យេរេមា 21
21
ព្រះបន្ទូលសម្រាប់ស្ដេចសេដេគា
1នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ឆ្លើយតបមកព្រះបាទសេដេគា តាមរយៈលោកយេរេមា។ ព្រះបាទសេដេគាបានចាត់លោកផាសហ៊ើរ ជាកូនរបស់លោកម៉ាល់គា និងលោកបូជាចារ្យសេផានាជាកូនរបស់លោកម៉ាសេយ៉ា ឲ្យមកសួរលោកយេរេមាថា 2 “ចូរសួរព្រះអម្ចាស់ឲ្យយើងផង ដ្បិតព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន លើកទ័ពមកច្បាំងជាមួយយើង។ ប្រហែលជាព្រះអម្ចាស់ធ្វើការអស្ចារ្យណាមួយ ដើម្បីជួយយើង ដោយធ្វើឲ្យព្រះចៅនេប៊ូក្នេសាដកទ័ពថយចេញឆ្ងាយពីយើង”។
3លោកយេរេមាតបទៅលោកទាំងពីរវិញថា៖ «សូមលោកទូលព្រះបាទសេដេគាដូចតទៅ: 4ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលថា: “មើល៍! ពលទាហានរបស់អ្នករាល់គ្នាកំពុងតែច្បាំងតទល់នឹងស្ដេចស្រុកបាប៊ីឡូន ព្រមទាំងជនជាតិខាល់ដេដែលកំពុងតែឡោមព័ទ្ធកំពែងក្រុងពីខាងក្រៅ។ យើងនឹងធ្វើឲ្យទាហានទាំងនោះដកខ្លួនថយចូលមកក្នុងទីក្រុងវិញ។ 5យើងនឹងប្រើឫទ្ធានុភាពរបស់យើងវាយប្រហារអ្នករាល់គ្នា ដោយផ្ទាល់ដៃ តាមកំហឹងដ៏ខ្លាំងក្លាបំផុតរបស់យើង។ 6យើងនឹងប្រហារទាំងមនុស្ស ទាំងសត្វ នៅក្រុងនេះ ឲ្យស្លាប់ ដោយជំងឺអាសន្នរោគយ៉ាងសាហាវបំផុត។ 7បន្ទាប់មកទៀត យើងនឹងប្រគល់សេដេគា ជាស្ដេចស្រុកយូដា ព្រមទាំងពួកមន្ត្រី ប្រជាជន និងអ្នកក្រុងដែលនៅសេសសល់ពីស្លាប់ដោយសារជំងឺអាសន្នរោគ មុខដាវ និងទុរ្ភិក្ស ទៅក្នុងកណ្ដាប់ដៃរបស់នេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន ក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ និងក្នុងកណ្ដាប់ដៃរបស់អស់អ្នកដែលចង់ប្រហារជីវិតពួកគេ។ ស្ដេចបាប៊ីឡូននឹងប្រហារជីវិតពួកគេដោយមុខដាវ ឥតអាសូរ ឥតត្រាប្រណី និងអាណិតមេត្តាឡើយ” -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់»។
8«ចំណែកឯប្រជាជននោះវិញ ចូរប្រាប់ពួកគេដូចតទៅ: “ព្រះអម្ចាស់មានព្រះបន្ទូលថា យើងមានផ្លូវពីរឲ្យអ្នករាល់គ្នាជ្រើសរើស គឺផ្លូវនៃជីវិត និងផ្លូវនៃសេចក្ដីស្លាប់។ 9អ្នកណាទ្រាំរស់នៅក្នុងក្រុងនេះតទៅមុខទៀត អ្នកនោះនឹងត្រូវស្លាប់ដោយមុខដាវ ដោយទុរ្ភិក្ស និងដោយជំងឺអាសន្នរោគ។ រីឯអ្នកចេញទៅចុះចូលនឹងជនជាតិខាល់ដេដែលឡោមព័ទ្ធទីក្រុង នឹងបានរួចជីវិត។ 10យើងងាកមករកក្រុងនេះ ដើម្បីដាក់ទោស គឺមិនមែនឲ្យពរទេ។ យើងនឹងប្រគល់ទីក្រុងទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកបាប៊ីឡូន ហើយស្ដេចនោះនឹងដុតកម្ទេចទីក្រុង”» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
11«ចូរប្រកាសប្រាប់ញាតិវង្សរបស់ស្ដេចស្រុកយូដាដូចតទៅ:
សូមស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់!
12ព្រះរាជវង្សរបស់ស្ដេចដាវីឌអើយ!
ព្រះអម្ចាស់មានព្រះបន្ទូលថា:
“ចូរនាំគ្នារកយុត្តិធម៌តាំងពីព្រលឹម។
ចូរដោះលែងអស់អ្នកដែលត្រូវគេ
ជិះជាន់សង្កត់សង្កិន។
បើអ្នករាល់គ្នាមិនលះបង់អំពើអាក្រក់ទេនោះ
កំហឹងរបស់យើងផ្ទុះឡើងដូចភ្លើង
ឆេះសន្ធោសន្ធៅ គ្មាននរណាអាចពន្លត់បាន។
13អស់អ្នកដែលរស់នៅត្រង់ដីទំនាប
និងនៅត្រង់ថ្មរាបអើយ
យើងប្រឆាំងនឹងអ្នករាល់គ្នាហើយ!
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -
គឺយើងប្រឆាំងនឹងអ្នករាល់គ្នាដែលពោលថា
តើនរណាអាចចុះមកវាយពួកយើង
តើនរណាអាចចូលមកក្នុងទីតាំងរបស់យើង?
14យើងនឹងដាក់ទោសអ្នករាល់គ្នា
តាមអំពើដែលអ្នករាល់គ្នាប្រព្រឹត្ត
យើងនឹងដុតព្រៃរបស់អ្នករាល់គ្នា
ឲ្យឆេះរាលដាលជុំវិញអ្នករាល់គ្នា”
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់»។
ទើបបានជ្រើសរើសហើយ៖
យេរេមា 21: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.