លោកុប្បត្តិ 41
41
លោកយ៉ូសែបកាត់ស្រាយសុបិនរបស់ផារ៉ោន
1ពីរឆ្នាំក្រោយមក ផារ៉ោនបានយល់សប្ដិឃើញថា ទ្រង់ឈរនៅមាត់ទន្លេនីល 2ហើយឃើញមានគោញីប្រាំពីរក្បាលធាត់ៗល្អ ឡើងពីទន្លេមកស៊ីស្មៅនៅទីវាល។ 3បន្ទាប់មក មានគោញីប្រាំពីរក្បាលទៀតឡើងពីទន្លេមក ស្គមៗ ហើយអាក្រក់មើល ក៏ឈរនៅមាត់ទន្លេជិតគោឯទៀត។ 4គោស្គមៗដែលអាក្រក់មើលនោះ បានស៊ីលេបគោទាំងប្រាំពីរដែលធាត់ល្អនោះអស់ទៅ ហើយផារ៉ោនក៏តើនឡើង។ 5បន្ទាប់មក ស្ដេចក៏ផ្ទំលក់ទៅវិញ ហើយយល់សប្ដិម្ដងទៀត ឃើញមានស្រូវប្រាំពីរកួរ មានគ្រាប់ធំថ្លោសល្អ លូតចេញមកពីដើមតែមួយ។ 6រួចមក មានស្រូវប្រាំពីរកួរតូចៗ ដែលស្កកដោយសារខ្យល់ពីទិសខាងកើត លូតចេញមកតាមក្រោយ។ 7កួរស្រូវតូចៗក៏លេបកួរស្រូវធំថ្លោសល្អទាំងប្រាំពីរនោះអស់ទៅ រួចផារ៉ោនក៏តើនឡើង ហើយមើល៍ នោះជាសុបិនទេ។ 8លុះព្រឹកឡើង ផារ៉ោនមានព្រះហឫទ័យខ្វល់ខ្វាយណាស់ ស្ដេចចាត់គេឲ្យទៅហៅពួកគ្រូទាយ និងពួកអ្នកប្រាជ្ញទាំងប៉ុន្មាននៅស្រុកអេស៊ីព្ទមក រួចផារ៉ោនតំណាលសប្ដិនោះប្រាប់ពួកគេ តែគ្មានអ្នកណាម្នាក់អាចកាត់ស្រាយថ្វាយស្ដេចបានឡើយ។
9ពេលនោះ មេថ្វាយពែងក៏ទូលថ្វាយផារ៉ោនថា៖ «ថ្ងៃនេះ ទូលបង្គំនឹកឃើញកំហុសរបស់ទូលបង្គំហើយ។ 10កាលព្រះករុណាខ្ញាល់នឹងអ្នកបម្រើព្រះអង្គ ហើយក៏បានឃុំទូលបង្គំ និងមេអ្នកដុតនំ នៅក្នុងគុករបស់មេកងរក្សាព្រះអង្គ 11ទូលបង្គំទាំងពីរនាក់បានយល់សប្តិក្នុងយប់តែមួយ ហើយដែលយើងខ្ញុំបានយល់សប្តិនោះ ក៏មានន័យផ្សេងពីគ្នា។ 12នៅទីនោះ មានយុវជនសាសន៍ហេព្រើរម្នាក់ ជាអ្នកបម្រើរបស់មេកងរក្សាព្រះអង្គនៅជាមួយយើងខ្ញុំ ហើយយើងខ្ញុំក៏តំណាលសប្តិប្រាប់គាត់ រួចគាត់បានកាត់ស្រាយប្រាប់យើងខ្ញុំ តាមសប្តិរៀងៗខ្លួន។ 13ហេតុការណ៍នោះក៏កើតមាន ដូចគាត់បានកាត់ស្រាយមែន គឺទូលបង្គំបានទទួលតំណែងរបស់ទូលបង្គំដូចដើមវិញ ហើយអ្នកដុតនំត្រូវព្យួរក»។
14ពេលនោះ ផារ៉ោនក៏ចាត់គេឲ្យទៅហៅលោកយ៉ូសែបមក ហើយគេក៏ប្រញាប់ប្រញាល់នាំគាត់ចេញពីគុកជ្រៅភ្លាម។ កាលលោកបានកោរពុកមាត់ ហើយផ្លាស់សម្លៀកបំពាក់ស្រេចហើយ លោកក៏ចូលគាល់ផារ៉ោន។ 15ផារ៉ោនមានរាជឱង្ការទៅកាន់លោកយ៉ូសែបថា៖ «យើងបានយល់សប្តិ តែគ្មានអ្នកណាអាចកាត់ស្រាយបានឡើយ ហើយយើងបានឮថា ពេលគេតំណាលសប្តិប្រាប់អ្នក អ្នកអាចកាត់ស្រាយបាន»។ 16លោកយ៉ូសែបទូលឆ្លើយទៅផារ៉ោនថា៖ «កិច្ចការនោះមិនស្រេចលើទូលបង្គំទេ តែព្រះនឹងឆ្លើយមកព្រះករុណាជាសេចក្ដីសុខវិញ»។ 17ផារ៉ោនមានរាជឱង្ការទៅលោកយ៉ូសែបថា៖ «ក្នុងសប្តិរបស់យើងនោះឃើញថា យើងឈរនៅមាត់ទន្លេនីល 18ហើយមានគោញីប្រាំពីរក្បាលធាត់ៗល្អ ឡើងពីទន្លេនីលមកស៊ីស្មៅនៅទីវាល។ 19បន្ទាប់មក មានគោញីប្រាំពីរក្បាលទៀតឡើងពីទន្លេមក វាស្គមៗ ហើយអាក្រក់មើលណាស់ យើងមិនដែលឃើញសត្វអាក្រក់បែបនេះ នៅស្រុកអេស៊ីព្ទទាំងមូលឡើយ។ 20គោស្គមៗដែលអាក្រក់មើលនោះ បានស៊ីលេបគោទាំងប្រាំពីរធាត់ៗល្អនោះអស់ទៅ 21តែកាលគោញីស្គមៗបានស៊ីគោធាត់ៗហើយ នោះគ្មានអ្នកណាបានដឹងថាវាបានស៊ីអ្វីផង ព្រោះគោញីស្គមៗនៅតែអាក្រក់មើលដូចមុនដដែល ពេលនោះ យើងក៏ភ្ញាក់ឡើង។ 22យើងក៏លង់លក់ម្ដងទៀត ហើយយើងយល់សប្ដិឃើញមានកួរស្រូវប្រាំពីរ មានគ្រាប់ធំៗថ្លោសល្អ លូតចេញពីរដើមតែមួយ 23រួចមានកួរស្រូវប្រាំពីរទៀត មានគ្រាប់តូចៗ ហើយស្កកដោយខ្យល់ពីទិសខាងកើត លូតចេញមកតាមក្រោយ 24ឯកួរស្រូវគ្រាប់តូចៗក៏លេបកួរស្រូវធំៗថ្លោសល្អទាំងប្រាំពីរនោះទៅ។ យើងបានតំណាលសប្តិនេះប្រាប់ពួកគ្រូទាយដែរ តែគ្មានអ្នកណាម្នាក់អាចកាត់ស្រាយប្រាប់យើងបានឡើយ»។
25លោកយ៉ូសែបទូលទៅផារ៉ោនថា៖ «សុបិនរបស់ព្រះករុណាគឺតែមួយទេ ព្រះបានសម្ដែងឲ្យព្រះករុណាជ្រាបពីកិច្ចការដែលព្រះអង្គបម្រុងនឹងធ្វើ។ 26គោញីល្អៗទាំងប្រាំពីរនោះ គឺប្រាំពីរឆ្នាំ ហើយកួរស្រូវល្អៗទាំងប្រាំពីរនោះ ក៏ប្រាំពីរឆ្នាំដែរ នេះជាសុបិនតែមួយទេ។ 27គោញីស្គមៗ ហើយអាក្រក់មើលទាំងប្រាំពីរដែលឡើងតាមក្រោយមកនោះ គឺប្រាំពីរឆ្នាំ ឯកួរស្រូវស្កកដោយខ្យល់ពីទិសខាងកើត គឺប្រាំពីរឆ្នាំដែលកើតមានអំណត់។ 28សេចក្ដីនេះហើយទូលបង្គំបានទូលថ្វាយព្រះករុណា គឺព្រះបានបង្ហាញឲ្យព្រះករុណាជ្រាបពីហេតុការណ៍ដែលព្រះអង្គបម្រុងនឹងធ្វើ។ 29គឺនឹងមានប្រាំពីរឆ្នាំដែលសម្បូរហូរហៀរពាសពេញនៅក្នុងស្រុកអេស៊ីព្ទទាំងមូល។ 30ក្រោយប្រាំពីរឆ្នាំនោះទៅ នឹងមានអំណត់ប្រាំពីរឆ្នាំវិញ ហើយគេនឹងភ្លេចពីភោគផលបរិបូរទាំងប៉ុន្មាននៅក្នុងស្រុកអេស៊ីព្ទ ព្រោះអំណត់នោះនឹងបង្ហិនបង្ហោចស្រុកនេះអស់ 31ហើយគេនឹងលែងស្គាល់គ្រាបរិបូរនៅក្នុងស្រុកទៀតហើយ ព្រោះតែអំណត់ដែលត្រូវមកតាមក្រោយ ដ្បិតអំណត់នោះខ្លាំងណាស់។ 32សុបិនដែលព្រះករុណាបានឃើញដល់ទៅពីរដងដូច្នេះ គឺដោយព្រោះព្រះបានសម្រេចការនោះ ហើយព្រះនឹងធ្វើឲ្យបានសម្រេចក្នុងពេលឆាប់ៗ។ 33ដូច្នេះ សូមព្រះករុណារកបុរសណាម្នាក់ដែលមានតម្រិះប្រាជ្ញា ហើយតែងតាំងគាត់ឲ្យគ្រប់គ្រងលើស្រុកអេស៊ីព្ទ។ 34សូមព្រះករុណាតែងតាំងឲ្យមានអ្នកមើលខុសត្រូវនៅក្នុងស្រុក ដើម្បីហូតយកមួយភាគក្នុងប្រាំ ពីភោគផលក្នុងស្រុកអេស៊ីព្ទ ក្នុងរវាងប្រាំពីរឆ្នាំដែលសម្បូរហូរហៀរនេះ។ 35សូមឲ្យគេប្រមូលស្បៀងអាហារទាំងអស់ក្នុងឆ្នាំល្អដែលនៅខាងមុខ ហើយទុកស្រូវក្នុងឃ្លាំងក្រោមអំណាចរបស់ព្រះករុណា សម្រាប់ជាអាហារនៅតាមទីក្រុងនានា ហើយឲ្យអ្នកទាំងនោះរក្សាទុក។ 36ស្បៀងអាហារនោះនឹងបម្រុងទុកសម្រាប់ស្រុកកើតមានអំណត់ប្រាំពីរឆ្នាំនៅស្រុកអេស៊ីព្ទ ដើម្បីកុំឲ្យស្រុកនេះត្រូវវិនាសដោយសារអំណត់នោះឡើយ»។
លោកយ៉ូសែបឡើងកាន់អំណាច
37ផារ៉ោនសព្វព្រះហឫទ័យនឹងគម្រោងការនេះណាស់ ហើយមន្ត្រីទាំងអស់ក៏ពេញចិត្តដែរ។ 38ផារ៉ោនមានរាជឱង្ការទៅកាន់ពួកមន្ត្រីថា៖ «តើយើងអាចរកអ្នកណាទៀតឲ្យដូចអ្នកនេះ ដែលមានព្រះវិញ្ញាណរបស់ព្រះគង់នៅជាមួយបាន?» 39ដូច្នេះ ផារ៉ោនមានរាជឱង្ការទៅកាន់លោកយ៉ូសែបថា៖ «ព្រះបានបង្ហាញឲ្យលោកដឹងសេចក្ដីទាំងនេះហើយ គ្មានអ្នកណាមានតម្រិះប្រាជ្ញាដូចជាលោកទេ។ 40គឺលោកហ្នឹងហើយដែលគ្រប់គ្រងលើជនជាតិរបស់យើង ហើយប្រជារាស្ត្ររបស់យើងទាំងអស់នឹងធ្វើតាមបញ្ជារបស់លោក។ មានតែបល្ល័ង្ករាជ្យប៉ុណ្ណោះដែលធ្វើឲ្យយើងធំជាងលោក»។ 41រួចផារ៉ោនមានរាជឱង្ការទៅកាន់លោកយ៉ូសែបទៀតថា៖ «មើល៍! យើងតែងតាំងលោកឲ្យគ្រប់គ្រងលើស្រុកអេស៊ីព្ទទាំងមូលហើយ»។ 42ពេលនោះ ផារ៉ោនដោះព្រះទម្រង់ពីព្រះហស្តទ្រង់ ទៅបំពាក់នៅដៃរបស់លោកយ៉ូសែប ហើយយកសម្លៀកបំពាក់ទេសយ៉ាងម៉ដ្តមកបំពាក់ឲ្យលោក ព្រមទាំងបំពាក់ខ្សែមាសនៅករបស់លោកទៀតផង។ 43ស្ដេចឲ្យលោកជិះរាជរថនៅបន្ទាប់ពីព្រះអង្គ ហើយមានគេស្រែកនៅខាងមុខថា៖ «ចូរក្រាបចុះ!»។ គឺយ៉ាងនេះឯងដែលស្ដេចបានតែងតាំងឲ្យលោកគ្រប់គ្រងលើស្រុកអេស៊ីព្ទទាំងមូល។ 44ផារ៉ោនមានរាជឱង្ការទៅកាន់លោកយ៉ូសែបទៀតថា៖ «យើងជាផារ៉ោន នៅក្នុងស្រុកអេស៊ីព្ទទាំងមូល បើគ្មានការអនុញ្ញាតពីលោក គ្មានអ្នកណាម្នាក់នឹងកម្រើកដៃ ឬកម្រើកជើងឡើយ»។ 45ផារ៉ោនប្រទាននាមឲ្យលោកយ៉ូសែបថា "សាប់ណាត់-ផានា" ហើយលើកនាងអាសណាត់ កូនស្រីរបស់លោកប៉ូទី-ផេរ៉ា ជាសង្ឃនៅក្រុងអូន ធ្វើជាប្រពន្ធ។ ដូច្នេះ លោកយ៉ូសែបចេញទៅត្រួតពិនិត្យមើលស្រុកអេស៊ីព្ទ។
46កាលលោកយ៉ូសែបចាប់ផ្ដើមបម្រើផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ លោកមានអាយុសាមសិបឆ្នាំហើយ។ លោកយ៉ូសែបចាកចេញពីផារ៉ោន ហើយធ្វើដំណើរពាសពេញក្នុងស្រុកអេស៊ីព្ទទាំងមូល។ 47ក្នុងរយៈពេលប្រាំពីរឆ្នាំដ៏សម្បូរហូរហៀរនោះ ដីបានផ្ដល់ភោគផលយ៉ាងច្រើនបរិបូរ 48ហើយលោកក៏ប្រមូលស្បៀងអាហារនៅស្រុកអេស៊ីព្ទទាំងអស់ ក្នុងរវាងប្រាំពីរឆ្នាំនោះ ហើយបានរក្សាទុកស្បៀងទាំងនោះនៅតាមទីក្រុងទាំងប៉ុន្មាន គឺលោកប្រមូលស្បៀងពីស្រែចម្ការដែលនៅជុំវិញ មករក្សាទុកនៅគ្រប់ទីក្រុងទាំងនោះ។ 49លោកយ៉ូសែបបានប្រមូលស្រូវយ៉ាងសន្ធឹកណាស់ ដូចខ្សាច់នៅឆ្នេរសមុទ្រ រហូតទាល់តែលោកលែងរាប់ ដ្បិតមានច្រើនពេករាប់មិនអស់។
50នៅមុនឆ្នាំកើតមានអំណត់ លោកយ៉ូសែបមានកូនប្រុសពីរ ដែលនាងអាសណាត់ជាកូនរបស់លោកប៉ូទី-ផេរ៉ា ជាសង្ឃនៅក្រុងអូនបានបង្កើតឲ្យលោក។ 51លោកយ៉ូសែបដាក់ឈ្មោះកូនច្បងថា "ម៉ាណាសេ" ដ្បិតលោកពោលថា៖ «ព្រះទ្រង់បានធ្វើឲ្យខ្ញុំភ្លេចទុក្ខលំបាកទាំងប៉ុន្មានរបស់ខ្ញុំ និងក្រុមគ្រួសារទាំងប៉ុន្មានរបស់ឪពុកខ្ញុំដែរ»។ 52កូនមួយទៀតលោកដាក់ឈ្មោះថា "អេប្រាអិម" ដោយពោលថា៖ «ព្រះទ្រង់បានប្រទានឲ្យខ្ញុំមានកូននៅក្នុងស្រុកដែលខ្ញុំបានរងទុក្ខវេទនា»។
53ប្រាំពីរឆ្នាំដែលសម្បូរហូរហៀរនៅស្រុកអេស៊ីព្ទ ក៏បានកន្លងផុតទៅ 54ហើយប្រាំពីរឆ្នាំដែលកើតមានអំណត់ក៏ចូលមកដល់ ដូចលោកយ៉ូសែបមានប្រសាសន៍មែន។ ពេលនោះ កើតមានអំណត់នៅគ្រប់ស្រុកទាំងអស់ តែនៅស្រុកអេស៊ីព្ទទាំងមូលមានស្បៀងអាហារវិញ។ 55កាលប្រជាជនក្នុងស្រុកអេស៊ីព្ទទាំងអស់ចាប់ផ្ដើមអត់ឃ្លាន គេក៏នាំគ្នាស្រែកសុំអាហារពីផារ៉ោន។ ផារ៉ោនមានរាជឱង្ការទៅកាន់សាសន៍អេស៊ីព្ទទាំងអស់ថា៖ «ចូរទៅជួបលោកយ៉ូសែប ហើយធ្វើតាមអ្វីដែលលោកបង្គាប់ចុះ»។ 56កាលអំណត់នោះបានរាលដាលពាសពេញស្រុក លោកយ៉ូសែបក៏បើកគ្រប់ទាំងជង្រុកស្រូវលក់ឲ្យសាសន៍អេស៊ីព្ទ ដ្បិតអំណត់នោះកើតមានកាន់តែខ្លាំងឡើងៗនៅស្រុកអេស៊ីព្ទ។ 57មនុស្សម្នាគ្រប់ទិសទីនៅលើផែនដី នាំគ្នាចូលមករកលោកយ៉ូសែបនៅស្រុកអេស៊ីព្ទ ដើម្បីទិញស្រូវ ព្រោះអំណត់នោះខ្លាំងណាស់នៅពាសពេញលើផែនដីទាំងមូល។
ទើបបានជ្រើសរើសហើយ៖
លោកុប្បត្តិ 41: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies