អេសាយ 37

37
ព្រះ‌បាទ​ហេ‌សេ‌គា​សួរ​យោបល់​ហោរា​អេសាយ
1លុះ​កាល​ស្តេច​ព្រះបាទ​ហេ‌សេ‌គា​បាន​ស្តាប់​ពាក្យ​ទាំង​នោះ​ហើយ ទ្រង់​ក៏​ហែក​ព្រះ‌ពស្ត្រ ហើយ​ស្លៀក‌ពាក់​សំពត់​ធ្មៃ​វិញ រួច​យាង​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា។ 2ទ្រង់​ចាត់​អេលា‌គីម ជា​ឧកញ៉ា​វាំង និង​សេប‌ណា ជា​ស្មៀន​ហ្លួង ហើយ​ពួក​ចាស់​ទុំ​ក្នុង​ពួក​សង្ឃ ឲ្យ​ស្លៀក‌ពាក់​សំពត់​ធ្មៃ ទៅ​ឯ​ហោរា​អេសាយ ជា​កូន​អ័ម៉ូស។ 3គេ​ក៏​ជម្រាប​ដល់​លោក​ថា៖ «ព្រះបាទ​ហេ‌សេ‌គា​មាន​រាជ‌អង្ការ​ដូច្នេះ​ថា "ថ្ងៃ​នេះ​ជា​ថ្ងៃ​មាន​សេចក្ដី​វេទនា សេចក្ដី​ផ្ចាញ់‌ផ្ចាល និង​សេចក្ដី​ដំណៀល ប្រៀប​ដូច​ជា​កូន​ដែល​គ្រប់​ខែ តែ​គ្មាន​កម្លាំង​នឹង​សម្រាល​មក​សោះ។ 4ប្រហែល​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ព្រះ‌អង្គ​នឹង​ឮ​អស់​ទាំង​ពាក្យ​របស់​រ៉ាបសា‌កេ​នេះ​ទេ​ដឹង ជា​ពាក្យ​ដែល​ស្តេច​អាស‌ស៊ើរ ជា​ចៅ‌ហ្វាយ​គេ បាន​ចាត់​ឲ្យ​មក​ប្រកួត​នឹង​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ព្រះ‌អង្គ​នឹង​បន្ទោស​ដល់​គេ ដោយ​ព្រោះ​ពាក្យ​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ព្រះ‌អង្គ​បាន​ឮ​ហើយ ដូច្នេះ សូម​អធិ‌ស្ឋាន​ឲ្យ​សំណល់​ដែល​នៅ​សល់​ចុះ"»។
5ពួក​ជំនិត​របស់​ព្រះបាទ​ហេ‌សេ‌គា ក៏​មក​ជួប​ហោរា​អេសាយ 6ហើយ​ហោរា​អេសាយ​មាន​ប្រសាសន៍​ថា៖ «អ្នក​រាល់​គ្នា​ត្រូវ​ទូល​ដល់​ចៅ‌ហ្វាយ​អ្នក​ថា "ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះថា កុំ​ខ្លាច​ចំពោះ​ពាក្យ​សម្ដី​ដែល​អ្នក​បាន​ឮ ជា​ពាក្យ​ដែល​ពួក​បម្រើ​របស់​ស្តេច​អាស‌ស៊ើរ បាន​ប្រមាថ​ដល់​យើង​នោះ​ឡើយ។ 7មើល៍ យើង​នឹង​បណ្ដាល​គំនិត​វា ឲ្យ​សម្រេច​នឹង​ត្រឡប់​ទៅ​ឯ​ស្រុក​វា​វិញ ដោយ​វា​ឮ​ដំណឹង​មួយ រួច​យើង​នឹង​ឲ្យ​វា​ដួល​ស្លាប់​ដោយ​ដាវ នៅ​ក្នុង​ស្រុក​របស់​វា​ទៅ"»។
8ចំណែក​រ៉ាបសា‌កេ ក៏​ត្រឡប់​ទៅ​រក​ស្តេច​អាស‌ស៊ើរ ឃើញ​កំពុង​តែ​ច្បាំង​នឹង​ក្រុង​លិបណា ដ្បិត​លោក​បាន​ឮ​ថា ទ្រង់​ថយ​ពី​ក្រុង​ឡាគីស​ទៅ​ហើយ។ 9ស្តេច​បាន​ឮ​ពី​ដំណើរ​ទារហា‌កា ជា​ស្តេច​អេធី‌យ៉ូពី ថា ស្ដេច​បាន​ចេញ​មក​ច្បាំង​នឹង​ទ្រង់​ហើយ។ កាល​ទ្រង់​បាន​ឮ​ដូច្នោះ ក៏​ចាត់​សារ​ទៅ​ឯ​ព្រះបាទ​ហេ‌សេ‌គា​ដោយ​ពាក្យ​ថា៖ 10«ចូរ​អ្នក​រាល់​គ្នា​ប្រាប់​ព្រះបាទ​ហេ‌សេ‌គា ជា​ស្តេច​យូដា​ដូច្នេះ​ថា កុំ​ឲ្យ​ព្រះ​របស់​ព្រះ‌ករុណា ដែល​ព្រះ‌ករុណា​ទុក​ចិត្ត​នោះ បញ្ឆោត​ព្រះ‌ករុណាដោយ​ថា ក្រុង​យេរូ‌សាឡិម​នឹង​មិន​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ស្តេច​អាស‌ស៊ើរ​នោះ​ឡើយ។ 11មើល៍ អ្នក​បាន​ឮ​និយាយ​ពី​ការ​ដែល​ស្តេច​អាស‌ស៊ើរ​បាន​ធ្វើ ដល់​ស្រុក​ទាំង​ប៉ុន្មាន​ហើយ គឺ​ដែល​ទ្រង់​បាន​បំផ្លាញ​គេ​អស់​រលីង​ទៅ ដូច្នេះ តើ​អ្នក​នឹង​បាន​រួច​ឬ? 12ឯ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ដែល​បុព្វ‌បុរស​យើង​បាន​បំផ្លាញ គឺ​ពួក​ក្រុង​កូសាន ក្រុង​ខារ៉ាន ក្រុង​រេសែភ និង​ពួក​កូន​ចៅ​អេដែន​ដែល​នៅ​ស្រុក​ធេឡា‌សើរ តើ​ព្រះ​របស់​គេ​បាន​ជួយ​ឲ្យ​គេ​រួច​ឬ? 13តើ​ស្តេច​ស្រុក​ហាម៉ាត ស្តេច​ក្រុង​អើផាឌ និង​ស្តេច​ក្រុង​សេផា‌វែម ក្រុង​ហេណា និង​ក្រុង​អ៊ីវ៉ា​នៅ​ឯ​ណា?»។
ពាក្យ​អធិ‌ស្ឋាន​របស់​ព្រះ‌បាទ​ហេ‌សេ‌គា
14ព្រះបាទ​ហេ‌សេ‌គា​ក៏​ទទួល​សំបុត្រ​នោះ ពី​ដៃ​របស់​ពួក​ទូត​ទៅ​អាន​មើល រួច​ទ្រង់​យាង​ឡើង​ទៅ​ឯ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា លា​សំបុត្រ​នោះ​នៅ​ចំពោះ​ទ្រង់។ 15ព្រះបាទ​ហេ‌សេ‌គា​ក៏​អធិ‌ស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ថា៖ 16«ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដែល​គង់​ពី​លើ​ចេរូ‌ប៊ីន​អើយ គឺ​ព្រះ‌អង្គ​តែ​មួយ​អង្គ ដែល​ជា​ព្រះ​នៃ​អស់​ទាំង​សាសន៍​នៅ​ផែនដី ព្រះ‌អង្គ​បាន​បង្ក‌បង្កើត​ផ្ទៃ​មេឃ និង​ផែនដី។ 17ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ព្រះ‌អង្គ​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ព្រះ‌អង្គ​បើក​ព្រះ‌នេត្រ​ទត សូម​ព្រះ‌សណ្ដាប់​អស់​ទាំង​ពាក្យ​របស់​ស្ដេច​សាន‌ហេរីប ដែល​បាន​ចាត់​គេ​មក​ប្រកួត​នឹង​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ។ 18ឱ​ព្រះ‌យេហូវ៉ា​អើយ ស្តេច​អាស‌ស៊ើរ​បាន​បំផ្លាញ​អស់​ទាំង​ប្រទេស និង​ស្រុក​របស់​គេ​ជា​ប្រាកដ​មែន 19ក៏​បាន​បោះ​ចោល​ព្រះ​របស់​គេ​ទៅ​ក្នុង​ភ្លើង​ដែរ ដ្បិត​មិន​មែន​ជា​ព្រះ​ទេ គឺ​ជា​ស្នាដៃ​ដែល​មនុស្ស​ធ្វើ​មក​ពី​ឈើ និង​ពី​ថ្ម​វិញ ហេតុ​នោះ​បាន​ជា​គេ​បំផ្លាញ​ទៅ​បាន។ 20ដូច្នេះ ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​រាល់​គ្នា​អើយ សូម​ព្រះ‌អង្គ​ជួយ​សង្គ្រោះ​យើង​ខ្ញុំ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​គេ​ផង ដើម្បី​ឲ្យ​គ្រប់​ទាំង​សាសន៍​នៅ​ផែន‌ដី​បាន​ដឹង​ថា ព្រះ‌អង្គ​ជា​ព្រះ‌យេហូវ៉ា គឺ​ព្រះ‌អង្គ​តែ​មួយ​អង្គ​ទេ»។
21គ្រា​នោះ ហោរា​អេសាយ​ជា​កូន​អ័ម៉ូស ក៏​ចាត់​គេ​ឲ្យ​ទៅ​ឯ​ព្រះបាទ​ហេ‌សេ‌គា ទូល​ថា៖ «ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ ដោយ​ព្រោះ​អ្នក​បាន​អធិ‌ស្ឋាន​ដល់​យើង ពី​ដំណើរ​សាន‌ហេរីប​ជា​ស្តេច​សាសន៍​អាស‌ស៊ើរ។ 22ហេតុនេះហើយបាន​ជា​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ពាក្យ​ទាំង​នេះ ពី​ដំណើរ​ស្តេច​នោះ គឺ​ថា៖
នាង​ក្រមុំ​នៃ​ក្រុង​ស៊ីយ៉ូន​បាន​ស្អប់​ខ្ពើម​ដល់​អ្នក
ហើយ​បាន​មើល‌ងាយ​ដល់​អ្នក
កូន​ស្រី​នៃ​ក្រុង​យេរូ‌សាឡិម​បាន​គ្រវី​ក្បាល​ដល់​អ្នក​ហើយ។
23តើ​អ្នក​បាន​ប្រកួត ហើយ​ប្រមាថ​ដល់​អ្នក​ណា?
តើ​ទាស់​នឹង​អ្នក​ណា ដែល​អ្នក​បាន​ដំឡើង​សំឡេង
ហើយ​ងើប​ភ្នែក​ឡើង​ជា​ខ្ពស់​ដូច្នេះ
គឺ​ទាស់​នឹង​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទេ​តើ
24អ្នក​បាន​ប្រកួត​នឹង​ព្រះ‌អម្ចាស់
ដោយ​ពួក​អ្នក​ដែល​ចាត់​ឲ្យ​មក​នោះ ដោយ​ថា៖
យើង​បាន​ឡើង​ទៅ​ឯ​កំពូល​ភ្នំ​ទាំង​ប៉ុន្មាន
ដោយ‌សារ​រទេះ​ចម្បាំង​របស់​យើង
ហើយ​ដល់​ទី​ជ្រៅ​បំផុត​នៃ​ព្រៃ​ល្បាណូន​ផង
យើង​នឹង​កាប់​អស់​ទាំង​ដើម​តា‌ត្រៅ​ដែល​ខ្ពស់
និង​ដើម​កកោះ​ដែល​ល្អ​ជាង​គេ​នៅ​ទី​នោះ
យើង​នឹង​ចូល​ទៅ​ដល់​ទី​ខ្ពស់​នៅ​ចុង​ស្រុក​គេ
គឺ​ដល់​ចម្ការ​របស់​គេ ដែល​ដុះ‌ដាល​ដូច​ជា​ព្រៃ
25យើង​បាន​ជីក ហើយ​បាន​ផឹក​ទឹក
យើង​នឹង​ធ្វើ​ឲ្យ​អស់​ទាំង​ទន្លេ​ស្រុក​អេស៊ីព្ទ​រីង​ស្ងួត​ទៅ
ដោយ​បាត​ជើង​របស់​យើង។
26តើ​អ្នក​មិន​បាន​ឮ​ថា
យើង​បាន​គិត​ជា​ស្រេច
នឹង​ធ្វើ​ការ​ទាំង​ប៉ុន្មាន​នេះ​តាំង​ពី​យូរ​មក​ហើយ?
ព្រម​ទាំង​ចាត់​ចែង​តាំង​ពី​ចាស់​បុរាណ​មក
ឥឡូវ​នេះ យើង​បាន​សម្រេច​ការ​នេះ​ហើយ
គឺ​បាន​ឲ្យ​អ្នក​បំផ្លាញ​ទី​ក្រុង​មាន​កំផែង​ឲ្យ​ទៅ​ជា​គំនរ​បំណែក
27ឯ​ពួក​អ្នក​ក្រុង​ទាំង​នោះ​ខ្សោយ​កម្លាំង
គេ​បាន​ស្រយុត​ចិត្ត ហើយ​ទ្រឹង​នៅ
គេ​ក៏​ដូច​ជា​ស្មៅ​នៅ​វាល និង​ពន្លក​ខ្ចី
គឺ​ដូច​ជា​ស្មៅ​ដែល​ដុះ​នៅ​លើ​ដំបូល​ផ្ទះ
និង​ស្រូវ​ដែល​ក្រៀម​ស្វិត​មិន​ទាន់​ទុំ។
28យើង​ដឹង​កន្លែង​ដែលអ្នក​ក្រោក​ឈរ
និង​កន្លែង​ដែល​អ្នក​អង្គុយ​ចុះ
វេលា​ដែល​អ្នក​ចេញ​ចូល
ក៏​ស្គាល់​សេចក្ដី​ដែល​អ្នក​ខឹង​ក្តៅ​នឹង​យើង​ដែរ។
29ដោយ​ព្រោះ​អ្នក​ខឹង​នឹង​យើង​ដូច្នេះ
ហើយ​ដោយ​ព្រោះ​សេចក្ដី​ព្រហើន​របស់​អ្នក
បាន​ឮ​មក​ដល់​ត្រចៀក​របស់​យើង
នោះ​យើង​នឹង​ដាក់​កន្លុះ​របស់​យើងនៅ​ច្រមុះ​អ្នក
និង​ដែក​បង្ខាំ​របស់​យើង​នៅ​មាត់​អ្នក
ហើយ​យើង​នឹង​ញាក់​អ្នក​ឲ្យ​វិល​ត្រឡប់​ទៅ​តាម​ផ្លូវ​ដដែល
ដែល​អ្នក​បាន​មក​នោះ​វិញ។
30ការ​នេះ​នឹង​បាន​ជា​ទី​សម្គាល់​ដល់​អ្នក​រាល់​គ្នា គឺ​នៅ​ឆ្នាំ​នេះ អ្នក​រាល់​គ្នា​នឹង​បរិ‌ភោគ​ផល​ដែល​ដុះ​ឯង ដល់​ឆ្នាំ​ទី​ពីរ នោះ​នឹង​បរិ‌ភោគ​ផល​ដែល​កើត​ពី​នោះ​ទៀត តែ​ដល់​ឆ្នាំ​ទី​បី អ្នក​រាល់​គ្នា​ត្រូវ​សាប‌ព្រោះ ច្រូត​កាត់ ហើយ​ដាំ​ចម្ការ​ទំពាំង‌បាយ‌ជូរ រួច​បរិ‌ភោគ​ផល​ទាំង​នោះ​វិញ។ 31ឯ​សំណល់​នៃ​ពួក​កូន​ចៅ​យូដា​ដែល​រួច​ជីវិត គេ​នឹង​ចាក់​ឫស​ទៅ​ក្រោម ហើយ​នឹង​បង្កើត​ផល​ទៅ​លើ។ 32ដ្បិត​នឹង​មាន​សំណល់​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ ព្រម​ទាំង​ពួក​អ្នក​ដែល​រួច​ជីវិត​ពី​ក្រុង​ស៊ីយ៉ូន​ដែរ សេចក្ដី​ឧស្សាហ៍​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​នឹង​ធ្វើ​ការ​នោះ។
33ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល ពី​ដំណើរ​ស្តេច​អាស‌ស៊ើរ​ដូច្នេះ​ថា "គេ​នឹង​មិន​ចូល​មក​ក្នុង​ក្រុង​នេះ​ឡើយ ក៏​មិន​បាញ់​ព្រួញ ឬ​កាន់​ខែល​នៅ​មុខ​ទី​ក្រុង​នេះ ឬ​ជីក​ស្នាម​ភ្លោះ​ច្បាំង​នឹង​ទី​នេះ​ដែរ។ 34គឺ​គេ​នឹង​វិល​ទៅ​វិញ តាម​ផ្លូវ​ដដែល ដែល​គេ​បាន​មក​នោះ ឥត​ចូល​មក​ក្នុង​ទី​ក្រុង​នេះ​ឡើយ" នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។ 35ដ្បិត​យើង​នឹង​ការពារ​ក្រុង​នេះ រក្សា​ទុក​សម្រាប់​ខ្លួន​យើង គឺ​ដោយ​យល់​ដល់​ដាវីឌ ជា​អ្នក​បម្រើ​យើង​ផង»។
ព្រះបាទសានហេរីប​បរាជ័យ ហើយសុគត
36គ្រា​នោះ ទេវតា​នៃ​ព្រះ‌យេហូវ៉ា ក៏​ចេញ​ទៅ​វាយ​ទី​បោះ​ទ័ព​របស់​ពួក​សាសន៍​អាស‌ស៊ើរ សម្លាប់​មនុស្ស​អស់​មួយ​សែន​ប្រាំបី​ម៉ឺន​ប្រាំ​ពាន់​នាក់ បាន​ជា​កាល​គេ​ក្រោក​ពី​ព្រឹក​ឡើង នោះ​ឃើញ​មនុស្ស​ទាំង​នោះ​សុទ្ធ​តែ​ជា​ខ្មោច​ស្លាប់​ទាំង​អស់។ 37ហេតុ​នោះ ព្រះបាទ​សាន‌ហេរីប​ជា​ស្តេច​អាស‌ស៊ើរ​ក៏​ត្រឡប់​ទៅ​អាស្រ័យ​នៅ​ឯ​ក្រុង​នីនីវេ​វិញ។ 38ពេល​ទ្រង់​កំពុង​តែ​ថ្វាយ​បង្គំ​នៅ​ក្នុង​វិហារ​របស់​ព្រះ‌នីសរូក ជា​ព្រះ​នៃ​ទ្រង់ នោះ​អ័ឌរ៉ា‌ម៉ាលេក និង​សារេ‌ស៊ើរ ជា​បុត្រ​របស់​ទ្រង់ បាន​ធ្វើ​គុត​ទ្រង់​ដោយ​ដាវ ហើយ​រត់​រួច​ទៅ​ឯ​ស្រុក​អារ៉ា‌រ៉ាត​ទៅ នោះ​អេសារ-ហាដោន ជា​បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។

ទើបបានជ្រើសរើសហើយ៖

អេសាយ 37: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល