ទំនុកតម្កើង 53

53
ទោស​របស់​មនុស្ស​ទមិឡ​ល្មើស
ទំនុក​ជា​សេចក្ដី​បង្រៀន​របស់​ស្តេច​ដាវីឌ សម្រាប់​មេ​ភ្លេង ត្រូវ​លេង​ដោយ​ខ្លុយ។
1មនុស្ស​ល្ងង់​ខ្លៅ​គិត​ក្នុង​ចិត្ត​ថា «គ្មាន​ព្រះ​ទេ»
គេ​ជា​មនុស្ស​ខូច​អាក្រក់
គេ​ប្រព្រឹត្តអំពើ​ដែល​គួរ​ស្អប់​ខ្ពើម
ឥត​មាន​អ្នក​ណា​ម្នាក់​ដែល​ប្រព្រឹត្ត​ល្អ​សោះ។
2ព្រះ​ទត​មើល​ពី​ស្ថាន‌សួគ៌
មក​លើ​ពួក​កូន​មនុស្ស
ដើម្បី​រក​មើល​ក្រែង​មាន​អ្នក​ណា​ដែល​មាន​ប្រាជ្ញា
គឺអ្នក​ដែល​ស្វែង​រក​ព្រះ។
3គេ​ទាំង​អស់​គ្នា​បាន​វង្វេង​ចេញ
គេ​ត្រឡប់​ជាពុក​រលួយ​ទាំង​អស់​គ្នា
គ្មាន​អ្នក​ណា​មួយ​ដែល​ប្រព្រឹត្ត​ល្អ​ឡើយ
សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង ។
4អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត
តើ​គេ​គ្មាន​ប្រាជ្ញា​ទេ​ឬ?
គេ​ជា​អ្នក​ដែល​ស៊ី​ប្រជា‌រាស្ត្រ​របស់​យើង
ដូច​ជា​ស៊ី​អាហារ
ហើយ​មិន​ដែល​អំពាវ‌នាវ​រក​ព្រះ​សោះ។
5គេ​មាន​សេចក្ដី​ភ័យ​ខ្លាច​ជា​ខ្លាំង
គឺ​ភ័យ​ខ្លាច នៅ​កន្លែង​ដែល​គ្មាន​ហេតុ​ភ័យ​ខ្លាច
ដ្បិត​ព្រះ​នឹង​កម្ចាត់​កម្ចាយ​ឆ្អឹង
របស់​ពួក​អ្នក​ដែល​បោះ​ទ័ព​ទាស់​នឹង​អ្នក
អ្នក​នឹង​ធ្វើ​ឲ្យ​គេ​អាម៉ាស់
ដ្បិត​ព្រះ​បដិសេធ​មិន​ទទួល​គេ​ឡើយ។
6ឱ សូម​ឲ្យ​ការ​សង្គ្រោះ​ដល់​សាសន៍​អ៊ីស្រា‌អែល
ចេញ​ពី​ក្រុង​ស៊ីយ៉ូន​មក​ទៅ​អេះ!
ពេល​ព្រះ​ប្រោស​ឲ្យ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ
ងើប​មុខ​ឡើង​វិញ
នោះសូម​ឲ្យ​យ៉ាកុប​បាន​ត្រេក​អរ
ហើយ​សូម​ឲ្យ​អ៊ីស្រា‌អែល​រីក‌រាយ​ឡើង។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 53: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល