ណាហ៊ុម 3

3
ការ​អន្តរាយ​ខិត​ជិត​មក​ហើយ
1វេទនា​ដល់​ទី​ក្រុង​ដែល​ប្រឡាក់​ដោយ​ឈាម
មាន​ពេញ​ដោយ​ការ​កុហក អំពើ​ឃោរឃៅ
និង​ការលួច​ប្លន់​មិនឈប់​ឈរ
2មាន​តែ​សូរ​រំពាត់ សូរ​សន្ធឹក​កង់
សូរ​សេះ​បោល និង​សូរ​រឃុក‌រឃាក់​នៃ​រទេះ​ចម្បាំង
3ឃើញ​ទ័ព​សេះ​បោល និង​ដាវ​ដែល​ភ្លឺ​ចាំង
ហើយ​លំពែង​ផ្លេកៗ មាន​មនុស្ស​ស្លាប់​យ៉ាង​សន្ធឹក
សាក‌សព​គរ​លើ​គ្នា​យ៉ាង​ធំ
ឃើញ​មាន​សាក​សព​នៅ​គ្រប់​កន្លែង
4នេះ​គឺ​ដោយ​ព្រោះ​ការ​កំផិត​យ៉ាង​សន្ធឹក​របស់​ស្រី​ពេស្យា
ដែល​មាន​រូប​ឆោម‌ឆាយ​ជា​មេ​នៃ​អស់​ទាំង​អំពើ​អាប‌ធ្មប់
ជា​អ្នក​ដែល​លក់​សាសន៍​ទាំង​ឡាយ
ដោយ‌សារ​ការ​កំផិត​របស់​វា
ព្រម​ទាំង​គ្រួ​មនុស្ស​ផង
ដោយ‌សារ​របៀន​អាប‌ធ្មប់​របស់​វា។
5ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា៖
«នែ៎ យើង​ទាស់​នឹង​ឯង
យើង​នឹង​សើយ​សំពត់​ឯង​ឡើង​គ្រប​មុខ​ឯង
ហើយ​នឹង​បង្ហាញ​ឲ្យ​ពួក​សាសន៍​ទាំង​ប៉ុន្មាន
ឃើញ​កាយ​អាក្រាត និង​ឲ្យ​អស់​ទាំង​នគរ
ឃើញ​កេរខ្មាស​របស់​ឯង។
6ហើយយើង​នឹង​បោះ​អសោច​គួរ​ខ្ពើម​ទៅ​លើ​ឯង
ឲ្យ​ឯង​ទៅ​ជា​ស្មោក‌គ្រោក
រួច​នឹង​តាំង​ឯង​ឲ្យ​មនុស្ស​មើល​លេង
7នោះ​អស់​អ្នក​ណា​ដែល​ឃើញ​ឯង
និង​គេច​រត់​ពី​ឯង​ទៅ ដោយ​ពាក្យ​ថា
ក្រុង​នីនីវេ​បាន​ត្រូវ​ខូច‌បង់​ហើយ
តើ​អ្នក​ណា​នឹង​យំ​សោក
តើ​នឹង​រក​អ្នក​ណាអាច​ជួយ​ដោះ​ទុក្ខ​ឯងបាន?
8តើ​ឯង​វិសេស​ជាង​ក្រុង​ថេប
ដែល​នៅ​ជាប់​ទាំង​ទន្លេ​នីលឬ?
ហើយ​មាន​ទឹក​នៅ​ព័ទ្ធ​ជុំ‌វិញ​នោះ
ក៏​មាន​សមុទ្រ​ការពារ គឺ​សមុទ្រ​ទុក​ជា​កំផែង​ឬ​អី?
9ស្រុក​អេធីយ៉ូពី និង​ស្រុក​អេស៊ីព្ទ
ជា​កម្លាំង​របស់​គេ
ហើយ​កម្លាំង​នោះ​ក៏​ប្រមាណ​មិន​បាន​ផង
ស្រុក​ពូត និង​ស្រុក​លីប៊ី ជា​ជំនួយ​របស់​គេ​ដែរ
10ទោះ​បើ​យ៉ាង​នោះ គង់​តែ​គេ​ត្រូវ​ចាប់​ទៅ​ជា​ឈ្លើយ
កូន​តូចៗ​របស់​គេ​ត្រូវ​បោក​កម្ទេច​នៅ​តាម​ផ្លូវ
ក៏​បាន​បោះ​ឆ្នោត​ចាប់​មនុស្ស​មាន​ត្រកូល​ខ្ពស់​របស់​គេ
ហើយ​អស់​អ្នក​ធំ​របស់​គេ​ត្រូវ​ជាប់​ច្រវាក់
11ឯង​នឹង​ត្រូវ​ស្រវឹង ឯង​នឹង​ត្រូវ​លាក់​ខ្លួន
ហើយ​នឹង​ស្វែង​រក​ទី​ពឹង​ជ្រក​ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ​ដែរ។
12អស់​ទាំង​បន្ទាយ​របស់​ឯង​នឹង​ដូច​ជា​ដើម​ល្វា
ដែល​មាន​ផ្លែ​ទុំ​ជា​ដំបូង បើ​អ្នក​ណា​អង្រួន
នោះ​ផ្លែ​ក៏​ជ្រុះ​ចូល​ក្នុង​មាត់​របស់​អ្នក​ដែល​ស៊ី
13មើល៍! ពួក​ឯង​នៅ​សល់​តែ​ស្រីៗ
ទ្វារ​ស្រុក​ឯង​បើក​ចំហ​សម្រាប់​ខ្មាំង​សត្រូវ
ភ្លើង​បាន​ឆេះ​រនុក​ឯង​អស់​ទៅ។
14ចូរ​ដង​ទឹក​ទុក​សម្រាប់​ពេល​ដែល​សត្រូវ​ឡោម‌ព័ទ្ធ​ឯង​ចុះ
ត្រូវ​រៀប​ចំ​បន្ទាយ​ឯង​ឲ្យ​មាំ‌មួន​ឡើង
ចូរ​ចុះ​ទៅ​ជាន់​លាយ​ដី​ឥដ្ឋ
ហើយ​ជួស‌ជុល​ឡ​ឥដ្ឋ​ឲ្យ​មាំ‌មួន
15នៅ​ទី​នោះ​ភ្លើង​នឹង​ឆេះ​បន្សុស​ឯង
ហើយ​នឹង​មាន​ដាវ​កាត់​ឯង
គឺ​នឹង​ស៊ី​បង្ហិន​ឯង​ដូច​ជា​ដង្កូវ
ចូរ​ចម្រើន​គ្នា​ឲ្យ​ច្រើន​ឡើង​ដូច​ជា​ដង្កូវ​ទៅ
ត្រូវ​ឲ្យ​មាន​គ្នា​ច្រើន​ដូច​ជា​កណ្តូប​ផង
16ឯង​បាន​ចម្រើន​ពួក​ជំនួញ​របស់​ឯង
ឲ្យ​មាន​ច្រើន​ជាង​ផ្កាយ​នៅ​លើ​មេឃ
តែ​ដង្កូវ​បាន​ស៊ី​បង្ហិន រួច​ទៅ​បាត់​ហើយ។
17ពួក​ចៅ‌ហ្វាយ​របស់​ឯង​ប្រៀប​ដូច​ជា​ចង្រិត
ហើយ​ពួក​មេ‌ទ័ព​របស់​ឯង​ក៏​ដូច​ជា​ហ្វូង​កណ្តូប
ដែល​ទំ​នៅ​របង​ក្នុង​ពេល​ថ្ងៃ​រងា
តែ​កាល​ណា​ថ្ងៃ​រះ​ឡើង នោះ​វា​ហើរ​បាត់​ទៅ
ហើយ​កន្លែង​ដែល​ទៅ​ទំ​នៅ​នោះ
គ្មាន​អ្នក​ណា​ដឹង​ទេ។
18ឱ​ស្តេច​សាសន៍​អាស‌ស៊ើរ​អើយ
ពួក​គង្វាល​របស់​ឯង គេ​ដេក​លក់​អស់​ហើយ
ពួក​អ្នក​មាន​ត្រកូល​ខ្ពស់​ក៏​សម្រាក
រាស្ត្រ​របស់​ឯង​ត្រូវ​ខ្ចាត់‌ខ្ចាយ​ទៅ​លើ​ភ្នំ
ឥត​មាន​អ្នក​ណា​នឹង​ប្រមូល​គេ​ឡើយ។
19គ្មាន​អ្វី​ព្យាបាល​ឯងឲ្យ​បាត់​ឈឺ​ឡើយ
ព្រោះ​របួស​ឯង​ធ្ងន់​ណាស់
អស់​អ្នក​ដែល​ឮ​ដំណឹង​ពី​ឯង គេ​ទះ​ដៃ​អរ
ដ្បិត​តើ​មាន​អ្នក​ណា​ដែល​មិន​ត្រូវ​អំពើ​កំណាច
របស់​ឯង​ជា‌និច្ច​នោះ»។:៚

ទើបបានជ្រើសរើសហើយ៖

ណាហ៊ុម 3: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល