យ៉ូស្វេ 9

9
កល​ល្បិច​របស់​អ្នក​ស្រុក​គីបៀន
1ឯ​ពួក​ស្តេច​ទាំង​ប៉ុន្មាន ដែល​នៅ​ខាង​លិច​ទន្លេ​យ័រដាន់ នៅ​ស្រុក​ភ្នំ និងនៅ​តំបន់​វាល​ទំនាប ក្បែរ​សមុទ្រ​ធំ ទល់​មុខ​នឹង​ភ្នំ​ល្បាណូន គឺ​ស្តេច​សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​កាណាន សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស បាន​ឮដំណឹង​នេះ 2ពួក​គេ​បានរួម​កម្លាំង​គ្នា​តែ​មួយ ដើម្បី​ច្បាំង​តទល់​ជាមួយ​លោក​យ៉ូស្វេ និង​សាសន៍​អ៊ីស្រា‌អែល។
3ប៉ុន្ដែ កាល​អ្នកស្រុក​គីបៀន​បាន​ឮ​ពី​ការ​ដែល​លោក​យ៉ូស្វេ​បាន​ធ្វើ​ចំពោះ​ក្រុង​យេរីខូរ និង​ក្រុង​អៃយ 4គេ​ក៏​ប្រព្រឹត្ត​ដោយ​ឧបាយ‌កល គឺ​គេ​ក្លែង​ខ្លួន​ធ្វើ​ជា​រាជ‌ទូត ចូល​មក​ទាំង​មាន​បាវ​ចាស់ៗ ដាក់​ផ្ទុក​លើ​លា​របស់គេ និង​ថង់​ស្បែក​សម្រាប់​ស្រា​ទំពាំង‌បាយ‌ជូរ ជា​ថង់​ស្បែក​ចាស់ ហើយ​ធ្លាយ​បាន​ចង​ភ្ជិត​វិញ 5ក៏​ពាក់​ស្បែក​ជើង​កញ្ចាស់​ប៉ះ​យ៉ាង​ញឹក ហើយ​ស្លៀក‌ពាក់​កញ្ចាស់ ឯ​នំបុ័ង​ដែល​យក​មក​សម្រាប់​បរិ‌ភោគ​តាម​ផ្លូវ​សុទ្ធ​តែ​ស្វិត ហើយ​ដុះ​ផ្សិត។ 6គេបាន​មកជួប​លោក​យ៉ូស្វេ​ក្នុង​ជំរំនៅ​គីល‌កាល ហើយ​និយាយ​ទៅ​កាន់​លោក និងទៅ​កាន់​ពួក​អ៊ីស្រា‌អែល​ថា៖ «យើង​ខ្ញុំ​បាន​មក​ពី​ស្រុក​ឆ្ងាយ ដូច្នេះ សូម​លោក​តាំង​សញ្ញា​ជា​មួយ​យើង​ខ្ញុំ​ផង»។ 7ប៉ុន្ដែ ពួក​អ៊ីស្រា‌អែល​ឆ្លើយ​តប​ទៅ​ពួក​សាសន៍​ហេវី​នោះ​ថា៖ «ក្រែង​អ្នក​រាល់​គ្នា​នៅ​ក្នុង​ស្រុក​យើង​នេះ​ដែរ​ទេ​ដឹង ដូច្នេះ តើ​ឲ្យ​យើង​អាច​តាំង​សញ្ញា​ជាមួយ​អ្នក​រាល់​គ្នា​ដូច​ម្ដេច​បាន?» 8គេ​ជម្រាប​លោក​យ៉ូស្វេ​ថា៖ «យើង​ខ្ញុំ​ជា​បាវ​បម្រើ​របស់​លោក»។ លោក​យ៉ូស្វេ​សួរ​ពួក​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​ជា​សាសន៍​ណា ហើយ​មក​ពី​ណា?» 9គេ​ជម្រាប​លោក​ថា៖ «យើង​ខ្ញុំ​ប្របាទ​បាន​មក​ពី​ស្រុក​ឆ្ងាយ​ណាស់ ដោយ​ព្រោះ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​លោក ដ្បិត​យើង​ខ្ញុំ​បាន​ឮ​ព្រះ‌កិត្តិនាម​របស់​ព្រះ‌អង្គ និង​ពី​អស់​ទាំង​ការ​ដែលព្រះ‌អង្គ​បាន​ធ្វើ​នៅ​ស្រុក​អេស៊ីព្ទ 10ព្រម​ទាំងកិច្ច​ការ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អង្គ​បាន​ធ្វើ​ដល់​ស្តេច​សាសន៍​អាម៉ូរី​ទាំង​ពីរ នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង​កើត គឺ​ព្រះ​បាទ​ស៊ីហុន ជា​ស្តេច​ក្រុង​ហែសបូន និងព្រះ​បាទ​អុក ជា​ស្តេច​ស្រុក​បាសាន នៅ​ទី​ក្រុង​អាស‌ថារ៉ូត។ 11ដូច្នេះ ពួក​ចាស់​ទុំ និង​ពួក​អ្នក​ស្រុក​យើង​ខ្ញុំ​ទាំង​អស់ បាន​ប្រាប់​យើង​ខ្ញុំ​ថា ចូរ​យក​ស្បៀង​អាហារ​ជាប់​នឹង​ខ្លួន​សម្រាប់​តាម​ផ្លូវ ទៅ​ជួប​អស់​លោក ហើយ​ជម្រាប​ថា "យើង​ខ្ញុំ​ជា​បាវ​បម្រើ​លោក​ហើយ សូម​តាំង​សញ្ញា​ជាមួយ​យើង​ខ្ញុំ​ផង"។ 12សូម​មើល​នំបុ័ង​របស់​យើង​ខ្ញុំ​ចុះ យើង​បាន​យក​ចេញ​ពី​ផ្ទះ​មក​ទាំង​ក្តៅៗ សម្រាប់​ជា​ស្បៀង​តាម​ផ្លូវ តាំង​ពី​ថ្ងៃ​ដែល​យើង​ខ្ញុំ​បាន​ចេញ​មក​ជួប​អស់​លោក តែ​ឥឡូវ​នេះ មើល៍ វា​ស្វិត ហើយ​ដុះ​ផ្សិត​អស់​ហើយ។ 13ឯ​ថង់​ស្បែក​សម្រាប់​ស្រា​ទំពាំង‌បាយ‌ជូរ​ទាំង​នេះ​វិញ គឺ​នៅ​ថ្មី​ទេកាល​ពី​យើង​ខ្ញុំ​បាន​ចាក់​ស្រា​បំពេញ តែ​មើល៍ ឥឡូវ​នេះ រហែក​អស់។ ឯ​សម្លៀក​បំពាក់ និង​ស្បែក​ជើងរបស់​យើង​ខ្ញុំ​នេះ​សោត ក៏​ទៅ​ជា​ចាស់​អស់​ដែរ ព្រោះ​តែ​ផ្លូវ​ដ៏​សែន​ឆ្ងាយ»។ 14ដូច្នេះ ពួក​មេ​ដឹក​នាំ ក៏​ទទួល​ស្បៀង​អាហារ​របស់​គេ តែពុំ​បាន​ទូល​សួរ​ព្រះ‌យេហូវ៉ា​ឡើយ។ 15ដូច្នេះ លោក​យ៉ូស្វេ​ក៏​ព្រម​ចង​ជា​ស្ពាន​មេត្រី​នឹង​គេ ព្រម​ទាំង​តាំង​សញ្ញា​ឲ្យ​គេ​បាន​នៅ​រស់​ត​ទៅ ហើយ​ពួក​មេ​ដឹក​នាំ​ក្រុម​ជំនុំ​ក៏​ស្បថ​នឹង​គេ​ដែរ។
16លុះ​ផុត​បី​ថ្ងៃ ក្រោយពី​បាន​តាំង​សញ្ញា​ជាមួយ​គេ​មក គេ​ក៏​ឮ​ថា អ្នកទាំង​នោះ​ជា​អ្នក​ជិត​ខាង ដែល​នៅ​ក្នុង​ស្រុក​នោះ​ក្នុង​ចំណោម​ពួក​គេ។ 17ដូច្នេះ ប្រជា‌ជន​អ៊ីស្រា‌អែល​ក៏​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​ទាំង​ប៉ុន្មាន​របស់​ពួក​គេ​នៅ​ថ្ងៃ​ទីបី។ ក្រុង​ទាំង​នោះគឺ ក្រុង​គីបៀន ក្រុង​កេភីរ៉ា ក្រុង​ប្អៀរ៉ុត និង​ក្រុង​គារយ៉ាត់-យារីម។ 18ប៉ុន្ដែ ប្រជា‌ជន​អ៊ីស្រា‌អែល​មិន​បាន​វាយពួក​គេ​ទេ ដ្បិត​ពួក​មេ​ដឹក​នាំ​ក្រុម​ជំនុំ​បាន​ស្បថ​នឹង​ពួក​គេ ក្នុង​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ជ្រុល​ទៅ​ហើយ។ ពេល​នោះ ក្រុម​ជំនុំ​ទាំង​អស់ នាំ​គ្នា​រទូរទាំ​នឹង​ពួក​មេ​ដឹក​នាំ​របស់​ខ្លួន។ 19ប៉ុន្ដែ ពួក​មេ​ដឹក​នាំទាំងអស់​ប្រកាស​ប្រាប់​ជំនុំ​ទាំង​មូល​ថា៖ «យើង​បាន​ស្បថ​នឹង​គេ ក្នុង​ព្រះ​នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​រួច​ហើយ ដូច្នេះ យើង​មិន​អាច​ប៉ះ​ពាល់​ពួក​គេ​បាន​ឡើយ។ 20យើង​ត្រូវ​ប្រព្រឹត្ត​នឹង​គេ​ដូច្នេះ​វិញ គឺ​ទុក​ឲ្យ​គេ​នៅ​រស់​ចុះ ក្រែង​មាន​សេចក្ដី​ក្រោធ​ធ្លាក់​មក​លើ​យើង ដោយ​ព្រោះ​តែ​សម្បថ​ដែល​យើង​បាន​ស្បថ​នឹង​គេ»។ 21ពួក​មេ​ដឹក​នាំ​ពោល​ទៅ​គេ​ទៀត​ថា៖ «ទុក​ឲ្យ​គេ​រស់​នៅ​ចុះ»។ ដូច្នេះ ពួក​គេ​ក៏​ត្រឡប់​ជា​អ្នក​កាប់​ឧស និងជា​អ្នក​ដង​ទឹក​ឲ្យ​ក្រុម​ជំនុំ​ទាំង​មូល ដូច​ជា​ពួក​មេ​ដឹក​នាំ​បាន​សម្រេច។
22លោក​យ៉ូស្វេ​បាន​ហៅ​ពួក​គេ​មក​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​បញ្ឆោត​យើង ដោយ​ពោល​ថា "យើង​ខ្ញុំ​នៅ​ឆ្ងាយ​ពី​លោក​ណាស់" ដែល​តាម​ពិត អ្នក​រាល់​គ្នារស់នៅ​ក្នុង​ចំណោម​ពួក​យើង​ដូច្នេះ? 23ដូច្នេះ ឥឡូវ​នេះ អ្នក​រាល់​គ្នា​ត្រូវ​បណ្ដា‌សា​ហើយ! អ្នក​រាល់​គ្នា​នឹង​មិន​ដែល​រួច​ផុត​ពី​ការ​ធ្វើ​ជា​បាវ​បម្រើ​ឡើយ គឺ​ជា​អ្នក​កាប់​ឧស និង​ដង​ទឹកសម្រាប់​ដំណាក់​នៃ​ព្រះរបស់ខ្ញុំ​ជា‌និច្ច»។ 24គេ​ឆ្លើយ​តប​លោក​យ៉ូស្វេ​ថា៖ «ព្រោះ​មាន​គេ​ប្រាប់​មក​យើង​ខ្ញុំ ជា​បាវ​បម្រើ​របស់​លោក​ជា​ប្រាកដ​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​លោក បាន​បង្គាប់​លោក​ម៉ូសេ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ឲ្យ​ចែក​ស្រុក​នេះ​ទាំង​អស់​ដល់​ពួក​លោក ហើយ​ឲ្យ​បំផ្លាញ​ពួក​អ្នក​ស្រុក​នេះ​ទាំង​អស់ ចេញ​ពី​មុខ​លោក។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ខ្ញុំ​ប្រព្រឹត្ត​ដូច្នេះ ដោយ​ភ័យ​ខ្លាច​ចំពោះ​អាយុ​ជីវិត​របស់​យើង​ខ្ញុំ​ជា​ខ្លាំង ព្រោះ​តែ​ពួក​លោក។ 25ឥឡូវ​នេះ មើល៍ យើង​ខ្ញុំ​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​លោក​ហើយ សូម​ប្រព្រឹត្ត​នឹង​យើង​ខ្ញុំ​តាម​ដែល​លោក​គិត​ថាល្អ ហើយ​ត្រឹម‌ត្រូវ​ចុះ»។ 26លោក​យ៉ូស្វេ​ក៏​ធ្វើ​ដូច្នោះ​នឹង​គេ ព្រម​ទាំង​រំ​ដោះ​ពួក​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ប្រជា‌ជន​អ៊ីស្រា‌អែល ហើយ​ប្រជា‌ជន​អ៊ី​ស្រា​អែល​មិន​សម្លាប់​ពួកគេ​ឡើយ។ 27ប៉ុន្ដែ នៅ​ថ្ងៃ​នោះ លោក​យ៉ូស្វេ​បាន​តម្រូវ​គេ​ឲ្យ​ធ្វើ​ជា​អ្នក​កាប់​ឧស ហើយ​ដង​ទឹក​សម្រាប់​ក្រុម​ជំនុំ និង​សម្រាប់​អាស‌នារបស់​ព្រះ‌យេហូវ៉ា នៅ​កន្លែង​ដែល​ព្រះ‌អង្គ​ជ្រើស​រើស រហូត​ដល់​សព្វ​ថ្ងៃ។

ទើបបានជ្រើសរើសហើយ៖

យ៉ូស្វេ 9: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល