សាការី 5

5
និមិត្ត‌ទី​ប្រាំមួយ អំពី​ក្រាំង និង​ហិប
1ខ្ញុំ​ក្រឡេក​មើល​ម្តង​ទៀត ឃើញ​ក្រាំង​មួយ​ដែល​កំពុង​ហោះ 2ទេវតា​ក៏​សួរ​ខ្ញុំ​ថា៖ «តើ​អ្នក​ឃើញ​អ្វី?» ខ្ញុំ​តប​ថា៖ «ឃើញ​ក្រាំង​មួយ​កំពុង​ហោះ មាន​បណ្ដោយ​ម្ភៃ​ហត្ថ ទទឹង​ដប់​ហត្ថ»។ 3ទេវតា​ប្រាប់​ខ្ញុំ​ថា៖ «នេះ​ជា​បណ្ដាសា​ដែល​ត្រូវ​កើត​ទៅ​លើ​ផែនដី​ទាំង​មូល ផ្នែក​ម្ខាង​នៃ​ក្រាំង​នោះ សរសេរ​ថា អ្នក​ដែល​លួច​ប្លន់​នឹង​ត្រូវ​ដក​ចេញ ហើយ​ម្ខាង​ទៀត​សរសេរ​ថា អ្នក​ណា​ដែល​ស្បថ​បំពាន នឹង​ត្រូវ​ដក​ចេញ​ដែរ។ 4ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា យើង​នឹង​ឲ្យ​បណ្ដាសា​នោះ​ចេញ​ទៅ នឹង​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ចោរ ហើយ​ទៅ​ក្នុង​ផ្ទះ​របស់​អ្នក​ដែល​ស្បថ​បំពាន​ដោយ​នូវ​ឈ្មោះ​យើង ក៏​នឹង​នៅ​ជាប់​ក្នុង​ផ្ទះ​គេ ព្រម​ទាំង​ធ្វើ​ឲ្យ​ផ្ទះ​នោះ​សូន្យ​ទៅ ទោះ​ទាំង​ឈើ និង​ថ្ម​ផង»។
និមិត្ត​ទីប្រាំពីរ ស្ត្រី និងកញ្ជ្រែង​មួយ
5ពេល​នោះ ទេវតា​ដែល​ពោល​មក​ខ្ញុំ ក៏​ចេញ​ទៅ ដោយ​ប្រាប់​ខ្ញុំ​ថា៖ «ចូរ​ងើយ​មើល​អ្វី​ដែល​ចេញ​ទៅ​នោះ»។ 6ខ្ញុំ​ក៏​សួរ​ថា៖ «តើ​នោះ​ជា​អ្វី?» ទេវតា​ប្រាប់​ថា៖ «នោះ​ជា​កញ្ជ្រែង ដែល​ត្រូវ​ចេញ​ទៅ» ហើយ​ក៏​ប្រាប់​ទៀត​ថា៖ «នេះ​ជា​រូប‌ភាព​របស់​គេ នៅ​ក្នុង​ស្រុក​នេះ​ទាំង​មូល»។ 7រួច​ឃើញ​មាន​គេ​លើក​សំណ​ទម្ងន់​មួយ​ហាប​ឡើង ហើយ​ឃើញ​មាន​ស្ត្រី​ម្នាក់​អង្គុយ​ក្នុង​កញ្ជ្រែង​នោះ 8ទេវតា​ប្រាប់​ថា៖ «នេះ​គឺ​ជា​អំពើ​អាក្រក់» រួច​សង្កត់​នាង​ចុះ​ទៅ​ក្នុង​កញ្ជ្រែង ព្រម​ទាំង​ដាក់​ដុំ​សំណ​គ្រប​មាត់​កញ្ជ្រែង​ផង។ 9ខ្ញុំ​បាន​ងើយមើល​ទៅ ឃើញ​មាន​ស្ត្រី​ពីរ​នាក់​ចេញ​មក មាន​ស្លាប​ដូច​ជា​កុក ហើយ​មាន​ខ្យល់បក់​ប៉ះ​ស្លាប ពួក​គេ​ក៏​លើក​កញ្ជ្រែង​នោះ​ឡើង​ផុត​ពី​ផែនដី។ 10ខ្ញុំបាន​សួរ​ទេវតា​ដែល​ពោល​មក​ខ្ញុំ​ថា៖ «តើ​ស្ត្រី​ទាំង​ពីរ​នាក់​នោះ​យក​កញ្ជ្រែង​ទៅ​ណា?» 11ទេវតា​ឆ្លើយ​ថា៖ «យក​ទៅ​ធ្វើ​ផ្ទះ​នៅ​ក្នុង​ស្រុក​ស៊ីណើរ កាល​ណាធ្វើ​ផ្ទះ​រួច​រាល់​ហើយ នាង​នឹង​ដាក់​កញ្ជ្រែង​នៅ​កន្លែង​នោះ»។

ទើបបានជ្រើសរើសហើយ៖

សាការី 5: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល