យេរេមា 22:1-17

យេរេមា 22:1-17 គកស១៦

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ចូរ​ចុះ​ទៅ​ដំណាក់​ស្តេច​យូដា ហើយ​ពោល​ពាក្យ​នេះ​នៅ​ទី​នោះ គឺ​ប្រាប់​ថា ឱ​ស្តេច​សាសន៍​យូដា​ដែល​គង់​លើ​បល្ល័ង្ក​នៃ​ដាវីឌ ព្រម​ទាំង​ពួក​មហាតលិក និង​បណ្ដា‌ជន​របស់​ព្រះ‌អង្គ​ដែល​ចូល​តាម​ទ្វារ​ទាំង​នេះ​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ចូរ​សម្រេច​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត ហើយ​ដោះ​អ្នក​ដែល​ត្រូវ​គេ​ប្លន់ ឲ្យ​បាន​រួច​ពី​កណ្ដាប់​ដៃ​នៃ​ពួក​អ្នក​ដែល​សង្កត់‌សង្កិន​នោះ កុំ​ជិះ​ជាន់ ឬ​គំហក​កំហែង​ដល់​អ្នក​ដទៃ ដែល​មក​ស្នាក់​នៅ ឬ​ដល់​ពួក​កំព្រា និង​ស្ត្រី​មេម៉ាយ​ឡើយ ក៏​កុំ​កម្ចាយ​ឈាម​របស់​មនុស្ស​ដែល​ឥត​ទោស​នៅ​ទី​នេះ​ដែរ។ ដ្បិត​ប្រសិន‌បើ​អ្នក​រាល់​គ្នា​ពិត​ជា​ធ្វើ​តាម​ពាក្យ​នេះ នោះ​នឹង​មាន​ស្តេច​ដែល​គង់​លើ​បល្ល័ង្ក​ដាវីឌ​ជិះ​រាជ‌រថ និង​សេះ​យាង​ចូល​តាម​ទ្វារ​នេះ ព្រម​ទាំង​ពួក​មហាតលិក និង​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ផង។ ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្តាប់​តាម​ពាក្យ​ទាំង​នេះ​ទេ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ យើង​ស្បថ​នឹង​ខ្លួន​យើង​ថា ដំណាក់​នេះ​នឹង​ត្រូវ​បំផ្លាញ​អស់​រលីង។ ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ពី​ដំណើរ​ដំណាក់​នៃ​ស្តេច​យូដា​ថា៖ ចំពោះ​យើង អ្នក​ប្រៀប​ដូច​ជា​ស្រុក​កាឡាត និង​កំពូល​ភ្នំ​ល្បាណូន ប៉ុន្តែ យើង​ប្រាកដ​ជា​នឹង​ធ្វើ​ឲ្យ​អ្នក​ត្រឡប់ ទៅ​ជា​ទីរហោស្ថាន ជា​ទី​ក្រុង​ដែលគ្មាន​មនុស្ស​រស់​នៅ។ យើង​នឹង​តាំង​ពួក​បំផ្លាញ​ឲ្យ​មក​ទាស់​នឹង​អ្នក គ្រប់​គ្នា​នឹង​កាន់​គ្រឿង​អាវុធ​របស់​ខ្លួន គេ​នឹង​កាប់​រំលំ​ដើម​តា‌ត្រៅ ដែល​ជ្រើស​រើស​របស់​អ្នក ហើយ​បោះ​ទៅ​ក្នុង​ភ្លើង សាសន៍​ជា​ច្រើន​នឹង​ដើរ​មក​តាម​ទី​ក្រុង​នេះ គ្រប់​គ្នា​នឹង​និយាយ​ដល់​គូកន​ខ្លួន​ថា៖ ហេតុ​អ្វី​បាន​ជា​ព្រះ‌យេហូវ៉ា​ធ្វើ​ដូច្នេះ​ដល់​ក្រុង​ធំ​នេះ? គេ​នឹង​ឆ្លើយ​តប​ថា៖ ពី​ព្រោះ​គេ​បាន​បោះ‌បង់​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​គេ ក៏​ថ្វាយ‌បង្គំ ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ។ កុំ​យំ​នឹង​មនុស្ស​ដែល​ស្លាប់​ឡើយ ក៏​កុំ​សោក​ស្តាយ​គេ​ដែរ ត្រូវ​ឲ្យ​យំ​ជា​ខ្លាំង​នឹង​អ្នក​ដែល​ចាក​ចេញ​ពី​ទី​នេះ​វិញ ដ្បិត​គេ​នឹង​មិន​ដែល​វិល​មក​ទៀត​ឡើយ ក៏​មិន​ដែល​ឃើញ​ស្រុក​កំណើត​របស់​ខ្លួន​ទៀត​ផង។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ សាលូម ជា​បុត្រ​យ៉ូសៀស ស្តេច​យូដា ដែល​សោយ‌រាជ្យ​ជំនួស​យ៉ូសៀស ជា​បិតា ហើយ​បាន​ចាក​ចេញ​ពី​ទី​នេះ​ទៅ​ហើយ គេ​នឹង​មិន​មក​ទី​នេះ​វិញទេ នៅ​កន្លែង​ណា​ដែល​ត្រូវ​ចាប់​នាំ​ទៅ​ជា​ឈ្លើយ គេ​នឹង​ស្លាប់​នៅ​ទី​នោះ ឥត​ដែល​ឃើញ​ស្រុក​នេះ​ទៀត​ឡើយ។ វេទនា​ដល់​អ្នក​ណា​ដែល​សង់​ផ្ទះ​ខ្លួន ដោយ​ការ​ទុច្ចរិត ហើយ​ធ្វើ​បន្ទប់​ខ្លួន​ដោយ​ការ​មិន​ទៀង​ត្រង់ ជា​អ្នក​ដែល​ប្រើ​ប្រាស់​អ្នក​ជិត​ខាង​ខ្លួន​ទទេ ឥត​ចេញ​ឈ្នួល​ឲ្យ ហើយ​ក៏​ពោល​ថា យើង​នឹង​សង់​ផ្ទះ​មួយ​ធំ ដែល​មាន​បន្ទប់​ទូលាយ​សម្រាប់​យើង ក៏​ធ្វើ​បង្អួច ហើយ​បិទ​ជញ្ជាំង​ដោយ​ក្តារ​តា‌ត្រៅ រួច​លាប​ពណ៌​ក្រហម​ស្រស់។ តើ​អ្នក​ត្រូវ​សោយ‌រាជ្យ ដោយ​ព្រោះ​តែ​អ្នក​មាន​ចិត្ត​សង្វាត និង​ចម្រើន​ឈើ​តា‌ត្រៅ​ឬ? ឯ​ឪពុក​អ្នក តើ​មិន​បាន​ស៊ី ហើយ​ផឹក​ដែរ​ទេ​ឬ? ប៉ុន្តែ បាន​ប្រព្រឹត្ត​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត បាន​ជា​មាន​សន្តិ‌សុខ​ក្នុង​គ្រា​នោះ។ គាត់​បាន​កាត់​ក្ដី​ឲ្យ​ពួក​ក្រីក្រ និង​ពួក​កម្សត់​ទុគ៌ត ដូច្នេះ ក៏​មាន​សេចក្ដី​សុខ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​សួរ​ថា៖ ដែល​ប្រព្រឹត្ត​ដូច្នោះ តើ​មិន​ស្គាល់​យើង​ទេ​ឬ? ឯ​ភ្នែក និង​ចិត្ត​របស់​អ្នក រក​តែ​បំពេញ​សេចក្ដី​លោភ​របស់​អ្នក ក៏​កម្ចាយ​ឈាម​របស់​មនុស្ស​ដែល​ឥត​មាន​ទោស ព្រម​ទាំង​ជិះ​ជាន់ និង​ប្រព្រឹត្ត​សេចក្ដី​ច្រឡោត​ប៉ុណ្ណោះ។

អាន យេរេមា 22