អេសាយ 48

48
ព្រះ‌អម្ចាស់​មាន​អំណាច​លើ​ព្រឹត្តិ‌ការណ៍​ទាំង​អស់
1អ្នក​រាល់​គ្នា​ជា​កូន​ចៅ​របស់​យ៉ាកុប
អ្នក​រាល់​គ្នា​ដែល​មាន​ត្រកូល​អ៊ីស្រា‌អែល
ហើយ​ជា​ពូជ‌ពង្ស​របស់​យូដា​អើយ
ចូរ​ស្ដាប់​សេចក្ដី​នេះ!
អ្នក​រាល់​គ្នា​តែងតែ​ស្បថ
ដោយ​យក​ព្រះ‌នាម​ព្រះ‌អម្ចាស់​ធ្វើ​ជា​សាក្សី
អ្នក​រាល់​គ្នា​តែងតែ​អង្វរ​រក​ព្រះ​របស់
ជន‌ជាតិ​អ៊ីស្រា‌អែល
តែ​គ្មាន​ចិត្ត​ស្មោះ​ត្រង់ និង​សុចរិត​ទេ។
2អ្នក​រាល់​គ្នា​អួត​ថា
ខ្លួន​ជា​អ្នក​រស់​នៅ​ក្នុង​ក្រុង​ដ៏វិសុទ្ធ
ហើយ​ថា​ខ្លួន​ពឹង​ផ្អែក​លើ​ព្រះ​របស់​ជន‌ជាតិ
អ៊ីស្រា‌អែល ដែល​មាន​ព្រះ‌នាម​ថា
ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។
3យើង​បាន​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​អំពី
ព្រឹត្តិ‌ការណ៍​ដើម​ដំបូង​នោះ
តាំង​ពី​យូរ‌លង់​ណាស់​មក​ហើយ
យើង​បាន​ប្រាប់​អ្នក​រាល់​គ្នា​ផ្ទាល់​មាត់
ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ឮ
យើង​ក៏​បាន​ធ្វើ​ឲ្យ​ការ​ទាំង​នោះ​សម្រេច
ចេញ​ជា​រូប​រាង​ឡើង​មួយ​រំពេច​ដែរ។
4យើង​ដឹង​ថា អ្នក​ជា​មនុស្ស​រឹង‌រូស
ចិត្ត​របស់​អ្នក​រឹង​ដូច​ដែក‌ថែប
ហើយ​ក្បាល​អ្នក​រឹង​ដូច​ដែក
5យើង​បាន​ប្រាប់​ឲ្យ​អ្នក​ដឹង​ជា​មុន​យ៉ាង​យូរ
យើង​បាន​ឲ្យ​អ្នក​ដឹង​មុន​ហេតុ‌ការណ៍​មក​ដល់
ដើម្បី​កុំ​ឲ្យ​អ្នក​ពោល​ថា
“គឺ​រូប​បដិមា​របស់​ខ្ញុំ​ដែល​បាន​ធ្វើ​ការ​នេះ
គឺ​រូប​ព្រះ ឬ​រូប​ដែល​ខ្ញុំ​សិត
បាន​បង្គាប់​ឲ្យ​ហេតុ‌ការណ៍​កើត​មាន”។
6អ្នក​ឮ​សេចក្ដី​ដែល​យើង​ប្រាប់​ទុក​ជា​មុន
ហើយ​ក៏​ឃើញ​ថា​កើត​មាន​ដូច្នោះ​មែន
តើ​អ្នក​មិន​ទទួល​ស្គាល់​ទេ​ឬ?
តាំង​ពី​ពេល​នេះ​ទៅ យើង​ប្រាប់​ឲ្យ​អ្នក​ដឹង
អំពី​ព្រឹត្តិ‌ការណ៍​ថ្មីៗ​ទៀត
ដែល​យើង​បាន​គ្រោង​ទុក
តែ​អ្នក​រាល់​គ្នា​មិន​ទាន់​ដឹង​នៅ​ឡើយ។
7ព្រឹត្តិ‌ការណ៍​នោះ​ទើប​នឹង​កកើត
តែ​មិន​មែន​កើត​ឡើង​យូរ​មក​ហើយ​ទេ
រហូត​មក​ទល់​ពេល​នេះ
អ្នក​ពុំ​ដែល​ឮ​អំពី​ព្រឹត្តិ‌ការណ៍​នេះ​ឡើយ
ដូច្នេះ អ្នក​ពុំ​អាច​ពោល​ថា
“ខ្ញុំ​ស្គាល់​ព្រឹត្តិ‌ការណ៍​នេះ​ហើយ”។
8អ្នក​មិន​ព្រម​ចង់​ដឹង ចង់​ឮ
ហើយ​តាំង​ពី​ដើម​មក
អ្នក​មិន​ដែល​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ឡើយ
យើង​ស្គាល់​អ្នក​ច្បាស់​ណាស់​ថា
អ្នក​ជា​មនុស្ស​ដែល​មិន​អាច​ទុក​ចិត្ត​បាន
គេ​ហៅ​អ្នក​ថា​ជា​មេ​បះ‌បោរ
តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ​មក។
9ដោយ​យល់​ដល់​នាម​យើង​ដែល​ជា​ព្រះ‌ជាម្ចាស់
យើង​បាន​ទប់​កំហឹង
ដោយ​យល់​ដល់​កិត្តិនាម​របស់​យើង
យើង​បាន​ទុក​ជីវិត​ឲ្យ​អ្នក
យើង​មិន​បំផ្លាញ​អ្នក​ឡើយ។
10យើង​មិន​បាន​ឲ្យ​គេ​យក​ភ្លើង​មក​បន្សុទ្ធ​អ្នក
ដូច​គេ​បន្សុទ្ធ​ប្រាក់​នោះ​ទេ
គឺ​យើង​លត់‌ដំ​អ្នក ដោយ​ទុក្ខ​លំបាក​ដ៏​ខ្លាំង។
11យើង​ធ្វើ​ដូច្នេះ ដោយ​យល់​ដល់​ខ្លួន​យើង​ផ្ទាល់
យើង​មិន​ចង់​បន្ទាប​បន្ថោក​ឈ្មោះ​យើង
ហើយ​យើង​ក៏​មិន​ចង់​ឲ្យ​ព្រះ​ណា​ផ្សេង​ទៀត
ទទួល​សិរី‌រុងរឿង​របស់​យើង​ដែរ។
12 កូន​ចៅ​យ៉ាកុប ពូជ‌ពង្ស​អ៊ីស្រា‌អែល
ដែល​យើង​ត្រាស់​ហៅ​អើយ
ចូរ​នាំ​គ្នា​ស្ដាប់​ពាក្យ​យើង!
គឺ​យើង​នេះ​ហើយ​ដែល​នៅ​មុន​គេ
និង​នៅ​ក្រោយ​គេ​បំផុត។
13យើង​បាន​បង្កើត​ផែនដី​មក​ដោយ​ដៃ​យើង​ផ្ទាល់
យើង​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ
ដោយ​ឫទ្ធិ‌បារមី​របស់​យើង
យើង​បាន​ហៅ​ផ្ទៃ​មេឃ ហើយ​ផ្ទៃ​មេឃ​ក៏​មក។
14ប្រជា‌ជន​ទាំង​មូល​អើយ
ចូរ​មក​ជួប‌ជុំ​គ្នា ហើយ​ស្ដាប់​ចុះ!
មិត្ត​សម្លាញ់​របស់​យើង​នឹង​ប្រហារ​ក្រុង​បាប៊ី‌ឡូន
ព្រម​ទាំង​ដាក់​ទោស​ជន‌ជាតិ​ខាល់ដេ
ស្រប​តាម​បំណង​របស់​យើង។
ក្នុង​ចំណោម​ព្រះ​ឯ​ទៀតៗ
តើ​ព្រះ​ណា​បាន​ប្រាប់
ឲ្យ​ដឹង​ជា​មុន​អំពី​ព្រឹត្តិ‌ការណ៍​នេះ។
15គឺ​យើង​ហើយ​ដែល​បាន​ប្រាប់
យើង​ក៏​បាន​ហៅ​អ្នក​នោះ​ថែម​ទៀត!
យើង​នាំ​គាត់​មក
ហើយ​អ្វីៗ​ដែល​គាត់​ធ្វើ​មុខ​ជា​បាន​សម្រេច។
16ចូរ​នាំ​គ្នា​ចូល​មក​ជិត ហើយ​ស្ដាប់​យើង​ចុះ!
តាំង​ពី​ដើម​ដំបូង​រៀង​មក
យើង​មិន​ដែល​និយាយ​លាក់‌លៀម​ទេ។
ពេល​ព្រឹត្តិ‌ការណ៍​ទាំង​នេះ​ចាប់​ផ្ដើម​កើត​ឡើង
យើង​ក៏​ស្ថិត​នៅ​ទី​នោះ​ដែរ។
- ឥឡូវ​នេះ ព្រះ‌ជា‌អម្ចាស់​ចាត់​ខ្ញុំ​ឲ្យ​ទៅ
ព្រះអង្គ​ក៏​ប្រទាន​ព្រះ‌វិញ្ញាណ​របស់​ព្រះអង្គ
ឲ្យ​គង់​ជា​មួយ​ខ្ញុំ​ដែរ។
ប្រជា‌ជន​អ៊ីស្រា‌អែល​មិន​ព្រម​ស្ដាប់​ព្រះ‌បន្ទូល​ព្រះ‌អម្ចាស់
17 ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏វិសុទ្ធ​របស់​ជន‌ជាតិ
អ៊ីស្រា‌អែល ដែល​បាន​លោះ​អ្នក
មាន​ព្រះ‌បន្ទូល​ថា:
យើង​នេះ​ហើយ​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក
យើង​ប្រៀន‌ប្រដៅ​អ្នក​អំពី​អ្វី​ដែល​មាន
ប្រយោជន៍​ដល់​អ្នក
យើង​ណែ‌នាំ​អ្នក​ឲ្យ​ដើរ​ក្នុង​មាគ៌ា
ដែល​អ្នក​កំពុង​តែ​ដើរ។
18ប្រសិន​បើ​អ្នក​យក​ចិត្ត​ទុក​ដាក់​ធ្វើ​តាម
បទ‌បញ្ជា​ដែល​យើង​បង្គាប់
នោះ​សេចក្ដី​សុខ‌សាន្ត​មុខ​ជា​ហូរ​មក​លើ​អ្នក
ដូច​ទឹក​ទន្លេ។
ហើយ​សេចក្ដី​សុចរិត​មុខ​ជា​បក់​បោក​លើ​អ្នក
ដូច​រលក​សមុទ្រ។
19ពូជ‌ពង្ស​របស់​អ្នក​នឹង​កើន​ច្រើន​ឡើង
ដូច​គ្រាប់​ខ្សាច់​នៅ​តាម​ឆ្នេរ​សមុទ្រ
ហើយ​ឈ្មោះ​របស់​អ្នក​នឹង​ស្ថិត‌ស្ថេរ
នៅ​មុខ​យើង​រហូត ឥត​សាប‌សូន្យ​ឡើយ។
20 ចូរ​នាំ​គ្នា​ចាក​ចេញ​ពី​ក្រុង​បាប៊ី‌ឡូន
ចូរ​រត់​ចេញ​ពី​ក្នុង​ចំណោម​ជន‌ជាតិ​ខាល់ដេ
ចូរ​បន្លឺ​សំឡេង ប្រកាស​យ៉ាង​សប្បាយ
ចូរ​ប្រកាស​រហូត​ដល់​ទី​ដាច់​ស្រយាល​នៃ​ផែនដី
ឲ្យ​មនុស្ស‌ម្នា​ដឹង​ឮ​ថា
ព្រះ‌អម្ចាស់​បាន​លោះ​កូន​ចៅ​លោក​យ៉ាកុប
ជា​អ្នក​បម្រើ​របស់​ព្រះអង្គ​មក​វិញ​ហើយ!។
21ព្រះអង្គ​ដឹក​នាំ​ពួក​គេ​នៅ​តាម​វាល​ហួត‌ហែង
តែ​ពួក​គេ​មិន​ស្រេក​ទឹក​ទេ។
ព្រះអង្គ​ធ្វើ​ឲ្យ​មាន​ទឹក​ផុស​ចេញ​ពី​ថ្ម‌ដា
សម្រាប់​ពួក​គេ
ព្រះអង្គ​វាយ​បំបែក​ថ្ម នោះ​ទឹក​ក៏​ហូរ​ចេញ​មក។
22 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា
មនុស្ស​ទុច្ចរិត​គ្មាន​សេចក្ដី​សុខ‌សាន្ត​ឡើយ។

ទើបបានជ្រើសរើសហើយ៖

អេសាយ 48: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល