ទំនុកតម្កើង 109
109
ពាក្យអធិស្ឋានសូមយុត្តិធម៌ និងការសងសឹក
ទំនុករបស់ព្រះបាទដាវីឌ សម្រាប់មេភ្លេង។
1ឱព្រះដែលទូលបង្គំសរសើរតម្កើងអើយ
សូមកុំនៅស្ងៀមឡើយ!
2ដ្បិតមាត់របស់មនុស្សអាក្រក់
និងមាត់របស់មនុស្សបោកបញ្ឆោត
បានហាឡើងទាស់នឹងទូលបង្គំហើយ
គេនិយាយទាស់នឹងទូលបង្គំ
ដោយអណ្ដាតភូតភរ។
3គេបានឡោមព័ទ្ធទូលបង្គំជុំវិញ
ដោយពាក្យសម្អប់
ក៏តយុទ្ធនឹងទូលបង្គំ ដោយឥតហេតុ។
4គេចោទប្រកាន់ទូលបង្គំ
ស្នងនឹងសេចក្ដីស្រឡាញ់របស់ទូលបង្គំ
ប៉ុន្តែ ទូលបង្គំនៅតែអធិស្ឋានជានិច្ច។
5គេប្រព្រឹត្តអំពើអាក្រក់នឹងទូលបង្គំ
ស្នងនឹងអំពើល្អ ហើយមានសេចក្ដីសម្អប់
ស្នងនឹងសេចក្ដីស្រឡាញ់របស់ទូលបង្គំ។
6៙ គេពោលថា៖ «សូមតាំងមនុស្សអាក្រក់ម្នាក់
ឲ្យប្រឆាំងទាស់នឹងវា
សូមឲ្យអ្នកចោទប្រកាន់ម្នាក់
ឈរនៅខាងស្តាំវា។
7កាលណាវាត្រូវជំនុំជម្រះ
សូមឲ្យវាជាប់មានទោស
សូមឲ្យពាក្យអធិស្ឋានរបស់វា
រាប់ជាអំពើបាបវិញ។
8សូមឲ្យថ្ងៃអាយុរបស់វារួញខ្លី
សូមឲ្យមានម្នាក់ទៀតយកតំណែងរបស់វា!
9សូមឲ្យកូនចៅរបស់វាកំព្រាឪពុក
ហើយឲ្យប្រពន្ធរបស់វាក្លាយជាស្រ្ដីមេម៉ាយ!
10សូមឲ្យកូនចៅរបស់វាក្លាយជាមនុស្ស
អាវាសែដើរសុំទាន
ហើយស្វែងរកអាហារ
ឆ្ងាយពីទីលំនៅដែលរលំបាក់បែក!
11សូមឲ្យម្ចាស់បំណុលរឹបអូសអ្វីៗ
ទាំងអស់ដែលវាមាន
សូមឲ្យអ្នកក្រៅមកប្លន់យកផល
នៃការនឿយលំបាករបស់វាទៅ!
12សូមកុំឲ្យមានអ្នកណាអាណិតមេត្តាដល់វាឡើយ
ក៏កុំឲ្យមានអ្នកណាអាសូរ
ដល់កូនកំព្រារបស់វាដែរ!
13សូមឲ្យពូជពង្សរបស់វាត្រូវកាត់ចេញ
សូមលុបបំបាត់ឈ្មោះរបស់វា
ចេញពីមនុស្សជំនាន់ក្រោយ។
14សូមព្រះយេហូវ៉ានឹកចាំពី
អំពើទុច្ចរិតរបស់បុព្វបុរសវា
ហើយសូមកុំលុបអំពើបាប
របស់ម្តាយវាចេញឡើយ!
15សូមឲ្យសេចក្ដីទាំងនោះ
នៅចំពោះព្រះយេហូវ៉ាជានិច្ច
ដើម្បីឲ្យព្រះអង្គបានផ្តាច់គេចេញពីផែនដី
កុំឲ្យអ្នកណានឹកនាដល់គេឡើយ!
16ដ្បិតវាមិនបាននឹកចាំនឹងសម្ដែង
សេចក្ដីមេត្តាករុណាទេ
គឺបានដេញតាមសម្លាប់មនុស្សក្រីក្រ
និងមនុស្សកម្សត់ទុគ៌ត
ព្រមទាំងមនុស្សដែលមានចិត្តខ្ទេចខ្ទាំទៀតផង។
17វាចូលចិត្តជេរប្រទេច
សូមឲ្យបណ្ដាសាធ្លាក់លើវាចុះ!
វាមិនចូលចិត្តនឹងការឲ្យពរទេ
សូមឲ្យការជូនពរស្ថិតនៅឆ្ងាយពីវា!
18វាបានប្រដាប់ខ្លួនដោយការជេរប្រទេច
ដូចជាពាក់អាវ
សូមឲ្យការជេប្រទេចនោះ
ចូលទៅក្នុងខ្លួនវាដូចជាទឹក
ហើយចូលទៅក្នុងឆ្អឹងវាដូចជាប្រេង!
19សូមឲ្យការជេប្រទេចនោះ
បានដូចជាសម្លៀកបំពាក់
ដែលហ៊ុមព័ទ្ធនៅជុំវិញខ្លួនវា
ហើយដូចជាខ្សែក្រវាត់
ដែលរឹតនៅចង្កេះវាជានិច្ច»។
20៙ សូមឲ្យការនេះបានជារង្វាន់ពីព្រះយេហូវ៉ា
ដល់ពួកអ្នកដែលចោទប្រកាន់ទូលបង្គំ
គឺអស់អ្នកដែលនិយាយមូលបង្កាច់
ដល់ជីវិតទូលបង្គំ!
21ប៉ុន្ដែ ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់អើយ
សូមប្រោសទូលបង្គំ
ដោយយល់ដល់ព្រះនាមព្រះអង្គ
ដោយព្រោះព្រះហឫទ័យសប្បុរស
ដ៏ល្អរបស់ព្រះអង្គ
សូមរំដោះទូលបង្គំផង!
22ដ្បិតទូលបង្គំជាមនុស្សក្រីក្រ ហើយទុគ៌ត
ឯចិត្តនៅក្នុងខ្លួនទូលបង្គំក៏មានរបួសដែរ។
23ទូលបង្គំទៅបាត់ ដូចជាស្រមោលនៅពេលល្ងាច
ទូលបង្គំត្រូវគេរលាស់ចេញ ដូចជារលាស់កណ្តូប
24ក្បាលជង្គង់ទូលបង្គំញ័រ ដោយសារតមអាហារ
ហើយរូបកាយទូលបង្គំសល់តែស្បែក និងឆ្អឹង។
25ទូលបង្គំបានត្រឡប់ជាទីត្មះតិះដៀលដល់គេ
កាលណាគេឃើញទូលបង្គំ គេគ្រវីក្បាល។
26៙ ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ
សូមជួយទូលបង្គំផង!
សូមសង្គ្រោះទូលបង្គំ
តាមព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ!
27សូមឲ្យគេបានដឹងថា
នេះជាព្រះហស្តរបស់ព្រះអង្គ
ឱព្រះយេហូវ៉ាអើយ
ព្រះអង្គហើយដែលបានធ្វើការនេះ!
28ទុកឲ្យគេជេរប្រទេចចុះ
តែព្រះអង្គវិញនឹងប្រទានពរ!
កាលណាគេងើបឡើង គេនឹងត្រូវខ្មាស
តែឯអ្នកបម្រើព្រះអង្គវិញ នឹងអរសប្បាយ។
29សូមឲ្យពួកអ្នកចោទប្រកាន់ទូលបង្គំ
ប្រដាប់ខ្លួនដោយសេចក្ដីអាប់យស
សូមឲ្យគេឃ្លុំខ្លួនដោយសេចក្ដីអាម៉ាស់
ដូចជាពាក់អាវ!
30មាត់ទូលបង្គំនឹងអរព្រះគុណ
ដល់ព្រះយេហូវ៉ាយ៉ាងក្រៃលែង
ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ
នៅកណ្ដាលបណ្ដាជនទាំងឡាយ។
31ដ្បិតព្រះអង្គឈរនៅខាងស្តាំមនុស្សកម្សត់ទុគ៌ត
ដើម្បីសង្គ្រោះគេឲ្យរួចផុតពីអស់អ្នក
ដែលចង់កាត់ទោសដល់ព្រលឹងគេ។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 109: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies