នាង​រស់ 2

2
នាង​រស់​ជួប​លោក​បូអូស
1ណា‌អូមី​មាន​សាច់‌ញាតិ​ខាង​ប្តី​ម្នាក់ ឈ្មោះ​លោកបូអូស ជា​អ្នក​មាន​ស្តុក‌ស្តម្ភ នៅ​ក្នុង​គ្រួសារ​អេលី‌ម៉ាលេច។ 2នាង​រស់​ជា​សាសន៍​ម៉ូអាប់​និយាយ​ទៅ​កាន់​ណា‌អូមី​ថា៖ «ឥឡូវ​នេះ សូម​ឲ្យ​ខ្ញុំ​ទៅ​ស្រែ ដើម្បី​នឹង​រើស​សន្សំ​ស្រូវ តាម​អ្នក​ណា​ដែល​អាណិត​មេត្តា​ដល់​ខ្ញុំ» រួច​គាត់​ប្រាប់​ថា៖ «ទៅ​ចុះ កូន​អើយ» 3នាង​ក៏​ទៅ​រើស​សន្សំ​ក្នុង​ស្រែ​តាម​ពួក​អ្នក​ច្រូត ហើយ​គាប់​ជួន​ជា​នាង​ទៅ​ក្នុង​ស្រែ​មួយ​របស់​លោក​បូអូស ដែល​ជា​សាច់‌ញាតិ​នឹង​អេលី‌ម៉ាលេច។ 4ឯ​លោក​បូអូស​បាន​មក​ពី​បេថ្លេ‌ហិម គាត់​និយាយ​ទៅ​កាន់​ពួក​អ្នក​ចម្រូត​ថា៖ «សូម​ព្រះ‌យេហូវ៉ា​គង់​ជា​មួយ​អ្នក​រាល់​គ្នា» គេ​ឆ្លើយ​ថា៖ «សូម​ព្រះ‌យេហូវ៉ា​ប្រទាន​ពរ​ដល់​លោក»។ 5រួច​លោកបូអូស​សួរ​ទៅ​អ្នក​បម្រើ ដែល​គាត់​តាំង​ឲ្យ​ត្រួត‌ត្រា​លើ​ពួក​ចម្រូត​នោះ​ថា៖ «នាង​នេះ​ជា​កូន​អ្នក​ណា?» 6អ្នក​បម្រើ​នោះ​ឆ្លើយ​ថា៖ «នាង​ជា​ស្ត្រី​សាសន៍​ម៉ូអាប់ ដែល​មក​ពី​ស្រុក​ម៉ូអាប់​ជា​មួយ​ណា‌អូមី។ 7នាង​បាន​សូម​យើង​ខ្ញុំ​ថា "សូម​ឲ្យ​ខ្ញុំ​រើស​សន្សំ​តាមគំនរ​កណ្ដាប់ពី​ក្រោយ​ពួក​អ្នកច្រូត​ផង"។ ដូច្នេះ នាង​ក៏​បាន​មក​ឈររង់​ចាំ​តាំង​ពី​ព្រលឹម រហូត​មក​ទល់​ពេល​នេះ ហើយ​នាង​ទៅ​សម្រាក​ក្នុង​រោង​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ»។
8ដូច្នេះ លោក​បូអូស​ប្រាប់​នាង​រស់​ថា៖ «ចូរ​ស្តាប់​ខ្ញុំ នាង​អើយ នាង​កុំ​ចេញ​ពី​ស្រែ​នេះ ទៅ​រើស​សន្សំ​ក្នុង​ស្រែ​ណា​ផ្សេង​ទៀត​ឡើយ ចូរ​នៅ​តែ​ក្នុង​ទី​នេះ​ជិត​ពួក​ស្រីៗ​របស់​ខ្ញុំ​នេះ​ហើយ។ 9ចូរ​ឲ្យ​ភ្នែក​នាង​មើល​តែ​ស្រែ​ដែល​ពួក​នេះ​កំពុង​ច្រូត ហើយ​ដើរ​តាម​គេ​ទៅ ខ្ញុំ​បាន​ហាម​កំលោះៗ មិន​ឲ្យ​គេ​ពាល់​នាង​ទេ បើ​កាល​ណា​នាង​ស្រេក​ទឹក ចូរ​ទៅ​រក​ក្អម ហើយ​ផឹក​ទឹក​ដែល​កំលោះៗ​បាន​ដង​ហើយ​ចុះ»។ 10នោះ​នាង​ក៏​ទម្លាក់​ខ្លួន​ក្រាប​ចុះ​ផ្កាប់​មុខ​នឹង​ដី ដោយ​ពាក្យ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ប្រោស​មេត្តា ដោយ​អាណិត​ដល់​ខ្ញុំ​ជា​សាសន៍​ដទៃ​ដូច្នេះ?» 11លោក​បូអូស​ឆ្លើយ​ទៅ​នាង​ថា៖ «គេ​បាន​ប្រាប់​ដល់​ខ្ញុំ ពី​គ្រប់​ទាំង​កិរិយា ដែល​នាង​បាន​ប្រព្រឹត្ត​នឹង​ម្តាយ​ក្មេក ក្រោយ​ពី​ប្តី​នាង​ស្លាប់​ទៅ ហើយ​ពី​ការ​ដែល​នាង​បាន​លះ​ចោល​ឪពុក​ម្តាយ និង​ស្រុក​កំណើត​របស់​នាង មក​ក្នុង​សាសន៍​នេះ ដែល​នាង​មិន​ស្គាល់​ពី​មុន​មក​ផង។ 12សូម​ព្រះ‌យេហូវ៉ា​ប្រទាន​រង្វាន់​ដល់​នាង ហើយ​ឲ្យ​នាង​បាន​ទទួល​បំណាច់​ដ៏​ពោរ‌ពេញ​ពី​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដែល​នាង​បាន​មក​ជ្រក​ក្រោម​ស្លាប​ព្រះ‌អង្គ​ចុះ»។ 13នាង​រស់​និយាយ​ថា៖ «ឱ​លោក​ម្ចាស់​ខ្ញុំ​អើយ សូម​លោក​មេត្តា​ប្រោស​ដល់​ខ្ញុំ​ផង ទោះ​បើ​ខ្ញុំ​មិន​ដូច​ជា​ពួក​ស្រី​បម្រើ​របស់​លោក​ណា​ម្នាក់​ក៏​ដោយ តែ​លោក​បាន​កម្សាន្ត​ចិត្ត​ខ្ញុំ ព្រម​ទាំង​និយាយ​រក​ខ្ញុំ​ជា​អ្នក​បម្រើ​លោក​ដោយ​សប្បុរស​ដែរ»។
14ដល់​ពេល​បរិ‌ភោគ​អាហារ លោក​បូអូស​ប្រាប់​នាង​ថា៖ «អញ្ជើញ​មក​ហូប​នំបុ័ង ហើយ​ជ្រលក់​អាហារ​ទៅ​ក្នុង​ទឹក​ជ្រលក់​នេះ​ចុះ» នាង​ក៏​អង្គុយ​នៅ​ខាង​ពួក​អ្នក​ច្រូត ហើយ​គេ​ក៏​ហុច​លាជ​មក​ឲ្យ​នាង​ដែរ នាង​បាន​បរិ‌ភោគ​ទាល់​តែ​ឆ្អែត ក៏​យក​ខ្លះ​ទុក​ដែរ។ 15ពេល​នាង​បាន​ក្រោក​ទៅ​រើស ហើយ​លោក​បូអូស​ប្រាប់​ពួក​កំលោះៗ​របស់​លោក​ថា៖ «ចូរ​ឲ្យ​នាង​រើស​យក​ចុះ សូម្បី​តែ​ក្នុង​គំនរ​កណ្ដាប់​ស្រូវ កុំ​បន្ទោស​នាង​អី 16ហើយ​ហូត​គួរ​ខ្លះ​ពី​កណ្ដាប់​ចេញ ទុក​ឲ្យ​នាង​រើស កុំ​ឲ្យ​ស្តី​ថា​ដល់​នាង​ឡើយ»។
17ដូច្នេះ នាង​ក៏​រើស​សន្សំ​នៅ​ក្នុង​ស្រែ​នោះ​រហូត​ដល់​ល្ងាច រួច​នាង​បែន​ស្រូវ​ដែល​បាន​រើស​នោះ បាន​ស្រូវ​ប្រហែល​ជា​មួយ​ថាំង។ 18នាង​លើក​ទូល​យក​ទៅ​ទី​ក្រុង ឯ​ម្តាយ​ក្មេក​ក៏​ឃើញ​ស្រូវ​ដែល​នាង​រើស​យក​មក​នោះ រួច​នាង​បញ្ចេញ​ម្ហូប​ដែល​សល់​ពី​នាង​ចម្អែត ជូន​ដល់​ម្តាយ​ក្មេក។ 19គាត់​ក៏​សួរ​នាង​ថា៖ «នៅ​ថ្ងៃ​នេះ កូន​បាន​រើស​សន្សំ​នៅ​ទី​ណា? តើ​កូន​បាន​ធ្វើ​ការ​នៅ​កន្លែង​ណា? សូម​ឲ្យ​មាន​ព្រះពរ​ដល់​អ្នក​ណា​ដែល​បាន​អាណិត​មេត្តា​ដល់​កូន» ដូច្នេះ នាង​ក៏​រៀបរាប់​ប្រាប់​ម្តាយ​ក្មេក ពី​ដំណើរ​ដែល​នាង​បាន​ធ្វើ​នៅ​ទី​ណា​នោះ ដោយ​ពាក្យ​ថា៖ «អ្នក​ដែល​ខ្ញុំ​បាន​ទៅ​ធ្វើ​ការ​ជា​មួយ​នៅ​ថ្ងៃ​នេះ លោក​ឈ្មោះ លោកបូអូស»។ 20នោះ​គាត់​និយាយ​ទៅ​កូន​ប្រសា​ថា៖ «សូម​ឲ្យ​លោក​បាន​ព្រះពរ​ពី​ព្រះ‌យេហូវ៉ា​ចុះ ដោយ​ព្រោះ​លោក​មិន​ដែល​ខាន​ប្រព្រឹត្ត​ដោយ​សប្បុរស​ដល់​ទាំង​មនុស្ស​រស់ និង​មនុស្ស​ស្លាប់​ផ​ង»។ រួច​ណា‌អូមី​និយាយ​ថា៖ «លោក​នោះ​ជា​សាច់‌ញាតិ​ជិត​ដិត​នឹង​យើង​ទេ លោក​ជា​អ្នក​ដែល​មាន​ច្បាប់​នឹង​លោះ​ឲ្យ​យើង​បាន»។ 21នាង​រស់​ជា​សាសន៍​ម៉ូអាប់​នោះ ក៏​ឆ្លើយ​ឡើង​ថា៖ «ចាស៎ លោក​មាន​ប្រសាសន៍​នឹង​ខ្ញុំ​ដែរ​ថា "នាង​ត្រូ​វ​នៅ​ជាប់​នឹង​ពួក​អ្នក​បម្រើ​របស់​ខ្ញុំ​នេះ រហូត​ដល់​ច្រូត​ចម្រូត​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ​ហើយ"»។ 22ណា‌អូមី​និយាយ​ទៅ​នាង​រស់ ជា​កូន​ប្រសា​ថា៖ «កូន​អើយ បើ​កូន​ចេញ​ទៅ​ជា​មួយ​ពួក​ស្រី​របស់​លោក នោះ​ស្រួល​ហើយ មិន​ចាំ​បាច់​ទៅ​ស្រែ​ណា​ផ្សេង​ទៀត​ទេ ក្រែង​គេ​ធ្វើ​បាប»។ 23ដូច្នេះ នាង​ក៏​នៅ​ជាប់​ជា​មួយ​ពួក​ស្រីៗ​របស់​លោកបូអូស​នោះ ទាំង​ខំ​រើស​សន្សំ​ទាល់​តែ​ចម្រូត​ស្រូវ និង​ស្រូវ​ភោជ្ជ‌សាលី បាន​ហើយ នាង​ក៏​នៅ​ជា​មួយ​ម្តាយ​ក្មេក។

ទើបបានជ្រើសរើសហើយ៖

នាង​រស់ 2: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល