ហាបាគុក ពាក្យលំនាំ
ពាក្យលំនាំ
កណ្ឌគម្ពីរហាបាគុក បង្ហាញឲ្យយើងស្គាល់ទឹកចិត្តរបស់ហោរាមួយរូបដែលរស់នៅក្នុងគ្រាលំបាក។ លោកឈឺចុកចាប់ក្នុងចិត្ត ដោយឃើញទុក្ខវេទនារបស់អ្នកដទៃ លោកថ្កោលទោសអស់អ្នកដែលប្រព្រឹត្តអំពើបាប។ លោកទូលសួរព្រះ ដើម្បីស្វែងយល់ហេតុការណ៍ទាំងនោះ ហើយលោកមានអំណរនៅពេលទទួលចម្លើយពីព្រះអង្គវិញ។
កណ្ឌគម្ពីរនេះប្រហែលជាចងក្រងឡើងនៅចុងសតវត្សទី៧ ឬដើមសតវត្សទី៦ មុនគ្រីស្ទសករាជ គឺនៅគ្រាដែលចក្រភពបាប៊ីឡូនកំពុងវាតអំណាចរបស់ខ្លួននៅមជ្ឈិមបូព៌ាប្រទេស។ ពេលនោះ សហគមន៍អ៊ីស្រាអែលនឹកបារម្ភ ហើយចង់ដឹងថាអនាគតរបស់ពួកគេ ព្រមទាំងទំនាក់ទំនងរបស់ពួកគេជាមួយព្រះនឹងក្លាយទៅជាយ៉ាងណា។
ព្រះឆ្លើយតបមកហោរារបស់ព្រះអង្គវិញ ដោយប្រទានព្រះបន្ទូលមកលោក ដើម្បីឲ្យលោកយកទៅថ្លែងប្រាប់ជនរួមជាតិរបស់លោក ថាពេលណាគេមានចិត្តស្មោះត្រង់ចំពោះព្រះអង្គ នោះគេនឹងមានជីវិតគង់វង្ស (២.៤)។ ពេលណាគេទន្ទឹងរង់ចាំព្រះអង្គ ដោយទុកចិត្ត នោះព្រះអង្គមុខជាធ្វើអន្តរាគមន៍ជួយគេមិនខាន (ជំពូក ៣)។ ព្រះបន្ទូលនេះក៏មានប្រសិទ្ធភាព សម្រាប់មនុស្សនៅគ្រប់ជំនាន់ដែរ គឺក្នុងគ្រាលំបាក អ្នកជឿតែងតែគិតដល់កណ្ឌគម្ពីរហាបាគុក ដើម្បីឲ្យមានទឹកចិត្តឡើងវិញ ដោយផ្ញើជីវិតលើព្រះ។ លោកប៉ូលបង្រៀនគ្រីស្ទបរិស័ទនៅបឋមសម័យថា ចិត្តស្មោះត្រង់របស់មនុស្សចំពោះព្រះ នាំឲ្យគេមានជំនឿទុកចិត្តលើព្រះអម្ចាស់ (រ៉ូម ១.១៧ កាឡាទី ៣.១១ និង ហេព្រើរ ១០.៣៨)។
ទើបបានជ្រើសរើសហើយ៖
ហាបាគុក ពាក្យលំនាំ: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies