យេរេមា 9

9
1ប្រសិន​បើ​ខ្ញុំ​សម្បូណ៌​ទឹក​ភ្នែក
ហើយ​ទឹក​ភ្នែក​ខ្ញុំ​អាច​ហូរ​ដូច​ទឹក​ទន្លេ
ម៉្លេះ​សម​ខ្ញុំ​យំ​ទាំង​ថ្ងៃ​ទាំង​យប់
ស្រណោះ​សាក‌សព​ប្រជា‌ជន​របស់​ខ្ញុំ។
ប្រជា‌ជន​ដែល​ពោរ‌ពេញ​ដោយ​ការ​កុហក
2ប្រសិន​បើ​មាន​នរណា​ឲ្យ​ខ្ទម​មួយ
ដែល​ជា​ជម្រក​សម្រាប់​អ្នក​ដំណើរ
នៅ​វាល​រហោ‌ស្ថាន​មក​ខ្ញុំ
នោះ​ខ្ញុំ​នឹង​បោះ​បង់​ចោល​ប្រជា‌ជន​របស់​ខ្ញុំ
ខ្ញុំ​នឹង​ទៅ​នៅ​យ៉ាង​ឆ្ងាយ​ពី​ពួក​គេ
ដ្បិត​ប្រជា‌ជន​នេះ​សុទ្ធ​តែ​ជា​មនុស្ស​ផិត​ក្បត់
ពួក​គេ​ក្បត់​ព្រះ‌ជាម្ចាស់​ទាំង​អស់​គ្នា។
3«អណ្ដាត​របស់​គេ​ប្រៀប​បាន​នឹង​ធ្នូ
ដែល​គេ​យឹត​បម្រុង​នឹង​បាញ់។
គេ​មាន​អំណាច​នៅ​ក្នុង​ស្រុក
មិន​មែន​ដោយ‌សារ​សេចក្ដី​ពិត​ទេ
តែ​មក​ពី​ការ​កុហក
ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​ផ្ទួនៗ​គ្នា
ហើយ​ពួក​គេ​ពុំ​ស្គាល់​យើង​ឡើយ»
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
4«ម្នាក់ៗ​ត្រូវ​ប្រយ័ត្ន​នឹង​មិត្ត​សម្លាញ់
ហើយ​មិន​ត្រូវ​ទុក​ចិត្ត​បងប្អូន​របស់​ខ្លួន​ឡើយ
ដ្បិត​បងប្អូន​ពូកែ​បោក​ប្រាស់​គ្នា​ឯង
ហើយ​មិត្ត​សម្លាញ់​ក៏​ពូកែ​មួល​បង្កាច់​គ្នា​ដែរ។
5ពួក​គេ​បោក​បញ្ឆោត​គ្នា​ទៅ​វិញ​ទៅ​មក
គ្មាន​នរណា​និយាយ​ការ​ពិត​ទេ
ពួក​គេ​បង្ហាត់​អណ្ដាត​របស់​ខ្លួន​ឲ្យ
ពោល​ពាក្យ​ភូត‌ភរ
ហើយ​ពួក​គេ​លះ‌បង់​អំពើ​បាប​ពុំ​បាន​ឡើយ។
6ពួក​គេ​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ​ផ្ទួនៗ​គ្នា
ហើយ​បោក​បញ្ឆោត​មិន​ឈប់​ឈរ
ពួក​គេ​បដិសេធ​មិន​ព្រម​ទទួល​ស្គាល់​យើង»
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
7ហេតុ​នេះ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល
មាន​ព្រះ‌បន្ទូល​ថា៖
«មើល៍! យើង​នឹង​បន្សុទ្ធ​ពួក​គេ​នៅ​ក្នុង​ភ្លើង
ដ្បិត​យើង​ពុំ​អាច​ធ្វើ​អ្វី​ផ្សេង​ទៀត​ក្រៅ​ពី​នេះ
ចំពោះ​ប្រជា‌ជន​របស់​យើង​ឡើយ។
8អណ្ដាត​របស់​ពួក​គេ​ជា​ព្រួញ​ពិស
គេ​ពោល​តែ​ពាក្យ​បោក​បញ្ឆោត
មាត់​របស់​ពួក​គេ​ពោល​ពាក្យ​ផ្អែម‌ល្ហែម
ទៅ​កាន់​អ្នក​ដទៃ
តែ​ខាង​ក្នុង​ចិត្ត ពួក​គេ​គិត‌គូរ​រៀបចំ​អន្ទាក់។
9តើ​មិន​គួរ​ឲ្យ​យើង​ធ្វើ​ទារុណ‌កម្ម​ពួក​គេ
ព្រោះ​តែ​អំពើ​ទាំង​នោះ​ទេ​ឬ?
តើ​មិន​គួរ​ឲ្យ​យើង​ដាក់​ទោស​ប្រជា‌ជាតិ
បែប​នេះ​ទេ​ឬ?»
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
ពេល​ដែល​ត្រូវ​យំ​សោក
10ខ្ញុំ​នឹង​ស្រែក​ទ្រហោ​យំ សោក​សង្រេង​នៅ​លើ​ភ្នំ
ខ្ញុំ​នឹង​យំ​រៀប​រាប់ នៅ​តាម​វាល​ស្មៅ​ដ៏​ស្ងាត់​ជ្រងំ
ដ្បិត​វាល​ស្មៅ​ទាំង​នោះ​ត្រូវ​ឆេះ​អស់
គ្មាន​នរណា​ដើរ​កាត់​តាម​នោះ​ទៀត​ទេ
ហើយ​ក៏​លែង​ឮ​សូរ​សម្រែក​ហ្វូង​សត្វ​ទៀត​ដែរ
សត្វ​ស្លាប​ក៏​ដូច​ជា​សត្វ​ចតុប្បាទ
វា​ចាក​ចេញ​បាត់​អស់​ទៅ​ហើយ។
11«យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡឹម
ក្លាយ​ទៅ​ជា​គំនរ​ឥដ្ឋ
ជា​កន្លែង​ដែល​ឆ្កែ​ចចក​យក​ធ្វើ​ជា​ជម្រក។
យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​ទាំង‌ឡាយ
ក្នុង​ស្រុក​យូដា​ក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ
គ្មាន​នរណា​រស់​នៅ!»។
12តើ​នរណា​មាន​ប្រាជ្ញា
អាច​យល់​ហេតុ‌ការណ៍​ទាំង​នេះ​បាន?
ប្រសិន​បើ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តាម​រយៈ
អ្នក​នោះ​មែន ចូរ​ឲ្យ​គេ​ពន្យល់​មក​មើល
ហេតុ​អ្វី​បាន​ជា​ស្រុក​ទេស​វិនាស និង​ឆេះ​អស់
ដូច​វាល​រហោ‌ស្ថាន​ដែល​គ្មាន​នរណា​ដើរ​កាត់។
13 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ‌ការណ៍​ទាំង​នេះ​កើត​ឡើង មក​ពី​ពួក​គេ​បោះ​បង់​ចោល​ក្រឹត្យ‌វិន័យ*​ដែល​យើង​ប្រគល់​ឲ្យ​ពួក​គេ ពួក​គេ​មិន​បាន​ស្ដាប់ និង​ធ្វើ​តាម​សេចក្ដី​ដែល​យើង​ទូន្មាន​ពួក​គេ​ទេ។ 14ផ្ទុយ​ទៅ​វិញ ពួក​គេ​ធ្វើ​តាម​ចិត្ត​រឹង‌រូស​របស់​ខ្លួន ហើយ​នាំ​គ្នា​ជំពាក់​ចិត្ត​នឹង​ព្រះ​បាល ដូច​ដូនតា​របស់​ខ្លួន​ប្រៀន‌ប្រដៅ»។ 15ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ឲ្យ​ប្រជា‌ជន​នេះ​បរិភោគ​ផ្លែ​ស្លែង ហើយ​ឲ្យ​គេ​ផឹក​ទឹក​ដែល​មាន​ជាតិ​ពុល។ 16យើង​កម្ចាត់‌កម្ចាយ​ពួក​គេ​ឲ្យ​ទៅ​រស់​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ​ដែល​ពួក​គេ​ផ្ទាល់ ឬ​ដូនតា​របស់​ពួក​គេ​ពុំ​ធ្លាប់​ស្គាល់។ យើង​ឲ្យ​សត្រូវ​ដេញ​កាប់​សម្លាប់​ពួក​គេ រហូត​ទាល់​តែ​ស្លាប់​អស់​គ្មាន​សល់»។ 17ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល មាន​ព្រះ‌បន្ទូល​ថា៖
«ចូរ​នាំ​គ្នា​គិត‌គូរ​ហៅ​ស្រីៗ​ដែល​ស៊ី​ឈ្នួល​យំ
គឺ​ស្រីៗ​ដែល​ពូកែ​យំ​នោះ​ឲ្យ​មក»។
18ស្រី​ទាំង​នោះ​ត្រូវ​ប្រញាប់​យំ​រៀប​រាប់
ស្រណោះ​យើង​ទាំង​អស់​គ្នា
សូម​ឲ្យ​ទឹក​ភ្នែក​របស់​យើង​ទាំង​អស់​គ្នា
ហូរ​ដូច​ទឹក​ទន្លេ។
19សម្រែក​ថ្ងូរ​លេច​ឮ​ចេញ​មក​ពី​ក្រុង​ស៊ីយ៉ូន​ថា
យើង​វិនាស​ហិន‌ហោច​អស់​ហើយ!
យើង​សែន​អាម៉ាស់
ដ្បិត​យើង​ត្រូវ​តែ​បោះ​បង់​ចោល​ស្រុក
សត្រូវ​បាន​រំលំ​ទី​លំ‌នៅ​របស់​យើង​ហើយ!
20ស្ត្រី​ទាំង‌ឡាយ​អើយ
ចូរ​នាំ​គ្នា​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី​ដែល​ព្រះអង្គ
មាន​ព្រះ‌បន្ទូល!
ចូរ​បង្ហាត់​កូន​ស្រី​របស់​នាង​ឲ្យ​ចេះ​ទ្រហោ​យំ
ចូរ​បង្រៀន​គ្នា​ទៅ​វិញ​ទៅ​មក
ឲ្យ​ចេះ​យំ​រៀប​រាប់
21ដ្បិត​សេចក្ដី​ស្លាប់​ឡើង​តាម​បង្អួច​របស់​យើង
សេចក្ដី​ស្លាប់​ចូល​មក​ក្នុង​កំពែង​ក្រុង​របស់​យើង
ដក​យក​ជីវិត​ក្មេងៗ​នៅ​តាម​ដង​ផ្លូវ
និង​ដក​ជីវិត​ពួក​យុវជន​នៅ​តាម​ផ្សារ។
22ចូរ​នាំ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
ទៅ​ប្រកាស​ថា
សាក‌សព​របស់​មនុស្ស​នឹង​នៅ​ពាស‌ពេញ​លើ​ដី
ដូច​លាមក​សត្វ​នៅ​តាម​ចម្ការ
និង​ដូច​កណ្ដាប់​ដែល​គេ​ទើប​នឹង​ច្រូត​រួច
តែ​គ្មាន​នរណា​រើស​ឡើយ។
23 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖
«អ្នក​ប្រាជ្ញ​មិន​ត្រូវ​អួត ព្រោះ​ខ្លួន​មាន​ប្រាជ្ញា
អ្នក​ខ្លាំង​ពូកែ​មិន​ត្រូវ​អួត ព្រោះ​ខ្លួន​មាន​កម្លាំង
ហើយ​អ្នក​មាន​ក៏​មិន​ត្រូវ​អួត
ព្រោះ​ខ្លួន​មាន​ទ្រព្យ​សម្បត្តិ​ដែរ។
24 បើ​អ្នក​ណា​ចង់​អួត​ខ្លួន
ត្រូវ​អួត ព្រោះ​តែ​ការ​ចេះ​ដឹង និង​ស្គាល់​យើង
ជា​ព្រះ‌អម្ចាស់ ដែល​សម្តែង​សេចក្ដី​សប្បុរស
សេចក្ដី​សុចរិត និង​យុត្តិធម៌​នៅ​លើ​ផែនដី។
មនុស្ស​ប្រភេទ​នេះ​ហើយ​ដែល​យើង​ពេញ​ចិត្ត »
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
25 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​គ្រា​ខាង​មុខ យើង​នឹង​ដាក់​ទោស​អស់​អ្នក​ដែល​ធ្វើ​ពិធី​កាត់​ស្បែក*​តែ​សំបក​ក្រៅ 26គឺ​ជន‌ជាតិ​អេស៊ីប ជន‌ជាតិ​យូដា ជន‌ជាតិ​អេដុម ជន‌ជាតិ​អាំម៉ូន ជន‌ជាតិ​ម៉ូអាប់ ព្រម​ទាំង​ពួក​អ្នក​កោរ​ជើង​សក់ ដែល​រស់​នៅ​តាម​វាល​រហោ‌ស្ថាន ដ្បិត​ប្រជា‌ជាតិ​ទាំង​នោះ​ពុំ​បាន​កាត់​ស្បែក​ទេ។ សូម្បី​តែ​ប្រជា‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​ក៏​ពុំ​បាន​ធ្វើ​ពិធី​កាត់​ស្បែក ដើម្បី​ប្រគល់​ចិត្ត​គំនិត​មក​យើង​ដែរ»។

ទើបបានជ្រើសរើសហើយ៖

យេរេមា 9: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល