ទំនុកតម្កើង 29

29
ព្រះ‌សូរ‌សៀង​របស់​ព្រះក្នុង​ពេល​មាន​ព្យុះ​បាក់​បោក​ខ្លាំង
ទំនុក​របស់​ស្ដេច​ដាវីឌ។
1ឱព​ពួក​ទេវតា​នៅ​ស្ថាន​សួគ៌​អើយ
ចូរ​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា
ចូរ​ថ្វាយ​សិរី‌ល្អ និង​ឫទ្ធា​នុភាព​ដល់​ព្រះ‌យេហូវ៉ា។
2ចូរថ្វាយ​សិរី‌ល្អ​ដល់​ព្រះ‌នាម​ព្រះ‌អង្គ
គឺ​ដល់​ព្រះ‌យេហូវ៉ា
ចូរ​ថ្វាយ‌បង្គំ​ព្រះ‌យេហូវ៉ា
ដោយ​ពាក់​គ្រឿង​លម្អ​បរិសុទ្ធ។
3៙ ព្រះ‌សូរ‌សៀងរបស់​ព្រះ‌យេហូវ៉ា
លាន់​ឮ​លើ​ផ្ទៃ​ទឹក
ព្រះ​ដ៏​មាន​សិរី‌ល្អ​ព្រះ‌អង្គ​បញ្ចេញ​ផ្គរ​លាន់
គឺ​ព្រះ‌យេហូវ៉ា​គង់​លើ​មហាសាគរ។
4ព្រះ‌សូរ‌សៀង​របស់​ព្រះ‌យេហូវ៉ា​មាន​អំណាច
ព្រះ‌សូរ‌សៀង​របស់​ព្រះ‌យេហូវ៉ា
មាន​ពេញ​ដោយ​ឫទ្ធា‌នុភាព។
5ព្រះ‌សូរ‌សៀង​របស់​ព្រះ‌យេហូវ៉ា​បំបាក់​ដើម​តា‌ត្រៅ
គឺ​ព្រះ‌យេហូវ៉ា​បំបាក់​ដើម​តា‌ត្រៅ​នៅ​ភ្នំ​ល្បាណូន។
6ព្រះ‌អង្គ​ធ្វើ​ឲ្យ​ភ្នំ​ល្បាណូន​លោត​ដូច​ជា​កូន​គោ
ហើយ​ឲ្យ​ភ្នំ​ស៊ីរាន លោត​ដូច​ជា​គោ​ព្រៃ​ស្ទាវ។
7ព្រះ‌សូរ‌សៀង​របស់​ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​មាន
អណ្ដាត​ភ្លើង​ផុស​ឡើង។
8ព្រះ‌សូរ‌សៀង​របស់​ព្រះ‌យេហូវ៉ា
កក្រើក​ទី​រហោ‌ស្ថាន
ព្រះ‌យេហូវ៉ា​អង្រួន​ទី​រហោ‌ស្ថាន​ការដេស។
9ព្រះ‌សូរ‌សៀង​របស់​ព្រះ‌យេហូវ៉ា
អង្រួន​ក្តាន់​ញី​ឲ្យ​កើត​កូន
ក៏​ធ្វើ​ឲ្យ​ព្រៃ​ឈើ​ជ្រុះ​ស្លឹក​អស់​រលីង
ហើយ​នៅ​ក្នុង​ព្រះ‌វិហារ​ព្រះ‌អង្គ អ្វីៗ​សព្វ​សារពើ
ស្រែក​ឡើង​ថា «ស្រី​សួស្ដី!»
10ព្រះ‌យេហូវ៉ា​គ្រប់​គ្រង​លើ​ទឹក​ជំនន់
ព្រះ‌យេហូវ៉ា​គង់​ជា​ព្រះ‌មហា‌ក្សត្រ
រហូត​តរៀង​ទៅ។
11ព្រះ‌យេហូវ៉ា​ប្រទាន​កម្លាំង
ដល់ប្រជា‌រាស្ត្រ​ព្រះ‌អង្គ
ព្រះ‌យេហូវ៉ា​ប្រោស​ប្រទាន​ពរ
ឲ្យ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គមាន​សន្ដិភាព។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 29: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល