ទំនុកតម្កើង 139

139
ព្រះ​ដែលទូល‌បង្គំ​មិន​អាច​គេច​ផុត​ពី​ព្រះ‌វត្ត‌មាន​របស់​ព្រះ‌អង្គ​បាន
ទំនុក​របស់​ស្ដេច​ដាវីឌ ដែល​ទ្រង់​លើក​សម្រាប់​មេ​ភ្លេង។
1ឱ​ព្រះ‌យេហូវ៉ា​អើយ
ព្រះ‌អង្គ​បាន​ពិនិត្យ​មើល​ទូល‌បង្គំ
ហើយ​បាន​ស្គាល់​ទូល‌បង្គំ។
2ព្រះ‌អង្គ​ជ្រាប​ពេល​ដែល​ទូល‌បង្គំ​អង្គុយ​ចុះ
និង​ពេល​ដែល​ទូល‌បង្គំ​ក្រោក​ឡើង
ព្រះ‌អង្គ​យល់​គំនិត​របស់​ទូល‌បង្គំ​តាំង​ពី​ចម្ងាយ។
3ព្រះ‌អង្គ​ពិនិត្យ​ពិចារណា​ផ្លូវ​ច្រក​របស់​ទូល‌បង្គំ
និង​ទី​ដេក​សម្រាក​របស់​ទូល‌បង្គំ
ហើយ​ស្គាល់​អស់​ទាំង​ផ្លូវ​ប្រព្រឹត្ត​របស់​ទូល‌បង្គំ។
4ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយ
សូម្បី​តែ​ពាក្យ​សម្ដី​មិន​ទាន់​មាន
នៅ​អណ្ដាត​ទូល‌បង្គំ​នៅ​ឡើយ
នោះ​ព្រះ‌អង្គ​ក៏​ជ្រាប​គ្រប់​ជំពូក​ទៅ​ហើយ។
5ព្រះ‌អង្គ​បាន​ព័ទ្ធ​ទូល‌បង្គំ​ជិត ពី​មុខ​ពី​ក្រោយ
ហើយ​បាន​ដាក់​ព្រះ‌ហស្ត​លើ​ទូល‌បង្គំ។
6ការ​ជ្រាប​ច្បាស់​បែប​នេះ
អស្ចារ្យ​ពេក​សម្រាប់​ទូល‌បង្គំ
គឺ​ខ្ពស់​ណាស់ ទូល‌បង្គំ​មិន​អាច​យល់​បាន​ឡើយ។
7៙ តើ​ទូល‌បង្គំ​នឹង​ទៅ​ឯ​ណា
ឲ្យ​ផុត​ពី​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អង្គ​បាន?
តើ​ទូល‌បង្គំ​នឹង​រត់​ទៅ​ឯ​ណា
ឲ្យ​ផុត​ពី​ព្រះ‌វត្តមាន​របស់​ព្រះ‌អង្គ​បាន?
8ប្រសិន‌បើ​ទូល‌បង្គំ​ឡើង​ទៅ​ស្ថាន‌សួគ៌
ព្រះ‌អង្គ​គង់​នៅ​ទី​នោះ
ប្រសិន‌បើ​ទូល‌បង្គំ​រៀប​ដំណេក
នៅ​ស្ថាន​ឃុំនៅ​ព្រលឹង​មនុស្ស​ស្លាប់
ព្រះ‌អង្គ​គង់​នៅ​ទី​នោះ!
9ប្រសិន‌បើ​ទូល‌បង្គំ​ពាក់​ស្លាប​ហោះ
ទៅ​ទិស​ព្រះ​អាទិត្យ​រះ
ហើយ​ទៅ​រស់​នៅ​ឯ​ទី​បំផុត​នៃ​សមុទ្រ
10ក៏​គង់​តែ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ
នឹង​នាំ​ទូល‌បង្គំ​នៅ​ទី​នោះ
ហើយ​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ
នឹង​ក្តាប់​ទូល‌បង្គំ​ជាប់។
11ប្រសិន‌បើ​ទូល‌បង្គំ​ពោល​ថា៖
«ប្រាកដ​ជា​ភាព​ងងឹត​នឹង​គ្រប​ពី​លើខ្ញុំ
ហើយ​ពន្លឺ​ដែល​នៅ​ជុំ‌វិញ​ខ្ញុំ
នឹង​ត្រឡប់​ទៅ​ជា​យប់»
12នោះ​សូម្បី​តែ​ភាព​ងងឹត
ក៏​លាក់​ពី​ព្រះ‌អង្គ​មិន​បាន​ឡើយ
គឺ​យប់​ភ្លឺ​ដូច​ជា​ថ្ងៃ
ដ្បិត​ភាព​ងងឹត និង​ពន្លឺ
ស្មើ​គ្នា​នៅ​ចំពោះ​ព្រះ‌អង្គ។
13៙ ដ្បិត​គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​បង្កើត
ចិត្ត​ថ្លើម​ទូល‌បង្គំ
ហើយ​បាន​ផ្សំ​គ្រឿង​ទូល‌បង្គំ​នៅ​ក្នុង​ផ្ទៃ​ម្តាយ។
14ទូល‌បង្គំ​សូម​សរសើរ​តម្កើង​ព្រះ‌អង្គ
ដ្បិត​ព្រះ‌អង្គ​បាន​បង្កើត​ទូល‌បង្គំ​មក
គួរ​ឲ្យ​ស្ញប់​ស្ញែង ហើយ​អស្ចារ្យ
ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​អស្ចារ្យ
ព្រលឹង​ទូល‌បង្គំ​ដឹង​ច្បាស់​ណាស់។
15កាល​ទូល‌បង្គំ​បាន​កកើត​ឡើង​ក្នុង​ទី​កំបាំង
គឺ​បាន​ចាក់​ស្រែះ​យ៉ាង​ស្មុគ​ស្មាញ
ក្នុង​ទី​ជ្រៅ​នៃ​ផែនដី
នោះ​គ្រោង​កាយ​របស់​ទូល‌បង្គំ
មិន​កំបាំង​នឹង​ព្រះ‌អង្គ​ឡើយ។
16ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ
បាន​ឃើញ​ធាតុ​នៃ​ទូល‌បង្គំ
តាំង​ពី​ទូល‌បង្គំ​មិន​ទាន់​មាន​រូប​រាង​នៅ​ឡើយ។
គ្រប់​ទាំង​អស់​សុទ្ធ​តែ​បាន​កត់​ទុក
ក្នុង​បញ្ជី​របស់​ព្រះ‌អង្គ
គឺ​អស់​ទាំង​ថ្ងៃ​អាយុ​ដែល​បាន​តម្រូវ
ឲ្យ​ទូល‌បង្គំ​រស់​នៅ
មុន​នឹង​មាន​ថ្ងៃ​ទាំង​នោះ​មក​ដល់​ទៅ​ទៀត។
17ឱ​ព្រះ​អើយ ព្រះ‌តម្រិះ​របស់​ព្រះ‌អង្គ
មាន​តម្លៃ​វិសេសដល់​ទូល‌បង្គំ​ណាស់​ហ្ន៎
គឺ​មាន​ច្រើន​ឥត​គណនា!
18ប្រសិន‌បើ​ទូល‌បង្គំ​ខំ​ប្រឹង​រាប់
នោះ​មាន​ច្រើន​ជាង​គ្រាប់​ខ្សាច់​ទៅ​ទៀត
កាល​ណា​ទូល‌បង្គំ​ភ្ញាក់​ឡើង
នោះ​ទូល‌បង្គំ​នៅ​ជា​មួយ​ព្រះ‌អង្គ​ដដែល។
19៙ ឱ​ព្រះ​អើយ
សូម​ទ្រង់​ប្រហារ​មនុស្ស​អាក្រក់​ទៅ!
ឱ​មនុស្ស​កម្ចាយ​ឈាម​អើយ
ចូរ​ថយ​ចេញ​ពីខ្ញុំ​ទៅ!
20គេ​ពោល​ពាក្យ​អាក្រក់​ទាស់​នឹង​ព្រះ‌អង្គ
ហើយ​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ ចេញ​ព្រះ‌នាម
ព្រះ‌អង្គ​ជា​អសារ​ឥត​ការ!
21ឱ​ព្រះ‌យេហូវ៉ា​អើយ
តើ​ទូល‌បង្គំ​មិន​បាន​ស្អប់​អស់​អ្នក
ដែល​ស្អប់​ព្រះ‌អង្គ​ទេ​ឬ?
តើ​ទូល‌បង្គំ​មិន​បាន​ខ្ពើម​អស់​អ្នក
ដែល​លើក​គ្នា​ទាស់​នឹង​ព្រះ‌អង្គ​ទេ​ឬ?
22ទូល‌បង្គំ​ស្អប់​អ្នក​ទាំង​នោះ​ពេញ​ទី​ហើយ
ទូល‌បង្គំ​ចាត់​ទុក​ពួក​គេ​ជា​ខ្មាំង​សត្រូវ
របស់​ទូល‌បង្គំ។
23ឱ​ព្រះ​អើយ សូម​ពិនិត្យ​មើល​ទូល‌បង្គំ
ហើយ​ស្គាល់​ចិត្ត​ទូល‌បង្គំ​ផង!
សូម​ល្បង​មើល​ទូល‌បង្គំ
ដើម្បី​ឲ្យ​ស្គាល់​គំនិត​ទូល‌បង្គំ។
24សូម​ទត​មើល ប្រសិន‌បើ​មាន​អំពើ​អាក្រក់​ណា
នៅ​ក្នុង​ទូល‌បង្គំ ហើយ​នាំ​ទូល‌បង្គំ
តាម​ផ្លូវ​ដ៏​នៅ​អស់‌កល្ប​ជា‌និច្ច​ផង។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 139: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល