ណាហ៊ុម 3
3
ការអន្តរាយខិតជិតមកហើយ
1វេទនាដល់ទីក្រុងដែលប្រឡាក់ដោយឈាម
មានពេញដោយការកុហក អំពើឃោរឃៅ
និងការលួចប្លន់មិនឈប់ឈរ
2មានតែសូររំពាត់ សូរសន្ធឹកកង់
សូរសេះបោល និងសូររឃុករឃាក់នៃរទេះចម្បាំង
3ឃើញទ័ពសេះបោល និងដាវដែលភ្លឺចាំង
ហើយលំពែងផ្លេកៗ មានមនុស្សស្លាប់យ៉ាងសន្ធឹក
សាកសពគរលើគ្នាយ៉ាងធំ
ឃើញមានសាកសពនៅគ្រប់កន្លែង
4នេះគឺដោយព្រោះការកំផិតយ៉ាងសន្ធឹករបស់ស្រីពេស្យា
ដែលមានរូបឆោមឆាយជាមេនៃអស់ទាំងអំពើអាបធ្មប់
ជាអ្នកដែលលក់សាសន៍ទាំងឡាយ
ដោយសារការកំផិតរបស់វា
ព្រមទាំងគ្រួមនុស្សផង
ដោយសាររបៀនអាបធ្មប់របស់វា។
5ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា៖
«នែ៎ យើងទាស់នឹងឯង
យើងនឹងសើយសំពត់ឯងឡើងគ្របមុខឯង
ហើយនឹងបង្ហាញឲ្យពួកសាសន៍ទាំងប៉ុន្មាន
ឃើញកាយអាក្រាត និងឲ្យអស់ទាំងនគរ
ឃើញកេរខ្មាសរបស់ឯង។
6ហើយយើងនឹងបោះអសោចគួរខ្ពើមទៅលើឯង
ឲ្យឯងទៅជាស្មោកគ្រោក
រួចនឹងតាំងឯងឲ្យមនុស្សមើលលេង
7នោះអស់អ្នកណាដែលឃើញឯង
និងគេចរត់ពីឯងទៅ ដោយពាក្យថា
ក្រុងនីនីវេបានត្រូវខូចបង់ហើយ
តើអ្នកណានឹងយំសោក
តើនឹងរកអ្នកណាអាចជួយដោះទុក្ខឯងបាន?
8តើឯងវិសេសជាងក្រុងថេប
ដែលនៅជាប់ទាំងទន្លេនីលឬ?
ហើយមានទឹកនៅព័ទ្ធជុំវិញនោះ
ក៏មានសមុទ្រការពារ គឺសមុទ្រទុកជាកំផែងឬអី?
9ស្រុកអេធីយ៉ូពី និងស្រុកអេស៊ីព្ទ
ជាកម្លាំងរបស់គេ
ហើយកម្លាំងនោះក៏ប្រមាណមិនបានផង
ស្រុកពូត និងស្រុកលីប៊ី ជាជំនួយរបស់គេដែរ
10ទោះបើយ៉ាងនោះ គង់តែគេត្រូវចាប់ទៅជាឈ្លើយ
កូនតូចៗរបស់គេត្រូវបោកកម្ទេចនៅតាមផ្លូវ
ក៏បានបោះឆ្នោតចាប់មនុស្សមានត្រកូលខ្ពស់របស់គេ
ហើយអស់អ្នកធំរបស់គេត្រូវជាប់ច្រវាក់
11ឯងនឹងត្រូវស្រវឹង ឯងនឹងត្រូវលាក់ខ្លួន
ហើយនឹងស្វែងរកទីពឹងជ្រកឲ្យរួចពីខ្មាំងសត្រូវដែរ។
12អស់ទាំងបន្ទាយរបស់ឯងនឹងដូចជាដើមល្វា
ដែលមានផ្លែទុំជាដំបូង បើអ្នកណាអង្រួន
នោះផ្លែក៏ជ្រុះចូលក្នុងមាត់របស់អ្នកដែលស៊ី
13មើល៍! ពួកឯងនៅសល់តែស្រីៗ
ទ្វារស្រុកឯងបើកចំហសម្រាប់ខ្មាំងសត្រូវ
ភ្លើងបានឆេះរនុកឯងអស់ទៅ។
14ចូរដងទឹកទុកសម្រាប់ពេលដែលសត្រូវឡោមព័ទ្ធឯងចុះ
ត្រូវរៀបចំបន្ទាយឯងឲ្យមាំមួនឡើង
ចូរចុះទៅជាន់លាយដីឥដ្ឋ
ហើយជួសជុលឡឥដ្ឋឲ្យមាំមួន
15នៅទីនោះភ្លើងនឹងឆេះបន្សុសឯង
ហើយនឹងមានដាវកាត់ឯង
គឺនឹងស៊ីបង្ហិនឯងដូចជាដង្កូវ
ចូរចម្រើនគ្នាឲ្យច្រើនឡើងដូចជាដង្កូវទៅ
ត្រូវឲ្យមានគ្នាច្រើនដូចជាកណ្តូបផង
16ឯងបានចម្រើនពួកជំនួញរបស់ឯង
ឲ្យមានច្រើនជាងផ្កាយនៅលើមេឃ
តែដង្កូវបានស៊ីបង្ហិន រួចទៅបាត់ហើយ។
17ពួកចៅហ្វាយរបស់ឯងប្រៀបដូចជាចង្រិត
ហើយពួកមេទ័ពរបស់ឯងក៏ដូចជាហ្វូងកណ្តូប
ដែលទំនៅរបងក្នុងពេលថ្ងៃរងា
តែកាលណាថ្ងៃរះឡើង នោះវាហើរបាត់ទៅ
ហើយកន្លែងដែលទៅទំនៅនោះ
គ្មានអ្នកណាដឹងទេ។
18ឱស្តេចសាសន៍អាសស៊ើរអើយ
ពួកគង្វាលរបស់ឯង គេដេកលក់អស់ហើយ
ពួកអ្នកមានត្រកូលខ្ពស់ក៏សម្រាក
រាស្ត្ររបស់ឯងត្រូវខ្ចាត់ខ្ចាយទៅលើភ្នំ
ឥតមានអ្នកណានឹងប្រមូលគេឡើយ។
19គ្មានអ្វីព្យាបាលឯងឲ្យបាត់ឈឺឡើយ
ព្រោះរបួសឯងធ្ងន់ណាស់
អស់អ្នកដែលឮដំណឹងពីឯង គេទះដៃអរ
ដ្បិតតើមានអ្នកណាដែលមិនត្រូវអំពើកំណាច
របស់ឯងជានិច្ចនោះ»។:៚
ទើបបានជ្រើសរើសហើយ៖
ណាហ៊ុម 3: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies