ហេព្រើរ 7

7
របៀប​ជា​សង្ឃ​របស់​លោក​ម៉ិល​គីស្សា​ដែក
1លោក​ម៉ិលគី‌ស្សាដែក ជា​ស្តេច​ក្រុង​សាឡិម និង​ជា​សង្ឃ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត បាន​ជួប​លោក​អ័ប្រា‌ហាំ ក្រោយ​ពី​បាន​បំផ្លាញ​ពួក​ស្តេច​នា​នា ហើយ​ក៏​បាន​ជូន​ពរ​លោក 2លោក​អ័ប្រា‌ហាំ​បាន​យក​ចំណែក​មួយ​ភាគ​ដប់ ពី​អ្វីៗ​ទាំង​អស់​មក​ជូន​លោក​ម៉ិល​គីស្សាដែក។ នាម​របស់​ស្តេចអង្គ​នោះ ដំបូង​មាន​ន័យ​ថា «ស្តេច​នៃ​សេចក្តី​សុចរិត» រួច​មក លោក​ជា​ស្តេច​ក្រុង​សាឡិម ដែល​មាន​ន័យ​ថា «ស្តេច​នៃ​សេចក្តី​សុខ​សាន្ត»។ 3លោក​គ្មាន​មាតា‌បិតា គ្មាន​ពង្សា‌វតារ ក៏​គ្មាន​ដើម​កំណើត ឬ​ចុង​បញ្ចប់​ឡើយ គឺ​មាន​ភាព​ដូច​ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ ហើយ​នៅ​ជា​សង្ឃ​រហូត​តទៅ។
4ចូរ​ពិចារណា​មើល​ពី​ស្តេច​អង្គ​នេះ ដែល​មាន​ឋានៈ​ធំយ៉ា​ង​ណា បាន​ជា​លោក​អ័ប្រា‌ហាំ ជា​បុព្វ‌បុរស​របស់​យើង បាន​ថ្វាយ​មួយ​ភាគ​ដប់ ពី​អ្វីៗ​ដែល​លោក​រឹប​អូស​បាន។ 5រីឯ​ពួក​កូន​ចៅ​លេវី ដែល​ទទួល​ការ‌ងារ​ជា​សង្ឃ គេ​បាន​ទទួល​បញ្ជា​តាម​ក្រឹត្យ‌វិន័យ ឲ្យ​ហូត​យក​មួយ​ភាគ​ដប់​ពី​ប្រជា‌ជន គឺ​ពី​ពួក​បង‌ប្អូន​របស់​គេ ទោះ​បើ​អ្នក​ទាំង​នោះ​ជា​ពូជ​ពង្ស​លោក​អ័ប្រា‌ហាំ​ដូច​គ្នា​ក៏​ដោយ។ 6ប៉ុន្ដែ លោក​ម៉ិលគី‌ស្សាដែក​នេះ ដែល​មិន​ជា​ប់​សាច់​ញាតិ​អ្វី​នឹង​គេ លោក​បាន​ទទួល​ចំណែក​មួយ​ភាគ​ដប់ពី​លោក​អ័ប្រា‌ហាំ ហើយ​ក៏​ឲ្យ​ពរ​ដល់​លោក ដែល​បាន​ទទួល​សេចក្តី​សន្យា។ 7ធម្មតា អ្នក​ធំ​តែង​ឲ្យ​ពរ​អ្នក​តូច យើង​ពុំ​អាច​ប្រកែក​បាន​ឡើយ។ 8ក្នុង​ករណី​មួយ​នេះ មនុស្ស​ដែល​តែង​តែ​ស្លាប់ ទទួល​តង្វាយ​មួយ​ភាគ​ដប់ តែ​ក្នុង​ករណី​មួយ​ទៀត គឺ​ម្នាក់ដែលគម្ពីរ​ធ្វើ​ប​ន្ទាល់​ថា លោក​មាន​ជីវិត​រស់​នៅ។ 9គេ​អាច​និយាយ​បាន​ថា លោក​លេវី​ដែល​ទទួល​តង្វាយ​មួយ​ភាគ​ដប់ លោកក៏​បាន​ថ្វាយ​មួយ​ភាគ​ដប់ តាម​រយៈ​លោក​អ័ប្រា‌ហាំដែរ 10ដ្បិត​កាល​លោក​ម៉ិលគី‌ស្សាដែក​បាន​ជួប​លោក​អ័ប្រា‌ហាំ នោះ​លោក​លេវី​ស្ថិត​នៅ​ក្នុង​ខ្លួន​បុព្វ​បុរស​របស់​លោក​នៅ​ឡើយ។
សង្ឃ​មួយ​ផ្សេង​ទៀត ដូច​លោក​ម៉ីលគី‌ស្សាដែក
11ដូច្នេះ ប្រសិន‌បើ​មនុស្ស​បាន​គ្រប់​លក្ខណ៍ តាម​រយៈ​ការ‌ងារ​ជា​សង្ឃខាង​ពួក​លេវី​ទៅ​ហើយ (ដ្បិត​ក្រោម​ការ​ងារ​នោះ ប្រជា‌ជន​បាន​ទទួល​ក្រឹត្យ‌វិន័យ) តើ​ចាំ​បាច់​ឲ្យ​មាន​សង្ឃ​មួយ​ទៀត ដែល​មិន​បាន​តាំង​ឡើង​តាម​របៀបលោក​អើ​រ៉ុន គឺ​តាម​របៀប​លោក​ម៉ិលគី‌ស្សាដែក​វិញ​ធ្វើ​អ្វី? 12ប្រសិន‌បើ​ការ‌ងារ​ជា​សង្ឃ​មាន​ការ​ផ្លាស់​ប្ដូរ នោះ​ក្រឹត្យ‌វិន័យ​ក៏​ត្រូវ​តែ​មាន​ការ​ផ្លាស់​ប្ដូរ​ដែរ។ 13ដ្បិត​ឯ​ព្រះ‌អង្គ ដែល​សេចក្ដី​ទាំង​នេះ​បាន​ថ្លែង​ទុក​មក ទ្រង់​កើត​ពីកុល​សម្ព័ន្ធ​មួយ​ទៀត ដែល​គ្មាន​អ្នក​ណា​មួយ​ធ្លាប់​បាន​បម្រើ​នៅ​អាសនា​ឡើយ។ 14ព្រះ‌អម្ចាស់​នៃ​យើង បាន​ប្រសូត​ពី​កុល​សម្ព័ន្ធ​យូដា ហើយ​លោក​ម៉ូសេ​មិន​បាន​មាន​ប្រសាសន៍​អ្វី​អំពី​កុល​សម្ព័ន្ធ​នោះ ខាង​ឯ​ការ‌ងារ​ជា​សង្ឃ​ឡើយ។
15សេចក្ដី​នេះ​ក៏​រឹង​រឹត​តែ​ច្បាស់ថែម​ទៀត នៅ​ពេល​មាន​សង្ឃ​មួយ​ផ្សេង​ទៀត​កើត​ឡើង តាម​បែប​លោក​ម៉ិលគី‌ស្សាដែក។ 16សង្ឃ​នោះ​មិន​បាន​តាំង​ឡើង​តាម​ក្រឹត្យ‌វិន័យ ដែល​មាន​បញ្ញត្តិ​ខាង​សាច់​ឈាម​ទេ គឺ​តាម​ព្រះ‌ចេស្តា​នៃ​ព្រះជន្ម​ដ៏​មិន​ចេះ​សាប​សូន្យ​នោះ​វិញ។ 17ដ្បិត​មាន​បន្ទាល់​ពី​ព្រះ‌អង្គ​ថា «អ្នក​ជា​សង្ឃ​នៅ​អស់​កល្ប​ជានិច្ច តាម​របៀប​លោក​ម៉ិលគី‌ស្សាដែក» ។ 18ដូច្នេះ បញ្ញត្តិ​ដែល​មាន​ពី​មុន ត្រូវ​ទុក​មួយ​ឡែក ព្រោះ​ខ្សោយ ហើយ​ឥត​ប្រយោជន៍ 19(ដ្បិត​ក្រឹត្យ‌វិន័យ​មិន​ដែល​នាំ​ឲ្យ​បាន​គ្រប់​លក្ខណ៍​ឡើយ)។ ម្យ៉ាង​ទៀត សេចក្តី​សង្ឃឹម​មួយ​ដ៏​ប្រសើរ​ជាង បាន​ចូល​មក ដែល​តាម​រយៈ​សេចក្តី​សង្ឃឹម​នោះ យើង​អាច​ចូល​ទៅ​ជិត​ព្រះ​បាន។
20នេះ​មិន​មែន​ដោយ​ឥត​មាន​ពាក្យ​សម្បថ​ឡើយ ដ្បិត​អស់​អ្នក​ដែលបាន​ធ្វើ​ជា​សង្ឃ​ពី​មុន មាន​មុខ​ងារ​ជា​សង្ឃ ដោយ​គ្មាន​សម្បថ 21តែ​ព្រះ‌អង្គ​នេះ​វិញ ទ្រង់​បាន​ទទួល​មុខ​ងារ​ជា​សង្ឃ មាន​ទាំង​ពាក្យ​សម្បថ ដោយ​សារ​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះ‌អង្គ​ថា «ព្រះ‌អម្ចាស់​បាន​ស្បថ ហើយ​ទ្រង់​មិន​ផ្លាស់​ប្ដូរ​គំនិត​ឡើយថា "អ្នក​ជា​សង្ឃ​នៅ​អស់​កល្ប​ជានិច្ច"» ។ 22ដូច្នេះ ព្រះ‌យេស៊ូវ​បាន​ត្រឡប់​ជា​អ្នក​ធានា​សេចក្ដី​សញ្ញា​មួយ​ដែល​ប្រសើរ​ជាង។
23លើស​ពី​នេះ ពី​មុន​ពួក​សង្ឃ​មាន​គ្នា​ជា​ច្រើន ព្រោះ​គេ​តែង​តែ​ស្លាប់ ពុំ​អាច​បន្ដ​មុខ​ងារ​នៅ​ជាប់​ស្ថិត‌ស្ថេរ​បាន​ឡើយ 24តែ​ព្រះ​យេស៊ូវ​មាន​មុខ​ងារ​ជា​សង្ឃ​ជាប់​ជា​អចិន្ត្រៃយ៍ ព្រោះ​ព្រះ‌អង្គ​នៅ​ជាប់​អស់​កល្ប​ជានិច្ច។ 25ដោយ​ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​អាច​សង្គ្រោះ ដល់​អស់​អ្នក​ដែល​ចូល​ជិត​ព្រះ​តាម​រយៈ​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​នៅ​ជានិច្ច ដើម្បី​ទូល​អង្វរ​ឲ្យ​ពួកគេ។
26ដ្បិត​គួរ​ឲ្យ​មាន​សម្តេច​សង្ឃ​យ៉ាង​នេះ​សម្រាប់​យើង ដែល​ទ្រង់​បរិសុទ្ធ ស្លូត​ត្រង់ ឥត​សៅ‌ហ្មង បាន​ញែក​ចេញ​ពី​មនុស្ស​បាប ហើយ​បាន​ត្រឡប់​ជា​ខ្ពស់​ជាង​ស្ថាន‌សួគ៌​ទៅ​ទៀត។ 27ព្រះ‌អង្គ​មិន​ចាំ​បាច់​នឹង​ថ្វាយ​យញ្ញ‌បូជា​រាល់​ថ្ងៃ ដូច​សម្តេច​សង្ឃ ដែល​ថ្វាយ​ដោយ​ព្រោះ​បាប​ខ្លួន​ឯង​ជា​មុន រួច​មក ដោយ​ព្រោះ​បាប​របស់​ប្រជា‌ជន​នោះ​ទេ ដ្បិត​ព្រះ‌អង្គ​បាន​ថ្វាយ​យញ្ញ‌បូជា ម្ដង​ជា​សូរេច គឺ​នៅ​ពេល​ដែល​ព្រះ‌អង្គ​ថ្វាយ​អង្គ​ទ្រង់​នោះ​ឯង។ 28ដ្បិត​ក្រឹត្យ‌វិន័យ​តែង​តាំង​មនុស្ស​ឲ្យ​ធ្វើ​ជា​សម្តេច​សង្ឃ ដោយ​គេ​មាន​ភាព​ទន់​ខ្សោយ តែ​ពាក្យ​សម្បថ​ដែល​មក​ក្រោយ​ក្រឹត្យ‌វិន័យ បាន​តែង​តាំង​ព្រះ‌រាជ‌បុត្រា ដែល​គ្រប់​លក្ខណ៍​នៅ​អស់​កល្ប​ជានិច្ច​វិញ។

ទើបបានជ្រើសរើសហើយ៖

ហេព្រើរ 7: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល