ទំនុកតម្កើង 37

37
ពាក្យ​ទូន្មានឲ្យ​ចេះ​អត់​ធ្មត់ ហើយ​ជឿទុក​ចិត្ត
ទំនុក​របស់​ស្ដេច​ដាវីឌ។
1កុំ​ក្តៅ​ចិត្ត ដោយ​ព្រោះ​មនុស្ស
ដែល​ប្រព្រឹត្ត​អាក្រក់​ឡើយ
ក៏​កុំ​ច្រណែន​នឹង​ពួក​អ្នក
ដែលប្រព្រឹត្ត​អំពើ​ទុច្ចរិត​ដែរ
2ដ្បិត​គេ​នឹង​ត្រូវ​ស្រពោន​ដូច​ជា​ស្មៅ
ហើយ​ក៏​ក្រៀម​ស្វិត ដូច​តិណជាតិ​ខៀវ​ខ្ចីដែរ។
3៙ ចូរ​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា
ហើយ​ប្រព្រឹត្ត​អំពើ​ល្អ
នោះអ្នក​នឹង​បាន​នៅ​ក្នុង​ស្រុក
ហើយ​រស់​នៅ​យ៉ាង​សុខ​ក្សេម​ក្សាន្ត។
4ចូរ​យក​ព្រះ‌យេហូវ៉ា​ជា​អំណរ​របស់​អ្នក​ចុះ
នោះ​ព្រះ‌អង្គ​នឹង​ប្រទាន​អ្វីៗ
ដែល​ចិត្ត​អ្នក​ប្រាថ្នាចង់​បាន។
5ចូរ​ទុក​ដាក់​ផ្លូវ​របស់​អ្នក​ដល់​ព្រះ‌យេហូវ៉ា
ចូរ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ
នោះ​ព្រះ‌អង្គ​នឹង​ប្រោស​ឲ្យ​បាន​សម្រេច។
6ព្រះ‌អង្គ​នឹង​ឲ្យ​សេចក្ដី​សុចរិត
របស់​អ្នក​ផ្សាយ​ចេញ​ដូច​ពន្លឺ
ហើយ​អំពើ​យុត្តិ‌ធម៌​របស់​អ្នក
ដូច​ពន្លឺ​នៅ​ពេល​ថ្ងៃ​ត្រង់។
7ចូរ​ស្ងប់​ស្ងៀម​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា
ហើយ​រង់‌ចាំ​ព្រះ‌អង្គ​ដោយ​អំណត់
កុំ​ក្តៅ​ចិត្ត​នឹង​អ្នក
ដែលចម្រុង​ចម្រើន​ក្នុង​ផ្លូវ​របស់​គេ
ហើយ​នឹង​មនុស្ស​ដែលសម្រេច​បាន
តាម​ផ្លូវ​អាក្រក់របស់​ខ្លួន​នោះឡើយ។
8៙ ចូរ​រម្ងាប់​កំហឹង
ហើយ​បោះ‌បង់​ចិត្តក្រេវ​ក្រោធ​ចោល​ចេញ
កុំ​ក្តៅ​ចិត្ត​ឡើយ ដ្បិត​ចិត្ត​ក្ដៅ​ក្រហាយ
នាំ​ឲ្យ​មនុស្ស​ប្រព្រឹត្ត​អាក្រក់​តែ​ប៉ុណ្ណោះ។
9ព្រោះ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់
នឹង​ត្រូវ​កាត់​ចេញ
តែ​អស់​អ្នក​ដែល​រង់‌ចាំ​ព្រះ‌យេហូវ៉ា
នឹង​បាន​ទទួល​ទឹក​ដី​ជា​មត៌ក។
10នៅតែ​បន្តិច​ទៀត មនុស្ស​អាក្រក់
នឹងលែង​មាន​ទៀត​ហើយ
ទោះ​បើ​អ្នក​ខំ​រក​មើល​កន្លែង​គេ
ក៏​គេ​មិន​នៅទី​នោះ​ទៀតដែរ។
11រីឯ​មនុស្សទន់​ទាប
គេ​នឹង​បាន​ទទួល​ទឹក‌ដី​ជា​មត៌ក
ហើយ​មាន​ចិត្ត​រីក‌រាយ
ដោយ​សេចក្ដី​សុខ​ក្សេម‌ក្សាន្ត​ជា​បរិបូរ។
12៙ មនុស្ស​អាក្រក់
គេ​បង្កើត​គម្រោង​ការ​អាក្រក់
ទាស់​នឹង​មនុស្ស​សុចរិត
ហើយ​សម្ញែង​ធ្មេញ​ដាក់​មនុស្ស​សុចរិត
13តែ​ព្រះ‌អម្ចាស់​សើច​ចំអក
ដាក់​មនុស្ស​អាក្រក់​វិញ
ដ្បិត​ព្រះ‌អង្គ​ជ្រាប​ថា
ថ្ងៃ​អន្សា​របស់​គេ​ជិត​មក​ដល់​ហើយ។
14ពួក​មនុស្ស​អាក្រក់​បាន​ហូត​ដាវ​ជា​ស្រេច
ហើយយឹត​ធ្នូរ​ដើម្បី​ទម្លាក់​មនុស្ស​ទ័ល‌ក្រ
និង​មនុស្ស​កម្សត់​ទុគ៌ត
ព្រម​ទាំង​សម្លាប់​អស់​អ្នក
ដែល​កាន់​តាម​ផ្លូវ​ទៀង​ត្រង់
15តែ​ដាវ​របស់​គេ​នឹង​ចាក់​ចូល
ទៅ​ក្នុង​បេះ​ដូង​ខ្លួន​គេវិញ
ហើយ​ធ្នូរ​របស់​គេ​នឹង​ត្រូវ​បែក​បាក់។
16ទ្រព្យ​បន្តិច​បន្តួច​ដែល​មនុស្ស​សុចរិត​មាន
នោះ​វិសេស​ជាងទ្រព្យ​សម្បត្តិ​បរិបូរ
របស់​មនុស្ស​អាក្រក់​ជា​ច្រើន​នាក់។
17ដ្បិត​ដៃ​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវ​បាក់
តែ​ព្រះ‌យេហូវ៉ា​ទ្រទ្រង់​មនុស្ស​សុចរិត។
18៙ ព្រះ‌យេហូវ៉ា​ជ្រាប​អស់​ទាំង​ថ្ងៃ
របស់​មនុស្ស​ទៀង​ត្រង់
ហើយ​មត៌ក​របស់​គេ​នឹង​នៅ​ជាប់​ជា​ដរាប
19គេ​នឹង​មិន​ត្រូវ​ខ្មាស​ក្នុង​គ្រា​អាក្រក់​ឡើយ
ហើយ​នៅ​វេលា​អំណត់ គេ​នឹង​មាន​ជា​បរិបូរ។
20៙ ឯ​មនុស្ស​អាក្រក់​នឹង​ត្រូវ​វិនាស
ហើយ​ខ្មាំង​សត្រូវ​របស់​ព្រះ‌យេហូវ៉ា
ដូច​ជា​វាល​ស្មៅ​ខៀវ​ខ្ចី
ដែល​នឹង​សាប​សូន្យ​ទៅ
គឺ​នឹង​រលាយ​សូន្យ​ទៅ​ដូច​ជា​ផ្សែង។
21មនុស្ស​អាក្រក់​ខ្ចី​គេ តែ​មិន​សង​វិញ​ឡើយ
ឯ​មនុស្ស​សុចរិត​វិញ មាន​ចិត្ត​សទ្ធា
ហើយ​ចេះ​ឲ្យ​ទៅ​អ្នក​ដទៃ
22ដ្បិត​អស់​អ្នក​ដែល​ទទួល​ព្រះ‌ពរ​ពី​ព្រះ‌យេហូវ៉ា
នឹង​ទទួល​ទឹក‌ដី​ជា​មត៌ក
តែ​អស់​អ្នក​ដែល​ព្រះ‌អង្គ​ដាក់​បណ្ដាសា​វិញ
នឹង​ត្រូវ​កាត់​ចោល។
23៙ ព្រះ‌យេហូវ៉ា​តាំង​ជំហាន​របស់​មនុស្ស
ឲ្យ​បាន​មាំ​មួន
ពេល​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ
នឹង​ផ្លូវ​របស់​គេ ។
24ទោះ​បើ​គេ ជំពប់ជើង
ក៏​គេ​នឹង​មិន​ដួល​បោក​ក្បាល​ដែរ
ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​កាន់​ដៃ​គេ​ជាប់។
25ពី​មុន​ខ្ញុំ​នៅ​ក្មេង ហើយ​ឥឡូវ​នេះ​ចាស់​ហើយ
តែ​មិន​ដែល​ឃើញ​ព្រះ​បោះ​បង់​ចោល
មនុស្ស​សុចរិត​ឡើយ
ក៏​មិន​ដែល​ឃើញ​ពូជ‌ពង្ស​របស់​គេ
សុំ​ទាន​អាហារ​ដែរ។
26គេ​រមែង​ឲ្យ​របស់​ទៅ​អ្នក​ដទៃ​ខ្ចីដោ​យ​ចិត្ត​សទ្ធា
ហើយ​កូន​ចៅ​របស់​គេ​ជា​មនុស្ស​មាន​ពរ។
27៙ ចូរ​ថយ​ចេញ​ពី​អំពើ​អាក្រក់
ហើយ​ប្រព្រឹត្ត​អំពើ​ល្អ
នោះ​អ្នក​នឹង​រស់​នៅ​ជា​រៀង​ដរាប។
28ដ្បិត​ព្រះ‌យេហូវ៉ា​ស្រឡាញ់​យុត្តិ‌ធម៌
ព្រះ‌អង្គ​មិន​បោះ‌បង់​ពួក​បរិសុទ្ធ
របស់​ព្រះ‌អង្គ​ឡើយ។
ព្រះ‌អង្គ​ថែ‌រក្សា​គេ​ជា‌និច្ច
តែ​កូន​ចៅ​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវ​កាត់​ចេញ។
29មនុស្ស​សុចរិត​នឹង​ទទួល​ទឹក​ដី​ជា​មត៌ក
ហើយ​រស់​នៅ​ក្នុង​ទឹកដីនោះ​ជា​រៀង​រហូត។
30៙ មាត់​របស់​មនុស្ស​សុចរិត
ពោល​ចេញ​ជា​ប្រាជ្ញា
ហើយ​អណ្ដាត​របស់​គេ
ស្រដី​ចេញ​ជា​ពាក្យ​យុត្តិ‌ធម៌។
31ក្រឹត្យ‌វិន័យ​របស់​ព្រះ​នៃ​គេ ដក់​ជាប់​ក្នុង​ចិត្តគេ
ហើយ​ជំហាន​របស់​គេ​មិនរអិល​ឡើយ។
32មនុស្ស​អាក្រក់​ឃ្លាំ​មើល​មនុស្ស​សុចរិត
ហើយ​រក​មធ្យោ‌បាយ​សម្លាប់​គេ។
33ប៉ុន្ដែ ព្រះ‌យេហូវ៉ា​មិនបោះ​បង់​គេទៅ​ក្នុង
កណ្ដាប់​ដៃ​របស់​មនុស្ស​អាក្រក់​ឡើយ
ក៏​មិន​ឲ្យ​គេ​មាន​ទោស
នៅ​ពេល​ត្រូវ​ជំនុំ‌ជម្រះ​ដែរ។
34៙ ចូរ​រង់‌ចាំ​ព្រះ‌យេហូវ៉ា
ហើយ​កាន់​តាម​ផ្លូវ​របស់​ព្រះ‌អង្គ​ចុះ
នោះ​ព្រះ‌អង្គ​នឹង​លើក​តម្កើង​អ្នក
ឲ្យ​គ្រប់​គ្រង​ទឹក‌ដី​ជា​មត៌ក
អ្នកនឹង​ឃើញ​មនុស្ស​អាក្រក់​ត្រូវ​កាត់​ចេញ។
35យើង​បាន​ឃើញ​មនុស្ស​អាក្រក់​មាន​អំណាច
ហើយលេច​ត្រ​ដែត​ឡើង
ដូច​ដើម​តាត្រាវ​នៅ​ភ្នំ​ល្បាណូន។
36ប៉ុន្ដែ គេ​ទៅ​បាត់ ហើយ​មើល៍
គេ​មិននៅ​ទៀត​ឡើយ
ទោះ​បើ​យើង​បាន​ស្វែង​រក​គេ
តែ​រកគេ​មិន​ឃើញ​សោះ។
37៙ ចូរ​ចំណាំ​មើល​មនុស្ស​ឥត​សៅ​ហ្មង
ហើយ​ពិចារណា​មើល​មនុស្ស​ទៀង​ត្រង់​ចុះ
ដ្បិតចុង​បំផុត​នៃ​មនុស្ស​នោះ
នឹងបាន​សុខ​សាន្ត។
38រីឯ​មនុស្ស​រំលង​ច្បាប់
នឹង​ត្រូវ​វិនាស​ទៅ​ជា​មួយ​គ្នា
ចុង​បំផុត​របស់​មនុស្ស​អាក្រក់
នឹង​ត្រូវ​កាត់​ចេញ។
39ការ​សង្គ្រោះ​របស់​មនុស្ស​សុចរិត
មក​ពី​ព្រះ‌យេហូវ៉ា
ព្រះ‌អង្គ​ជា​ទីជ្រក​កោន​របស់​គេ
ក្នុង​គ្រា​មាន​ទុក្ខ​លំបាក។
40ព្រះ‌យេហូវ៉ា​ជួយ​គេ និង​រំដោះ​គេ​ឲ្យ​រួច
ព្រះ‌អង្គ​រំដោះ​គេ​ឲ្យ​រួច​ពី​មនុស្ស​អាក្រក់
ហើយ​សង្គ្រោះ​គេ
ព្រោះ​គេ​បាន​ពឹង​ជ្រក​ក្នុង​ព្រះ‌អង្គ។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 37: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល