យ៉ូប 30

30
1ប៉ុន្តែ ឥឡូវ​នេះ គេ​ចំអក​ដាក់​ខ្ញុំ
ជា​ពួក​អ្នក​ដែល​ក្មេង​ជាង​ខ្ញុំ
ជា​ឪពុក​ដែល​មិន​អាច​ទុក​ចិត្ត​បាន
ទោះ​ជា​នៅ​ជា‌មួយ​ឆ្កែ​ក្នុង​ការ​រក្សា​ហ្វូង​សត្វ
របស់​ខ្ញុំ​មិន​បាន​ផង។
2អើ កម្លាំង​ដៃ​គេ តើ​មាន​ប្រយោជន៍​អ្វី​ដល់​ខ្ញុំ?
គេ​នឹង​រស់​ដរាប​ដល់​ចាស់​មិន​បាន​ទេ។
3គេ​ស្គម​ស្គាំង‌ដោយ​ខ្វះ​ខាត
និង​ពេល​គ្រោះ​ទុរ្ភិក្ស
គេ​ស៊ី​នៅ​ទី​ហួត‌ហែង ដែល​ពី​ដើម
ជា​កន្លែង​សូន្យ​ឈឹង ហើយ​ចោល​ស្ងាត់
4គេ​បេះ​ស្លឹក​ប្រង់​ដែល​ដុះ​នៅ​ក្បែរ​គុម្ព​ឈើ​តូចៗ
ហើយ​មាន​តែ​មើម​ក្តួច​ជា​អាហារ​ដល់​គេ។
5គេ​ត្រូវ​បណ្តេញ​ចេញ​ពី​ចំណោម​មនុស្ស
មនុស្ស​ស្រែក​ដេញ​តាម​គេ
ដូច​ជា​ស្រែក​តាម​ចោរ។
6ឲ្យ​ទៅ​នៅ​ក្នុង​ហប់​ភ្នំ​គួរ​ស្ញែង​ខ្លាច
ក្នុង​រូង​ដី ហើយ​រអាង​ថ្ម។
7គេ​ស្រែក​ឡើង​នៅ​កណ្ដាល​គុម្ព​ឈើ
ដូច​ជា​សត្វ​លា
គេ​ប្រជុំ​គ្នា​នៅ​នា​គុម្ព​ផ្អាវ
8គេ​សុទ្ធ​តែ​ជា​កូន​របស់​មនុស្ស​ដែល​ឥត​គំនិត
ជា​កូន​របស់​មនុស្ស​ថោក​ទាប​បំផុត
គេ​ត្រូវ​បណ្តេញ​ចេញ​ពី​ស្រុក​ទៅ។
9ឥឡូវ​នេះ ខ្ញុំ​បាន​ត្រឡប់
ទៅ​ជា​បទ​ចម្រៀង​របស់​គេ
ហើយ​ជា​ពាក្យ​ដែល​គេ​ពោល​បង្អាប់
10គេ​ខ្ពើម​ឆ្អើម​ខ្ញុំ ក៏​ឈរ​ឃ្លាត​ឆ្ងាយ​ពី​ខ្ញុំ
ហើយ​ក៏​ស្តោះ​ដាក់​មុខ​ខ្ញុំ​ឥត​ទប់​មាត់​ឡើយ។
11ព្រោះ​ព្រះ​បានបន្ធូរ​ខ្សែ​ធ្នូ​របស់​ខ្ញុំ
ហើយ​ធ្វើ​ទុក្ខ​ខ្ញុំ
គេ​លែង​ចោល​ខ្សែ​បង្ហៀរ​នៅ​មុខ​ខ្ញុំ។
12នៅ​ខាង​ស្តាំ ខ្ញុំ​កើត​មាន​ពួក​ពាល
គេ​មក​ទង្គិច​ជើង​ខ្ញុំ
ហើយ​បង្កើត​ផ្លូវ​វិនាស​របស់​គេ​ទាស់​នឹង​ខ្ញុំ។
13គេ​បំផ្លាញ​ផ្លូវ​ច្រក​របស់​ខ្ញុំ
គេ​នាំ​សេចក្ដី​អន្តរាយ​ដល់​ខ្ញុំ
ឥត​ត្រូវ​ការ​អ្នក​ណា​ជួយ​គេ​ឡើយ។
14គេ​ចូល​មក​ទាស់​នឹង​ខ្ញុំ​តាម​កន្លែង​បាក់​បែក
ហើយ​នៅ​ក្នុង​កន្លែង​បាក់​បែក​គ្រាំ‌គ្រា
នោះ​គេ​ប្រមៀល​ខ្លួន​គ្រប​មក​លើ​ខ្ញុំ។
15មាន​សេចក្ដី​ស្ញែង​ខ្លាច​សង្ខុញ​ចូល​មក​លើ​ខ្ញុំ
ក៏​ដេញ​តាម​កិត្តិ‌នាម​របស់​ខ្ញុំ ដូច​ជា​ខ្យល់
ហើយ​សេចក្ដី​សុខ​របស់​ខ្ញុំ
បាន​រលាយ​បាត់​ទៅ​ដូច​ជា​ពពក។
16ឥឡូវ​នេះ ព្រលឹង​ខ្ញុំ​ត្រូវ​រលាយ​ទៅ
នៅ​ក្នុង​ខ្លួន​ខ្ញុំ
ហើយ​គ្រា​វេទនា​បាន​ចាប់​តោង​ខ្ញុំ​ជាប់។
17នៅ​វេលា​យប់ ឆ្អឹង​នៅ​ក្នុង​ខ្លួន​ខ្ញុំ ត្រូវ​ចាក់​ទម្លុះ
ហើយ​សេចក្ដី​ឈឺ​ចាប់​ដែល​ស៊ី​រែះ​ខ្ញុំ
នោះ​មិន​ចេះ​សម្រាក​ទេ។
18សម្លៀក​បំពាក់​របស់​ខ្ញុំ​ត្រូវខូច
ដោយ​អំណាច​នៃ​រោគ​នេះ
ក៏​រឹត‌រួត​ខ្លួន​ខ្ញុំ ដូច​ជា​ក​អាវ​រឹត​ក​ខ្ញុំ។
19ព្រះ‌អង្គ​បាន​បោះ​ខ្ញុំ​ទៅ​ក្នុង​ភក់​ជ្រាំ
ខ្ញុំ​ក៏​បាន​ត្រឡប់​ទៅ​ដូច​ជា​ធូលី​ដី និង​ផេះ។
20ឱ​ព្រះ‌អង្គ​អើយ ទូល‌បង្គំ​អំពាវ‌នាវ​រក​ព្រះ‌អង្គ
តែ​ព្រះ‌អង្គ​មិន​ឆ្លើយ​មក​ទូល‌បង្គំ​សោះ
ទូល‌បង្គំ​ឈរ​ឡើង តែ​ព្រះ‌អង្គ​គ្រាន់​តែ
សម្លឹង​មើល​ទូល‌បង្គំ​ប៉ុណ្ណោះ។
21ព្រះ‌អង្គ​ធ្វើ​ដូច​ជា​សាហាវ​ពេក​ដល់​ទូល‌បង្គំ
ក៏​បៀត‌បៀន​ទូល‌បង្គំ ដោយ​អានុភាព
នៃ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ។
22ព្រះ‌អង្គ​លើក​ទូល‌បង្គំ​ឡើង​ឲ្យ​ត្រូវ​ខ្យល់
ហើយ​បណ្តែត​ទូល‌បង្គំ​ទៅ
ព្រះ‌អង្គ​រំលាយ​ទូល‌បង្គំ​ដោយ​ខ្យល់​ព្យុះ។
23ដ្បិត​ទូល‌បង្គំ​ដឹង​ថា
ព្រះ‌អង្គ​នឹង​នាំ​ទូល‌បង្គំ​ឲ្យ​ត្រូវ​ស្លាប់
គឺ​ឲ្យ​ទៅ​ឯ​ទី​សំណាក់​ដែល​ទុក​សម្រាប់
ឲ្យ​មនុស្ស​រស់​ទាំង​អស់​ចូល​ទៅ។
24ប៉ុន្តែ កាល​មនុស្ស​ដួល​ចុះ
តើ​មិន​យក​ដៃ​ទប់​ខ្លួន
ហើយ​កាល​ណា​មាន​សេចក្ដី​អន្តរាយ
តើ​មិន​ស្រែក​រក​គេ​ជួយ​ទេ​ឬ?
25តើ​ខ្ញុំ​មិន​បាន​ស្រក់​ទឹក​ភ្នែក​នឹង​មនុស្ស
ដែល​មាន​សេចក្ដី​លំបាកទេ​ឬ?
តើ​ខ្ញុំ​មិន​ព្រួយ​ចិត្ត​នឹង​ពួក​អ្នក​ទុគ៌ត​ទេ​ឬ?
26តែ​កាល​ខ្លួន​ខ្ញុំ​សង្ឃឹម​នឹង​បាន​សេចក្ដី​ល្អ
នោះ​សេចក្ដី​អាក្រក់​បាន​មក​ដល់
កាល​ខ្ញុំ​បាន​ទន្ទឹង​ចាំ​ពន្លឺ
នោះ​មាន​សុទ្ធ​តែ​សេចក្ដី​ងងឹត​វិញ។
27ចិត្ត​ខ្ញុំ​ខ្ជោល​ចុះ​ឡើង​ឥត​ឈប់​ឈរ
មាន​គ្រា​លំបាក​បាន​មក​លើ​ខ្ញុំ​ហើយ។
28ខ្ញុំ​ដើរ​ទៅ​ដោយ​មាន​មុខ​ខ្មៅ
ដែល​មិន​មែន​ខ្មៅ​ដោយ​ថ្ងៃ​ចាំង​ទេ
ខ្ញុំ​ក្រោក​ឡើង​នៅ​កណ្ដាល​ជំនុំ
ស្រែក​រក​គេ​ជួយ។
29ខ្ញុំ​ជា​បង‌ប្អូន​នឹង​ឆ្កែ​ព្រៃ
ហើយ​ជា​មិត្ត​នឹង​សត្វ​អូទ្រុស​ផង។
30សាច់​ខ្ញុំ​ខ្មៅ ហើយ​ក៏​របេះ​ពី​ខ្ញុំ​ទៅ
ឆ្អឹង​ខ្ញុំ​ក៏​ឆេះ ដោយ​សារ​គ្រុន​ក្តៅ។
31ហេតុ​នោះ​បាន​ជា​ស៊ុង​ខ្ញុំ
បាន​ត្រឡប់​ជា​សេចក្ដី​សោក‌សៅ
ហើយ​ខ្លុយ​ខ្ញុំ​ទៅ​ជា​សំឡេង
នៃ​ពួក​អ្នក​ដែល​យំ​ទួញ​វិញ។

ទើបបានជ្រើសរើសហើយ៖

យ៉ូប 30: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល