ទំនុកតម្កើង 26

26
ពាក្យ​ទូល‌អង្វរ​រក​យុត្តិធម៌​របស់​មនុស្ស​សុចរិត
ទំនុក​របស់​ស្តេច​ដាវីឌ។
1ឱ​ព្រះ‌អម្ចាស់​អើយ
សូម​រក​យុត្តិធម៌​ឲ្យ​ទូល‌បង្គំផង
ដ្បិត​ទូល‌បង្គំ​បាន​ដើរ​តាម​ផ្លូវ
របស់​ទូល‌បង្គំ​យ៉ាង​ត្រឹម​ត្រូវ
ក៏​បាន​ទុក​ចិត្ត​នឹង​ព្រះ‌យេហូវ៉ា
ឥត​ល្អៀង​ឡើយ។
2ឱ​ព្រះ‌អម្ចាស់​អើយ សូម​ពិនិត្យ​មើល​ទូល‌បង្គំ
ហើយ​ល្បង​ល​ទូល‌បង្គំ
សូម​សាក​ចិត្ត​គំនិត​របស់​ទូល‌បង្គំ​ចុះ។
3ដ្បិតព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ
នៅ​ចំពោះ​ភ្នែក​ទូល‌បង្គំ
ហើយ​ទូល‌បង្គំ​បាន​ដើរ​តាម
សេចក្ដី​ពិត​របស់​ព្រះ‌អង្គ។
4ទូល‌បង្គំ​មិន​អង្គុយ​រួម​ជា​មួយ​មនុស្ស​ភូត‌ភរ​ឡើយ
ក៏​មិន​បាន​សេព​គប់​ជា​មួយ​មនុស្ស​មាន​ពុត​ដែរ។
5ទូល‌បង្គំ​ស្អប់​ពួកអ្នក​ដែល​ប្រព្រឹត្ត​អាក្រក់
ហើយ​ក៏​មិន​អង្គុយ​ជា​មួយ​មនុស្ស​ពាល​ដែរ។
6ឱ​ព្រះ‌អម្ចាស់​អើយ
ទូល‌បង្គំ​លាង​ដៃ​ជា​សម្គាល់​ថា
ទូល‌បង្គំគ្មាន​ទោស​ទេ
ហើយ​ទូល‌បង្គំ​ដើរ​ជុំ​វិញ​អាសនា​របស់​ព្រះ‌អង្គ
7ដើម្បីនឹង​បាន​បន្លឺ​សំឡេង​អរ​ព្រះ‌គុណ​ព្រះ‌អង្គ
និង​រៀប​រាប់​ពី​ការ​អស្ចារ្យ
ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ។
8ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​ស្រឡាញ់
ព្រះ​ដំណាក់​ដែល​ព្រះ‌អង្គ​គង់​នៅ
និង​កន្លែង​ដែល​មាន​សិរី​ល្អ
របស់​ព្រះ‌អង្គ​ស្ថិត​នៅ។
9សូម​កុំផាត់​ព្រលឹង​ទូល‌បង្គំ​ចេញ
ជា​មួយមនុស្ស​បាប​ឡើយ
ហើយ​ក៏​កុំ​ដក​ជីវិត​ទូល‌បង្គំ
ជា​មួយ​មនុស្ស​ដែល​កម្ចាយ​ឈាម​ដែរ
10ដៃ​របស់​អ្នក​ទាំង​នោះ
សុទ្ធ​តែ​ជាប់​មាន​អំពើ​អាក្រក់
ហើយ​ដៃ​ស្តាំ​របស់​គេ​ពេញ​ដោយ​សំណូក។
11រី​ឯ​ទូល‌បង្គំវិញ ទូល‌បង្គំ​នឹង​ដើរ
ដោយ​ចិត្ត​ទៀង​ត្រង់
សូមប្រោស​លោះ​ទូល‌បង្គំ
ហើយ​ប្រណី​សន្ដោស​ទូល‌បង្គំ​ផង។
12ជើង​ទូល‌បង្គំ​ឈរ​នៅ​លើ​ដី​រាប​ស្មើ
ទូល‌បង្គំ​នឹង​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា
នៅ​ក្នុង​ក្រុម​ជំនុំ​ដ៏​ធំ។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 26: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល