ហេព្រើរ 10

10
ព្រះយេស៊ូវ​ថ្វាយ​យញ្ញ​បូជា​ម្ដង​ជា​សូរេច
1ដោយ​សារ​ក្រឹត្យ‌វិន័យ ជា​ស្រមោល​ពី​សេចក្ដី​ល្អ​ដែល​ត្រូវ​មក ហើយ​មិន​មែន​ជា​រូប​ពិត​នៃ​សេចក្ដីទាំង​នេះ នោះ​ពុំ​អាច​នឹង​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​ចូល​មក​ថ្វាយ​យញ្ញ‌បូជា​ដដែលៗរាល់​ឆ្នាំ បាន​គ្រប់​លក្ខណ៍​ឡើយ។ 2ប្រសិន‌បើអាច តើ​គេ​មិន​បាន​ឈប់​ថ្វាយ​យញ្ញ​បូជា​ឬទេ? ព្រោះ​កាល​បើ​មនសិការ​របស់​ពួក​អ្នក​ថ្វាយ​បង្គំ ដែល​បាន​ទទួល​ការ​លាង​សម្អាត ម្តងជា​សម្រេច​ហើយ​នោះ គេ​មុខ​ជា​ដឹង​ថា គេ​មិន​ជាប់​មាន​បាប​ទៀត​ទេ។ 3ផ្ទុយ​ទៅ​វិញ យញ្ញ‌បូជា​ទាំង​នោះ​រំឭក​ពួក​គេ​ឲ្យ​នឹក​ឃើញ​ពី​អំពើ​បាប​ជា​រៀង​រាល់​ឆ្នាំ។ 4ដ្បិត​ឈាម​គោ​ឈ្មោល និង​ពពែ​ឈ្មោល ពុំ​អាច​ដក​បាប​បាន​ឡើយ។ 5ហេតុ​នេះ នៅ​ពេលដែល​ព្រះ‌អង្គ​យាង​មក​ចូល​មក​ក្នុង​ពិភព‌លោក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ព្រះ‌អង្គ​មិន​ចង់​បាន​យញ្ញ‌បូជា និង​តង្វាយ​ទេ តែ​ព្រះ‌អង្គ​បាន​រៀប​ចំ​រូប‌កាយ​ឲ្យ​ទូល​បង្គំ​វិញ 6ព្រះ‌អង្គ​ក៏​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​តង្វាយ​ដុត ឬ​នឹង​តង្វាយ​លោះ​បាប​ដែរ។ 7ដូច្នេះ ទូល​បង្គំ​ទូល​ថា មើល៍ ឱ​ព្រះ‌អើយ ទូល​បង្គំ​បាន​មក​ដើម្បី​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ (សេចក្តី​នេះ​បាន​កត់​ទុក​ពី​ទូល​បង្គំនៅ​ក្នុង​គម្ពីរ​ហើយ)» ។ 8កាល​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ព្រះ‌អង្គ​មិន​ចង់​បាន ក៏​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​យញ្ញ‌បូជា តង្វាយ​ផ្សេងៗ តង្វាយ​ដុត និង​តង្វាយ​លោះ​បាប» (របស់​ទាំង​នេះ​គេ​ថ្វាយ​តាម​ក្រឹត្យ‌វិន័យ) 9រួច​ព្រះ‌អង្គ​មានព្រះ​បន្ទូល​បន្ថែម​ទៀត​ថា៖ «មើល៍ ទូល​បង្គំ​បាន​មក​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ»។ ដូច្នេះ ព្រះ‌អង្គ​បាន​លុប​របៀប​ពី​មុន​ចោល ដើម្បី​នឹង​តាំង​របៀប​ថ្មី​វិញ។ 10គឺ​ដោយ​សារ​ព្រះ‌ហឫ‌ទ័យ​នោះ​ហើយ ដែល​យើង​បាន​ញែក​ជា​បរិសុទ្ធ តាម​រយៈ​តង្វាយ​ជា​រូប​អង្គ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ម្ដង​ជា​សូរេច។
11សង្ឃ​គ្រប់​រូប​ឈរ​បំពេញ​មុខ‌ងារ​របស់​ខ្លួន​ជា​រៀង​រាល់​ថ្ងៃ ទាំង​ថ្វាយ​យញ្ញ‌បូជា​ដដែល​ៗ ម្ដង​ហើយ​ម្ដង​ទៀត ដែល​ពុំ​អាច​នឹង​ដក​បាប​បាន​ឡើយ។ 12រីឯ​ព្រះ‌គ្រីស្ទ​វិញ ក្រោយ​ពី​ទ្រង់​បាន​ថ្វាយ​យញ្ញ‌បូជា​តែ​មួយ​សម្រាប់​អំពើ​បាបជា​រៀង​រហូត​រួច​មក ព្រះ‌អង្គ​ក៏​បាន​គង់​ខាង​ស្តាំ​នៃ​ព្រះ 13ទាំង​រង់​ចាំ​តាំង​ពី​ពេល​នោះ រហូត​ទាល់​តែ​ព្រះ​បាន​ដាក់​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ ជា​កំណល់​កល់​ព្រះ‌បា​ទព្រះ‌អង្គ។ 14ដ្បិត​ព្រះ‌អង្គ​បាន​ប្រោស​អស់​អ្នក​ដែល​បាន​ញែក​ជា​បរិសុទ្ធ ឲ្យ​បាន​គ្រប់​លក្ខណ៍​ជា​រៀង​រហូត ដោយ​សារ​តង្វាយ​តែ​មួយ​គត់។ 15ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ក៏​ធ្វើ​បន្ទាល់​ប្រាប់​យើង​ដែរ ក្រោយ​ពេល​ដែលទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ 16«ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា នេះ​ជា​សេចក្ដី​សញ្ញា​ដែល​យើង​នឹង​តាំង​ជាមួយ​ពួក​គេ​ក្រោយ​គ្រា​នោះ គឺ​ថា យើង​នឹង​ដាក់​ក្រឹត្យ‌វិន័យ​នៅ​ក្នុង​ចិត្ត​របស់​គេ ហើយ​ចារ​ក្រឹត្យ​វិន័យ​ទាំង​នោះ​នៅ​ក្នុង​គំនិត​របស់​គេ»។ 17ព្រះ‌អង្គ​ក៏មាន​ព្រះ‌បន្ទូល​បន្ថែម​ទៀត​ថា៖ «យើង​នឹង​លែង​នឹក​ចាំ​ពី​អំពើ​បាប និង​អំពើ​ទុច្ចរិត​របស់​គេ​ទៀត» 18ដូច្នេះ ទីណា​មាន​ការ​លើក​លែង​ទោស​ឲ្យ​រួច​ពី​សេចក្ដី​ទាំង​នោះ ទី​នោះ​មិន​ចាំ​បាច់​ថ្វាយ​តង្វាយ ដោយ​ព្រោះ​បាប​ទៀតឡើយ។
ពាក្យ​ដាស់​តឿន​ឲ្យ​មាន​ជំនឿ​ខ្ជាប់‌ខ្ជួន
19ហេតុ​នេះ បង‌ប្អូន​អើយ ដោយ​យើង​មាន​ចិត្ត​ជឿ​ជាក់​នឹង​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ ដោយ​សារ​ព្រះ‌លោហិត​របស់​ព្រះ‌យេស៊ូវ 20តាម​ផ្លូវ​ដែល​ព្រះ‌អង្គបាន​បើក​ឲ្យ​យើង ជា​ផ្លូវ​ថ្មី ហើយ​រស់ ឆ្លង​កាត់​វាំងនន គឺ​ជា​រូប​សាច់​ព្រះ‌អង្គ 21ហើយ​ដោយ​យើង​មាន​សម្តេច​សង្ឃ​ដ៏​ធំ​មួយ​អង្គ​ត្រួត​លើ​ដំណាក់​ព្រះ 22នោះ​ត្រូវ​ឲ្យ​យើង​ចូល​ទៅ​ជិត ដោយ​ចិត្ត​ទៀង​ត្រង់ ពេញ​ដោយ​ជំនឿ ព្រម​ទាំង​មាន​ចិត្ត​បរិសុទ្ធ ប្រោះ​ញែក​ជា​ស្អាត​ពី​មនសិការ​សៅ‌ហ្មង ហើយ​រូប‌កាយ​របស់​យើង​បាន​លាង​ដោយ​ទឹក​ដ៏​បរិសុទ្ធ។ 23ត្រូវ​ឲ្យ​យើង​កាន់​ខ្ជាប់ តាម​សេចក្តី​សង្ឃឹម​ដែល​យើង​បាន​ប្រកាស​នោះ កុំ​ឲ្យ​រង្គើ ដ្បិត​ព្រះ‌អង្គ​ដែល​បាន​សន្យា​នោះ ទ្រង់​ស្មោះ​ត្រង់។ 24ត្រូវ​ឲ្យ​យើង​ពិចារណា​ដាស់​តឿន​គ្នា​ទៅ​វិញ​ទៅ​មក ឲ្យ​មាន​ចិត្ត​ស្រឡាញ់ ហើយ​ប្រព្រឹត្ត​អំពើ​ល្អ 25មិន​ត្រូវ​ធ្វេស​ប្រហែស​នឹង​ការ​ប្រជុំ​គ្នា ដូច​អ្នក​ខ្លះ​ធ្លាប់​ធ្វើ​នោះ​ឡើយ ត្រូវ​លើកទឹក​ចិត្ត​គ្នា​ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត ដោយ​ឃើញ​ថា ថ្ងៃ​នោះ​កាន់​តែ​ជិត​មក​ដល់​ហើយ។
26ដ្បិត​ក្រោយ​ពី​យើង​បាន​ទទួល​ចំណេះ​ដឹង​ខាង​ឯ​សេចក្ដី​ពិត​ហើយ ហើយ​យើង​នៅ​តែ​ប្រព្រឹត្ត​អំពើ​បាប​ដោយ​ស្ម័គ្រ​ពី​ចិត្ត​ទៀត នោះ​គ្មាន​យញ្ញ‌បូជា​ណា​នឹង​លោះ​បាប​យើង​ទៀត​ឡើយ 27គឺ​មាន​តែ​រង់​ចាំ​ការ​ជំនុំ​ជម្រះ​ក៏​គួរ​ឲ្យ​ភ័យ​ខ្លាច និង​ភ្លើង​ដ៏​សហ័ស ដែល​នឹង​ឆាប​ឆេះ​ពួក​ទាស់​ទទឹង​ប៉ុណ្ណោះ។ 28អ្នក​ណា​ដែល​បំពាន​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ដោយ​មាន​មនុស្ស​ពីរ ឬ​បី​នាក់​ជា​បន្ទាល់ នោះ​នឹង​ត្រូវ​ស្លាប់​ដោយ​ឥត​ត្រា‌ប្រណី។ 29ចុះ​ចំណង់​បើ​អ្នក​ដែល​ជាន់​ឈ្លី​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ ហើយ​ប្រមាថ​ព្រះ‌លោហិត​នៃ​សេចក្ដី​សញ្ញា ដែល​បាន​ញែក​គេ​ចេញ​ជា​បរិសុទ្ធ ហើយ​ត្មះ‌តិះ‌ដៀល​ព្រះ‌វិញ្ញាណ​ដ៏​មាន​ព្រះ‌គុណ សូម​អ្នក​រាល់​គ្នា​គិត​មើល៍ តើ​គេ​សម​នឹង​មាន​ទោស​ធ្ងន់​យ៉ាង​ណា​ទៅ​ទៀត? 30ដ្បិត​យើង​ស្គាល់​ព្រះ‌អង្គ​ដែល​មាន​ព្រះ‌បន្ទូល​ថា៖ «ការ​សង​សឹក​ជា​របស់​យើង យើង​នឹង​សង​ដល់​គេ» ហើយ​មួយ​ទៀត​ថា «ព្រះ‌អម្ចាស់​នឹង​ជំនុំ​ជម្រះ​ប្រជា​រាស្ត្រ​របស់​ព្រះ‌អង្គ» ។ 31ការ​ដែល​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ព្រះ‌ហស្ត​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ នោះ​គួរ​ឲ្យ​ស្ញែង​ខ្លាច​ណាស់។
32ប៉ុន្ដែ ចូរ​នឹក​ចាំ​ពីគ្រា​ដំបូង ជា​គ្រា​ដែល​អ្នក​រាល់​គ្នា​ទើប​នឹង​បាន​ភ្លឺ អ្នក​រាល់​គ្នា​បាន​ទ្រាំ​ទ្រ​នឹង​ទុក្ខ​លំបាក​ជា​ខ្លាំង 33ពេល​ខ្លះ អ្នក​រាល់​គ្នា​ត្រូវ​គេ​ប្រមាថ​មើល​ងាយ និង​ធ្វើ​ទុក្ខ​បៀត​បៀន​នៅ​ទី​ប្រជុំ​ជន ហើយ​ពេល​ខ្លះ​ទៀត អ្នក​រាល់​គ្នា​រួម​ចំណែក​ជាមួយ​អស់​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​ទុក្ខ​យ៉ាង​នោះ​ទៀត​ផង។ 34ដ្បិត​អ្នក​រាល់​គ្នា​មាន​ចិត្ត​អាណិត​អាសូរ​ដល់​អស់​អ្នក​ដែល​ជាប់​ឃុំឃាំង ក៏​ទ្រាំ​ឲ្យ​គេរឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ដោយ​អំណរ ព្រោះ​អ្នក​រាល់​គ្នា​ដឹង​ថា អ្នក​រាល់​គ្នា​មាន​ទ្រព្យ‌សម្បត្តិ​ដែល​ប្រសើរ​ជាង ហើយ​នៅ​ស្ថិត​ស្ថេរ​រហូត។ 35ហេតុ​នេះ សូម​កុំ​បោះ​បង់​ចោល​ចិត្ត​ជឿ​ជាក់​របស់​អ្នក​រាល់​គ្នា ដែល​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាន​រង្វាន់​យ៉ាង​ធំ​នោះ​ឡើយ។ 36ដ្បិត​អ្នក​រាល់​គ្នា​ត្រូវ​មាន​ចិត្តស៊ូ​ទ្រាំ ដើម្បី​កាល​ណា​អ្នក​រាល់​គ្នា​បាន​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ​រួច​ហើយ អ្នក​រាល់​គ្នា​នឹង​ទទួល​បាន​តាម​ព្រះ‌បន្ទូល​សន្យា។ 37«ដ្បិត​នៅ​តែ​បន្តិច​ទៀត ព្រះ‌អង្គ​ដែល​ត្រូវយាង​មក ព្រះ‌អង្គ​នឹង​យាង​មក​មែន ឥត​បង្អង់​ឡើយ 38រីឯ​មនុស្ស​សុចរិត​របស់​យើង គេ​នឹង​រស់​នៅ​ដោយ​សារ​ជំនឿ តែ​បើ​អ្នក​ណា​ដក​ថយ​ទៅ​វិញ ចិត្ត​យើង​គ្មាន​អំណរ​នឹង​អ្នក​នោះ​ឡើយ» ។ 39ប៉ុន្ដែ យើង​មិន​មែន​ជា​ពួក​អ្នក​ដែល​ដក​ថយ​ទៅ​វិញ ហើយ​ឲ្យ​ត្រូវ​វិនាស​នោះ​ឡើយ គឺ​ជា​ពួក​អ្នក​ដែល​មាន​ជំនឿ ហើយ​រក្សា​ព្រលឹង​របស់​ខ្លួន​វិញ។

ទើបបានជ្រើសរើសហើយ៖

ហេព្រើរ 10: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល