ទំនុកតម្កើង 107

107
ភាគ​ទី​ប្រាំ
(ទំនុក​តម្កើង ១០៧-១៥០)
ពាក្យ​អរ​ព្រះ​គុណ ដោយ​ព្រោះ​ព្រះ​បាន​រំដោះ​ឲ្យ​រួច​ពី​ទុក្ខ​លំបាក​ជាច្រើន
1ឱ​ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ដ្បិត​ព្រះ‌អង្គ​ល្អ
ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ
ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។
2ត្រូវ​ឲ្យ​អស់​អ្នក​ដែល​ព្រះ‌យេហូវ៉ា
បាន​ប្រោស​លោះ ពោល​ដូច្នេះ
គឺ​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​ប្រោស​លោះ
ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​បច្ចា‌មិត្ត
3ហើយ​បាន​ប្រមូល​មក​ពី​ស្រុក​ទាំង​ប៉ុន្មាន
គឺ​ពី​ទិស​ខាង​កើត ពី​ទិស​ខាង​លិច
ពី​ទិស​ខាង​ជើង និង​ពី​ទិស​ខាង​ត្បូង ។
4៙ អ្នក​ខ្លះ​បាន​ដើរ​សាត់​អណ្តែត​នៅ​ក្នុង
ទី​រហោ‌ស្ថានដ៏​ហួត​ហែង
រក​ទី​ក្រុង​ណា​នឹង​ស្នាក់​អាស្រ័យ
នៅ​មិន​បាន​ឡើយ។
5ព្រលឹង​គេ​ក៏​ហេវ​ទៅ ដោយ​ស្រេក​ឃ្លាន
6គ្រា​នោះ គេ​ស្រែក​រក​ព្រះ‌យេហូវ៉ា
ដោយ​សេចក្ដី​វេទនា​របស់​គេ
ហើយ​ព្រះ‌អង្គ​ក៏​រំដោះ​គេ​ឲ្យ​រួច​ពី​ទុក្ខ​លំបាក។
7ព្រះ‌អង្គ​បាន​នាំ​គេ​តាម​ផ្លូវ​ត្រង់
រហូត​ទាល់​តែ​គេ​ចូល​ដល់​ទី​ក្រុង
ដែល​អាស្រ័យ​នៅ​បាន។
8ត្រូវ​ឲ្យ​គេ​អរ​ព្រះ​គុណ​ដល់​ព្រះ‌យេហូវ៉ា
ដោយ​ព្រោះ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ
និង​ដោយ​ព្រោះ​ការ​ដ៏​អស្ចារ្យ
របស់​ព្រះ‌អង្គ​ដល់​មនុស្ស​ជាតិ។
9ដ្បិត​ព្រះ‌អង្គ​ប្រោស​ព្រលឹង
ដែល​ស្រេក​ឲ្យ​បាន​ស្កប់
ហើយ​ព្រះ‌អង្គ​ចម្អែត​ព្រលឹង​ដែល​ឃ្លាន
ដោយ​សេចក្ដី​ល្អ។
10៙ អ្នក​ខ្លះ​អង្គុយ​នៅ​ក្នុង​ទី​ងងឹត
និង​នៅ​ក្នុង​ម្លប់​នៃ​សេចក្ដី​ស្លាប់
ជា​អ្នក​ទោស​ដែល​ជាប់​ក្នុង​សេចក្ដី​វេទនា
និង​ជាប់​ច្រវាក់
11ដ្បិត​គេ​បាន​បះ‌បោរ​ប្រឆាំង
នឹង​ព្រះ‌បន្ទូល​របស់​ព្រះ
ហើយ​បាន​មើល‌ងាយ​ដំ‌បូន្មាន
របស់ព្រះ​ដ៏​ខ្ពស់​បំផុត។
12ហេតុ​នេះ ព្រះ‌អង្គ​ក៏​បន្ទាប​ចិត្ត​គេ
ដោយ​ការ​នឿយ‌ហត់
គេ​ដួល​ចុះ ហើយ​គ្មាន​អ្នក​ណា​ជួយ​បាន​ឡើយ។
13គ្រា​នោះ គេ​ស្រែក​រក​ព្រះ‌យេហូវ៉ា
ដោយ​សេចក្ដី​វេទនា​របស់​គេ
ហើយ​ព្រះ‌អង្គ​ក៏​រំដោះ​គេ​ឲ្យ​រួច​ពី​ទុក្ខ​លំបាក។
14ព្រះ‌អង្គ​បាន​នាំ​គេ​ចេញ​ពី​ទី​ងងឹត
និង​ម្លប់​នៃ​សេចក្ដី​ស្លាប់
ព្រម​ទាំង​ផ្ដាច់​ចំណង​របស់​គេ​ចេញ។
15ត្រូវ​ឲ្យ​គេ​អរ​ព្រះ​គុណ​ដល់​ព្រះ‌យេហូវ៉ា
ដោយ​ព្រោះ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ
និង​ដោយ​ព្រោះ​ការ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ
ដល់​មនុស្ស​ជាតិ។
16ដ្បិត​ព្រះ‌អង្គ​បាន​ទម្លាយ​ទ្វារ​លង្ហិន
ហើយ​បំបាក់​រនុក​ដែក។
17៙ អ្នក​ខ្លះ​ល្ងីល្ងើ ព្រោះ​តែ​អំពើ​បាប
ដែល​គេ​បាន​ប្រព្រឹត្ត
ហើយ​ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​គេ
បណ្ដាល​ឲ្យ​គេ​រង​ទុក្ខ​វេទនា។
18គេ​ស្អប់​ខ្ពើម​អាហារ​គ្រប់​មុខ
ហើយ​គេ​ចូល​ទៅ​ជិត​ទ្វារ​នៃ​សេចក្ដី​ស្លាប់។
19គ្រា​នោះ គេ​ស្រែក​រក​ព្រះ‌យេហូវ៉ា
ដោយ​សេចក្ដី​វេទនា​របស់​គេ
ហើយ​ព្រះ‌អង្គ​ក៏​រំដោះ​គេ​ឲ្យ​រួច​ពី​ទុក្ខ​លំបាក។
20ព្រះ‌អង្គ​បាន​ចាត់​ព្រះ‌បន្ទូល​ទៅ​ប្រោស​គេ​ឲ្យ​ជា
ក៏​រំដោះ​ឲ្យ​គេ​រួច​ពី​សេចក្ដី​វិនាស។
21ត្រូវ​ឲ្យគេ​អរ​ព្រះ​គុណ​ដល់​ព្រះ‌យេហូវ៉ា
ដោយ​ព្រោះ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ
និង​ដោយ​ព្រោះ​ការ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ
ដល់​មនុស្ស​ជាតិ។
22ត្រូវ​ឲ្យ​គេ​ថ្វាយ​យញ្ញបូជា​នៃ​ការ​អរ​ព្រះ‌គុណ
ហើយ​ប្រកាស​ពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ
ដោយ​បទ​ចម្រៀង​យ៉ាង​អរ​សប្បាយ។
23៙ អ្នកខ្លះ​ចុះ​នាវា​ដើរ​ផ្លូវ​សមុទ្រ
ប្រកប​មុខ​របរ​តាម​មហាសាគរ
24ពួក‌គេ​ឃើញ​កិច្ច​ការ​របស់​ព្រះ‌យេហូវ៉ា
គឺ​ការដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ​នៅ​ក្នុង​ទី​ជម្រៅ។
25ដ្បិត​ព្រះ‌អង្គ​បាន​បញ្ជា នោះ​ក៏​កើត​មាន​ខ្យល់​ព្យុះ
ដែល​បណ្ដាល​ឲ្យ​រលក​សមុទ្រ​កម្រើក​ឡើង។
26រលក​ទាំង​នោះ​ផាត់​ឡើង​ដល់​ផ្ទៃ​មេឃ
ក៏​ធ្លាក់​ចុះ​ទៅ​វិញ​ដល់​ទី​ជម្រៅ
សេចក្ដី​ក្លាហាន​របស់​គេ​ក៏​រលាយ
នៅ​ក្នុង​ស្ថាន​ភាព​អាក្រក់
27គេ​ឃ្លេង‌ឃ្លោង​ចុះ​ឡើង ដើរ​ទទ្រេត‌ទទ្រោត
ដូច​មនុស្ស​ស្រវឹង ហើយ​គេ​ក៏​ទាល់​ប្រាជ្ញា។
28គ្រា​នោះ គេ​ស្រែក​រក​ព្រះ‌យេហូវ៉ា
ដោយ​សេចក្ដី​វេទនា​របស់​គេ
ហើយ​ព្រះ‌អង្គ​ក៏​រំដោះ​គេ​ឲ្យ​រួច​ពី​ទុក្ខ​លំបាក។
29ព្រះ‌អង្គ​ធ្វើ​ឲ្យ​ព្យុះ​សង្ឃរា​នៅ​ស្ងៀម
ហើយ​ធ្វើ​ឲ្យ​រលក​សមុទ្រ​ស្ងប់។
30ពេល​នោះ គេ​មាន​ចិត្ត​រីក​រាយ
ដោយ​ព្រោះ​រលក​ស្ងប់
ហើយ​ព្រះ‌អង្គ​ក៏​នាំ​គេ​ទៅ​ដល់​ជម្រក
ដែល​គេ​ប្រាថ្នា​ចង់​ទៅ។
31ត្រូវ​ឲ្យ​គេ​អរ​ព្រះ​គុណ​ដល់​ព្រះ‌យេហូវ៉ា
ដោយ​ព្រោះ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ
និង​ដោយ​ព្រោះ​ការ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ
ដល់​មនុស្ស​ជាតិ។
32ត្រូវ​ឲ្យ​គេ​លើក​តម្កើង​ព្រះ‌អង្គ
នៅ​ក្នុង​ក្រុម​ជំនុំ​នៃ​ប្រជាជន
ហើយ​សរសើរ​តម្កើង​ព្រះ‌អង្គ
នៅ​ក្នុង​អង្គ​ប្រជុំ​របស់​ពួក​ចាស់​ទុំ។
33៙ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ទន្លេ​ត្រឡប់​ទៅ​ជា​ទី​រហោស្ថាន
ឲ្យ​ក្បាល​ទឹក​ប្រែ​ទៅ​ជា​ដី​ខ្សោះ
34ឲ្យស្រុក​ដែល​មាន​ផល​ផ្លែ​ទៅ​ជា​ដី​ប្រៃ
ព្រោះ​តែ​អំពើ​អាក្រក់​របស់​អ្នក​ស្រុក​នោះ។
35ព្រះ‌អង្គធ្វើ​ឲ្យ​ទី​រហោស្ថាន​ទៅ​ជា​អាង​ទឹក
ហើយ​ដី​ស្ងួត​ហួត​ហែង​ទៅ​ជាប្រភព​ទឹក។
36ព្រះ‌អង្គឲ្យ​មនុស្ស​អត់​ឃ្លាន​ទៅ​រស់​នៅ​ទី​នោះ
ហើយ​គេ​សង់​ទី​ក្រុង​សម្រាប់​អាស្រ័យ​នៅ។
37គេ​ធ្វើ​ស្រែ និង​ធ្វើ​ចម្ការ​ទំពាំង‌បាយ‌ជូរ
ហើយ​មាន​ផល​ផ្លែ​ចម្រើន​ឡើង។
38ព្រះ‌អង្គ​ប្រទាន​ពរ​ឲ្យ​គេ​ចម្រើន​ឡើង​ជា​ច្រើន
ហើយ​ព្រះ‌អង្គ​មិន​ឲ្យ​ហ្វូង​សត្វ
របស់​គេ​ថយ​ចុះ​ឡើយ។
39ពេល​ណា​គេ​ត្រូវ​ថយ​ចុះ​វិញ ហើយ​ត្រូវ​អាប់‌ឱន
ដោយ​មាន​គេ​សង្កត់‌សង្កិន ធ្វើ​ទុក្ខ​បុក‌ម្នេញ
ហើយ​ឲ្យ​មាន​ទុក្ខ​ព្រួយ
40ព្រះ‌អង្គ​ចាក់​សេចក្ដី​មើល‌ងាយ​ទៅ​លើ​ពួក​អ្នក​ធំ
ហើយ​ធ្វើ​ឲ្យ​គេ​ដើរ​សាត់‌ព្រាត់
នៅ​ក្នុង​ទី​ស្ងាត់​ឈឹង ដែល​ឥត​មាន​ផ្លូវ
41ព្រះ‌អង្គ​លើក​មនុស្ស​កម្សត់​ទុគ៌ត​ឡើង
ឲ្យ​រួច​ពី​សេចក្ដី​វេទនា
ហើយ​ធ្វើ​ឲ្យ​គ្រួសារ​របស់​គេ
មាន​គ្នាច្រើន​ដូច​ហ្វូង​សត្វ។
42មនុស្ស​ទៀង​ត្រង់​ឃើញ​ដូច្នេះ
គេ​មាន​ចិត្ត​ត្រេក​អរ
ហើយ​គ្រប់​ទាំង​មនុស្ស​ទុច្ចរិត​នឹង​ត្រូវ​បិទ​មាត់។
43អ្នក​ណា​ដែល​មាន​ប្រាជ្ញា
ត្រូវ​ឲ្យ​អ្នក​នោះ​យក​ចិត្ត​ទុក​ដាក់​ចំពោះ
សេចក្ដី​ទាំង​នេះ
ត្រូវ​ឲ្យ​គេ​ពិចារណា​ពី​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់
ព្រះ‌យេហូវ៉ា។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 107: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល