ម៉ាឡាគី 2:7-14

ម៉ាឡាគី 2:7-14 គកស១៦

ដ្បិត​គួរ​ឲ្យ​បបូរ​មាត់​របស់​សង្ឃ​រក្សា​ទុក​នូវ​យោបល់ ហើយ​គួរ​ឲ្យ​មនុស្ស​ស្វែង​រក​ក្រឹត្យ‌វិន័យ​ពី​មាត់​គេ ដ្បិត​គេ​ជា​ទូត​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ តែ​អ្នក​រាល់​គ្នា​បាន​ទាស​ចេញ​ពី​ផ្លូវ ក៏​បាន​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​ជំពប់​ដួល​ក្នុង​ក្រឹត្យ‌វិន័យ​ដែរ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា អ្នក​រាល់​គ្នា​បាន​បង្ខូច​សេចក្ដី​សញ្ញា​របស់​លេវី​ហើយ ហេតុ​នោះ យើង​ក៏​បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ជា​ទី​មើល‌ងាយ នៅ​ចំពោះ​មុខ​ជន​ទាំង‌ឡាយ​ដែរ ព្រោះអ្នក​រាល់​គ្នា​មិន​បាន​កាន់​តាម​ផ្លូវ​របស់​យើង គឺ​បានបង្រៀន​ក្រឹត្យ‌វិន័យ​ដោយ​រើស​មុខ»។ «តើ​យើង​ទាំង​អស់​គ្នា​មិន​មាន​ឪពុក​តែ​មួយ​ទេ​ឬ? តើ​មិន​មែន​ជា​ព្រះ​តែ​មួយ ដែល​បង្កើត​យើង​រាល់​គ្នា​មក​ទេ​ឬ? ហេតុ​អ្វី​បាន​ជា​យើង​ប្រព្រឹត្ត​ក្បត់ ចំពោះ​បង‌ប្អូន​ខ្លួន ទាំង​បង្អាប់​សេចក្ដី​សញ្ញា​របស់បុព្វបុរស​យើង​ដូច្នេះ? ពួក​យូដា​បាន​ក្បត់​ហើយ ក៏​មាន​គេ​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល និង​នៅ​ក្រុង​យេរូ‌សាឡិម​ដែរ ដ្បិត​យូដា​បានប្រមាថទី​បរិសុទ្ធ​របស់​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌អង្គ​ស្រឡាញ់ គឺ​គេ​បាន​រៀប​ការ​ជា‌មួយ​កូន​ស្រី​របស់​ព្រះ​ដទៃ។ សូម​ព្រះ‌យេហូវ៉ា​ដក​គេ​ចេញ​ពីពួក​យ៉ាកុប​ទៅ ចំពោះ​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​ដូច្នេះ ជា​អ្នក​ដែល​យក​តង្វាយ​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ផង។ មាន​ការមួយ​ទៀត​ដែល​អ្នក​រាល់​គ្នា​ធ្វើ គឺ​អ្នក​រាល់​គ្នា​គ្រប​បាំង​អាសនា​នៃ​ព្រះ‌យេហូវ៉ា ដោយ​ទឹក​ភ្នែក ដោយ​យំ​សោក ហើយ​ស្រែក​ថ្ងូរ បាន​ជាព្រះ‌អង្គ​មិន​ទត​មើល​តង្វាយ​ទៀត​ឡើយ ក៏​មិន​ទទួល​ពី​ដៃ​អ្នក​រាល់​គ្នា​ដោយ​ព្រះ‌ហឫ‌ទ័យ​ស្មោះ​ដែរ។ អ្នក​រាល់​គ្នា​សួរ​ថា "ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​មិន​ទទួល?" ព្រោះ​ព្រះ‌យេហូវ៉ា​ជា​សាក្សី​រវាង​អ្នក​នឹង​ប្រពន្ធ​ដែល​អ្នក​បាន​គ្នា​ពី​កាល​ក្រមុំ​កំលោះ​នោះ ទោះ​បើ​នាង​ជា​គូ​របស់​អ្នក ហើយ​ជា​ប្រពន្ធពេញ​ច្បាប់​ក៏​ដោយ តែអ្នក​បាន​ក្បត់នឹង​នាង​ដែរ។

អាន ម៉ាឡាគី 2