អេ‌សេ‌គាល 43

43
ព្រះ‌អម្ចាស់​វិល​ត្រឡប់​មក​ទី​សក្ការៈ​របស់​ព្រះ‌អង្គ​វិញ
1បន្ទាប់​មក លោក​នាំ​ខ្ញុំ​ទៅ​ទ្វារ​កំផែង គឺ​ជា​ទ្វារ​ដែល​បើក​ទៅ​ទិស​ខាង​កើត 2ហើយ​មើល៍! សិរី‌ល្អ​របស់​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ក៏​មក​តាម​ផ្លូវ​ពី​ទិស​ខាង​កើត ព្រះ‌សូរ‌សៀង​ព្រះ‌អង្គ​ឮ​ដូច​ជា​សូរ​នៃ​ទឹក​ច្រើន ហើយ​ផែនដី​បាន​ភ្លឺ ដោយ‌សារ​សិរី‌ល្អ​របស់​ព្រះ‌អង្គ។ 3ដូច​ជា​និមិត្ត​ដែល​លេច​មក​ឲ្យ​ខ្ញុំ​ឃើញ គឺ​ដូច​ជា​និមិត្ត​ដែល​ខ្ញុំ​បាន​ឃើញ ក្នុង​កាល​ដែល​ខ្ញុំ​មក ដើម្បី​បំផ្លាញ​ទី​ក្រុង និមិត្ត​ទាំង​នោះ ដូច​ជា​និមិត្ត​ដែល​ខ្ញុំ​បាន​ឃើញ នៅ​ក្បែរ​ទន្លេ​កេបារ​ដែរ ដូច្នេះ ខ្ញុំ​ក៏​ដួល​ផ្កាប់​មុខ​ចុះ។ 4សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​ក៏​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ តាម​ផ្លូវ​នៃ​ទ្វារ​កំផែង​ដែល​បើក​ទៅ​ទិស​ខាង​កើត 5រួច​ព្រះ‌វិញ្ញាណ​ព្រះ‌អង្គ​លើក​ខ្ញុំ​ឡើង​នាំ​ទៅ​ទី​ឯ​លាន​ខាង​ក្នុង ហើយ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​បាន​នៅ​ពេញ​ក្នុង​ព្រះ‌វិហារ។
6ខណៈ​ដែល​បុរស​នោះ​កំពុង​ឈរ​នៅ​ក្បែរ​ខ្ញុំ ខ្ញុំ​បាន​ឮ​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ពី​ក្នុង​ព្រះ‌វិហារ 7ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ នេះ​ជា​ទី​កន្លែង​នៃ​បល្ល័ង្ក​យើង ហើយ​ជា​ទី​សម្រាប់​បាត​ជើង​យើង គឺ​ជា​កន្លែង​ដែល​យើង​នឹង​នៅ​កណ្ដាល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ជា​រៀង​រហូត​ត​ទៅ ហើយ​ពួក​វង្ស​អ៊ីស្រា‌អែល​នឹង​មិន​ដែល​បង្អាប់​ឈ្មោះ​បរិសុទ្ធ​របស់​យើង​ទៀត ទោះ​ទាំង​ខ្លួន​គេ និង​ពួក​ស្តេច​គេ​ផង ដោយ​ការ​កំផិត​របស់​គេ ឬ​ដោយ​សាក‌សព​នៃ​ស្តេច​គេ​ដែល​បាន​តម្កល់​ទុក 8ឬ​ដោយ​គេ​ធ្វើ​មាត់​ទ្វារ​គេ ក្បែរ​មាត់​ទ្វារ​របស់​យើង និង​ក្រប​ទ្វារ​គេ ផ្ទាប់​នឹង​ក្រប​ទ្វារ​របស់​យើង ឲ្យ​មាន​តែ​ជញ្ជាំង​នៅ​កណ្ដាល​យើង​នឹង​គេ ហើយ​គេ​បាន​បង្អាប់​ឈ្មោះ​បរិសុទ្ធ​របស់​យើង ដោយ​អំពើ​ដ៏​គួរ​ស្អប់​ខ្ពើម ដែល​គេ​បាន​ប្រព្រឹត្ត ដោយ​ហេតុ​នោះ​បាន​ជា​យើង​ធ្វើ​ឲ្យ​គេ​សាប‌សូន្យ​ទៅ ដោយ​សេចក្ដី​ក្រោធ​របស់​យើង។ 9ឥឡូវ​នេះ ត្រូវ​ឲ្យ​គេ​លះ​ចោល​ការ​កំផិត និង​សាក‌សព​នៃ​ស្តេច​គេ​ចេញ​ឆ្ងាយ​ពី​យើង​ទៅ នោះ​យើង​នឹង​នៅ​កណ្ដាល​ពួក​គេ​ជា​រៀង​រហូត​ត​ទៅ។
10ចំណែក​អ្នក កូន​មនុស្ស​អើយ ចូរ​បង្ហាញ​ព្រះ‌វិហារ​នេះ​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល​ចុះ ដើម្បី​ឲ្យ​គេ​មាន​សេចក្ដី​ខ្មាស​ចំពោះ​អំពើ​ទុច្ចរិត​របស់​គេ ហើយ​ឲ្យ​គេ​វាស់​គំរូ​ផង។ 11បើ​គេ​មាន​សេចក្ដី​ខ្មាស​ចំពោះ​ការ​ទាំង​ប៉ុន្មាន​ដែល​គេ​ប្រព្រឹត្ត​នោះ ត្រូវ​ឲ្យ​គេ​ស្គាល់​រាង និង​បែប​ផែន​នៃ​ព្រះ‌វិហារ ព្រម​ទាំង​ផ្លូវ​ចេញ​ចូល និង​សណ្ឋាន​គ្រប់​យ៉ាង ហើយ​ក្រឹត្យ‌ក្រម​គ្រប់​ជំពូក នូវ​អស់​ទាំង​បញ្ញត្តិ​ច្បាប់​នៃ​ព្រះ‌វិហារ​ផង ចូរ​កត់​ទុក​ទាំង​អស់​នៅ​ចំពោះ​ភ្នែក​គេ ដើម្បី​ឲ្យ​គេ​បាន​រក្សា​ទុក​នូវ​សណ្ឋាន​គ្រប់​យ៉ាង និង​ក្រឹត្យ‌ក្រម​ទាំង​ប៉ុន្មាន ព្រម​ទាំង​ធ្វើ​តាម​ផង។ 12នេះ​ហើយ​ជា​ច្បាប់​នៃ​ព្រះ‌វិហារ​នៅ​លើ​កំពូល​ភ្នំ​នោះ ហើយ​តាម​ព្រំ​នៅ​ជុំ‌វិញ​ទាំង​អស់ នោះ​ត្រូវ​ជា​ទី​បរិសុទ្ធ​បំផុត នេះ​ជា​ច្បាប់​នៃ​ព្រះ‌វិហារ»។
អំពី​អាសនា
13នេះ​ជា​ទំហំ​នៃ​អាស‌នា​ដែល​វាស់​តាម​ហត្ថ គឺ​ហត្ថ​ធំ​ដែល​ត្រូវ​ជា‌មួយ​ហត្ថ​មួយ​ទះ បាត​នៃ​អាស‌នា​នឹង​បាន​កម្ពស់ មួយ​ហត្ថ ទទឹង​មួយ​ហត្ថ ហើយ​គែម​នៅ​ជុំ‌វិញ​ហាម បាន​មួយ​ចំអាម នេះ​ជា​កម្ពស់​នៃ​អាស‌នា 14ពី​បាត​ដែល​នៅ​លើ​ដី ឡើង​ទៅ​ដល់​គន្លាក់​ខាង​ក្រោម មាន​ពីរ​ហត្ថ និង​ទទឹង​មួយ​ហត្ថ ហើយ​តាំង​ពី​គន្លាក់​ក្រោម ឡើង​ទៅ​ដល់​គន្លាក់​ខាង​លើ មាន​ពីរ​ហត្ថ និង​ទទឹង​មួយ​ហត្ថ 15ឯជើង​ក្រាន​អាស‌នា មាន​បួន​ហត្ថ ហើយ​មាន​ស្នែង​បួន​ចេញ​ពី​អាស‌នា​ឡើង​ទៅ។ 16ឯ​ប្រទាស​អាស‌នា មាន​បណ្តោយ​ដប់ពីរ​ហត្ថ ទទឹង​ដប់ពីរ​ហត្ថ បួន​ជ្រុង​ស្មើ។ 17គន្លាក់​ប្រវែង​ដប់​បួន​ហត្ថ ទទឹង​ដប់បួន​ហត្ថ ទាំង​បួន​ជ្រុង ក៏​មាន​គែម​នៅ​ព័ទ្ធ​ជុំ‌វិញ​កន្លះ​ហត្ថ ហើយ​បាត​ក៏​មួយ​ហត្ថ​ទាំង​បួន​ជ្រុង ឯ​ជណ្តើរ​នោះ បែរ​មុខ​ទៅ​ទិស​ខាង​កើត។
18បន្ទាប់​មក លោក​និយាយ​មក​ខ្ញុំ​ថា កូន​មនុស្ស​អើយ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ នេះ​ជា​ច្បាប់​សម្រាប់​អាស‌នា វេលា​ណា​ដែល​គេ​តាំង​ឡើង ដើម្បី​ថ្វាយ​តង្វាយ​ដុត ហើយ​ប្រោះ​ឈាម​ទៅ​លើ​អាស‌នា​នោះ 19ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​ត្រូវ​ឲ្យ​គោ​ឈ្មោល​ស្ទាវ​មួយ សម្រាប់​ជា​តង្វាយ​លោះ​បាប ដល់​ពួក​លេវី​ដែល​ជា​សង្ឃ ក្នុង​ពូជ‌ពង្ស​សាដុក ជា​ពួក​អ្នក​ដែល​ចូល​មក​ជិត ដើម្បី​ធ្វើ​ការ‌ងារ​សម្រាប់​យើង។ 20អ្នក​ត្រូវ​យក​ឈាម​នៃ​យញ្ញ‌បូជា​ទៅ​ប្រឡាក់ នៅ​ស្នែង​អាស‌នា​ទាំង​បួន និង​នៅ​គន្លាក់​ទាំង​បួន​ជ្រុង ហើយ​នៅ​គែម​ព័ទ្ធ​ជុំ‌វិញ​ដែរ គឺ​យ៉ាង​នោះ​ដែល​អ្នក​ត្រូវ​សម្អាត ហើយ​ថ្វាយ​តង្វាយ​ឲ្យ​ធួន​នឹង​អាស‌នា។ 21អ្នក​ត្រូវ​យក​គោ​ឈ្មោល​ដែល​សម្រាប់​ជា​តង្វាយ​លោះ​បាប​ដែរ ហើយ​ត្រូវ​ដុត​នៅ​កន្លែង​សម្រាប់​ការ​នោះ នៅ​ក្នុង​ព្រះ‌វិហារ​ខាង​ក្រៅ​ទី​បរិសុទ្ធ។ 22លុះ​ដល់​ថ្ងៃ​ទី​ពីរ អ្នក​ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​ល្អ​ឥត​ខ្ចោះ សម្រាប់​ជា​តង្វាយ​លោះ​បាប ហើយ​គេ​នឹង​សម្អាត​អាស‌នា ដូច​ជា​បាន​សម្អាត​ដោយ​គោ​ឈ្មោល​នោះ​ដែរ។ 23កាល​ណា​អ្នក​បាន​សម្អាត​អាស‌នា​រួច​ហើយ អ្នក​ត្រូវ​ថ្វាយ​គោ​ឈ្មោល​ស្ទាវ​មួយ​ល្អ​ឥត​ខ្ចោះ និង​ចៀម​ឈ្មោល​មួយ​ល្អ​ឥត​ខ្ចោះ ពី​ហ្វូង​ចៀម​ទៀត។ 24អ្នក​ត្រូវ​នាំ​សត្វ​ទាំង​ពីរ​នោះ​មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​ត្រូវ​ឲ្យ​ពួក​សង្ឃ​បាច​អំបិល​ទៅ​លើ ហើយ​ថ្វាយ​ជា​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា។ 25នៅ​រវាង​ប្រាំពីរ​ថ្ងៃ អ្នក​ត្រូវ​រៀប​ពពែ​ឈ្មោល​មួយ​សម្រាប់​ជា​តង្វាយ​លោះ​បាប​រាល់ៗ​ថ្ងៃ គេ​ត្រូវ​រៀប​គោ​ឈ្មោល​ស្ទាវ​មួយ និង​ចៀម​ឈ្មោល​ល្អ​ឥត​ខ្ចោះ​មួយ​ពី​ហ្វូង​សត្វ​ដែរ។ 26គ្រប់​ប្រាំពីរ​ថ្ងៃ​ត្រូវ​ឲ្យ​គេ​ថ្វាយ​តង្វាយ​ឲ្យ​ធួន​នឹង​អាស‌នា ហើយ​ញែក​ចេញ​ជា​បរិសុទ្ធ គឺ​យ៉ាង​នោះ​ដែល​គេ​ត្រូវ​ឆ្លង​អាស‌នា។ 27កាល​ណា​គេ​បាន​សម្រេច​កំណត់​ថ្ងៃ​ទាំង​នោះ​ហើយ លុះ​ដល់​ថ្ងៃ​ទី​ប្រាំបី ហើយ​ត​ទៅ​មុខ ត្រូវ​ឲ្យ​ពួក​សង្ឃ​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​មេត្រី​របស់​អ្នក​រាល់​គ្នា នៅ​លើ​អាស‌នា​នោះ យ៉ាង​នោះ យើង​នឹង​ទទួល​អ្នក​រាល់​គ្នា នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា»។

ទើបបានជ្រើសរើសហើយ៖

អេ‌សេ‌គាល 43: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល