អេសាយ 52
52
ត្រូវឲ្យក្រុងស៊ីយ៉ូនមានអំណរឡើង
1ចូរភ្ញាក់ឡើង ចូរភ្ញាក់ឡើង
ឱក្រុងស៊ីយ៉ូនអើយ ចូរពាក់កម្លាំងរបស់អ្នក
ឱយេរូសាឡិមជាទីក្រុងបរិសុទ្ធអើយ
ចូរប្រដាប់ដោយសម្លៀកបំពាក់ដ៏រុងរឿងរបស់អ្នកចុះ
ដ្បិតពីនេះទៅមុខនឹងគ្មានពួកមិនកាត់ស្បែក
ឬពួកស្មោកគ្រោកចូលមកក្នុងអ្នកទៀតឡើយ។
2ឱក្រុងយេរូសាឡិមអើយ
ចូររលាស់ធូលីដីពីអ្នកចេញ ហើយក្រោកអង្គុយ
ឱកូនស្រីក្រុងស៊ីយ៉ូនដែលជាឈ្លើយអើយ
ចូរដោះចំណងពីកអ្នកចេញ។
3ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា អ្នករាល់គ្នាបានត្រូវលក់ខ្លួនឥតយកថ្លៃ ហើយបានលោះមកវិញ ឥតបង់ប្រាក់ដែរ។ 4ដ្បិតព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ កាលដើមដំបូង ប្រជារាស្ត្ររបស់យើងបានចុះទៅឯស្រុកអេស៊ីព្ទ ដើម្បីអាស្រ័យនៅ ហើយពួកសាសន៍អាសស៊ើរបានសង្កត់សង្កិនគេដោយឥតហេតុ។ 5ដូច្នេះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា តើយើងធ្វើអ្វីនៅទីនេះឥឡូវ ដែលឃើញថា រាស្ត្រយើងបានត្រូវយកចេញទៅ ដោយឥតថ្លៃដូច្នេះ។ ឯពួកអ្នកដែលឃុំគ្រងលើគេ ក៏ស្រែកគំហក ហើយរាល់ថ្ងៃ នាមយើងត្រូវប្រមាថជានិច្ច នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ 6ហេតុនោះ ប្រជារាស្ត្ររបស់យើងនឹងស្គាល់នាមយើង គេនឹងដឹងក្នុងថ្ងៃនោះថា គឺយើងនេះហើយ ដែលចេញវាចា គឺយើងនេះហើយ។
7ល្អណាស់ហ្ន៎ គឺជើងអ្នកនោះដែលដើរលើភ្នំ
ជាអ្នកដែលនាំដំណឹងល្អមក
ហើយប្រកាសប្រាប់ពីសេចក្ដីមេត្រី
ជាអ្នកដែលនាំដំណឹងល្អពីការប្រសើរមក
ហើយថ្លែងប្រាប់ពីសេចក្ដីសង្គ្រោះ
គឺជាអ្នកដែលពោលដល់ក្រុងស៊ីយ៉ូនថា
ព្រះនៃអ្នកព្រះអង្គសោយរាជ្យ។
8មានឮសំឡេងពួកចាំយាមរបស់អ្នក
គេបន្លឺឡើងច្រៀងជាមួយគ្នា
ដ្បិតគេនឹងឃើញដោយភ្នែករបស់ខ្លួនគេ
ក្នុងកាលដែលព្រះយេហូវ៉ាយាងមកឯក្រុងស៊ីយ៉ូនវិញ។
9អស់ទាំងទីខូចបង់នៃក្រុងយេរូសាឡិមអើយ
ចូរធ្លាយចេញដោយអំណរ ចូរច្រៀងជាមួយគ្នាចុះ
ដ្បិតព្រះយេហូវ៉ាបានកម្សាន្តទុក្ខរបស់ប្រជារាស្ត្រព្រះអង្គ
ក៏បានប្រោសលោះក្រុងយេរូសាឡិមហើយ
10ព្រះយេហូវ៉ាបានលាត់ព្រះពាហុបរិសុទ្ធរបស់ព្រះអង្គ
នៅចំពោះមុខមនុស្សគ្រប់សាសន៍
ហើយដល់ចុងផែនដី បានឃើញសេចក្ដីសង្គ្រោះ
របស់ព្រះនៃយើងរាល់គ្នា។
11ចូរចេញទៅ ចូរចេញទៅ
ចូរអ្នករាល់គ្នាចេញពីទីនេះទៅចុះ
កុំពាល់របស់អ្វីដែលមិនស្អាតឡើយ
ចូរចេញពីកណ្ដាលទីក្រុងនេះទៅ
ឱពួកអ្នកដែលលើកយកគ្រឿងនៃព្រះយេហូវ៉ាអើយ
ចូរញែកខ្លួនចេញជាស្អាតចុះ។
12ដ្បិតអ្នករាល់គ្នានឹងមិនចេញទៅដោយរួសរាន់ទេ
ក៏មិនត្រូវរត់ចេញឲ្យរួចខ្លួនដែរ
ព្រោះព្រះយេហូវ៉ានឹងយាងនាំមុខអ្នក
ហើយព្រះនៃសាសន៍អ៊ីស្រាអែលនឹងការពារអ្នក។
ទុក្ខលំបាកនៃអ្នកបម្រើរបស់ព្រះអម្ចាស់
13មើល៍ អ្នកបម្រើរបស់យើង
នឹងប្រព្រឹត្តដោយប្រយ័ត្នប្រយែង
ព្រះអង្គនឹងបានតម្កើងឡើង
គេនឹងលើកព្រះអង្គឡើងឲ្យគង់នៅទីខ្ពស់ណាស់។
14មនុស្សជាច្រើនស្រឡាំងកាំងដោយឃើញព្រះអង្គ
ដ្បិតព្រះភក្ត្រព្រះអង្គខុសពីមនុស្សធម្មតា
ហើយរាងកាយព្រះអង្គក៏ខុសពីរាងកាយ
របស់មនុស្សជាតិទាំងឡាយ។
15ព្រះអង្គនឹងធ្វើឲ្យសាសន៍ជាច្រើនតក់ស្លុតយ៉ាងនោះដែរ
ពួកមហាក្សត្រនឹងបិទមាត់នៅចំពោះព្រះអង្គ
ដ្បិតគេនឹងឃើញការដែលឥតមានអ្នកណាប្រាប់ដល់គេ
ហើយគេនឹងបានឮសេចក្ដី
ដែលគេមិនធ្លាប់ឮពីមុន។
ទើបបានជ្រើសរើសហើយ៖
អេសាយ 52: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies