសនា។ 21អ្នកត្រូវយកគោឈ្មោលដែលសម្រាប់ជាតង្វាយលោះបាបដែរ ហើយត្រូវដុតនៅកន្លែងសម្រាប់ការនោះ នៅក្នុងព្រះវិហារខាងក្រៅទីបរិសុទ្ធ។ 22លុះដល់ថ្ងៃទីពីរ អ្នកត្រូវថ្វាយពពែឈ្មោលល្អឥតខ្ចោះ សម្រាប់ជាតង្វាយលោះបាប ហើយគេនឹងសម្អាតអាសនា ដូចជាបានសម្អាតដោយគោឈ្មោលនោះដែរ។ 23កាលណាអ្នកបានសម្អាតអាសនារួចហើយ អ្នកត្រូវថ្វាយគោឈ្មោលស្ទាវមួយល្អឥតខ្ចោះ និងចៀមឈ្មោលមួយល្អឥតខ្ចោះ ពីហ្វូងចៀមទៀត។ 24អ្នកត្រូវនាំសត្វទាំងពីរនោះមកនៅចំពោះព្រះយេហូវ៉ា រួចត្រូវឲ្យពួកសង្ឃបាចអំបិលទៅលើ ហើយថ្វាយជាតង្វាយដុតដល់ព្រះយេហូវ៉ា។ 25នៅរវាងប្រាំពីរថ្ងៃ អ្នកត្រូវរៀបពពែឈ្មោលមួយសម្រាប់ជាតង្វាយលោះបាបរាល់ៗថ្ងៃ គេត្រូវរៀបគោឈ្មោលស្ទាវមួយ និងចៀមឈ្មោលល្អឥតខ្ចោះមួយពីហ្វូងសត្វដែរ។ 26គ្រប់ប្រាំពីរថ្ងៃត្រូវឲ្យគេថ្វាយតង្វាយឲ្យធួននឹងអាសនា ហើយញែកចេញជាបរិសុទ្ធ គឺយ៉ាងនោះដែលគេត្រូវឆ្លងអាសនា។ 27កាលណាគេបានសម្រេចកំណត់ថ្ងៃទាំងនោះហើយ លុះដល់ថ្ងៃទីប្រាំបី ហើយតទៅមុខ ត្រូវឲ្យពួកសង្ឃថ្វាយតង្វាយដុត និងតង្វាយមេត្រីរបស់អ្នករាល់គ្នា នៅលើអាសនានោះ យ៉ាងនោះ យើងនឹងទទួលអ្នករាល់គ្នា នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា»។
ទើបបានជ្រើសរើសហើយ៖
អេសេគាល 43: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies