យេរេមា 5
5
អំពើពុករលួយនៃប្រជារាស្ត្ររបស់ព្រះ
1ចូររត់ទៅមកតាមផ្លូវក្រុងយេរូសាឡិមមើល
ឲ្យដឹងឥឡូវ
ចូរស្វែងរកនៅទីធ្លាទាំងប៉ុន្មានមើល
បើមានអ្នកណាមួយ គឺបើមានមនុស្សណា
ដែលប្រព្រឹត្តដោយសុចរិត
ឬដែលស្វែងរកសេចក្ដីពិត
នោះយើងនឹងអត់ទោសដល់ទីក្រុងនេះ។
2ទោះបើគេថា គេស្បថដោយព្រះយេហូវ៉ា
ដ៏មានព្រះជន្មរស់នៅក៏ដោយ
គង់តែគេស្បថដោយភូតភរទេ
3ឱព្រះយេហូវ៉ា ព្រះនេត្ររបស់ព្រះអង្គ
តើទតមិនឃើញសេចក្ដីពិតទេឬ?
ព្រះអង្គបានវាយគេ តែគេមិនបង្រះសោះ
ព្រះអង្គបានធ្វើឲ្យគេអន្តរធានទៅ
តែគេមិនព្រមទទួលសេចក្ដីប្រៀនប្រដៅទេ
គេបានតាំងមុខរឹងជាងថ្ម
គេមិនព្រមវិលមកវិញឡើយ។
4នោះខ្ញុំបានថា មនុស្សទាំងនេះ ប្រាកដជាទាល់ក្រ
ហើយល្ងីល្ងើទេ គេមិនស្គាល់ផ្លូវរបស់ព្រះយេហូវ៉ា
ឬក្រឹត្យវិន័យរបស់ព្រះនៃគេឡើយ។
5ខ្ញុំនឹងទៅរកពួកអ្នកធំ ហើយនិយាយជាមួយពួកគេវិញ
ដ្បិតមុខជាគេស្គាល់ផ្លូវរបស់ព្រះយេហូវ៉ា
និងក្រឹត្យវិន័យរបស់ព្រះនៃគេ
ប៉ុន្តែ អ្នកទាំងនោះបានព្រមគ្នាបំបាក់នឹម
ហើយផ្តាច់ចំណងចេញហើយ។
6ដូច្នេះ សិង្ហមួយដែលចេញពីព្រៃ នឹងសម្លាប់គេ
ឆ្កែព្រៃនៅវាលស្ងាត់នឹងបំផ្លាញគេ
ហើយខ្លារខិនសម្ងំចាំនៅមុខទីក្រុងរបស់គេ
អ្នកណាដែលចេញពីទីក្រុងនោះ នឹងត្រូវហែកខ្ទេចខ្ទី
ព្រោះអំពើរំលងរបស់គេមានច្រើនណាស់
ហើយការរាថយរបស់គេ ក៏មានច្រើនដែរ។
7ធ្វើដូចម្តេចឲ្យយើងអត់ទោសឲ្យអ្នកបាន?
ពួកកូនចៅរបស់អ្នកបានបោះបង់ចោលយើងអស់ហើយ
ក៏បានស្បថនឹងរបស់ដែលមិនមែនជាព្រះផង
កាលយើងបានឲ្យគេស៊ីឆ្អែតជាបរិបូរ
នោះគេក៏បែរជាផិតយើងវិញ
ហើយប្រជុំគ្នាទាំងហ្វូងនៅឯផ្ទះស្រីពេស្យា។
8គេប្រៀបដូចជាសេះដែលចិញ្ចឹមដោយល្អ
ហើយរត់ទៅមកតាមតែចិត្ត
គឺគេស្រែកកញ្ជ្រៀវរកប្រពន្ធ
របស់អ្នកជិតខាងគ្រប់គ្នា។
9ដូច្នេះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖
តើយើងមិនត្រូវធ្វើទោសចំពោះអំពើយ៉ាងនោះទេឬ?
តើព្រលឹងយើងមិនត្រូវសងសឹក
នឹងសាសន៍ណាយ៉ាងដូច្នេះទេឬ?
10ចូរឡើងទៅលើកំផែងទីក្រុងរបស់គេ
ហើយបំផ្លាញទៅ តែកុំឲ្យអស់រលីងឡើយ
ចូរកាច់ខ្នែងគេចេញ
ព្រោះខ្នែងទាំងនោះមិនមែនជារបស់ព្រះយេហូវ៉ាទេ។
11ដ្បិតពួកវង្សអ៊ីស្រាអែល និងពួកវង្សយូដា
បានក្បត់នឹងយើងខ្លាំងហើយ
នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ផលវិបាកនៃការបោះបង់ព្រះអម្ចាស់
12គេនិយាយមិនត្រឹមត្រូវអំពីព្រះយេហូវ៉ា
ដោយពាក្យថា៖ ព្រះអង្គមិនធ្វើអ្វីនោះទេ
ក៏គ្មានសេចក្ដីអាក្រក់ណាធ្លាក់មកលើយើងរាល់គ្នា
យើងនឹងមិនត្រូវឃើញដាវ ឬគ្រាអំណត់ឡើយ។
13ពួកហោរានឹងត្រឡប់ដូចជាខ្យល់
ព្រះបន្ទូលមិននៅក្នុងគេទេ
សូមឲ្យគេបានយ៉ាងដូច្នោះចុះ។
14ដូច្នេះ ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ
ព្រះអង្គមានព្រះបន្ទូលថា៖
ដោយព្រោះអ្នករាល់គ្នាបានពោលពាក្យយ៉ាងនេះ
នោះមើល៍ យើងនឹងធ្វើឲ្យពាក្យ
ដែលយើងដាក់នៅមាត់អ្នក បានដូចជាភ្លើង
ហើយឲ្យជនជាតិនេះបានត្រឡប់ជាឧស
ភ្លើងនោះនឹងឆេះបន្សុសគេអស់ទៅ
15ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖
នែ៎ ពួកវង្សអ៊ីស្រាអែលអើយ
យើងនឹងនាំសាសន៍មួយពីឆ្ងាយមកលើអ្នករាល់គ្នា
គឺជាសាសន៍មួយយ៉ាងស្វិតស្វាញ
ជាសាសន៍ចាស់បុរាណ
ដែលអ្នកមិនស្គាល់ភាសារបស់គេទេ
ក៏ស្តាប់ពាក្យគេមិនបានដែរ។
16បំពង់ព្រួញគេ ដូចជាផ្នូរខ្មោចចំហ
គេសុទ្ធតែជាមនុស្សខ្លាំងពូកែ។
17គេនឹងស៊ីផលចម្រូត និងអាហាររបស់អ្នកអស់
ជាអាហារដែលទុកសម្រាប់កូនប្រុសកូនស្រីអ្នក
ក៏នឹងស៊ីហ្វូងចៀម ហ្វូងគោរបស់អ្នក
ហើយស៊ីបំផ្លាញដើមទំពាំងបាយជូរ
និងដើមល្វារបស់អ្នកដែរ។
គេនឹងវាយរំលំទីក្រុងមានកំផែង
ដែលជាទីទុកចិត្តរបស់អ្នកនោះ ដោយសារដាវ។
18ប៉ុន្តែ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ ទោះបើមានគ្រានោះក៏ដោយ ក៏យើងមិនបំផ្លាញអ្នករាល់គ្នាឲ្យអស់រលីងដែរ។ 19បើកាលណាអ្នករាល់គ្នាសួរថា៖ ហេតុអ្វីបានជាព្រះយេហូវ៉ាជាព្រះនៃយើងព្រះអង្គប្រព្រឹត្តការយ៉ាងនេះដល់យើង? នោះព្រះអង្គនឹងឆ្លើយដល់គេថា៖ អ្នករាល់គ្នាបានបោះបង់យើង ទៅគោរពព្រះដទៃនៅក្នុងស្រុកអ្នកជាយ៉ាងណា អ្នករាល់គ្នានឹងត្រូវគោរពដល់សាសន៍ដទៃ នៅក្នុងស្រុកមួយដែលមិនមែនជារបស់ខ្លួនយ៉ាងនោះដែរ។
ព្រះដាក់ទោសអ៊ីស្រាអែល
20ចូរថ្លែងសេចក្ដីនេះនៅក្នុងពួកវង្សយ៉ាកុប
ហើយប្រកាសប្រាប់នៅក្នុងពួកយូដាថា៖
21ឱជនជាតិល្ងីល្ងើ ហើយឥតយោបល់
ជាពួកអ្នកដែលមានភ្នែក តែមើលមិនឃើញ
មានត្រចៀក តែស្តាប់មិនឮអើយ
ចូរស្តាប់សេចក្ដីនេះឥឡូវចុះ។
22ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖
តើអ្នករាល់គ្នាមិនកោតខ្លាចដល់យើងទេឬ?
តើអ្នករាល់គ្នាមិនញាប់ញ័រនៅចំពោះយើងទេឬ?
ដែលយើងបានដាក់ខ្សាច់ធ្វើជាព្រំខណ្ឌសមុទ្រ
ដោយបញ្ញត្តិនៅជានិច្ច ដើម្បីមិនឲ្យហូររំលង
ហើយទោះបើរលកបោកមាត់ច្រាំង
គង់តែនឹងឈ្នះមិនបាន ទោះបើឮសន្ធឹកយ៉ាងណា
គង់តែនឹងហូររំលងមិនបានដែរ
23តែជនជាតិនេះគេមានចិត្តរឹងចចេស
ហើយបះបោរវិញ
គេបានបះបោរចេញបាត់ទៅហើយ។
24គេក៏មិនដែលនឹកក្នុងចិត្តថា
ឥឡូវនេះ ចូរយើងកោតខ្លាចដល់ព្រះយេហូវ៉ា
ជាព្រះនៃយើងវិញ ដែលព្រះអង្គប្រទានភ្លៀងមក
គឺទាំងភ្លៀងដើមរដូវ ហើយចុងរដូវ តាមរដូវភ្លៀង
ហើយក៏កំណត់រក្សាទុកប៉ុន្មានអាទិត្យ
ដែលសម្រាប់ច្រូតកាត់ដល់យើងនោះឡើយ។
25អំពើទុច្ចរិតរបស់អ្នករាល់គ្នាបានបង្វែរការទាំងនោះចេញ
ហើយអំពើបាបរបស់អ្នក
បានបង្ខាំងសេចក្ដីល្អចេញពីអ្នករាល់គ្នាដែរ។
26ដ្បិតនៅក្នុងប្រជារាស្ត្រយើង
ឃើញមានមនុស្សដែលប្រព្រឹត្តអាក្រក់
គេរំពៃចាំដូចជាអ្នកទាក់សត្វហើរពួនចាំដែរ
គេដាក់អន្ទាក់ចាប់មនុស្ស។
27ទ្រុងមានពេញដោយសត្វហើរយ៉ាងណា
ផ្ទះគេក៏ពេញដោយការឆបោកយ៉ាងនោះដែរ
ដូច្នេះ គេបានត្រឡប់ជាធំ ហើយជាអ្នកមានផង។
28គេឡើងសាច់ធាត់ ហើយប៉ផូរ
គេប្រព្រឹត្តអំពើអាក្រក់ហួសល្បត់
ឥតដែលកាន់ក្ដីជំនួសពួកកំព្រា
ដើម្បីឲ្យពួកនោះបានចម្រើនឡើងឡើយ
ក៏មិនសម្រេចត្រឹមត្រូវដល់ពួកកម្សត់។
29ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖
តើយើងមិនត្រូវធ្វើទោសចំពោះការដូច្នេះទេឬ?
តើព្រលឹងយើងមិនត្រូវសងសឹក
នឹងសាសន៍យ៉ាងនោះទេឬ?
30មានការដ៏អស្ចារ្យ ហើយគួរស្ញែងខ្លាច
បានកើតឡើងនៅក្នុងស្រុក
31គឺពួកហោរាបានថ្លែងទំនាយកុហក
ពួកសង្ឃក៏គ្រប់គ្រងដោយកម្លាំងដៃខ្លួន
ឯប្រជារាស្ត្រយើងក៏ឃើញយ៉ាងនោះដែរ
ដូច្នេះ ដល់ចុងបំផុត តើអ្នករាល់គ្នាធ្វើដូចម្តេច?
ទើបបានជ្រើសរើសហើយ៖
យេរេមា 5: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies