ហូសេ 9

9
ការ​ដាក់​ទោស​ដល់​អំពើ​បាប​របស់​អ៊ី​ស្រាអែល
1ឱ​អ៊ីស្រា‌អែល​អើយ កុំ​ត្រេក​អរ
កុំ​សប្បាយ​រីក‌រាយ​ដូច​សាសន៍ឯទៀតៗ​ឡើយ
ដ្បិត​អ្នក​បាន​ប្រព្រឹត្ត​អំពើ​ពេស្យាចារ
ដោយបោះ​បង់ចោល​ព្រះ​របស់​ខ្លួន
អ្នកចូល​ចិត្ត​នឹង​ទទួល​ក​ម្រៃពីអំពើ​ពេស្យា​ចារ
នៅលើ​អស់​ទាំង​ទី​លាន​បោក​ស្រូវ។
2ដូច្នេះ ទី​លាន​បោក​ស្រូវ
និង​ធុង​ស្រា​ទំពាំង‌បាយ‌ជូរ
នឹង​មិន​ចិញ្ចឹម​គេ​ទៀតឡើយ
ហើយ​ស្រា​ថ្មី​ក៏​នឹង​គ្មាន​ទៀត​ដែរ។
3គេ​នឹង​លែង​រស់​នៅ​ក្នុង​ស្រុក​របស់​ព្រះ‌យេហូវ៉ា
ឯ​អេប្រាអិម​នឹង​ត្រឡប់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ
ហើយ​គេ​នឹង​បរិភោគ​អាហារ​ដែល​ស្មោក‌គ្រោក
នៅ​ក្នុង​ស្រុក​អាស‌ស៊ើរ។
4គេ​នឹង​លែង​ច្រួច​ស្រា​ទំពាំង‌បាយ‌ជូរ​ថ្វាយ​ព្រះ‌យេហូវ៉ា
ហើយ​យញ្ញ‌បូជា​របស់​គេ
មិន​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ​ឡើយ
យញ្ញ‌បូជា​របស់​គេ​នឹង​បាន​ដូច​ជា
នំបុ័ង​របស់​អ្នក​កាន់​ទុក្ខ​ដល់​គេ
អស់​អ្នក​ដែល​បរិភោគ​នឹង​ត្រូវ​ស្មោក‌គ្រោក
នំបុ័ង​របស់​គេ​នឹង​បាន​សម្រាប់​តែ
ចម្អែត​ខ្លួន​គេ​ប៉ុណ្ណោះ
គឺ​នឹង​មិន​ដែល​ចូល​ទៅ​ក្នុង​ដំណាក់
របស់​ព្រះ‌យេហូវ៉ា​ឡើយ។
5តើ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​យ៉ាង​ណា
នៅ​ថ្ងៃ​បុណ្យ​ដែល​បាន​កំណត់
និង​នៅ​ថ្ងៃ​បុណ្យ​របស់​ព្រះ‌យេហូវ៉ា?
6ដ្បិត​មើល៍ គេ​កំពុង​គេច​ចេញ​ពី​ការ​ហិន​វិនាស
តែ​សាសន៍​អេស៊ីព្ទ​នឹង​កៀរ​ប្រមូល​គេ
ក្រុង​ណូព​នឹង​បញ្ចុះ​សព​គេ
ឯ​គ្រឿង​ប្រាក់​ដែល​គាប់​ចិត្ត​គេ
នឹងក្លាយ​ទៅ​ជា​របស់​ដើម​កន្ទេច‌អាល
ហើយ​បន្លា​នឹង​ដុះ​ក្នុង​ទី​លំ‌នៅ​របស់​គេ។
7ថ្ងៃដាក់​ទោស​បាន​មកដល់​ហើយ
គឺ​ថ្ងៃ​តប​ស្នង​តាម​អំពើ
ដែល​គេ​បាន​ប្រព្រឹត្ត​មក​ដល់​ហើយ
អ៊ីស្រា‌អែល​ស្រែក​ឡើង​ថា "ហោរា​នេះ​ឆ្កួត
មនុស្ស​ដែល​មាន​និស្ស័យ​ខាង​វិញ្ញាណ​នេះ
ឡប់​សតិ​ហើយ!"
តែ​ដោយ​ព្រោះ​អំពើ​ទុច្ចរិត​ដ៏​សម្បើម
និង​អំពើ​សម្អប់​ដ៏​ខ្លាំងរបស់​អ្នក​វិញ។
8អ្នក​ចាំ​យាម​របស់​អេប្រាអិម​បាន​នៅ​ជា​មួយ​ព្រះ​នៃ​ខ្ញុំ
តែ​ហោរា​សុទ្ធ​តែ​ជា​ឡប់ សម្រាប់​ចាប់​សត្វ
នៅ​គ្រប់​ទាំង​ផ្លូវ​របស់​គេ
ហើយ​ជា​សេចក្ដី​សម្អប់
នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ​នៃ​ខ្លួន
9គេ​បាន​បង្ខូច​ចិត្ត​គេ​ទៅ​យ៉ាង​ជ្រៅ
ដូច​កាល​នៅ​គ្រា​គី‌បៀរ
ព្រះ‌អង្គ​នឹង​នឹក​ចាំ​ពី​អំពើ​ទុច្ចរិត​របស់​គេ
ហើយ​នឹង​តប​ស្នង​ចំពោះ​បាប​គេ​ដែរ។
10យើង​បាន​ប្រទះ​នឹង​អ៊ីស្រា‌អែល
ដូច​ជា​ប្រទះ​នឹង​ផ្លែ​ទំពាំង‌បាយ‌ជូរ​នៅ​ក្នុង​ទី​រហោ‌ស្ថាន
យើង​បាន​ឃើញ​ដូន​តា​របស់​អ្នក​រាល់​គ្នា
ដូច​ជា​ផ្លែ​ដំបូង​នៅ​លើ​ដើម​ល្វា គឺ​នៅ​រដូវ​ដំបូង។
ប៉ុន្ដែ គេ​បាន​ទៅ​ដល់​បាល-ពេអរ
ហើយ​បាន​ថ្វាយ​ខ្លួន​ដល់​រូប​ព្រះ​គួរ​ខ្មាស
ក៏​ត្រឡប់​ជា​គួរ​ខ្ពើម​ឆ្អើម
ដូច​របស់​ដែល​គេ​ស្រឡាញ់​នោះ។
11សិរីល្អ​របស់​អេប្រាអិម​នឹង​ហើរ​ទៅ​បាត់​ដូច​សត្វ​ស្លាប
គ្មាន​កូន​កើតមក គ្មាន​កូន​នៅ​ក្នុង​ផ្ទៃ
ឬ​កូន​ចាប់​កំណើត​នៅ​ក្នុង​ផ្ទៃ​ទៀត​ឡើយ!
12ទោះ​បើ​គេ​ចិញ្ចឹម​បី​បាច់​កូន​ឲ្យ​ធំ​ឡើង
ក៏យើង​នឹងដក​ហូត​គេ​ទៅ
រហូត​ទាល់​តែ​ឥត​មាន​នៅ​សល់។
វេទនា​ដល់​គេ​ហើយ ពេល​ណាយើង​ចាក​ចេញ​ពី​គេ!
13យើង​បាន​ឃើញ​ថា អេប្រាអិម​ប្រៀប​ដូច​ជា​ដើម​ចាក
ដែល​ទើប​នឹង​ដាំ​នៅ​ក្នុង​ស្មៅខៀវ​ខ្ចី
តែ​អេប្រាអិម​នឹង​ត្រូវ​នាំ​កូន​ខ្លួន
ចេញ​មក​ឲ្យ​គេ​សម្លាប់​វិញ។
14ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រទាន​ដល់​គេ
តើ​ត្រូវ​ប្រទាន​អ្វី?
សូម​ប្រទាន​ឲ្យ​គេ​មាន​ផ្ទៃ​ដែល​រលូត​កូន
និង​ដោះ​ដែល​រីង​ស្ងួត។
15អស់​ទាំង​អំពើ​អាក្រក់​របស់​គេ​សុទ្ធ​តែ​នៅ​ត្រង់​គីល‌កាល
ដ្បិត​គឺ​នៅ​ទី​នោះ​ដែល​យើង​បាន​ស្អប់​គេ
យើង​នឹង​បណ្តេញ​គេ​ចេញ​ពី​ដំណាក់​របស់​យើង
ដោយ​ព្រោះ​អំពើ​អាក្រក់​ដែល​គេ​បាន​ប្រព្រឹត្ត
យើង​នឹង​លែង​ស្រឡាញ់​គេ​ទៀត​ហើយ
ពួក​មេ​របស់​គេ​សុទ្ធ​តែ​ជា​មនុស្ស​បះ‌បោរ។
16អេប្រាអិមនឹង​ត្រូវ​វាយ
ហើយ​ឫស​របស់​គេ​បាន​ក្រៀម​ទៅ
គេ​នឹង​មិន​បង្កើត​ផល​ទៀត​ឡើយ
ទោះ​បើ​គេ​បង្កើត​កូន​បាន​ក៏​ដោយ
ក៏​យើង​នឹង​ប្រហារ​កូន​សម្លាញ់​របស់​គេដែរ។
17ព្រះ​របស់​ខ្ញុំ​នឹង​បោះ​បង់​ចោល​គេ
ព្រោះ​គេ​មិន​បាន​ស្តាប់​តាម​ព្រះ‌អង្គ​ទេ
គេ​នឹង​សាត់​អណ្តែត​នៅ​កណ្ដាល​អស់​ទាំង​សាសន៍។

ទើបបានជ្រើសរើសហើយ៖

ហូសេ 9: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល