សុភា‌សិត 1

1
អារម្ភ​កថា
1នេះ​ជា​សុភា‌សិត​របស់​ព្រះបាទ​សាឡូម៉ូន ជា​បុត្រា​របស់​ព្រះបាទ​ដាវីឌ ស្តេច​សាសន៍​អ៊ីស្រា‌អែល
2សម្រាប់​ឲ្យ​បាន​ស្គាល់​ប្រាជ្ញា
សេចក្ដី​ប្រៀន‌ប្រដៅ
និង​ឲ្យ​បាន​យល់​ពី​ពាក្យ
ដែល​មាន​អត្ថន័យ​ជ្រៅ​ជ្រះ
3ក៏​សម្រាប់​ទទួល​សេចក្ដី​បង្រៀន​នៃ​គំនិត​ត្រឹម​ត្រូវ
ជា​សេចក្ដី​សុចរិត សេចក្ដី​យុត្តិ‌ធម៌
និង​សេចក្ដី​ទៀង​ត្រង់
4ដើម្បី​បង្រៀន​មនុស្ស​ឆោត​ល្ងង់​ឲ្យ​ចេះ​ប្រុង​ប្រយ័ត្ន
ហើយ​ឲ្យ​យុវជន​ស្គាល់​ខុស​ស្គាល់​ត្រូវ
5សូម​ឲ្យ​អ្នក​ប្រាជ្ញ​បាន​ស្តាប់
ហើយ​បង្កើន​ចំណេះ​ដឹង​របស់​ខ្លួន​ថែម​ទៀត
សូម​ឲ្យ​អ្នក​ណា​ដែល​មាន​យោបល់
បាន​ដឹង​ពី​ផ្លូវ​ដែល​ត្រូវ​ដើរ
6ព្រម​ទាំង​ឲ្យ​បាន​យល់​ពាក្យ​សុភា‌សិត និង​ប្រស្នា
អស់​ទាំង​ពាក្យ​របស់​អ្នក​ប្រាជ្ញ
និង​ពាក្យ​អាថ៌‌កំបាំង​ទាំង​ប៉ុន្មាន​ផង។
7ការ​កោត​ខ្លាច​ព្រះ‌យេហូវ៉ា ជា​ដើម​ចម​នៃ​តម្រិះ
តែ​មនុស្ស​ឥត​បើ​គិត គេ​មើល​ងាយ​ប្រាជ្ញា
និង​សេចក្ដី​ប្រៀន‌ប្រដៅ​វិញ។
ពាក្យ​ទូន្មាន​យុវជន
8នែ៎ កូន​អើយ ចូរ​ស្តាប់​ពាក្យ​ប្រៀន​ប្រដៅ
របស់​ឪពុក​ចុះ
កូន​កុំ​បោះ‌បង់​ចោល​ដំបូ‌ន្មាន
របស់​ម្តាយ​ឯង​ឡើយ
9ដ្បិត​សេចក្ដី​នោះ​នឹង​បាន​ជា​គុណ
ពាក់​លើ​ក្បាល​ឯង ទុក​ជា​គ្រឿង​លម្អ
ហើយ​ជា​ខ្សែ​ប្រដាប់​ពាក់​នៅ​ក​ឯង។
10កូន​អើយ បើ​មនុស្ស​មាន​បាប​បបួល​នាំ​ឯង
កុំ​ព្រម​តាម​គេ​ឡើយ។
11បើ​គេ​ថា «ចូរ​មក​ជា‌មួយ​យើង​ចុះ
យើង​នឹង​រង់​ចាំ​ឱកាស​កម្ចាយ​ឈាម
យើង​នឹង​លប​ដោយ​សម្ងាត់
ដើម្បី​ចាប់​មនុស្ស​ដែល​ឥត​ទោស​ដោយ​ឥត​ហេតុ
12យើង​នឹង​លេប​គេ​ទាំង​រស់
ដូច​ជា​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់
ហើយ​ទាំង​មូល​ផង
ដូច​ជា​ពួក​អ្នក​ដែល​ចុះ​ទៅ​ក្នុង​រណ្តៅ
13យើង​នឹង​រឹប​អូស
របស់​មាន​តម្លៃ​គ្រប់​យ៉ាង
ក៏​នឹង​បំពេញ​លំ‌នៅ​យើង
14ចូរ​ឯង​ចូល​មក​ក្នុង​ពួក​យើង​ចុះ
យើង​នឹង​មាន​ថង់​ប្រាក់​តែ​មួយ​ប៉ុណ្ណោះ»។
15កូន​អើយ ឯង​កុំ​ដើរ​ក្នុង​ផ្លូវ​ជា‌មួយ​គេ​ឡើយ
ត្រូវ​ឲ្យ​ឃាត់‌ឃាំង​ជើង​ឯង​មិន​ឲ្យ​ចូល​ទៅ​ក្នុង
ផ្លូវ​ច្រក​របស់​គេ​វិញ។
16ដ្បិត​ជើង​គេ​រត់​តាម​តែ​ការ​អាក្រក់​ទេ
គេ​ក៏​រហ័ស​នឹង​កម្ចាយ​ឈាម​ផង
17ពី​ព្រោះ​ការ​ដែល​ដាក់​លប់ នៅ​ចំពោះ​សត្វ​ហើរ
ឲ្យ​វា​ឃើញ​នោះ​ឥត​ប្រ‌យោជន៍​ទេ
18ឯ​ពួក​នោះ គេ​រង់​ចាំ​តែ​នឹង​កម្ចាយ​ឈាម
របស់​ខ្លួន​គេ
ហើយ​ក៏​អែប​លប​ដោយ​សម្ងាត់
ដើម្បី​តែ​នឹង​បំផ្លាញ​ជីវិត​ខ្លួន​គេ​វិញ
19ឯ​ផ្លូវ​នៃ​អស់​អ្នក​ដែល​លោភ​ចង់​បាន
កម្រៃ​ក៏​យ៉ាង​នោះ​ដែរ
សេចក្ដី​នោះ​នឹង​ដក​យក​ជីវិត
ចេញ​ពី​អ្នក​ដែល​បាន​កម្រៃ​បែប​នោះ។
សម្រែក​នៃ​ប្រាជ្ញា
20ប្រាជ្ញា​តែង​បន្លឺ​ឡើង​នៅ​ក្នុង​ផ្លូវ
ក៏​បញ្ចេញ​សំឡេង​នៅ​ទី​ធ្លា
21ប្រាជ្ញា​ស្រែក​ប្រកាស
នៅ​ទី​ផ្លូវ​ប្រសព្វ​ទ្រហឹង‌អឺង‌កង
និង​នៅ​មាត់​ទ្វារ​ក្រុង ឯ​នៅ​ខាង​ក្នុង​ទី​ក្រុង
នោះ​ក៏​បញ្ចេញ​ពាក្យ​ថា
22«ឱ​មនុស្ស​ឆោត​ល្ងង់​អើយ
តើ​នៅ​ស្រឡាញ់​សេចក្ដី​ឆោត​ល្ងង់
ដល់​កាល​ណា​ទៀត?
ឯ​ពួក​មនុស្ស​ចំអក
គេ​នឹង​ចូល​ចិត្ត​ខាង​សេចក្ដី​ឡក‌ឡឺយ
តើ​មនុស្ស​កំឡៅ​នឹង​ចេះ​តែ​ស្អប់
ដល់​ការ​ចេះ​ដឹង​ដល់​កាល​ណា?
23កាល​ណា​យើង​បន្ទោស
នោះ​ចូរ​អ្នក​រាល់​គ្នា​ស្តាប់​តាម​ចុះ
យើង​នឹង​ចាក់​វិញ្ញាណ​យើង​ទៅ​លើ​អ្នក​រាល់​គ្នា
ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​យល់​ពាក្យ​របស់​យើង។
24ពី​ព្រោះ​យើង​បាន​ស្រែក​ហៅ
តែ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្តាប់​ទេ
យើង​បាន​ហុច​ដៃ​ទៅ
តែ​ឥត​មាន​អ្នក​ណា​រវល់​សោះ
25អ្នក​រាល់​គ្នា​ក៏​បោះ‌បង់​ចោល
អស់​ទាំង​ដំបូ‌ន្មាន​របស់​យើង
ហើយ​មិន​ព្រម​ទទួល​ពាក្យ​បន្ទោស
របស់​យើង​ដែរ
26ដូច្នេះ យើង​នឹង​សើច​ដែរ
ក្នុង​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​អន្ត‌រាយ
យើង​នឹង​ចំអក​ឲ្យ ក្នុង​កាល​ដែល​អ្នក​រាល់​គ្នា
កើត​មាន​សេចក្ដី​ភិត‌ភ័យ​ផង
27គឺ​ក្នុង​កាល​ដែល​សេចក្ដី​ភិត‌ភ័យ
មក​លើ​អ្នក​រាល់​គ្នា ដូច​ជា​ព្យុះ​សង្ឃរា
ហើយ​សេចក្ដី​អន្ត‌រាយ​របស់​អ្នក​រាល់​គ្នា​មក
ដូច​ជា​ខ្យល់​កួច
ក្នុង​កាល​ដែល​សេចក្ដី​លំបាក
និង​សេចក្ដី​ទុក្ខ​ព្រួយ
មក​គ្រប​សង្កត់​លើ​អ្នក​រាល់​គ្នា។
28ខណៈ​នោះ គេ​នឹង​អំពាវ​នាវ​ដល់​យើង
តែ​យើង​មិន​ព្រម​ឆ្លើយ​សោះ
គេ​នឹង​ស្វែង​រក​យើង​អស់​ពី​ចិត្ត
តែ​គេ​នឹង​រក​មិន​ឃើញ​ឡើយ ។
29ព្រោះ​គេ​បាន​ស្អប់​ការ​ចេះ​ដឹង
ហើយ​មិន​បាន​រើស​យក​សេចក្ដី​កោត​ខ្លាច
ដល់​ព្រះ‌យេហូវ៉ា​ទេ។
30គេ​មិន​បាន​យក​ចិត្ត​ទុក​ដាក់
នឹង​ដំបូ‌ន្មាន​របស់​យើង​ឡើយ
ក៏​បាន​មើល​ងាយ​សេចក្ដី​បន្ទោស​របស់​យើង​ដែរ។
31ហេតុ​នោះ​បាន​ជា​ត្រូវ​ឲ្យ​គេ
ស៊ី​ផល​នៃ​ផ្លូវ​របស់​ខ្លួន​គេ​វិញ
ហើយ​គេ​នឹង​បាន​ឆ្អែត​ដោយ​កិច្ច‌ការ​របស់​ខ្លួន។
32ដ្បិត​ឯ​ពួក​ឆោត​ល្ងង់​នោះ
ការ​ថយ​ទៅ​វិញ​របស់​គេ​នឹង​សម្លាប់​គេ​ទៅ
ហើយ​ចំណែក​មនុស្ស​កំឡៅ
នោះ​សេចក្ដី​សុខ​ស្រួល​របស់​គេ
នឹង​ឲ្យ​គេ​វិនាស​ដែរ
33តែ​អ្នក​ណា​ដែល​ស្តាប់​តាម​យើង
នោះ​នឹង​នៅ​ដោយ​សេចក្ដី​សុខ​ពិត
ហើយ​នឹង​មាន​សេចក្ដី​សម្រាក
ឥត​ភ័យ​ខ្លាច​ចំពោះ​ការ​អា‌ក្រក់​ឡើយ»។

ទើបបានជ្រើសរើសហើយ៖

សុភា‌សិត 1: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង សុភា‌សិត 1

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ