ម៉ាឡាគី 3

3
ទូតនឹងមក
1«មើល៍! យើង​ចាត់​ទូតរបស់​យើង​ឲ្យ​ទៅ ដើម្បី​រៀបចំ​ផ្លូវ​នៅ​មុខ​យើង។ ព្រះ‌អម្ចាស់​ដែល​អ្នក​រាល់​គ្នា​ស្វែង​រក នឹង​យាង​ចូលក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អង្គ​ភ្លាម ឯ​ទូត​ដែល​នាំ​សេចក្ដី​សញ្ញា​មក ជា​សេចក្ដី​សញ្ញា​ដែល​អ្នក​រាល់​គ្នា​ចង់​បាន​នោះ មើល៍! ព្រះ‌អង្គនឹង​យាង​មក នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។ 2ប៉ុន្តែ តើ​អ្នក​ណា​អាច​ទ្រាំ​នៅ​បាន ក្នុង​កាល​ដែល​ព្រះ‌អង្គ​យាង​មក​នោះ? តើ​អ្នក​ណា​នឹង​ឈរ​នៅ​ក្នុង​កាល​ដែល​ព្រះ‌អង្គ​លេច​មក?
ដ្បិត​ព្រះ‌អង្គ​ប្រៀប​ដូច​ជា​ភ្លើង​របស់​ជាង​សម្រង់ និង​ដូច​ជា​ក្បុង​របស់​ជាង​ប្រមោក។ 3ព្រះ‌អង្គ​នឹង​គង់​ចុះ ដូច​ជា​ជាង​សម្រង់ និង​អ្នក​ដេញ​អាចម៍​ប្រាក់ ព្រះ‌អង្គ​នឹង​សម្អាត​ពួក​កូន​ចៅ​លេវី ហើយ​សម្រង់​គេ​ដូច​ជា​មាស និង​ប្រាក់ នោះ​គេ​នឹង​នាំ​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌យេហូវ៉ា ដោយ​សេចក្ដី​សុចរិត។ 4ពេល​នោះ តង្វាយ​របស់​ពួក​យូដា និង​ក្រុង​យេរូ‌សាឡិម​ជា​ទី​គាប់​ដល់​ព្រះ‌ហឫ‌ទ័យ​នៃ​ព្រះ‌យេហូវ៉ា ដូច​កាល​ពី​ដើម គឺ​ដូច​កាល​ពី​ចាស់​បុរាណ​នោះ។ 5យើង​នឹង​មក​ជិតអ្នក​រាល់​គ្នា ដើម្បី​នឹង​សម្រេច​តាម​សេចក្ដី​យុត្តិ‌ធម៌ យើង​នឹង​ធ្វើ​ជា​សាក្សី​យ៉ាង​រហ័ស ទាស់​នឹង​ពួក​គ្រូ​អាប‌ធ្មប់ ទាស់​នឹង​ពួក​កំផិត ទាស់​នឹង​ពួក​អ្នក​ដែល​ស្បថ​បំពាន ទាស់​នឹង​ពួក​ដែល​កេង​បំបាត់​ឈ្នួល​របស់​កូន​ឈ្នួល ព្រម​ទាំង​សង្កត់‌សង្កិន​ស្ត្រី​មេម៉ាយ និង​មនុស្ស​កំព្រា​ផង ហើយធ្វើ​បាប​អ្នក​ដែល​ចូល​មក​ស្នាក់​អាស្រ័យ ឥត​កោត​ខ្លាច​យើង​សោះ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។
6ដ្បិតយើង គឺ​យេហូវ៉ា យើង​មិន​ប្រែ‌ប្រួល​ឡើយ ហេតុ​នោះ ឱ​ពួក​កូន​ចៅ​យ៉ាកុប​អើយ អ្នក​រាល់​គ្នា​មិន​ត្រូវ​វិនាស​ទេ។
7អ្នក​រាល់​គ្នា​បាន​បោះ‌បង់​ចោល​សេចក្ដី​បញ្ញត្តិ​របស់​យើង ចាប់​តាំង​ពី​ជំនាន់​បុព្វបុរស​មក ឥត​កាន់​តាម​ឡើយ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​បង្គាប់​ថា ចូរ​វិល​មកយើង​វិញ​ចុះ នោះ​យើង​នឹង​ត្រឡប់​មក​រកអ្នក​រាល់​គ្នា​ដែរ តែ​អ្នក​រាល់​គ្នា​ថា "តើ​យើង​នឹង​វិល​ទៅ​យ៉ាង​ដូច​ម្តេច?" 8ចុះ​តើ​មនុស្ស​នឹង​កោង​យក​របស់​ព្រះ​ឬ? ប៉ុន្តែ អ្នក​រាល់​គ្នា​បាន​កោង​យក​របស់​យើង​ហើយ រួច​បែរ​ជា​សួរ​ថា តើ​យើង​បាន​កោង​យក​របស់​ព្រះ‌អង្គ​ឯ​ណា? គឺ​ក្នុង​តង្វាយ​មួយ​ភាគ​ក្នុង​ដប់ ហើយ​ក្នុង​តង្វាយ​លើក​ចុះ​ឡើង​នោះ 9អ្នក​រាល់​គ្នា គឺ​មនុស្ស​នៅ​នគរ​នេះ​ទាំង​មូល ត្រូវ​បណ្ដាសា​ហើយ ដោយ​ព្រោះ​តែង‌តែ​កោង​យក​របស់​យើង​យ៉ាង​ដូច្នេះ 10ចូរ​យក​តង្វាយ​មួយ​ភាគ​ក្នុង​ដប់​ទាំង​អស់​មក​ដាក់​ក្នុង​ឃ្លាំង​ចុះ ដើម្បី​ឲ្យ​មាន​ស្បៀង​អាហារ​នៅ​ក្នុង​ដំណាក់របស់​យើង ហើយ​ល្បង‌ល​យើង​ឥឡូវ បើយើង​មិន​បើក​ទ្វារ​ស្ថាន‌សួគ៌ ដើម្បី​ចាក់​ព្រះ‌ពរ​មក​លើ​អ្នក ដែល​នឹង​គ្មាន​កន្លែង​ល្មម​ទុក​បាន​ទេ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។ 11ដូច្នេះ ដោយ​យល់​ដល់​អ្នក​រាល់​គ្នា យើង​នឹង​បន្ទោស​ដល់​សត្វ​ដែល​ស៊ី​បង្ខូច មិន​ឲ្យ​វា​បំផ្លាញ​ផល​ដែល​កើត​ពី​ដី​អ្នក​ឡើយ ឯ​ដើម​ទំពាំង‌បាយ‌ជូរ​នៅ​ចម្ការ ក៏​មិន​ជ្រុះ​ផ្លែ​ពេល​នៅ​ក្តឹប​ដែរ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។ 12យ៉ាង​នោះ​គ្រប់​ទាំង​សាសន៍​នឹង​ថា អ្នក​រាល់​គ្នា​មាន​ពរ ដ្បិត​ស្រុក​របស់​អ្នក​រាល់​គ្នា នឹង​បាន​ជា​ស្រុក​សប្បាយ​ណាស់ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ»។
13ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «ពាក្យ​សម្ដី​របស់​អ្នក​រាល់​គ្នា​បាន​ទាស់​នឹង​យើង​យ៉ាង​ខ្លាំង ទោះ​បើ​យ៉ាង​នោះ​ក៏​អ្នក​រាល់​គ្នា​ថា យើង​បាន​និយាយ​អ្វី​ទាស់​នឹង​ព្រះ‌អង្គ 14គឺ​អ្នក​រាល់​គ្នា​ពោល​ថា ការ​ដែល​ខំ​គោរព​បម្រើ​ព្រះ នោះ​ឥត​អំពើ​ទេ ហើយ​ដែល​យើង​បាន​រក្សា​បញ្ញើ​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រម​ទាំង​ដើរ​នៅ​ចំពោះព្រះ‌អង្គ​ដោយ​កាន់​ទុក្ខ​ដូច្នេះ តើ​មាន​ប្រយោជន៍​អ្វី? 15ឥឡូវ​នេះ យើង​រាប់​មនុស្ស​ឆ្មើង‌ឆ្មៃ ទុក​ជា​សប្បាយ​ហើយ ពួក​អ្នក​ដែល​ប្រព្រឹត្ត​ការ​អាក្រក់​បាន​តាំង​ឡើង គេ​ល្បង‌ល​ព្រះ ហើយ​ក៏​រួច​ខ្លួន»។
រង្វាន់​សម្រាប់​អ្នកស្មោះ​ត្រង់
16ពេល​នោះ ពួក​អ្នក​ដែល​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ក៏​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ព្រះ‌យេហូវ៉ា​ប្រុង​ស្តាប់ ក៏​បាន​ឮ រួច​មាន​សៀវភៅ​រំឭក​បាន​កត់​ទុក នៅ​ចំពោះ​ព្រះ‌យេហូវ៉ា សម្រាប់​ពួក​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌អង្គ និង​ពួក​អ្នក​ដែល​នឹក​ដល់​ព្រះ‌នាម​ព្រះ‌អង្គ។ 17ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​ថ្ងៃ​ដែល​យើង​ធ្វើ​ការ​នេះ គេ​នឹង​ក្លាយ​ជា​របស់​យើង គឺ​ជា​របស់​យើង​ពិត​ប្រាកដ ហើយ​យើង​នឹង​ប្រណី​ដល់​គេ ដូច​ជា​មនុស្ស​ប្រណី​ដល់​កូន​ខ្លួន​ដែរ គឺ​ជា​កូន​ដែល​គោរព​ដល់​ខ្លួន។ 18ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ឃើញ​ម្ដង​ទៀត អំពី​ភាព​ខុស​គ្នា​រវាង​មនុស្ស​សុចរិត​នឹង​មនុស្ស​អាក្រក់ រវាង​អ្នក​ដែល​គោរព​បម្រើ​ព្រះ​នឹង​អ្នក​ដែល​មិន​គោរព​បម្រើ។

ទើបបានជ្រើសរើសហើយ៖

ម៉ាឡាគី 3: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល