នេហេមា 9
9
ប្រជាជនអ៊ីស្រាអែលលន់តួអំពើបាប
1លុះដល់ថ្ងៃម្ភៃបួនក្នុងខែដដែលនោះ ប្រជាជនអ៊ីស្រាអែលបានជួបប្រជុំគ្នា ទាំងតមអាហារ ដោយស្លៀកសំពត់ធ្មៃ ហើយយកដីរោយលើក្បាល។ 2អស់អ្នកដែលជាពូជពង្សអ៊ីស្រាអែល បានញែកខ្លួនចេញពីសាសន៍ដទៃទាំងប៉ុន្មាន ហើយឈរឡើង លន់តួអំពើបាបរបស់ខ្លួន និងអំពើទុច្ចរិតនៃបុព្វបុរសរបស់គេ។ 3ពួកគេឈរតាមកន្លែងរបស់ពួកគេរៀងៗខ្លួន ហើយអានក្នុងគម្ពីរក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ជាព្រះរបស់ពួកគេ រយៈពេលមួយភាគក្នុងបួននៅថ្ងៃនោះ ឯពេលវេលាមួយភាគក្នុងបួនទៀត ពួកគេលន់តួអំពើបាប និងថ្វាយបង្គំព្រះយេហូវ៉ា ជាព្រះរបស់ពួកគេ។ 4ពេលនោះ យេសួរ បានី កាឌមាល សេបានា ប៊ូននី សេរេប៊ីយ៉ា បានី និងកេណានី ឈរលើថ្នាក់ជណ្តើររបស់ពួកលេវី ហើយបន្លឺសំឡេងអំពាវនាវដល់ព្រះយេហូវ៉ា ជាព្រះរបស់ពួកគេ។ 5បន្ទាប់មក ពួកលេវី យេសួរ កាឌមាល បានី ហាសាបនា សេរេប៊ីយ៉ា ហូឌា សេបានា និងពេថាហ៊ីយ៉ា ពោលថា៖ «ចូរក្រោកឡើង ហើយលើកតម្កើងព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ដែលគង់នៅតាំងពីអស់កល្ប រហូតដល់អស់ជានិច្ច។ សូមឲ្យព្រះនាមដ៏រុងរឿងរបស់ព្រះអង្គ បានប្រកបដោយព្រះពរ ជាព្រះនាមដែលថ្កើងឡើងខ្ពស់លើសជាងអស់ទាំងពរ និងការសរសើរ»។
6លោកអែសរ៉ាទូលថា៖ «ព្រះអង្គតែមួយដែលជាព្រះឯកអង្គ ព្រះអង្គបានបង្កើតផ្ទៃមេឃ គឺអស់ទាំងជាន់នៃផ្ទៃមេឃ ព្រមទាំងពួកពលបរិវារនៅជាន់ទាំងនោះ ក៏បានបង្កើតផែនដី និងអ្វីៗទាំងអស់នៅលើផែនដី ហើយសមុទ្រ និងអ្វីៗទាំងអស់នៅក្នុងសមុទ្រ ព្រះអង្គប្រទានជីវិតឲ្យរបស់ទាំងអស់នោះ ហើយពួកពលបរិវារនៅលើមេឃ ថ្វាយបង្គំព្រះអង្គ។ 7ឱព្រះយេហូវ៉ាដ៏ជាព្រះអើយ គឺព្រះអង្គហើយដែលបានរើសលោកអាប់រ៉ាម ព្រមទាំងនាំលោកចេញពីក្រុងអ៊ើររបស់ពួកសាសន៍ខាល់ដេ ហើយប្រទានឲ្យលោកមាននាមថា អ័ប្រាហាំ។ 8ព្រះអង្គបានឃើញថា លោកមានចិត្តស្មោះត្រង់នៅចំពោះព្រះអង្គ ហើយបានតាំងសញ្ញានឹងលោក ថានឹងប្រទានស្រុករបស់ពួកសាសន៍កាណាន សាសន៍ហេត សាសន៍អាម៉ូរី សាសន៍ពេរិស៊ីត សាសន៍យេប៊ូស និងសាសន៍គើកាស៊ី ដល់ពូជពង្សរបស់លោក ព្រះអង្គក៏បានសម្រេចតាមព្រះបន្ទូលរបស់ព្រះអង្គ ដ្បិតព្រះអង្គសុចរិត។
9ព្រះអង្គបានទតឃើញទុក្ខវេទនារបស់បុព្វបុរសយើងខ្ញុំនៅស្រុកអេស៊ីព្ទ ហើយបានឮសម្រែករបស់គេនៅសមុទ្រក្រហម 10ព្រះអង្គបានសម្ដែងទីសម្គាល់ និងការអស្ចារ្យទៅលើផារ៉ោន ពួកមហាតលិក និងប្រជាជននៃស្រុកនោះទាំងអស់ ដ្បិតព្រះអង្គជ្រាបថា គេបានប្រព្រឹត្តនឹងបុព្វបុរសរបស់យើងដោយចិត្តព្រហើន ហើយព្រះអង្គបានធ្វើឲ្យព្រះនាមព្រះអង្គល្បីល្បាញ រហូតដល់សព្វថ្ងៃ។ 11ព្រះអង្គបានញែកសមុទ្រចេញពីគ្នានៅចំពោះមុខពួកគេ ឲ្យពួកគេដើរឆ្លងកាត់កណ្ដាលសមុទ្រ លើដីគោក តែព្រះអង្គបានទម្លាក់ពួកអ្នកដែលដេញតាមទៅក្នុងទីជម្រៅ ដូចជាបោះថ្មទៅក្នុងមហាសាគរ ។ 12ម្យ៉ាងទៀត នៅពេលថ្ងៃ ព្រះអង្គបាននាំពួកគេ ដោយសារបង្គោលពពក ហើយនៅពេលយប់ ដោយបង្គោលភ្លើង ដើម្បីបំភ្លឺផ្លូវដែលពួកគេត្រូវដើរ។ 13ព្រះអង្គបានយាងចុះមកលើភ្នំស៊ីណាយ ហើយមានព្រះបន្ទូលមកកាន់ពួកគេពីលើមេឃ ប្រទានឲ្យពួកគេមានវិន័យដ៏ត្រឹមត្រូវ និងក្រឹត្យវិន័យដ៏ពិត ព្រមទាំងច្បាប់ និងបទបញ្ជាដ៏ល្អ 14ព្រះអង្គបានធ្វើឲ្យពួកគេស្គាល់ថ្ងៃសប្ប័ទដ៏បរិសុទ្ធរបស់ព្រះអង្គ ហើយប្រទានឲ្យពួកគេមានបទបញ្ជា បញ្ញត្តិ និងក្រឹត្យវិន័យ ដោយសារលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គ។ 15ព្រះអង្គបានប្រទាននំបុ័ងពីលើមេឃមកចម្អែតពួកគេ ហើយធ្វើឲ្យមានទឹកហូរចេញពីថ្មមកឲ្យពួកគេផឹក ក៏បានបង្គាប់ឲ្យគេចូលទៅចាប់យកស្រុក ដែលព្រះអង្គបានស្បថថានឹងឲ្យដល់ពួកគេ។
16ប៉ុន្តែ ពួកគេ គឺដូនតារបស់យើងខ្ញុំ បានប្រព្រឹត្តដោយចិត្តព្រហើន ហើយតាំងចិត្តរឹងចចេស ឥតស្តាប់តាមបទបញ្ជារបស់ព្រះអង្គទេ។ 17គេមិនព្រមស្ដាប់បង្គាប់ឡើយ ក៏មិននឹកចាំពីការអស្ចារ្យដែលព្រះអង្គបានធ្វើក្នុងចំណោមពួកគេដែរ គឺគេតាំងចិត្តរឹងចចេស ហើយបះបោរ គេបានតែងតាំងម្នាក់ឲ្យធ្វើជាមេដឹកនាំ វិលទៅរកភាពជាទាសករនៅស្រុកអេស៊ីព្ទវិញ តែព្រះអង្គជាព្រះដែលប្រុងតែនឹងអត់ទោស ប្រណីសន្ដោស ហើយមេត្តាករុណា ព្រះអង្គយឺតនឹងខ្ញាល់ ហើយមានព្រះហឫទ័យសប្បុរសជាបរិបូរ ព្រះអង្គមិនបោះបង់ចោលពួកគេឡើយ។ 18ទោះជាពេលដែលពួកគេបានសិតធ្វើរូបកូនគោមាសមួយ ហើយពោលថា "នេះជាព្រះរបស់យើង ដែលបាននាំយើងឡើងពីស្រុកអេស៊ីព្ទ" ហើយគេបានប្រមាថព្រះអង្គយ៉ាងណាក្តី 19ក៏ព្រះអង្គមិនបានបោះបង់ចោលពួកគេនៅទីរហោស្ថានឡើយ គឺដោយព្រះអង្គមានព្រះហឫទ័យមេត្តាករុណាជាខ្លាំង ឯបង្គោលពពកមិនបានថយចេញ លែងនាំផ្លូវពួកគេនៅពេលថ្ងៃឡើយ ហើយបង្គោលភ្លើងក៏មិនលែងបំភ្លឺពួកគេនៅពេលយប់ ដើម្បីបង្ហាញផ្លូវដែលគេត្រូវដើរនោះដែរ។ 20ព្រះអង្គបានប្រទានព្រះវិញ្ញាណដ៏ល្អរបស់ព្រះអង្គ មកបង្ហាត់បង្រៀនគេ ហើយប្រទាននំម៉ាណាឲ្យពួកគេបរិភោគ ហើយប្រទានទឹកឲ្យពួកគេផឹក មិនដែលខានឡើយ។ 21ព្រះអង្គបានចិញ្ចឹមគេនៅទីរហោស្ថានរយៈពេលសែសិបឆ្នាំ ពួកគេមិនខ្វះខាតអ្វីឡើយ សម្លៀកបំពាក់របស់ពួកគេក៏មិនដែលសឹក ហើយជើងរបស់ពួកគេក៏មិនពុរពងដែរ។ 22ព្រះអង្គបានប្រទាននគរ និងសាសន៍នានាដល់ពួកគេ ហើយចែកស្រុកទាំងអស់ដល់ពួកគេ។ ដូច្នេះ ពួកគេដណ្ដើមយកបានទឹកដីរបស់ព្រះបាទស៊ីហុន ជាស្ដេចក្រុងហែសបូន និងទឹកដីរបស់ព្រះបាទអុក ជាស្តេចស្រុកបាសាន។ 23ព្រះអង្គបានធ្វើឲ្យកូនចៅរបស់ពួកគេកើនចំនួនច្រើនឡើង ដូចផ្កាយនៅលើមេឃ ហើយព្រះអង្គបាននាំពួកគេចូលមកក្នុងទឹកដី ដែលព្រះអង្គប្រាប់បុព្វបុរសរបស់ពួកគេ ឲ្យពួកគេចូលទៅកាន់កាប់។ 24ដូច្នេះ កូនចៅរបស់ពួកគេក៏ចូលទៅកាន់កាប់ទឹកដីនោះ ហើយព្រះអង្គបានបង្ក្រាបសាសន៍កាណាន ជាអ្នកស្រុកនោះ នៅមុខពួកគេ ព្រមទាំងប្រគល់សាសន៍នោះ ទាំងស្តេចរបស់គេ ទាំងប្រជាជននៅស្រុកនោះ មកក្នុងកណ្ដាប់ដៃរបស់ពួកគេ ដើម្បីឲ្យពួកគេប្រព្រឹត្តនឹងសាសន៍នោះតាមអំពើចិត្ត។ 25ពួកគេចាប់យកបានទីក្រុងដែលមានកំផែងការពារ និងទឹកដីដែលមានជីជាតិ ក៏បានចាប់យកផ្ទះដែលមានពេញដោយរបស់ល្អគ្រប់មុខ និងអណ្តូងដែលជីកស្រាប់ ចម្ការទំពាំងបាយជូរ ដំណាំអូលីវ និងដើមឈើស៊ីផ្លែយ៉ាងច្រើនបរិបូរ។ យ៉ាងនោះ គេបានបរិភោគឆ្អែត ហើយត្រឡប់ជាមានសាច់ធាត់ ក៏មានចិត្តរីករាយ ដោយសារព្រះហឫទ័យសប្បុរសដ៏ធំរបស់ព្រះអង្គ។
26ប៉ុន្តែ ពួកគេមានចិត្តរឹងចចេស ហើយបះបោរនឹងព្រះអង្គ ពួកគេបោះបង់ចោលក្រឹត្យវិន័យរបស់ព្រះអង្គទៅក្រោយខ្នង ហើយបានសម្លាប់ពួកហោរារបស់ព្រះអង្គ ដែលបានទូន្មានឲ្យគេ ដោយប្រាថ្នាចង់ឲ្យគេវិលមករកព្រះអង្គវិញ ពួកគេបាននាំគ្នាប្រមាថព្រះអង្គយ៉ាងខ្លាំង។ 27ហេតុនេះហើយបានជាព្រះអង្គប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់សត្រូវ ដែលញាំញីសង្កត់សង្កិនគេ តែកាលពួកគេកើតមានសេចក្ដីវេទនា ពួកគេក៏ស្រែករកព្រះអង្គ ហើយព្រះអង្គស្ដាប់ពួកគេពីស្ថានសួគ៌ ព្រះអង្គប្រទានឲ្យពួកគេមានពួកអ្នកសង្គ្រោះ មកសង្គ្រោះពួកគេឲ្យរួចពីកណ្ដាប់ដៃរបស់ពួកសត្រូវ ដោយព្រះហឫទ័យមេត្តាករុណាដ៏ធំក្រៃលែងរបស់ព្រះអង្គ។ 28ប៉ុន្ដែ ក្រោយពីពួកគេមានសេចក្ដីស្រាកស្រាន្តហើយ ពួកគេចាប់ផ្ដើមប្រព្រឹត្តអំពើអាក្រក់នៅចំពោះព្រះអង្គទៀត ហើយព្រះអង្គក៏បោះបង់ចោលពួកគេ នៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ ដើម្បីឲ្យខ្មាំងសត្រូវមានអំណាចលើពួកគេ។ ប៉ុន្តែ កាលពួកគេបានងាកបែរ ហើយស្រែកអំពាវនាវរកព្រះអង្គ ព្រះអង្គស្ដាប់ពួកគេពីស្ថានសួគ៌ ហើយប្រោសឲ្យពួកគេរួចជាច្រើនដង តាមព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ។ 29ព្រះអង្គបានទូន្មានពួកគេ ដើម្បីនាំពួកគេមករកក្រឹត្យវិន័យព្រះអង្គវិញ តែពួកគេបានប្រព្រឹត្តដោយចិត្តព្រហើន មិនព្រមស្តាប់តាមបទបញ្ជារបស់ព្រះអង្គទេ គឺបានប្រព្រឹត្តអំពើបាបទាស់នឹងវិន័យរបស់ព្រះអង្គ (ជាច្បាប់ដែលអ្នកណាប្រព្រឹត្តតាម អ្នកនោះនឹងបានរស់នៅដោយសេចក្ដីនោះឯង ) ហើយបែរស្មាដ៏រឹងចចេស ក៏តាំងករបស់គេរឹង មិនព្រមស្តាប់បង្គាប់ឡើយ។ 30ព្រះអង្គបានទ្រាំទ្រនឹងពួកគេជាច្រើនឆ្នាំ ហើយបានទូន្មានពួកគេ ដោយសារព្រះវិញ្ញាណរបស់ព្រះអង្គ តាមរយៈពួកហោរា តែពួកគេមិនយកត្រចៀកស្តាប់ទេ។ ដូច្នេះ ព្រះអង្គក៏បានប្រគល់ពួកគេ ទៅក្នុងកណ្ដាប់ដៃរបស់ប្រជាជនដែលរស់នៅស្រុកទាំងនោះ។ 31ប៉ុន្តែ ដោយព្រោះព្រះហឫទ័យមេត្តាករុណាដ៏ក្រៃលែងរបស់ព្រះអង្គ ព្រះអង្គមិនបានធ្វើឲ្យពួកគេវិនាសសាបសូន្យ ឬបោះបង់ចោលពួកគេឡើយ ដ្បិតព្រះអង្គជាព្រះដ៏មានព្រះហឫទ័យប្រណីសន្តោស ហើយមេត្តាករុណា។
32ដូច្នេះ ឱព្រះនៃយើងខ្ញុំ ជាព្រះដ៏ធំ ហើយមានឫទ្ធានុភាព គួរឲ្យស្ញែងខ្លាច ជាព្រះដែលរក្សាសេចក្ដីសញ្ញា និងសេចក្ដីសប្បុរសអើយ សូមកុំឲ្យសេចក្ដីទេវនាទាំងប៉ុន្មាន ដែលបានកើតមានដល់យើងខ្ញុំ ព្រមទាំងស្តេច ពួកមេ ពួកសង្ឃ ពួកហោរា បុព្វបុរសយើងខ្ញុំ និងប្រជារាស្ត្រទាំងប៉ុន្មានរបស់ព្រះអង្គ ចាប់ពីគ្រារបស់ពួកស្តេចស្រុកអាសស៊ើរ រហូតដល់សព្វថ្ងៃនេះ រាប់ថាជាការតិចតួចឡើយ។ 33ប៉ុន្តែ ព្រះអង្គសុចរិតក្នុងគ្រប់ទាំងហេតុការណ៍ដែលបានកើតមានដល់យើងខ្ញុំ ដ្បិតព្រះអង្គបានប្រព្រឹត្តដោយស្មោះត្រង់ តែឯយើងខ្ញុំវិញ បានប្រព្រឹត្តយ៉ាងអាក្រក់ 34ពួកស្តេចរបស់យើងខ្ញុំ ពួកមេរបស់យើងខ្ញុំ ពួកសង្ឃរបស់យើងខ្ញុំ និងបុព្វបុរសរបស់យើងខ្ញុំ មិនបានកាន់តាមក្រឹត្យវិន័យរបស់ព្រះអង្គទេ ក៏មិនបានយកចិត្តទុកដាក់នឹងបទបញ្ជា ព្រមទាំងការព្រមានដែលព្រះអង្គបានប្រទានដល់ពួកគេឡើយ។ 35ទោះជាពេលដែលគេរស់នៅក្នុងនគររបស់ខ្លួន ព្រះអង្គប្រទានឲ្យគេមានអស់ទាំងសេចក្ដីល្អក្រៃលែង ហើយនៅក្នុងស្រុកដ៏ធំទូលាយ មានជីជាតិ ដែលព្រះអង្គបានដាក់នៅមុខគេ ក៏គេមិនបានគោរពប្រតិបត្តិដល់ព្រះអង្គ ឬងាកបែរចេញពីអំពើអាក្រក់របស់ខ្លួនដែរ។ 36មើល៍ យើងខ្ញុំជាបាវបម្រើរបស់គេរហូតដល់ថ្ងៃនេះ គឺជាបាវបម្រើនៅក្នុងស្រុកដែលព្រះអង្គបានប្រទានដល់បុព្វបុរសរបស់យើងខ្ញុំ ដើម្បីបរិភោគផលផ្លែ និងសេចក្ដីល្អនៅក្នុងស្រុក។ 37ភោគផលដ៏សម្បូរហូរហៀររបស់ស្រុកនេះ បែរជាទុកសម្រាប់ពួកស្តេច ដែលព្រះអង្គបានតាំងឲ្យគ្រប់គ្រងលើយើងខ្ញុំ ដោយព្រោះអំពើបាបរបស់យើងខ្ញុំ។ ស្តេចទាំងនោះត្រួតត្រាលើរាងកាយយើងខ្ញុំ និងហ្វូងសត្វរបស់យើងខ្ញុំ តាមអំពើចិត្តរបស់គេ ហើយយើងខ្ញុំមានទុក្ខវេទនាជាខ្លាំង»។
អស់អ្នកដែលបានចុះសេចក្ដីសញ្ញា
38 ដោយមានហេតុការណ៍ទាំងអស់នេះ យើងខ្ញុំក៏តាំងសញ្ញាមួយយ៉ាងមាំមួនជាលាយលក្ខណ៍អក្សរ ហើយមានពួកមេ ពួកលេវី និងពួកសង្ឃរបស់យើងខ្ញុំ ជាអ្នកបោះត្រាលើសេចក្ដីសញ្ញានោះ។
ទើបបានជ្រើសរើសហើយ៖
នេហេមា 9: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies